• បក្សប្រឆាំង​នឹង​ស្នើ​ឲ្យ​កែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ដើម្បី​ធានា​សិទ្ធិ​បញ្ចេញមតិ​

    • ថ្ងៃចេញផ្សាយ ២៩-កញ្ញា-២០១៥

    ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​ជំនួប​ពិភាក្សា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​បស់​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយនេះ ពួកគេ​នឹង​ជំរុញ​ឲ្យ​កែ​ខ្លឹមសារ​នៃ​បទបញ្ជា​នោះ ដើម្បី​ធានា​ពី​សេរីភាព​បញ្ចេញមតិ​របស់​តំណាង រាស្ត្រ​ភាគតិច ស្របតាម​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​កំពូល​ទាំងពីរ​។​​លិខិត​ជូនដំណឹង​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ចុះ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១​ខែតុលា​ខាងមុខនេះ តំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នឹង​ជួបប្រជុំ​ពិភាក្សា នៅ​មន្ទីរ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ក្នុង​កិច្ចពិភាក្សា​នោះ តំណាងរាស្ត្រ​គណ បក្ស​លោក នឹង​លើកយក​បញ្ហា​មួយចំនួន ទៅ​ជជែក​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំរុញ​យ៉ាងណា​ឲ្យ​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​នេះ ធានា​ពី​សេរីភាព​បញ្ចេញមតិ​របស់​តំណាងរាស្ត្រ​ភាគតិច តាម​កិច្ចព្រមព្រៀង​របស់​ថ្នាក់ដឹកនាំ​កន្លងទៅ​។​​ក្រោយពី​បក្សប្រឆាំង សម្រេច​ដើរចូល​សភា កាលពី​ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​តួនាទី​មួយទៀត ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។​​ប៉ុន្តែ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​ភាគតិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូលប្រជុំ​សភាពេញអង្គ​ចំនួន​១៥​ដង និង​កាត់​ប្រាក់ខែ​ចំនួន​២​ខែ​។ ​ការដាក់ពិន័យ លោក អ៊ុំ សំអាន នោះ​ដោយសារ​លោក​រិះគន់ ប្រធានរដ្ឋសភា​លោក ហេង សំរិន តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា​លោក ហេង សំរិន មិន​ហ៊ាន​ក្អក​នឹង​វៀតណាម ដែល​លោក​ថា​បាន​រំលោភ​យក​ដី​លំនៅឋាន​របស់លោក នៅ​ភូមិ​អន្លុង​ជ្រៃ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។​​យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញ​ឫទ្ធិអះអាង​ដែរ​ថា​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​១ ខែតុលា​នោះ ទំនងជា​មិនទាន់​ឈានដល់​ការជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ជាផ្ទៃក្នុង ដែល​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​លើកដៃ​ពេល​អនុម័ត​អ្វី​នោះទេ ដោយ​លោក​អះអាងថា​ករណីនេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សិក្សា​នៅឡើយ​។​​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​ស​សភា មាន​១៧​ជំពូក​៨៣​ប្រការ ក្នុងនោះ​មានចែង​ពី​ការអនុម័ត ធ្វើឡើង​ដោយ​សម្ងាត់​តាម​សា​អេ​ឡិច​ត្រូ​និ​ច​និង​ការលើកដៃ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥៕​