-
តុលាការកាត់ទោសសកម្មជនសង្គ្រោះជាតិម្នាក់ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទហិង្សាប្រឆាំងរាជការសាធារណៈ
- ថ្ងៃចេញផ្សាយ ១០-កញ្ញា-២០១៥
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះបានប្រកាសសាលក្រមកាត់ទោសសកម្មជនគណបក្ស សង្គ្រោះជាតិម្នាក់ លោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទបង្កអំពើហិង្សាដោយចេតនានិងប្រឆាំងអ្នករាជការសាធារណៈ ខណៈលោកកំពុងជាប់ពន្ធនាគារពីបទចោទផ្សេងមួយទៀត។ហិង្សាដែលតុលាការកាត់ទោសនោះទាក់ទងនឹងការប្រព្រឹត្តនៅចំណុច ខាងជើងនាគបាញ់ទឹក ផ្លូវព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។ លោក អ៊ុក ពេជ្រសំណាង ត្រូវបានចោទប្រកាន់ថាបានបើកម៉ូតូកង់បីដែលដឹកអ្នកតវ៉ាបុករបា ដែករបស់កងសន្តិសុខខណ្ឌដូនពេញ នៅពេលលោកចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ ដែលព្យាយាមដាក់ញតិទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានប្រកាសសាលក្រមដោយដាក់ទោសលោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពិន័យជាប្រាក់៤លានរៀលនិងត្រូវផ្តល់សំណង១០លានរៀលទៅជនរងគ្រោះ។បន្ទាប់ពីតុលាការប្រកាសសាលក្រម លោក អ៊ុក ពេជ្រសំណាង បានស្រែកថានេះជារឿងអយុត្តិធម៌សម្រាប់រូបលោក ដោយលោកចាត់ទុកថានេះជារឿងនយោបាយ។ លោកថាអ្វីដែលលោកបានធ្វើគឺការងារជួយសង្គមតែប៉ុណ្ណោះ និងលោកចាត់ទុលាការសាលាដំបូងថាជាតុលាការឧក្រិដ្ឋកម្ម។លោក ជូង ជូងី ដែលជាមេធាវីរបស់លោក អ៊ុក ពេជ្រសំណាង ប្រាប់វីអូឌី(VOD)នៅព្រឹកនេះថាការម្រេចរបស់តុលាការជារឿងអយុត្តិធរសម្រាប់កូនក្តីរបស់លោក។ លោកបន្តថាលោកនិងពិភាក្សាជាមួយកូនក្តីរបស់លោកបន្តទៀតថាតើនឹងត្រូវប្តឹងទៅឧទ្ធរណ៍ទៀតឬយ៉ាងណា។លោកមានប្រសាសន៍ថា៖ “មានតែគេប្រើអំពើហិង្សាលើគាត់ បែកក្បាលហូរឈាម ពេលដែលសមត្ថកិច្ចចាប់គាត់ក៏ឃើញគាត់បែកក្បាលហូរឈាម ពេលដែលតុលាការសួរចម្លើយគាត់ក៏ឃើញថាគាត់បែកក្បាលហូរឈាម មិនដាក់ទោសអ្នកប្រើអំពើហិង្សាមកលើគាត់ មកចោទប្រកាន់គាត់ ហើយចុងក្រោយមកដាក់ទោសគាត់ពីបទបង្ករហិង្សាទៅលើអ្នកដទៃ"។លោក ជូង ជូងី ក៏ធ្លាប់ប្រាប់វីអូឌី(VOD)ថាប្រធានសន្តិសុខខណ្ឌដូនពេញជាដើមបណ្តឹង ក្នុងករណីនេះ។ លោកបន្តថាចៅក្រមបានសាកសួរសន្តិសុខ៥នាក់ដែលបានអះអាងថាខ្លួនជាជនរងគ្រោះ ប៉ុន្តែលោកថាសន្តិសុខទាំង៥នាក់នោះបានឆ្លើយប្រាប់ចៅក្រមថាលោក អ៊ុក ពេជ្រសំណាង មិនបានបង្កហិង្សាលើពួកគេនោះទេ។ លោកបន្តថាលោក អ៊ុក ពេជ្រសំណាង ក៏បានបដិសេធទៅនឹងការចោទប្រកាន់ពីតំណាងអយ្យការដូចគ្នា។ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការផ្តន្ទាទោសនេះជារឿងអយុត្តិធម៌សម្រាប់លោក អ៊ុក ពេជ្រសំណាង។ លោកបន្តថាលោក អ៊ុក ពេជ្រសំណាងនឹងជាប់ពន្ធនាគារចំនួន៩ឆ្នាំ បូកបន្ថែមនឹងការជាប់ពន្ធនាគារទាក់ទងនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។ លោកមានប្រសាសន៍ក្រោយពីការប្រកាសសាលក្រុមថា៖ “(ខ្ញុំ)គិតថា ការផ្តន្ទាទោសលោកនេះ វាជាការមួយដែលទទួលសម្ពាធ ហើយវាពាក់ព័ន្ធរឿងនយោបាយ ដែលធ្វើឲ្យលោកអ៊ុក ពេជ្រសំណាងទទួលរងគ្រោះម្តងហើយម្តងទៀតសម្រាប់ពួកគាត់”។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សោកស្តាយចំពោះសាលក្រមរបស់សាលាដំបូងដែលបានដាក់ទោសបន្ថែមទៅលើលោក អ៊ុក ពេជ្រសំណាង។ លោកចាត់ទុកថាការសម្រេចនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកថាគណបក្សសង្គ្រោះជាតិនៅតែបន្តចរចាតាមផ្លូវនយោបាយ ដើម្បីឲ្យមានការដោះលែងសកម្មជនរបស់គណបក្សទាំងអស់ឲ្យមានសេរីភាពឡើងវិញ។ លោកបន្តថា៖ “ហើយខ្ញុំជឿថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងរិះរកមធ្យោបាយដើម្បីធ្វើយ៉ាងម៉េចដោះស្រាយតាមផ្លូវនយោបាយ”។គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមដាក់ទោស លោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទពីចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យ មានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥៕