• សង្គម​ស៊ីវិល​កំពុង​ដូរ​ទិសដៅ​ពី​ធ្វើ​ការជំនួស​រដ្ឋាភិបាល​ទៅ​ពង្រឹង​ពលរដ្ឋ​

    • ថ្ងៃចេញផ្សាយ ៧-តុលា-២០១៥

    ​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ស្រុក​អះអាងថា ពេលនេះ​ពួកគេ​កំពុង​រៀប​ដូរ​ទិសដៅ​ការងារ​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ជាតិ ពី​ការធ្វើការងារ​ជំនួស​រដ្ឋាភិបាល​ទៅជា​ធ្វើ​ការងារ​ពង្រឹងសមត្ថភាព​ប្រជាពលរដ្ឋ​វិញ​។ ​ការបញ្ជាក់​ជំហរ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ស្តីពី​គណនេយ្យភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​បរិបទ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ច្បាប់​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​។ កិច្ចប្រជុំ​នេះ រៀបចំ​ដោយ​គណកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា ដែលមាន​អង្គការ​ចំនួន​១៦០​ជា​សមាជិក និង​មាន​ការចួលរួម​ពី​តំណាង​អង្គការ​ជាតិ អន្តរជាតិ តំណាង​ស្ថានទូត និង​មន្ត្រី​រដ្ឋាភិបាល​។​​នាយក​ប្រតិបត្តិ​គណៈ​ក​មា្ម​ធិ​ការ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា លោក សឿង សារឿន មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា ក្រោយពេល​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ចូល​ជា​ធរមាន សង្គម​ស៊ីវិល​កំពុង​រៀបចំ​ដូរ​ទិសដៅ​ការងារ​របស់ខ្លួន ដោយ​ពង្រឹង​ពលរដ្ឋ​ឲ្យ​មាន​សមត្ថភាព ហើយ​ពលរដ្ឋ​ទាមទារ​អ្វីដែល​ពួកគេ​ត្រូវការ​ពី​រដ្ឋាភិបាល​។​​បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ស្រុក​មាន​ជាង​៣០០០​ស្ថាប័ន កំពុង​បំពេញការងារ​លើ​ស័​យ​ផ្សេងៗ​គ្នា​ដូចជា ពង្រឹង​វិស័យ​ច្បាប់ ការពារ​ធនធានធម្មជាតិ ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស វិស័យ​កសិកម្ម និង​ការថែទាំ​សុខភាព​ជាដើម​។​​សាស្ត្រាចារ្យ និង​ជាទី​ប្រឹក្សា​ឯករាជ្យ លោក ឈៀក ស្រ៊ាង មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ថា បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នានា​មាន​លក្ខណៈ​ទន់ខ្សោយ ដែល​តម្រូវ​ឲ្យ​មានការ​តាមដាន​បន្ថែម​។​VOD ព្យាយាម​សុំ​យោបល់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ជុំវិញ​ការដូរ​ទិសដៅ​ការងារ​របស់​សង្គម​ស៊ីវិល​នេះ ដែល​លោក​មិន​លើក​ទូរស័ព្ទ​។ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល លោក សុខ ឥសាន រំឭក​ឲ្យ​សង្គម​ស៊ីវិល​ប្រយ័ត្ន​ក្លាយទៅជា​ការ​ញុះញង់​ពលរដ្ឋ​។​​ការ​ផ្តាស់​រៀបចំ​ប្តូរ​ទិសដៅ​ការងារ​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ដែល​ច្បាប់​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ចោទថា បាន​រឹតត្បិត​សិទ្ធិសេរីភាព​ពួកគេ​ក្នុងការ​បំពេញការងារ​។ ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥៕​