-
សង្គមស៊ីវិលថា រដ្ឋាភិបាលគួរការពារអ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណែត ប្រសើរជាងដាក់ទោស
- ថ្ងៃចេញផ្សាយ ១៤-កញ្ញា-២០១៥
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលគួរការពារសិទ្ធិអ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណែត ជាជាងដាក់ទោសអ្នកទាំងនោះ ដោយចាត់ទុកថា រាល់ការបញ្ចេញមតិរបស់ពួកគេរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការផ្សព្វផ្សាយសេចក្តីប្រកាស គោលការណ៍សិទ្ធិ និងសេរីភាពអ៊ីនធើណែតនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។មន្ត្រីផ្នែកព័ត៌មាននៅមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក លោក សោ សូទ្ធី មានប្រសាសន៍ថា សេរីភាពនៃការបញ្ចេញមតិនៅលើបណ្តាញសង្គមកម្ពុជាបច្ចុប្បន្ន មានភាពប្រសើរជាងមុនបើប្រៀបធៀបជាមួយប្រទេសជិតខាង។ តែលោកបារម្ភថា សេរីភាពបញ្ចេញមតិតាមបែបបច្ចេកវិទ្យានេះ កំពុងត្រូវបានរឹតត្បិតជាបណ្តើរៗហើយ ខណៈដែលរដ្ឋាភិបាលបានរៀបចំច្បាប់គ្រប់គ្រង់ប្រព័ន្ធអ៊ីនធើណែត និងបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ លោកយល់ថា រដ្ឋាភិបាលគួរតែការពារអ្នកបញ្ចេញមតិក្នុងន័យស្ថាបនា ប្រសើរជាងដាក់ទោសពួកគេ ដែលលោកយល់ថា ធ្វើឱ្យបង្អាក់ដល់អ្នកបញ្ចេញមតិផ្សេងទៀត។ លោកបញ្ជាក់ថា៖ “ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងមើលឃើញ នៅមានបញ្ហាមួយចំនួនដែរ ខ្ញុំលើកជាឧទាហរណ៍នៃការប្រើប្រាស់នូវយន្តការផ្លូវច្បាប់ ជាពិសេសការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ធ្វើការចាប់ខ្លួនអ្នកដែលបានបញ្ចញមតិ នៅតាមបណ្តាញសង្គមថ្មីៗនេះ។ ការបញ្ចេញមតិនេះ មានលក្ខណៈទាក់ទងនឹងនយោបាយ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងចង់ឱ្យមានការពិភាក្សាឱ្យបានដិតដល់ផងដែរ ថាតើការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធើណែតកម្រិតណាគួរមានការដាក់ទោស”។អ្នកសម្របសម្រួលគម្រោងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ICT នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថា អ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណែតគឺមិនសុទ្ធតែល្អទាំងអស់ ហើយក៏មិនអាក្រក់ទាំងអស់នោះដែរ។ តែលោកថា រដ្ឋាភិបាលត្រូវពិចារណា ឬសិក្សាឲ្យបានច្បាស់លាស់មុននឹងដាក់ទោសអ្នកដែលបញ្ចេញមតិក្នុងន័យស្ថាបនា។ លោកលើកឧទាហរណ៍ថា ក្នុងករណីថ្មីៗរដ្ឋាភិបាលបានចាប់យុវជនម្នាក់ ដែលសរសេររឿងបដិវត្តន៍ពណ៌លើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គេដែលករណីនេះ រដ្ឋាភិបាលត្រូវសិក្សាឲ្យបានច្បាស់លាស់។ លោកថាមួយវិញទៀត យុវជននោះគ្មានអំណាច ឬឥទ្ធិពលអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួមបដិវត្តន៍នោះទេ ៖ “ការបញ្ចេញមតិដូចគ្នាដែរ ឧទារហរណ៍ថា ឧទាហរណ៍ថា បដិវត្តន៍ពណ៌។ បដិវត្តន៍ពណ៌ហ្នឹង តើគាត់ទៅកៀងគរ[មនុស្ស]បានមកពីណា តើគាត់មានសមត្ថភាពទៅកៀងគរគេទេឱ្យទៅធ្វើតាមគាត់ហ្នឹង គាត់ជាមនុស្សដែលគេល្បីទេ មើលស្ថានភាពអ៊ីចឹងដែរ”។នាយកការិយាល័យបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអង្គស្នងការនគរបាលជាតិ លោក ហាយ មករា មានប្រសាសន៍ថា ការបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ មិនមានចេតនាគំរាមកំហែងដល់សិទ្ធិសេរីភាពលរដ្ឋក្នុងការបញ្ចេញមតិតាមអ៊ីនធើណែតនោះទេ គឺផ្តោតលើប្រយោជន៍រួម។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋអាចបញ្ចេញបានតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង តែរាល់ការបញ្ចេញមតិនោះត្រូវធានាថាមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសន្តិសុខសង្គម។ លោកថា៖ “ចង់ឱ្យបងប្អូនទាំងអស់គ្នាពិនិត្យមើលទៅលើច្បាប់ ជាជាងដែលថា យើងបញ្ចេញមតិហើយថា រដ្ឋាភិបាលបិទសិទ្ធិសេរីភាពមិនឱ្យបញ្ចេញ។ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ គឺប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែនៅក្នុងមាត្រានោះដដែល បានចែងថា គ្មានជនណាម្នាក់អាចប្រើប្រាស់សិទ្ធិសេរីភាពនេះ ធ្វើឱ្យរំលោភដល់សិទ្ធិសេរីភាពអ្នកដទៃបានទេ។ អ៊ីចឹងមានន័យថា សិទ្ធិរបស់យើង ប៉ុន្តែស្ថិតនៅក្រោមបន្ទាត់ច្បាប់ អ៊ីចឹងការបញ្ចេញមតិដែលលើសពីបន្ទាត់ច្បាប់ គឺមានន័យថា ខុសនឹងច្បាប់។ អ៊ីចឹងច្បាប់គឺមានចែង”។ថ្មីៗរដ្ឋាភិបាលបានចេញអនុក្រឹត្យ បង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយអះអាងថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាក់ទងនឹងការញុះញង់តាមប្រព័ន្ធអ៊ីនធើណែត ខណៈដែលរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណែត។សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍សិទ្ធិអ៊ីនធើណែតនៅកម្ពុជា ចេញដោយអង្គការសង្គមស៊ីវិលប្រមាណ២០ នៅថ្ងៃនេះរួមមាន ការពារសិទ្ធិមនុស្សលើអ៊ីនធើណែត សិទ្ធិប្រើប្រាស់អ៊ីនធើណែត សិទ្ធិខាងការបញ្ចេញមតិលើអ៊ីនធើណែត សិទ្ធិប្រមូលផ្តុំ និងចូលរួមលើអ៊ីនធើណែត និងសិទ្ធិទទួលបានព័ត៌មានលើអ៊ីនធើណែតជាដើម៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥៕