• យុវជន​ដែល​រង​ការចោទប្រកាន់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យល់​ពី​អត្ថន័យ​នៃ​បដិវត្តន៍​ពណ៌​

    • ថ្ងៃចេញផ្សាយ ១៥-កញ្ញា-២០១៥

    យុវជន គង់ រ៉ៃ​យ៉ា ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ចោទថា​ញុះញង់​ឲ្យ​មាន​បដិវត្ត​ពណ៌​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​ថា​ញុះញង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យល់​ពី​អត្ថន័យ​នៃ​បដិវត្តន៍​ពណ៌​នេះ​។​​យុវជន គង់ រ៉ៃ​យ៉ា ជា​និស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ខេមរៈ​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​២១ ខែសីហា ពាក់ព័ន្ធ​នឹង​ការប្រកាស​ធ្វើ​បដិវត្តន៍​ព័ណ៌​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ យុវជន​ម្នាក់​នោះបាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖“​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​” ។ យុវជន​ម្នាក់​នោះ​ត្រូវបាន​តុលាការ​ចោទប្រកាន់​តាម​មាត្រា​៤៩៤​និង​៤៩៥ ពីបទ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ ហើយ​ត្រូវបាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​​ចៅក្រម​សាកសួរ​បាន​បើក​ការសាកសួរ​លោក គង់ រ៉ៃ​យ៉ា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ក្រោយពី​បញ្ចប់​ការសាកសួរ យុវជន​ម្នាក់​នោះបាន​ច្រានចោល​ការចោទប្រកាន់រ​បស់​តុលាការ ដោយ​អះអាងថា​ការសរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ​គ្រាន់តែ​ជាការ​លើក​ជា​សំណួរ​និង​ការបញ្ចេញមតិ​តែប៉ុណ្ណោះ​។ លោក​បន្តថា​លោក លោក​មិនបាន​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​ធ្វើ​បដិវត្តន៍​ពណ៌​នោះទេ​។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​តុលា​ការយល់​ពី​និយមន័យ​នៃ​បដិវត្តន៍​ពណ៌​នេះ​។​​លោក សំ សុ​គង់ ជា​មេធាវី ប្រាប់​វី​អូ​ឌី​ថា​ចៅក្រម​ស៊ើបសួរ​បាន​សាកសួរ​កូនក្តី​របស់លោក​ពី​ចេតនា​ពី​បដិវត្តន៍​ពណ៌​។ លោក​បន្តថា​កូនក្តី​របស់លោក​មិន​យល់​ពី​ពាក្យ​បដិវត្តន៍ ហើយ​ប្រាប់​ចៅក្រម​ថា​ខ្លួន​យល់ថា​បដិវត្តន៍​គ្រាន់តែ​ជា​ប្រមូលផ្តុំ​និង​បញ្ចេញមតិ​ដោយ​អហិង្សា​។ លោក​បន្តថា​កូនក្តី​របស់លោក​មិនមាន​លទ្ធភាព​ឬ​ឥទ្ធិពល​ក្នុងការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បដិវត្តន៍ ហើយ​ក្រោយ​ការសរសេរ​នោះ ក៏​គ្មាន​អំពើហិង្សា​ឬ​ការខូចខាត​នោះទេ​។​​លោក​មេធាវី​បញ្ជាក់ថា​តុលាការ​មិនទាន់​បញ្ចប់​ការសាកសួរ​នៅឡើយ​ទេ ហើយ​ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​នីតិវិធី​សាកសួរ​នៅពេល​ខាងមុខ​។​​លោក គាំង គង់ អាយុ​៦៧​ឆ្នាំ ដែលជា​ឪពុក​របស់​យុវជន​នោះ មានប្រសាសន៍ថា​លោក​មិនដឹងថា​កូន​គាត់​ខុសច្បាប់​ឬ​ត្រូវ​ច្បាប់​នោះទេ តែ​លោ​កថា​កូនប្រុស​របស់លោក​មិនអាច​មានទោស​ជាប់ពន្ធនាគារ គ្រាន់តែ ការបញ្ចេញមតិ​នោះទេ​។ លោក​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​កូន​របស់លោក និង​អាច​ចូលរៀន​វិញ​៕​ដក​ស្រង់​ពី​សារ​ព័ត៌​មាន​សម្លេង​ប្រ​ជា​ធិបតេយ្យ​ ចេញ​ផ្សាយ​ថ្ងៃ​ទី ១៥​ ខែ​កញ្ញា ឆ្នាំ​២០១៥៕