• តុលាការ​កោះហៅ​លោក សម រង្ស៊ី រឿង​បរិហាកេរ្តិ៍​លោក ហេង សំរិន តាម​ហ្វេ​ស​ប៊ុ​ក​

    • ថ្ងៃចេញផ្សាយ ២-ធ្នូ-២០១៥

    ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​បរិហាកេរ្តិ៍​ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពី​ខែវិច្ឆិកា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​១​ខែធ្នូ ឲ្យ​ដឹងថា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ អញ្ជើញលោក សម រង្ស៊ី ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក សាកសួរ​ពី​រឿង​បរិហាកេរ្តិ៍ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​តំណាងរាស្ត្រ​លោក ហេង សំរិន​។​​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​ថា​៖“​យើង​ចងចាំ​ថា របប​កើត​ថ្ងៃ ៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា​ជា​ជន​ក្បត់ជាតិ​”​។​​មេធាវី​លោក គី តិច ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការចោទប្រកាន់​បទ​បរិហាកេរ្តិ៍​នេះ​ពាក់ព័ន្ធ​នឹង​ការសរសេរ​របស់លោក សម រង្ស៊ី​។ លោក​បន្តថា​ក្នុង​របប​៧​មករា ១៩៧៩ ពុំមាន​ការកាត់ទោស​ស​ម្តេច​សី​ហុន​ថា​ក្បត់ជាតិ​នោះទេ ដោយ​ថា​មានតែ​ការអញ្ជើញ​សម្តេច​សីហនុ​ឲ្យ​យាង​ចូល​ស្រុក​វិញ​។ លោក​បញ្ជាក់ថា​វីដេអូ​ដែល​លោក សម រង្ស៊ី បង្ហោះ​ជាការ​បំភាន់​មតិសាធារណ ដោយ​ថា​របប​នោះ​មាន​ពាក់ព័ន្ធ​នឹង​ការបញ្ចូល​កងទ័ព​វៀតណាម​ទៅជា​មួយ​កងទ័ព​របស់​លោក ហេង សំរិន​។​​លោក​មានប្រសាសន៍ថា​៖ “​បាទ​ចាំ​បង​មើល​ខ្លឹមសារ​ហ្នឹង​ទៅ យើង​ប្តឹង​ទៅលើ​ខ្លឹមសារ​ហ្នឹង ពីព្រោះ​ស្ព​ត​ហ្នឹង​គាត់​គ្រាន់តែ​ចាក់​ទៅ​បំភាន់​មតិ​សារ​ធារ​ណៈ​ហ្នឹង​កាត់​ច្រឡំ ថាស​ម្តេច​សីហនុ​ចោទប្រកាន់​របប​ហ្នឹង​ការពារ​យួន ការពារ​វៀតណាម​អ៊ីចឹងទៅ បានជា​យក​សម្តេចព្រះ​នរោត្តម សីហនុ ទៅ​កាត់ទោស​តាមពិត​ការចាក់​បំភាន់ បំភាន់​ទេ​”​។​​វី​អូ​ឌី​មិនទាន់​អាចទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការឆ្លើយតប​ភ្លាមៗ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ​។ លោក​បន្តថា​លោក សម រង្ស៊ី នឹងមិន​ចូលមក​តុលាការ​តាម​ការកំណត់​នោះទេ​។​​គួររំឭកថា លោក សម រង្ស៊ី ក៏ត្រូវ​បាន​តុលា​ការចេញ​ដីកា​ឲ្យ​ចូលខ្លួន​មក​មក​តុលាការ​នៅ​ថ្ងៃទី​៤​ខែធ្នូ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​និង​ញុះញង់​បង្ក​ឲ្យ​មាន​វឹង​ក​វរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២​និង​១៣​ខែសីហា ឆ្នាំ​២០១៥​។ ដីកា​បន្តថា​អំពើ​ដែលមាន​បញ្ញត្តិ​នឹង​ផ្តន្ទាទោស​តាម​មាត្រា​២៩ មាត្រា​៦២៩ មាត្រា​៦៣០​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ក៏​ត្រូវបាន​តុលា​ការចេញ​ដីកាចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បរិហាកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ផងដែរ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥៕​