• អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង​

    • ថ្ងៃចេញផ្សាយ ១១-វិច្ឆិកា-២០១៥

    ​បណ្តុំ​អង្គការ​អន្តរជាតិ​ធ្វើការ​លើ​រឿង​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​រប​ស់​អង្គការ​មាតា​ធម្មជាតិ​ចំនួន​៣​នាក់​និង​សកម្មជន​បរិស្ថាន​ជា​ជនជាតិ​ជង​ម្នាក់​ផង ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​។​ ​​អង្គការ​អន្តរជាតិ​ដែល​ចូលរួម​អំពាវនាវ​នេះ​រួមមាន​អង្គការ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​(FIDH)​និង​អង្គ ការ​ពិភពលោក​ប្រឆាំង​ការធ្វើ​ទា​រុ​ណ្ឌ​កម្ម​(OMCT)​ជាដើម​។ អង្គការ​ទាំងនេះ​បានចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ជា​ន្ទា​ន់​ឲ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួមមាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង​លោក ស៊ីម សំណាង ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១៥​។ក្នុង​សេចក្តីអំពាវនាវ​នោះ អង្គការ​អន្តរជាតិ​ទាំងនោះ ក៏បាន​ទាម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន​ជា​ជនជាតិ​ជង លោក វ៉ែន វ៉ន ផងដែរ​។​​អង្គការ​អន្តរជាតិ​ទាំង​នោះបាន​ថ្កោលទោស​ចំពោះ​ការឃុំខ្លួន​អ្នក​ទាំងនោះ ដោយ​ចាត់ទុកថា​ជាការ​ឃុំខ្លួន​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​គាបសង្កត់​ពួកគេ​និង​រារាំង​ដល់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ស្របច្បាប់​របស់​សកម្មជន​ទាំងនោះ​។ ទន្ទឹមនឹង​ការអំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៤​នាក់ អង្គការ​អន្តរជាតិ​ទាំងនេះ​ក៏​ស្នើ​ឲ្យ​រដ្ឋា​ភិល​គោរព​នូវ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវ​បានអនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៩៨​។សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​នោះបាន​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សម្នា​ក់ៗ សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​និង​សិទ្ធិ​ចូលរួម​ប្រឆាំង​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ​អហិង្សា​ជាដើម​។​​វី​អូ​ឌី​(VOD)​មិនទាន់​អាចទាក់ទង​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​និង​ក្រសួងមហាផ្ទៃ​បាន​នៅឡើយ​ទេ​។​​ទោះយ៉ាងណា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា​ការឃុំខ្លួន​សកម្មជន​ប​រិ​ស្ថាន​ទាំងនោះ​មិនមែនជា​ការរំលោភ​សិទ្ធិ​មនុស្ស​អ្វី​នោះទេ ដោយ​លោក​ថា​តុលាការ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​។ លោក​អះអាងថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាង​ប្រទេស​នៅក្នុង​តំបន់​ទៀតផង​។ លោក​បន្ថែមថា​៖“​ខ្ញុំ​គិតថា​អ្វីដែល​គាត់​និយាយ​ហ្នឹង​គឺ គាត់​និយាយ​យូរហើយ បិទ​សិទ្ធិ​កន្លែង​ណា​ខ្ញុំ​សួរ​សិន ប្រទេស​កម្ពុជា​ហ្នឹង​បើ​យើង​ប្រៀបធៀប​នៅក្នុង​អាស៊ាន​ហ្នឹង​គ្នា​ពី​ណា​លើស​កម្ពុជា​ទេ​...​អ៊ីចឹង​វា​គ្មាន​(​ការរំលោភ​សិទ្ធិមនុស្ស​)​ទេ​នៅ​ប្រទេស​យើង ប្រជាធិបតេយ្យ​(​ប្រទេស​)​យើង​សឹងតែ​ជា​ឋានសួគ៌​ប្រជាធិបតេយ្យ​ហើយ​នៅ​អាស៊ាន​នេះនោះ​”​។ ​អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់ទុក​ការអំពាវនាវ​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ​ជាការ​ត្រឹមត្រូវ ដែល​លោក​អះអាងថា​សកម្មជន​ទាំងនោះ​មិនមែន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ​។ លោ​កថា​អ្នក​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយសារតែ​ការការពារ​បរិស្ថាន ដែល​លោក​ថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នកមានអំណាច​មួយចំនួន​។ លោក​បន្ថែមថា​៖ “​វា​ជាការ​រំលោភ​ទៅលើ​សិទ្ធិមនុស្ស សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ អានេះ​វា​ជា​សិទ្ធិ​ក្នុងការ​ប្រមូលផ្តុំ ការជួបជុំ​ដោយ​សន្តិភាព​ក្នុងការ​ការពារ​បរិស្ថាន​របស់​ពួកគាត់​”​។​​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បរិស្ថាន​ទាំងនោះ លោកស្រី សម សុគន្ធា ឲ្យ​ដឹងថា​សំណុំរឿង​សកម្មជន​ទាំងនោះ​កំពុង​ស្ថិតក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ​។ លោកស្រី​ថា​មិនទាន់​បានទទួល​ព័ត៌មាន​ថា​នឹងមាន​សវនាការ​ទាក់ទង​នឹង​អ្នក​ទាំងនោះ​ពេលណា​ទៀត​នៅឡើយ​ទេ​។​​គួរ​បញ្ជាក់ថា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ដែល​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ ត្រូវបាន​ព្រះរាជអាជ្ញា ប៊ូ ប៊ុន​ហាំង បាន​ចោទប្រកាន់​តាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​ពីបទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​។ បើតាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ អំពើ​គំរាមកំហែង​តាម​មធ្យោបាយ​ណាក៏ដោយ​ថា​នឹង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ទ្រុឌទ្រោម​ឬ​ការធ្វើ​ឲ្យ​ខូចខាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២​ទៅ​៤​លាន​រៀល ប្រសិនបើ​ការគំរាមកំហែង​នេះ​មានភ្ជាប់​បញ្ជា​ឲ្យ​បំពេញ​ឬ​មិន​បំពេញ​កិច្ច​អ្វីមួយ​។​​គួរ​រំ​ឮ​កថា​ប្រជា​សហគមន៍​និង​សមាជិក​អង្គការ​មាតា​ធម្មជាតិ​បាន​បើក​យុទ្ធនា​ការរារាំង​សា​ឡង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​២ គឺ​ឈ្មោះ​International Rainbow​និង​ក្រុមហ៊ុន​Direct Access ដោយ​អះអាងថា​ការ​បូម​ខ្សាច់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រែក ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ជម្រក​មច្ឆជាតិ​នឹង​ការនេសាទ​ត្រី​របស់​ប្រជាជន​។​​ពាក់ព័ន្ធ​នឹង​ករណី​ដដែល​នេះ សាលាដំបូង​ខេត្តកោះកុង​ក៏បាន​ចោទប្រកាន់ លោក វ៉ែន វ៉ន ដែល​ត្រូវ​ស្គាល់​ថា​ជា​អ្នកតំណាង​ជនជាតិភាគតិច​ជង​មកពី​ស្រុក​ថ្មបាំង ខេត្តកោះកុង តែងតែ​ចេញមុខ​ការពារ​តំបន់​អា​រ៉ែ​ង ទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្តោះអាសន្ន​ដែរ ក្រោយ​ហេតុផល​ថា​ឈ្មោះ វ៉ែន វ៉ន បាន​ប្រព្រឹត្ត​បទល្មើស​ប្រមូល​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត នៅ​ភូមិ​ឬ​ស្ស៊ី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥​។ ក្រុមគ្រួសារ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក វ៉ែន វ៉ន ផងដែរ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​