-
មនុស្សជាង១០០០នាក់នឹងដើរហែក្បួនក្នុងរាជធានីជំរុញឲ្យដោះស្រាយរឿងដីធ្លី
- ថ្ងៃចេញផ្សាយ ១-តុលា-២០១៥
សង្គមស៊ីវិលអះអាងថា មនុស្សប្រមាណជា១៥០០នាក់ មកពីសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានី ខេត្ត និងអង្គការសង្គមស៊ីវិល នឹងយកទិវាសិទ្ធិលំនៅឋានអន្តរជាតិ ធ្វើយុទ្ធនាការក្នុងរាជធានីភ្នំពេញ ជំរុញឲ្យរដ្ឋាភិបាលពន្លឿនរកដំណោះស្រាយរឿងបណ្តេញចេញពីផ្ទះសម្បែង។ទិវាសិទ្ធិលំនៅឋានអន្តរជាតិ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៥ ខែតុលាខាងមុខនេះ។សេចក្តីជូនដំណឹងរបស់សមាគមធាងត្នោត ចុះថ្ងៃទី២៨ ខែកញ្ញា ឲ្យដឹងថា អ្នកចូលរួមប្រារព្ធពិធី នឹងជួបជុំគ្នានៅអតីតតំបន់បណ្តេញចេញមួយក្នុងរាជធានីភ្នំពេញ គឺសហគមន៍ដីក្រហម។អ្នកសម្របសម្រួលសមាគមធាងត្នោត លោក អ៊ី សារ៉ុម អះអាងថា ការកំណត់យកទីតាំងនោះ ដើម្បីប្រារព្ធពិធីនេះ គឺជាការផ្ញើសារទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ឡើងវិញ ពីទុក្ខវេទនារបស់អ្នកដែលបានបណ្តេញចេញ និងអ្នកដែលកំពុងប្រឈមនឹងការបណ្តេញចេញ ព្រមទាំងជំរុញឲ្យពន្លឿនដោះស្រាយប្រកបដោយប្រសិទ្ធភាព។ទោះជាយ៉ាណា មន្ត្រីសង្គស៊ីវិលរូបនោះអះអាងថា លិខិតជូនដំណឹងពីការធ្វើយុទ្ធនាការនេះ ត្រូវបានសាលារាជធានីភ្នំពេញច្រានចោលកាលពីថ្ងៃទី២៨ម្សិលម៉ិញ ដោយតម្រូវឲ្យតំណាងអ្នកចូលរួម ត្រូវមានស្នាមមេដៃនិងភ្ជាប់ទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណទៀតផង ដែលលោកថាជាចេតនាបង្កការលំបាកដល់សេរីភាពបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា អ្វីដែលសាលារាជធានីតម្រូវក្នុងលិខិតជូនដំណឹង លោកថា ជាវិធានការច្បាប់ដែលសង្គមស៊ីវិល និងអ្នកប្រើប្រាស់សិទ្ធិសម្តែងមតិត្រូវយល់ដឹង៖ “បើយើងនិយាយពីឯតទគ្គកម្មនៅក្នុងប្រទេសកម្ពុជាយើង ក្រុមពួកគាត់ហ្នឹងធ្វើបាតុកម្មច្រើនជាងគេ ដូច្នេះគាត់ដឹងតើ មិនមែនគាត់មិនដឹងគាត់មិនដឹងទេ គាត់ធ្វើមិនដឹងទេឬ? … ខ្ញុំមិនអាចឆ្លើយបានទេ អ៊ីចឹងបានខ្ញុំថា អ្វីដែលអនុវត្តគឺអនុវត្តតាមច្បាប់ការធ្វើបាតុកម្មដោយសន្តិវិធី”។យ៉ាងនេះក្តីនាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ការបង្កការលំបាកណាមួយពីអាជ្ញាធរមូលដ្ឋាន ទៅលើសេរីភាពបញ្ចេញមតិដោយសន្តិវិធី លោកថា ជាការព្យាយាមលាក់បាំងអំពើអាក្រក់របស់មន្ត្រីខិលខូចមួយចំនួន និងជាចរន្តរាំងស្ទះដល់យន្តការពន្លឿនដោះស្រាយ ៖ “រដ្ឋាភិបាលគួរតែមកស្តាប់នូវបញ្ហាទុក្ខលំបាករបស់គាត់ ហើយមិនបាច់ទៅរៀបចំវេទិកាសាធារណៈនាំតែអត់ថ្លៃអាហារសម្រន់ រៀបចំចេញលុយឲ្យប្រជាពលរដ្ឋ មកប្រជុំនៅវេទិកាទេ នេះគាត់យកបញ្ហាមកដាក់ជូនតែម្តង ហើយយើងទទួលយកតែញត្តិគាត់ទៅ ហើយយើងរកវិធីដោះស្រាយជូនគាត់ទៅ វាចប់បាត់ហើយ វាគ្មានអ្វីត្រូវមកចាំបាច់រារាំងភ័យខ្លាចនឹងប្រជាពលរដ្ឋខ្លួនឯងទេ”។លិខិតជូនដំណឹងរបស់សមាគមធាងត្នោត ដដែលឲ្យដឹងដែរថា ក្រោយពីជួបជុំគ្នា នៅអតីតសហគមន៍ដីក្រហម សកម្មជនដីធ្លីនឹងហែញត្តិ ទៅដាក់នៅក្រសួងដែនដី រដ្ឋសភា និងស្ថាប័នមួយចំនួនទៀត ដើម្បីទប់ស្កាត់ការបណ្តេញចេញ និងជំរុញឲ្យរដ្ឋាភិបាល ពន្លឿនដោះស្រាយប្រកបដោយតម្លាភាព លើជម្លោះអូសបន្លាយច្រើនឆ្នាំ ដើម្បីស្វែងរកយុត្តិធម៌ ដល់ជនរងគ្រោះជាអ្នកក្រីក្រដែលបានរងផលប៉ះពាល់។ប៉ុន្តែសម្រាប់អ្នកនាំពាក្យ លោក ឡុង ឌីម៉ង់ នៅមិនទាន់ប្រាកដថា សាលារាជធានី នឹងអនុញាត្តឲ្យមានការដើរដង្ហែញត្តិ ដែលមានមនុស្សជាង១០០០នាក់ចូលរួមនេះ ឬក៏យ៉ាងណាទេ ដោយលោកថា ករណីនេះបើលើសពីសមត្ថភាពរបស់អាជ្ញាធរ ចាំបាច់ត្រូវស្នើសុំយោបល់ពីក្រសួងមហាផ្ទៃ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥៕