-
សហគមន៍ការពារព្រៃឈើនៅឧត្តរមានជ័យរងការគំរាមកំហែងពីអ្នកកាប់ឈើ
- ថ្ងៃចេញផ្សាយ ៣-កក្កដា-២០១៥
ឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តឧត្តរមានជ័យ មិនត្រឹមតែគំរាមកំហែងទៅលើបរិស្ថានធម្មជាតិ និងសត្វព្រៃ ឱ្យបាត់បង់ទីជម្រក និងទីកន្លែងរស់នៅប៉ុណ្ណោះទេ គឺថែមទាំងកំពុងគំរាមកំហែងទៅលើក្រុមសកម្មជនអ្នកការពារព្រៃឈើទៀតផង។ចាប់តាំងពីពាក់កណ្ដាលខែមិថុនា កន្លងទៅ ក្រុមអ្នកលួចចូលទៅកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពាររបស់សហគមន៍ សង្ឃរុក្ខវ័ន្ត បានគំរាមកំហែងផ្ទួនៗ ទៅលើក្រុមអ្នកការពារ រួមមានការលួចដុតបំផ្លាញផ្ទះរបស់សមាជិកគណៈកម្មការ និងដុតបំផ្លាញទីស្នាក់ការរបស់សហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត នៅក្នុងភូមិបាក់នឹម ជាដើម។សមាជិកគណៈកម្មការសហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត ម្នាក់នៅភូមិបាក់នឹម សង្កាត់កូនក្រៀល នៃក្រុងសំរោង កំពុងត្រូវការឱ្យសមត្ថកិច្ចរបស់រដ្ឋាភិបាល ជួយការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ និងក្រុមគ្រួសារ។ការទាមទារឱ្យមានកិច្ចការពារសន្តិសុខនេះ បានកើតឡើងបន្ទាប់ពីមនុស្សមិនស្គាល់មុខបានលួចចូលទៅដុតបំផ្លាញផ្ទះរបស់គាត់ ដើម្បីគំរាមកំហែងឱ្យគាត់ដកខ្លួនចេញពីសកម្មជនការពារព្រៃឈើ។សមាជិកគណៈកម្មការសហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត ម្នាក់ ក្នុងចំណោម ៤រូបផ្សេងទៀត នៅក្នុងភូមិបាក់នឹម គឺលោក លឿត ឡោះ។ លោកអះអាងថា កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ មានជនមិនស្គាល់មុខបានលួចដុតបំផ្លាញផ្ទះរបស់លោកឱ្យឆេះគ្មានសល់ ក្នុងពេលដែលប្រពន្ធ និងរូបលោកមិនបាននៅផ្ទះ។ បុរសដដែលចាត់ទុកការលួចដុតផ្ទះនេះ គឺជាការគំរាមកំហែងមកលើរូបគាត់ ដែលជាគណៈកម្មការសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត។មូលហេតុដែលលោកសន្និដ្ឋានបែបនេះ ដោយសារតាំងតែពីអំឡុងខែមេសា កន្លងទៅ គឺលោកបានចុះល្បាតការពារព្រៃឈើ ហើយធ្លាប់ចាប់ដកហូតយកកាំភ្លើងខ្យល់ចំនួន ១០ដើម ពីក្រុមអ្នកដែលលួចចូលទៅបាញ់សត្វខុសច្បាប់ ហើយលើកទី២ លោកក៏ប្រទះឃើញអ្នកភូមិជាច្រើនដែលចូលទៅលួចកាប់ឈើក្នុងព្រៃសហគមន៍ លោកក៏ចាប់បញ្ជូនទៅឱ្យរដ្ឋបាលព្រៃឈើដែរ។ ក្រោយមកទៀត លោកបានឃើញអ្នកភូមិជាច្រើន នាំគ្នាជិះគោយន្តចូលទៅក្នុងព្រៃសហគមន៍ដើម្បីកាប់ឈើ ហើយលោកក៏បានតាមទៅថតរូប ធ្វើឱ្យអ្នកភូមិទាំងនោះខឹង ក៏ដេញតាមកាប់រូបលោក ព្រមទាំងមានអ្នកតាមគំរាមដល់ផ្ទះផង។លោក លឿត ឡោះ បញ្ជាក់ទៀតថា រាល់ការគំរាមកំហែងមកលើរូបលោកនេះ គឺលោកធ្លាប់ប្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កូនក្រៀល ក៏ប៉ុន្តែរហូតដល់គេលួចដុតផ្ទះរបស់លោកទៀត គឺមិនដែលឃើញសមត្ថកិច្ចណាហៅទៅសួរនាំទេ៖ «ឪក្មេកឈឺនៅស្រុក នៅឯស្វាយចេក ខ្ញុំបានឱ្យប្រពន្ធទៅមើលឪក្មេក ហើយខ្ញុំនៅផ្ទះ ហើយខ្ញុំពេលដែលប្រពន្ធមិននៅ ខ្ញុំមិនបានដាំបាយហូប ក៏ខ្ញុំទៅហូបបាយផ្ទះបង។ ល្ងាចប្រហែលជាម៉ោង ៥ខ្ញុំចេញពីផ្ទះ ដល់ម៉ោង ៧យប់ ស្រាប់តែភ្លើងឆេះផ្ទះរបស់ខ្ញុំ»។ក្រុមអ្នកលួចកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារនៃសហគមន៍សង្ឃរុក្ខវ័ន្ត មិនមែនគំរាមកំហែងតែលើសមាជិកគណៈកម្មការម្នាក់នេះទេ។កាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ថា ក្រុមអ្នកលួចកាប់ឈើទាំងនោះ មានការខឹងសម្បាជាមួយសហគមន៍ទាំងមូល ហើយបានលួចដុតបំផ្លាញទីស្នាក់ការ សហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត១ កន្លែងនៅក្នុងឃុំបាក់នឹម សង្កាត់កូនក្រៀល នោះដែរ។ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះភិក្ខុ ប៊ុន សាលួត ប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត ដែលកំពុងតែខិតខំប្រឹងប្រែងការពារព្រៃឈើ ទំហំជាង ១៨.