• អង្គការសិទ្ធិមនុស្ស​ជំរុញ​តុលាការ​ស៊ើបអង្កេត​រក​ស្ថាប័ន​ឬ​បុគ្គល​នៅ​ពីក្រោយ​ហិង្សា​លើ​តំណាងរាស្ត្រ​

    • ថ្ងៃចេញផ្សាយ ៥-វិច្ឆិកា-២០១៥

    ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ធ្វើការ​លើ​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ស៊ើបអង្កេត​ថា​តើ​បុគ្គល​ឬ​ស្ថាប័ន​ណា​នៅ​ពីក្រោយ​ការប្រើ​ហិង្សា​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប កាលពី​ថ្ងៃទី​២៦​ខែតុលា​។​ ​អនុប្រធាន​ស៊ើបអង្កេត​ផ្នែ​ត​សិទ្ធិមនុស្ស​អង្គការ អាដហុក លោក ណៃ វ៉ង់​ដា មានប្រសាសន៍ថា​តុលាការ​គួរតែ​ខិតខំ​ស្វែងរក​ឲ្យ​ឃើញថា​បុគ្គល​ឬ​ស្ថាប័ន​ដែល​នៅ​ពីក្រោយ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ យកមក​ផ្តន្ទាទោស​។ លោក​បន្ថែមថា​៖ “​ចៅក្រម​ស៊ើបអង្កេត ហើយ​ហ្នឹង​ព្រះរាជអាជ្ញា ថា​តើ​អ្នក​ទាំងអស់​ហ្នឹង​គាត់​ប្រព្រឹត្ត​អំពើ​សាហាវឃោរឃៅ​ទៅលើ​តំណាងរាស្ត្រ​ហ្នឹង​ថា​តើ​ជា​ចេតនា​ផ្ទាល់ខ្លួន​ឬក៏​មាន​អ្នក​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​អាហ្នឹង​ទល់​តែ​រក​ឲ្យ​ឃើញ​ចំណុច​អស់ហ្នឹង​”​។​​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បុរស​ទាំង​៣​នាក់​នោះ មាន ឈ្មោះ ចាយ សារិទ្ធ រស់នៅ​ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿន រស់នៅ​ខេត្តព្រៃវែង​និង​ឈ្មោះ សុ​ត វណ្ណ​នី រស់នៅ​ខេត្តកណ្តាល​។ ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​ស្គាល់​ថា​មាន​តួនាទី​ជា​ទាហាន​នោះ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃ​ពុធ ក្រោម​បទ​ចោទថា​ហិង្សា​ដោយមាន​ស្ថាន​ទំងន់ទោស​និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​។​​ប្រភពពី​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​អះអាងថា​បាន​ស្គាល់​បុរស​ឈ្មោះ ម៉ៅ ហឿន ដែលជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​នោះ ប្រាប់​VOD​ថា​ក្រោយពី​ភរិយា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លោក ម៉ៅ ហឿន បាន​ឡើងមក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ជា​អង្គរក្ស​។ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា​ធ្វើការ​នៅ​អង្គភាព​ណា​ឬ​ការពារ​បុគ្គល​ណា​នោះទេ​។​​វី​អូ​ឌី​មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅចូល​តែ​ពុំមាន​អ្នកទទួល​។​​ប្រធាន​លេខាធិការ​គណ​កម្ម​ធិ​ការ​នៃ​អង្គការ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុន​សក្តិ មានប្រសាសន៍ថា​ការដែល​ជនដៃដល់​ដែល​ស្ថិតនៅក្រោម​ស្ថាប័នរដ្ឋ​ហើយ​ចូលរួម​ធ្វើបាតុកម្ម​និង​ប្រើ​ហិង្សា​គឺ​ខុសច្បាប់​។ លោក​មានប្រសាសន៍ថា​៖“​រឿងនេះ​វា​ប៉ះពាល់​ភាពជា​អាជ្ញាកណ្ដាល ប៉ះពាល់​អព្យាក្រឹត​ជាតិ កាលណា​យើង​យក​តួនាទី​ជា​អ្នក​ការពារជាតិ​មក​វាយ​លើ​តំណាងរាស្ត្រ​បក្សនយោបាយ​ផ្សេងៗ​អញ្ចឹង គឺ​វា​មានការ​ខុសឆ្គង​ខ្លាំងណាស់ ហើយ​រដ្ឋាភិបាល​និង​ចាត់ចែង​រក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ដោយ​ការវាយប្រហារ​ហ្នឹង ហើយ​គាត់​ដាក់ទណ្ឌកម្ម​លើ​អ្នក​វាយប្រហារ​ហ្នឹង​ឲ្យ​បាន​សមស្រប​បាទ​”​។​​ទាក់ទង​នឹង​ការស្វែងរក​ជនល្មើស​ផ្សេងទៀត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា​មកដល់ពេលនេះ ក្រសួងមហាផ្ទៃ​បាន​ប្រមូល​ឯកសារ​ពាក់​ព​ន្ធ័​ផ្សេងៗ បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៅលើ​បញ្ហា​នេះ​។ លោក​បន្ថែមថា​៖ “​យ៉ាងណាក៏ដោយ​ខាង​គណៈកម្មការ​ដែល​ក្រសួង​បង្កើត​ហ្នឹង មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ គឺ​ង​រង់ចាំ​ការបង្គាប់បញ្ជា​ពី​ស្ថាប័ន​តុលាការ ឥឡូវ​គាត់​រកឃើញ គេ​មាន​ចៅក្រម​ស៊ើបអង្កេត​បន្តទៀត​”​។​​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ទៀតថា​តុលា​ការគួរ​ចាប់ផ្ដើម​ស្ដារ​មុខមាត់​ឡើងវិញ​ក្នុងការ​ស្វែងរក​យុត្តិធម៌ ក្រោម​យន្តការ​នៃ​ការស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​បុគ្គល​ឬ​ស្ថាប័ន​ណា​ដែល​នៅ​ពីក្រោយ​អំពើហិង្សា​នេះ​។​​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​លូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដោយសារ​មាន​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស និង​ញូវយ៉ក ដែល​លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នករៀបចំ​។ លោក​បន្តថា​បាតុកម្ម​ណាក៏ដោយ ក៏មាន​អ្នករៀបចំ​របស់គេ ដោយ​ថា​មិនចាំបាច់​ទៅ​ស្រាវជ្រាវ​រក​នោះទេ​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន មិនបាន​បញ្ចេញ​ឈ្មោះថា​តើន​រណា​ជា​អ្នកដឹកនាំ​នោះទេ ដោយ​គ្រាន់តែ​លើកឡើងថា​អ្នករៀបចំ​នោះបាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​។​​លោក ហ៊ុន សែន ថ្លែងបន្តថា​បើតាម​លោក​ដឹង ហិង្សា​លើ​តំណាងរាស្ត្រ​នោះ​មិនមែន​ប្រព្រឹត្ត​ដោយ​បាតុករ​នោះទេ ហើយ​ការ​វាយ​តំណាងរាស្ត្រ​នោះ លោក​ឭ​ថា​ដោយសារ​តំណាងរាស្ត្រ​ជេរ​ទៅលើ​អ្នក​វាយ​នោះ​។ ទោះជា​យ៉ាងណា លោ​កថា​ទុក​ឲ្យ​តុលាការ​ធ្វើការ​លើ​បញ្ហា​នេះ​។ លោក​បាន​ថ្លែងថា​៖ “​ហើយ​តាម​ដឹង​អា​រឿង​ហិង្សា​ហ្នឹង ហិង្សា​ហ្នឹង មិនមែន​ពួក​បាតុករ​វាយ​ណា អាហ្នឹង​បើតាម​ការសិក្សា ពួក​បាតុករ​រំសាយ​អស់ហើយ គេ​ជេរ ឭ​គេ​ផ្សាយ​អញ្ចឹង ល្ងាច​មិញ​ឃើញ​ទូរទស្សន៍​ផ្សាយ​។ អ្នក​មក​សារភាពថា​បើកឡាន ជេរ​ខ្ញុំ​ថា​អាយ៉ងយួន​…​តែ​ឲ្យ​តែ​វាយ​ខុស​ហើយ​”​។​​វី​អូ​ឌី​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​រងរបួស​ធ្ងន់​ដោយសារ​ការ​ព្រួត​វាយ​បាន​នៅឡើយ​ទេ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​