-
សង្គមស៊ីវិល៖ សេរីភាពបញ្ចេញមតិដោយសន្តិវិធីនៅកម្ពុជាបន្តរួមតូច
- ថ្ងៃចេញផ្សាយ ៦-តុលា-២០១៥
អ្នកមានជម្លោះដីធ្លីជិត២០០០នាក់ មកពីរាជធានី-ខេត្ត បានជួបជុំគ្នា ធ្វើយុទ្ធនាការក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងការបណ្តេញចេញ ក្នុងទិវាសិទ្ធិលំនៅឋានអន្តរជាតិ នាថ្ងៃចន្ទនេះតាមការគ្រោងទុក បើទោះបីអាជ្ញាធរបានដាក់ពង្រាយកម្លាំងបិទផ្លូវមួយចំនួនដើម្បីរារាំងក៏ដោយ។តាមអ្នករៀបចំកម្មវិធីអះអាងថា អ្នកមានជម្លោះដីធ្លីទាំងនោះ មកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ មកពីខេត្តកោះកុង កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តមួយចំនួនទៀត។អ្នកចូលរួមប្រារព្ធពិធី បានធ្វើផ្ទះពីក្រដាសពាក់លើក្បាលស្ទើគ្រប់គ្នា ដើរហែក្បូនពីអតីតសហគមន៍ដីក្រហម ដែលជាតំបន់អាជ្ញាធរបណ្តេញចេញ កាលពីជិត១០ឆ្នាំមុន ឆ្ពោះមកកាន់មុខមន្ទីររដ្ឋសភា ដោយស្រែកតាមឧបករណ៍បំពង់សំឡេងថា “បញ្ឈប់ការបណ្តេញចេញ ការរំលោភសិទ្ធិលំនៅឋាន ជាការរំលោភសិទ្ធិមនុស្ស”ជាដើម។អ្នកចូលរួមទិវានេះ ខ្លះបានទ្រហោយំមុខមន្ទីរដ្ឋសភា និងខ្លះទៀតអំពាវនាវឲ្យរដ្ឋាភិបាល ពិនិត្យមើលពីយន្តការធ្វើកំណែទម្រង់ដីធ្លីឡើងវិញ ដោយក្រុមអ្នកតវ៉ាអះអាងថា អ្នកមានអំណាចដែលបានរំលោភយកដីនៅតែបន្តរស់នៅក្រៅច្បាប់ រីឯពលរដ្ឋក្រីក្រម្ចាស់ដីនៅតែបន្តបណ្តេញចេញពីផ្ទះសម្បែង។សកម្មជនទាំងនោះ ស្នើឲ្យរដ្ឋសភាត្រូវបង្កើនការតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល ដើម្បីជំរុញឲ្យពន្លឿនដំណោះស្រាយ ដើម្បីជួយទប់ស្កាត់ចំណាកស្រុក ទៅក្រៅប្រទេស ពេលពួកគេអស់ដីធ្វើស្រែចម្ការ ដោយសារតែការផ្តល់ដីសម្បទានកន្លងមក។ក្រោយការតវ៉ាតំណាងអ្នកភូមិមួយចំនួន ដែលអនុញ្ញាតឲ្យចូលដាក់ញត្តិនៅរដ្ឋសភាអះអាងថា តំណាងរាស្ត្របានសន្យាពិនិត្យករណីនេះ មុនជំរុញទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល។យ៉ាងណាក៏ដោយ គម្រោងដើរហែក្បួនទៅក្រសួងមហាផ្ទៃ ក្រសួងដែនដី និងទៅសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជំរុញរកដំណោះស្រាយទប់ស្កាត់ការបណ្តេញចេញ ដូចគ្នាត្រូវលប់ចោលវិញ ដោយសារកម្លាំងសមត្ថកិច្ច ចម្រុះរាប់សិបនាក់ បានដាក់ពង្រាយកម្លាំងបិទផ្លូវមុខរដ្ឋសភា អមដោយកម្លាំងចល័ត និងរថយន្តច្រើនគ្រឿងទៀត ត្រៀមចាំទប់ស្កាត់ជាមុន។ប៉ុន្តែអាជ្ញាធរបានចាត់មន្ត្រីជំនាញគ្រប់ស្ថាប័ន មកទទួលញត្តិនៅមុខមន្ទីររដ្ឋសភា ជំនួសវិញដោយសំអាងពីហេតុផលប៉ះពាល់សន្តិសុខសាធារណៈ។អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីការដូ លោក អំ សំអាត អះអាងថា ការអះអាងរបស់អាជ្ញាធរ គ្រាន់តែជាហេតុផលមួយបិទបាំងរូបភាព គំរាមកំហែងសេរីភាពបញ្ចេញមតិ ដែលមានចែងក្នុងច្បាប់តែប៉ុណ្ណោះ។ លោកយល់ថា វិធានការរារាំងរបស់រដ្ឋាភិបាលនេះ ហាក់ហុចដងដាវឲ្យអ្នកនយោបាយ មិនកាន់អំណាចដណ្តើមយកប្រជាប្រិយភាពទៅវិញទេ។នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ការរាំងនេះជាសារបង្ហាញថា ការបញ្ចេញមតិដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញត្រូវបានរំលោភ។យ៉ាងណាក៏ដោយ បើទោះបីមនុស្សជិត២០០០នាក់ ត្រូវបានរារាំង មិនឲ្យដើរក្បួនដូចការគ្រោងទុក ប៉ុន្តែសង្គមស៊ីវិលយល់ថា សំឡេងស្រែកដង្ហោយហៅរកយុត្តិធម៌របស់ជនរងគ្រោះក្នុងទិវាសិទ្ធិលំនៅឋានអន្តរជាតិលោកទី៣០ នៅថ្ងៃទី៥ ខែតុលានេះ ពួកគេយល់ថា ជាសារសំខាន់មួយទៀត សម្រាប់ឲ្យរដ្ឋាភិបាលពិចារណា លើតំណែងជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៥៕