០០០ហិកតារនោះ បានថាយ៉ាងណានៅឡើយ។អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា លោកបានដឹងព័ត៌មានស្ដីពីជនមិនស្គាល់មុខដែលចូលទៅដុតផ្ទះរបស់សមាជិកគណៈកម្មការសហគមន៍ព្រៃឈើ តាមរយៈព្រះភិក្ខុ ប៊ុន សាលួត ក៏ប៉ុន្តែលោកមិនទាន់បានចុះស៊ើបអង្កេតករណីនេះនៅឡើយ។ទោះយ៉ាងណា សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឱ្យសមត្ថកិច្ចរដ្ឋាភិបាល ត្រូវតែស៊ើបអង្កេតរឿងនេះឱ្យបានហ្មត់ចត់ដើម្បីជួយលើកទឹកចិត្តដល់អ្នកការពារព្រៃឈើ៖ «សូមឱ្យអាជ្ញាធរហ្នឹងគាត់ជួយចាត់វិធានការ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដើម្បីឱ្យលើកទឹកចិត្តដល់សហគមន៍ការពារព្រៃឈើ»។មួយរយៈពេលចុងក្រោយនេះ នៅពេលដែលព្រៃឈើជាច្រើនកន្លែងក្នុងខេត្តឧត្តរមានជ័យ បានវិនាសសាបសូន្យអស់ ដោយសារតែការកាប់ធ្វើអាជីវកម្មខុសច្បាប់ គឺក្រុមអ្នកកាប់ឈើបានសម្លឹងឃើញឈើនៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខវ័ន្ត គឺជាព្រៃដែលរដ្ឋាភិបាលបានចុះកិច្ចសន្យាលក់ឥណទានកាបូនទៅឱ្យពិភពលោកទៀត។ជាញយៗក្រុមអ្នកកាប់ឈើខុសច្បាប់ ទាំងទាហាន និងស៊ីវិល តែងលួចចូលទៅកាប់បំផ្លាញ។កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ព្រះភិក្ខុ ប៊ុន សាលួត ជាប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត បានដឹកនាំគណៈកម្មការសហគមន៍ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ភ្នំរូងដែក ក្នុងភូមិសាស្ត្រ-ភូមិចារ នៃឃុំលំទង ស្រុកអន្លង់វែង។ កាលណាណោះ សហគមន៍ចាប់បានម៉ាស៊ីនអារឈើខុសច្បាប់ជាច្រើនគ្រឿង ប៉ុន្តែ ២-៣ម៉ោងក្រោយមក ក៏មានទាហាននៅក្នុងវរៈលេ ៤២១ នៃកងពលតូចលេខ៤២ បានមកដណ្ដើមយកវត្ថុតាងនៃបទលើ្មសព្រៃឈើទាំងនោះទៅវិញអស់។អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា លោកមិនបានដឹងពីព័ត៌មានដែលជនមិនស្គាល់មុខបានលួចដុតផ្ទះ សមាជិកសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត នោះទេ ក៏ប៉ុន្តែលោកបានដឹងរឿងដែលជនមិនស្គាល់មុខ លួចដុតបំផ្លាញទីស្នាក់ការរបស់សហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត នៅក្នុងភូមិបាក់នឹមនោះដែរ។លោកអភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដែលពាក់ព័ន្ធនឹងសកម្មភាពនោះហើយ៖ «ខ្ញុំបានបញ្ជាទៅស្នងការនគរបាលឱ្យចាត់កម្លាំងចុះទៅស្រាវជ្រាវ ជាបន្ទាន់។ អ៊ីចឹងកម្លាំងស្នងការបានចុះហើយ គឺមុខសញ្ញាកំពុងតែតាមរកដើម្បីយកមកចាត់ការតាមច្បាប់»។អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ហាញជំហរថា បើទោះបីជាពេលនេះ ក្រុមអ្នកកាប់ឈើខុសច្បាប់កំពុងតែគំរាមកំហែងទៅលើសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត ក៏ដោយ ក៏សមត្ថកិច្ចរដ្ឋាភិបាលរួមនិងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ នៅតែសហការជាមួយគណៈកម្មការសហគមន៍ដើម្បីការពារព្រៃឈើ ទំហំជាង ១៨.០០០ហិកតារឱ្យបានគង់វង្ស៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥។