• សង្គម​ស៊ីវិល​ស្នើ​អ្នកស្រី រ៉ូ​ណា ស្មី​ត យក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​

    • ថ្ងៃចេញផ្សាយ ១៨-កញ្ញា-២០១៥

    ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ថ្មី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) លើកយក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ដែល​កំពុង​កើតមាន​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ការស្នើ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​តំណាង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ជាង​២០ ជាមួយ អ្នកស្រី រ៉ូ​ណា ស្មី​ត នៅ​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា​។​ ​ជំនួប​រវាង អ្នកស្រី រ៉ូ​ណា ស្មី​ត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នកស្រី បាន​ជាន់​លើទឹក​ដី​កម្ពុជា ក្នុងនាម​អ្នកស្រី​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​។​​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុងជំនួប​នោះ​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​កង្វល់​នានា​ដែល​សង្គម​ស៊ីវិល​មាន ក្នុងនោះ​រួមមាន បញ្ហា​កំណែទម្រង់​ប្រព័ន្ធតុលាការ​ទាំងមូល​។ តុលា​ការដែល​ត្រូវបាន​សង្គម​ស៊ីវិល​ចាត់ទុកថា នៅ​មិនទាន់មាន​ឯករាជភាព​ពេញលេញ​ដាច់ចេញពី​អង្គនីតិប្រតិបត្តិ​នៅឡើយ​។​​ក្រៅពីនេះ សង្គម​ស៊ីវិល​ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក្នុងនោះ​មានដូចជា ការ​រឹតត្បិត​ទៅលើ​សេរីភាព​ក្នុងការ​សម្ដែង​មតិ ច្បាប់បោះឆ្នោត និង​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម​៖ «​នេះ​ជា​បេសកកម្ម​លើក​ទី​១ របស់គាត់ គាត់​ចង់​ស្តាប់​អ្វី​ដែលជា​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​អ្វី​ដែលជា​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​គាត់​លើកឡើង​ក្នុងជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ជជែក​គ្នា​រក​ដំណោះស្រាយ​»​។​​កន្លងមក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តែងតែ​ត្រូវបាន​អនុញ្ញាត​ដោយ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​ចូលជួប​ដើម្បី​លើកឡើង​ពី​កង្វល់​នានា​កំពុង​កើតមាន ដើម្បី​អាច​ឲ្យ​អ្នករាយការណ៍​ពាំនាំ​កង្វល់​របស់​ពួកគេ​ទៅកាន់​រដ្ឋាភិបាល​។​​យ៉ាងណាក៏ដោយ លោក នី ចរិយា កត់សម្គាល់ថា កន្លងមក​រដ្ឋាភិបាល​មិនដែល​ទទួលយក​នូវ​អនុសាសន៍ ឬ​ការលើកឡើង​របស់​អង្គការសហប្រជាជាតិ ឡើយ​។​ផ្ទុយទៅវិញ រដ្ឋាភិបាល​តែង​រក​វិធី​ការពារ​នូវ​អំពើ​រំលោភសិទ្ធិ​មនុស្ស​របស់​ខ្លួន​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៥ ដើម្បី​ជំនួស លោក សុរិយា ស៊ូ​ប៊ែ​ឌី (Surya Subedi) ដែល​ផុត​អាណត្តិ ៦​ឆ្នាំ​របស់ខ្លួន​។​​មន្ត្រី​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹងថា ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៤ ខែកញ្ញា អ្នកស្រី រ៉ូ​ណា ស្មី​ត នឹង​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន ក្នុងនោះ​រួមមាន មន្ត្រី​ការពារ​សិទ្ធិមនុស្ស មន្ត្រី​សហជីព មន្ត្រី​ការពារ​សិទ្ធិ​លំនៅឋាន សហគមន៍​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី សកម្មជន​ការពារ​បរិស្ថាន ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្តកោះកុង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​ការងារ ព្រមទាំង​តំណាង​រដ្ឋសភា និង​ព្រឹទ្ធសភា ផងដែរ​។​​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥៕