-
សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ប្រកាសពហិការមិនចូលរួមយោបល់ច្បាប់អង្គការ
- ថ្ងៃចេញផ្សាយ ១៧-កក្កដា-២០១៥
«ខ្លួនខ្ញុំ (គង់ គាំ) និងក្រុមសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី និងធ្វើពហិការមិនចូលរួមផ្តល់យោបល់ ក្នុងសម័យប្រជុំពេញរបស់ព្រឹទ្ធនៅពេលខាងមុខទេ ប្រសិនបើព្រឹទ្ធសភាសម្រេចដាក់ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងរបៀបវារៈ ដើម្បីផ្តល់យោបល់ និងអនុម័តនោះ»។ នេះជាការលើកឡើងរបស់លោកគង់ គាំ សមាជិកព្រឹទ្ធសភា នីតិកាលទី៣ និងជាប្រធានក្រុមទី៦ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក្នុងលិខិតដែលបានចុះនៅថ្ងៃទី១៦ ខែកក្កដា។បើតាមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីរូបនេះបានលើកឡើងថា ព្រឹទ្ធសភាមិនទទួលផ្តល់យោបល់អនុម័តច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទេ គឺព្រឹទ្ធសភាត្រូវផ្ញើត្រឡប់ទៅរដ្ឋសភាវិញដើម្បីឲ្យរដ្ឋសភាសម្រួលខ្លឹមសារមួយចំនួន ឲ្យស្របទៅនឹងច្បាប់រដ្ឋធ្មនុញ្ញ និងឆន្ទៈសមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រុមតំណាងរាស្ត្រគណបក្សក្រៅរដ្ឋាភិបាល ព្រមទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យបានទូលំទូលាយ និងល្អិតល្អន់បន្ថែមទៀត។លោកគង់ គាំ បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៣មក សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើប្រតិបត្តិការផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ដែលពាក់ព័ន្ធយ៉ាងរលូនរហូតមក មិនទាន់មានការចំបាច់ និងភាពបន្ទាន់ដាក់ឲ្យប្រើច្បាប់ដ៏ចម្រូងចម្រាស់នោះទេ។ការប្រកាសជំហររបស់លោកគង់ គាំ បានធ្វើឡើងស្របគ្នានឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសហភាពអឺរ៉ុបដែលបានអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធចោលទាំងស្រុងនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ។នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសហភាពអឺរ៉ុប បានដោយចាត់ទុកថាច្បាប់នេះមិនស្របតាមគោលការណ៍សិទ្ធិមនុស្ស លើសេរីភាពនៃការប្រមូលផ្តុំ។នៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបញ្ជាក់ថា គួរឲ្យសោកស្ដាយបញ្ហាព្រួយបារម្ភសំខាន់ៗមួយចំនួនមិនត្រូវបានតំណាងរាស្ត្រយកមកពិចារណាឲ្យបានគ្រប់គ្រាន់ឡើយ។ ច្បាប់នេះមានសក្តានុពល យ៉ាងធំធេងក្នុងការដាក់កំហិតដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល។យ៉ាងណាក្តី បើតាមការអះអាង របស់ប្រមុខរដ្ឋាភិបាលកម្ពុជាវិញ បានបញ្ជាក់ថា ការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព គឺដើម្បីការពារទ្រទ្រង់សិទ្ធិ, សេរីភាព និងផលប្រយោជន៍របស់សមាគម, អង្គការ មិនមែនរដ្ឋាភិបាល និង សហជីពទាំងអស់ និងផលប្រយោជន៍សាធារណៈ ព្រមទាំងធានាឱ្យកិច្ចដំណើរ ការរបស់អង្គការទាំងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍នីតិរដ្ឋ និងអភិបាលកិច្ចល្អ។ ហើយរដ្ឋាភិបាលក៏ប្រឆាំងផងដែរ ចំពោះរាល់ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូល ក្នុងដំណើរការនេះ ដែលជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ហើយអំពាវនាវ ឱ្យ មានការគោរពចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជា រដ្ឋអធិបតេយ្យ និងជាសមាជិកមួយ នៃអង្គការសហប្រជាជាតិ។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការត្រូវបានរដ្ឋសភាអនុម័តដែលមានតែ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៦៨រូប ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមអនុម័តច្បាប់មួយនេះ៕ដកស្រង់ពីវិទ្យុវាយោ ចេញផ្សាយថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥។