-
សមត្ថកិច្ចបំបែកពលរដ្ឋមានជម្លោះដីធ្លី កុំឲ្យតវ៉ាមុខធនាគារពិភពលោក
- ថ្ងៃចេញផ្សាយ ៣-ធ្នូ-២០១៥
សមត្ថកិច្ចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបំបែកប្រជាពលរដ្ឋប្រមាណ៣០នាក់ មកពីសហគមន៍បុរីកីឡា បឹងកក់ និងព្រលានយន្តហោះអេសអូអេស ខណៈពួកប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការដោះបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់ដែលនៅសេសសល់។ក្រោយពីឈរតវ៉ានិងស្រែកទាមទាររកដំណោះស្រាយនៅមុខធនាគារពិភពលោកតាមបណ្តោយផ្លូវនរោត្តម សមត្ថកិច្ចដោយមានសន្តិសុខខណ្ឌ នគរបាលនិងកងរាជអាវុធហត្ថប្រមាណ៣០ទៅ៤០នាក់ បាន បំបែកក្រុមអ្នកតវ៉ាឲ្យទៅខាងក្រោយធនាគារពិភពលោក ប្រសិនបើចង់បន្តការតវ៉ា។ សមត្ថកិច្ចបានចាប់សែងប្រជាពលរដ្ឋចេញពីមុខធនាគារពិភពលោក ក្រោយពីអ្នកតវ៉ាប្រកាន់ជំហរមិនទៅប្រមូលផ្តុំនៅខាងក្រោយធនាគារ។កន្លងទៅ ប្រជាពលរដ្ឋទាំងនោះទាមទារឲ្យធនគារមួយនេះជួយជំរុញដល់រដ្ឋាភិបាលឆាប់ដោះស្រាយវាស់វែងដីនៅតំបន់បឹងកក់ជូនប្រជាពលរដ្ឋក្នុងភូមិ១ ចំនួន៧គ្រួសារដែលមិនទាន់បានទទួលដំណោះស្រាយ។ប្រជាពលលរដ្ឋភូមិ១ អ្នកស្រី ហុង សុខេង ធ្លាប់មានប្រសាសន៍ថាក្នុងភូមិអ្នកស្រីមាន១៣គ្រួសាររងគ្រោះដោយសារការអភិវឌ្ឍតំបន់បឹងកក់នេះ។ អ្នកស្រីបន្តថា៦គ្រួសារបានទទួលការសន្យាពីអាជ្ញាធរថានឹងវាស់វែងដីធ្លីជូនពួកគាត់ តែអ្នកស្រីថានៅសល់៧គ្រួសារទៀតមិនទាន់មានដំណោះស្រាយ។ អ្នកស្រីឲ្យដឹងដែរថាកន្លងមកប្រធានរដ្ឋសភា លោក ហេង សំរិន ក៏បានអន្តរាគន៍ឲ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនពួកគាត់ផងដែរ។ អ្នកបន្ថែមថា៖ “សម្តេចហេង សំរិន បានចារលិខិតមួយឲ្យខ្ញុំហើយ តើសម្តេច ហេង សំរិន មានតម្លៃក្នុងជួររដ្ឋាភិបាលទេ បើគាត់មានតម្លៃឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវគោរពតាមអនុក្រឹត្យគាត់ទៀត មិនត្រូវល្មើសដូចឯឧត្តម កែប ជុតិមា ទេ”។អ្នកស្រីឲ្យដឹងដែរថាគ្រួសារដែលនៅសេសសល់នេះធ្លាប់មានផ្ទៃដីពី១០០០ទៅ៣០០០ម៉ែត្រក្រឡា តែអ្នកស្រីថាពួកគាត់សុខចិត្តយកវិញតែ៥៣ភាគរយនៃផ្ទៃដីដែលពួកគាត់ធ្លាប់មានតែប៉ុណ្ណោះ ដើម្បីឲ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនពួកគាត់។ទោះយ៉ាងណា អ្នកនាំពាក្យសាលារាជថានីភ្នំពេញលោក ឡុង ឌីម៉ង់ ធ្លាប់ឲ្យដឹងថាសាលារាជធានីភ្នំពេញ និងធនាគារពិភពលោកបានផ្សព្វផ្សាយពីវិធានការដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះរួចរាល់ហើយ ប៉ុន្តែលោកថានៅសល់តែប្រជាពលរដ្ឋប៉ុន្មានគ្រួសារប៉ុណ្ណោះដែលមិនព្រមចូលរួមដោះស្រាយជាមួយសាលារាជធានីភ្នំពេញ។ លោកបន្ថែមថា៖ “ជាពិសេសWorld Bank ក៏បានមកធ្វើការជាមួយសាលារាជធានីភ្នំពេញ ហើយគេយល់អំពីអ្វីដែលជាសុឆន្ទៈក្នុងការដោះស្រាយបញ្ហាហ្នឹងឲ្យឆាប់ចប់ ហើយនៅសល់តែបុន្មានគ្រួសារដែលមិនមានឆន្ទៈពិតប្រកដក្នុងការដោះស្រាយបញ្ហា បើសិនជាគាត់មានឆន្ទៈដោះស្រាយចប់យូរហើយ ហើយWorld Bank ក៏យល់ពីស្ថានភាពរបស់រាជធានីភ្នំពេញដែរ”។ប្រជាពលរដ្ឋទាំងនោះអះអាងថាកាលពីឆ្នាំ២០១០ អាជ្ញាធរបានបូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់ ដោយមិនបានផ្តល់សំណងសមរម្យដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះរាប់ពាន់គ្រួសារ។ ពួកគាត់អះអាងថាពលរដ្ឋខ្លះចាកចេញពីបឹងកក់ទាំងបង្ខំនិងមួយចំនួននៅបន្តទាមទារសំណង៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥៕