-
ក្រុមសិទ្ធិមនុស្សគ្រោងហែក្បួននៅភ្នំពេញខណៈអាជ្ញាធរហាមឃាត់
- ថ្ងៃចេញផ្សាយ ៨-ធ្នូ-២០១៥
ក្រុមអង្គការសង្គមស៊ីវិលថាពួកគេនឹងធ្វើការហែរក្បួនពីគោលដៅមួយចំនួននៅរាជធានីភ្នំពេញទៅកាន់រដ្ឋសភា ក្រសួងយុត្តិធម៌ និងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ខែធ្នូខណៈអាជ្ញាធរថាមិនអនុញ្ញាតិឲ្យដើរក្បួន។ ប្រភពព័ត៌មានឲ្យដឹងថាបណ្ដុំអង្គការសង្គមស៊ីវិលជាង២០រួមមានសមាគមអាហុក វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការខុមហ្វ្រែល អង្គការនិចហ្វិច និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រារព្ធទិវានេះនឹងមានការសម្របសម្រួលដោយគណៈកម្មាធិការប្រតិកម្មហៅកាត់ថាCHRAC។ ចំណែកសកម្មជនសិទ្ធិមនុស្សនិងអង្គការសមាគមមួយក្រុមទៀត ដែលហៅថាជាក្រុមមិត្ត១០ធ្នូបានដើរក្បួនតាំងពីថ្ងៃ៦នឹងមកជួបជុំគ្នានៅភ្នំពេញនៅថ្ងៃទី១០ខែធ្នូ។អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិកម្មលោក សួន ប៊ុនស័ក្តិ បានលើកឡើងថាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះលើកឡើងសំខាន់ទាក់ទងនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកលើកឡើងបន្ថែមថា៖ «យើងសង្កេតឃើញថាមួយឆ្នាំកន្លងមកប្រជាពលរដ្ឋខ្មែរទទួលរងនូវការគំរាមកំហែងតាមផ្លូវច្បាប់ជាពិសេសមានការចាប់ខ្លួនជាក់ស្ដែងដាក់ពន្ធនាគាដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិលើកឡើងពីបញ្ហាអភិបាលកិច្ចបញ្ហាជាតិមួយចំនួនហ្នឹងហើយចឹងបានយើងយល់ឃើញថាដើម្បីកែលំអស្ថានភាពហ្នឹងយើងយកឱកាសហ្នឹងដាក់ខ្លឺមសារសំខាន់មួយលើកឡើងពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិមានន័យថាសេរីភាពនៃការបញ្ចេញមតិគឺជាសិទ្ធិដែលការពារតាមផ្លូវច្បាប់ហើយជាធាតុផ្សំមួយនៃលទ្ធិប្រជាធិបតេយ្យ»។លោក សួន ប៊ុនស័ក្តិ បន្ថែមថាក្រៅពីបញ្ហាទាំងនេះការប្រារព្ធទិវានេះក៏នឹងលើកឡើងពីការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ សិទ្ធិជនពិការ សិទ្ធិកុមារ និងសិទ្ធិស្ត្រីនិងមានការដើរហែក្បួនដោយសន្តិវិធីឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានឲ្យដឹងថាគោលការណ៍សាលារាជធានីភ្នំពេញមិនអនុញ្ញាតដាច់ខាតចំពោះការដើរដង្ហែក្បួនព្រោះខ្លាចមានបញ្ហាអសន្តិសុខសង្គមផ្សេងៗកើតឡើង។លោកបន្ថែមថា៖ «យើងអត់អនុញ្ញាតទេយើងកំពុងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃរងចាំចម្លើយពីក្រសួងមហាផ្ទៃព្រោះយើងបានជជែកគ្នាហើយថាក្រសួងមហាផ្ទៃគាត់សម្រេចបែបណាយើងត្រូវអនុវត្តបែបនោះគោលការណ៍របស់សាលារាជធានីមិនអនុញ្ញាតជាដាច់ខាតចំពោះការដើរហែក្បួនទាំងឡាយ»។សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថាក្រុមមិត្ត១០ធ្នូក៏មានការប្រារព្ធទិវានេះដែរដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៣០០០នាក់ដើម្បីហែជាក្បួនទៅកាន់ក្រសួងយុត្តិធម៌និងរដ្ឋសភា។ ការដង្ហែក្បួននេះដើម្បីដាក់ញាតិស្នើសុំឲ្យមានការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការជួបជុំគ្នាដោយអហិង្សា ការដោះស្រាយបញ្ហាដីធ្លី បញ្ឈប់អំពើរហិង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ ការដំឡើងប្រាក់ឈ្នួលកម្មករ គោរពសិទ្ធិការងារ កំណែរទម្រង់ប្រព័ន្ធតុលាការ និងដោះលែងសកម្មជនអ្នកការពារសិទ្ធិមនុស្សជាដើម។ សេចក្ដីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍នាយកប្រតិបត្តិនៃសមាគមធាងត្នោតលោក អ៊ី សារុំ ឲ្យដឹងថាសកម្មជនការពារសិទ្ធិមនុស្សជាច្រើននាក់ជាប់ពន្ធនាគារដែលសកម្មភាពនេះមិនបានគោរពទៅតាមរដ្ឋធម្មនុញ្ញគោលការណ៍ឯករាជ្យនៃប្រព័ន្ធតុលាការនិងច្បាប់អន្តរជាតិ។ លោកបន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «យើងខ្ញុំសុំអំពាវនាវដល់រដ្ឋាភិបាល សូមលោកមេត្តាលើកកម្ពស់ភាពយុត្តិធម៌ហើយការដោះលែងអ្នកការពារនិងសកម្មជនសិទ្ធិមនុស្សទាំងអស់នឹងជាជំហានដំបូងដ៏ល្អមួយ»។គួរបញ្ជាក់ផងដែរថាចាប់តាំងពីថ្ងៃទី៦ខែធ្នូនេះក្រុមប្រជាពលរដ្ឋមូលដ្ឋាន សហគមន៍រងផលប៉ះពាល់ដីធ្លី ក្រុមបណ្ដាញយុវជន សហជីព សមាគមព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាលដើរក្បួនក្នុងទីរួមស្រុកនិងខេត្តមួយចំនួនដើម្បីដាក់ញាតិទៅកាន់អាជ្ញាធរក្រោមប្រធានបទតែមួយគឺយុត្តិធម៌។ដោយឡែករដ្ឋាភិបាលកម្ពុជានឹងជួបជុំអ្នកគាំទ្ររបស់ខ្លួនដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅឆ្នាំនេះនៅកោះពេជ្រ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបេតុយ្យ ចេញផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥៕