-
តុលាការបើកសវនាការស៊ើបសួរសកម្មជនចលនាមាតាធម្មជាតិ
- ថ្ងៃចេញផ្សាយ ៥-វិច្ឆិកា-២០១៥
តុលាការខេត្តកោះកុង នៅថ្ងៃពុធនេះ បានបើកការស៊ើបសួរបន្ថែមលើសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ស្របពេលក្រុមសាច់ញាតិរបស់ពួកគេ ឡើងមករាជធានីភ្នំពេញ ដោយអំពាវនាវឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងពួកគេឲ្យមានសេរីភាពវិញ។សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥។ម្តាយរបស់សកម្មជនទ្រី សុវិគា គឺអ្នកស្រី សំ សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានថាក្រោយពីការចាប់ខ្លួនកូនរបស់អ្នកស្រីជិត៣ខែនេះ ធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ជួបបញ្ហាប្រឈម។ អ្នកស្រីមានប្រសាសន៍ថា៖ “ក្នុងគ្រួសារមានការលំបាក ខ្វះខាតច្រើនក្នុងការធ្វើដំណើរមកក្មួយហើយ វេទនាណាស់ ពិបាកអត់លុយអត់កាក់ ហើយណាមួយស្រូវ ស្រែចម្ការហ្នឹងចោល សណ្តែករលួយអស់ហើយ តាំងពីរឿងកូនហ្នឹង ចុះឡើងៗ គ្មានបានប្រមូលផលទេ អាលួយខូចអស់សណ្តែក ណាមួយប្តីឈឺដេកពេទ្យពីរបីសារ គ្រោះថ្នាក់ចរាចរណ៍ម្តងពីរខែទៀត ចោះរលាក្បាលទៀត មានណា! ឥឡូវគាត់ពិការធ្វើអីលែងកើត ចឹងបានថា ខ្ញុំពិបាកក្នុងការធ្វើដំណើរមក”។អ្នកស្រី ថា សុភា ត្រូវជាភរិយារបស់សកម្មជនឈ្មោះ ស៊ីម សំណាង បានអំពាវនាវទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ ដោះលែងស្វាមីនិងសកម្មជនផ្សេងទៀត ដោយអះអាងថាពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ អ្នកស្រីមានប្រសាសន៍ថា៖ “សូមអំពាវនាវដល់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងអង្គការសង្គមស៊ីវិល ដូចជាអង្គការក្រៅរាជរដ្ឋាភិបាលជួយដោះស្រាយឲ្យប្តីខ្ញុំនិងអ្នកទាំងបីទៀតបានចេញពីពន្ធនាគារឲ្យបានឆាប់ ពីព្រោះប្តីខ្ញុំ គាត់គ្មានធ្វើអីខុសទេ គ្រាន់តែការពារធនធានធម្មជាតិ ដែលជាសម្បត្តិរួមតែប៉ុណ្ណោះ”។វីអូឌី(VOD)មិនទាន់អាចសុំការបំភ្លឺពីចៅក្រមស៊ើបសួរ លោក ស៊ុន ដាវី ដែលកាន់សំណុំរឿងនេះបាននៅឡើយទេ។គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននោះ ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។គួររំឮកថាប្រជាសហគមន៍និងសមាជិកអង្គការមាតាធម្មជាតិ បានបើកយុទ្ធនាការរារាំងសាឡងបូមខ្សាច់របស់ក្រុមហ៊ុនវៀត ណាមចំនួន២ គឺឈ្មោះInternational Rainbow និងក្រុមហ៊ុនDirect Access ដោយអះអាងថា ការបូមខ្សាច់នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជន ដែលរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់ជម្រកមច្ឆជាតិនិងការនេសាទត្រីរបស់ប្រជាជន។ ពាក់ព័ន្ធនឹងករណីដដែលនេះ សាលាដំបូងខេត្តកោះកុងក៏បានចោទប្រកាន់ លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំង ខេត្តកោះកុង តែងតែចេញមុខការពារតំបន់អារ៉ែង ទៅពន្ធនាគារឃុំខ្លួនបណ្តោះអាសន្នដែរ ក្រោយហេតុផលថា ឈ្មោះ វ៉ែន វ៉ន បានប្រព្រឹត្តបទល្មើសប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅភូមិឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៥។ ក្រុមគ្រួសារក៏បានអំពាវនាវឲ្យមានការដោះលែងលោក វ៉ែន វ៉ន ផងដែរ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥៕