• សហជីព​រៀបចំ​យុទ្ធសាស្ត្រ​៣​សំខាន់ ដើម្បី​ទប់ស្កាត់​ច្បាប់​សហជីព​

    • ថ្ងៃចេញផ្សាយ ១៤-កក្កដា-២០១៥

    ​សហជីព​នៅ​កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ​៣​សំខាន់ ដើម្បី​ទប់ស្កាត់​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​។ យុទ្ធសាស្ត្រ​ទាំង​៣​នេះ ត្រូវបាន​បង្ហើប​ឲ្យ​ដឹង បន្ទាប់ពី​សមាជិក​សហ​ជីព​ជាង​២០០​នាក់ បាន​ជួប​ពិភាក្សាគ្នា ពេញ​មួយថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ក្រៅពីនោះ ក៏មាន​ផងដែរ ការផ្ដល់​យោបល់​សម្រាប់​ការកែប្រែ​សេចក្ដីព្រាងច្បាប់​សហជីព ក្នុងករណី​មិនអាច​ទប់ស្កាត់បាន​។​​ដោយ​ចង់​ឲ្យ​មានការ​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព ក្រុម​សហជីព​នៅ​កម្ពុជា បានរៀបចំ​យុទ្ធសាស្ត្រ​រួមគ្នា​ចំនួន​៣​។ យុទ្ធសាស្ត្រ​ទី​១៖ គឺ​បញ្ចុះ​ប​ញ្ជូ​ល​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​និង​អន្ដរជាតិ ស្ថានទូត​បរទេស ព្រមទាំង​រដ្ឋសភាជាតិ ឲ្យ​ចូលរួម​ទប់ស្កាត់​ច្បាប់​សហជីព​។ យុទ្ធសាស្ត្រ​ទី​២៖ គឺ​ផលិត​ឯកសារ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ទប់ទល់​នឹង​ការតាក់តែង​ច្បាប់​សហជីព​។ ហើយ​យុទ្ធសាស្ត្រ​ទី​៣៖ ក្រុម​សហជីព​នឹង​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ជំទាស់​នឹង​ច្បាប់​ស្ដីពី​សហជីព​។ ក្នុងនោះ ព្រឹត្តិការណ៍​ដំបូង​គេ​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃទី​២៦​ខែកក្កដា​នេះ ដោយមាន​អ្នកចូលរួម​ជាង​មួយ​ពាន់​នាក់​។​​យ៉ាងណាក៏ដោយ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សហជីព ស៊ីខាវ​ឌូ មិនមាន​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​នេះ ស្របតាម​ការចង់បាន​របស់​សហជីព​ឡើយ​។ ប្រសិនបើ​គ្មាន​ការទម្លាក់​ចោល ក្រុម​សហជីព នឹង​តស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​កែប្រែ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​នេះ​មុននឹង​សភា​សម្រេច​អនុម័ត​។​​ប្រធាន​សហជីព ស៊ីខាវ​ឌូ បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ថា ក្រុម​សហជីព បានរៀបចំ​រួចហើយ សំណើ​រួមមួយ​ដែលមាន​៣០​មាត្រា សម្រាប់ធ្វើ​ការកែប្រែ​សេចក្ដីព្រាងច្បាប់​សហជីព ក្នុង​គោលដៅ​កាត់បន្ថយ​ការគាបសង្កត់ និង​ការដាក់ទណ្ឌកម្ម​ទៅលើ​សហជីព​។​នេះ​បើតាម​លោក​អាត់​ធន់​។​​គួរ​រំលឹក​ជូន​ថា សេចក្ដីព្រាងច្បាប់​សហជីព ត្រូវបាន​សហជីព​រិះគន់ថា មាន​លក្ខណៈ​រឹតត្បិត​រំលោភសិទ្ធិ​កម្ម​ករ និយោជិត និង​ជាពិសេស​មានការ​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅលើ​សហជីព​។ កន្លងមក រដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះដែរ​។ក្រសួង​ការងារ​បាន​គូសបញ្ជាក់ថា មតិយោបល់​ដែល​លើកឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​កន្លងមក ត្រូវបាន​ប​ញ្ជូ​ល​ទៅក្នុង​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​រួចហើយ​។ ប៉ុន្តែ​សហជីព​អះអាងថា មតិយោបល់​សំខាន់ៗ​ជាច្រើន​របស់​ពួកគេ មិន​ត្រូវបាន​បញ្ចូល​ទៅក្នុង​សេចក្ដីព្រាងច្បាប់​នេះឡើយ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៥​។​