• ពលរដ្ឋ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​ខួប​លើក​ទី​៦៧​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​

    • ថ្ងៃចេញផ្សាយ ១១-ធ្នូ-២០១៥

    ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ថ្ងៃទី​១០ ធ្នូ ខួប​លើក​ទី​៦៧ នៅ​រាជធានី​ភ្នំពេញ ក្រោម​ពាក្យស្លោក​ថា "​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​"​។ ប្រជាពលរដ្ឋ​ទាំងនេះ បានដាក់​ញត្តិ​ជូន​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​កែទម្រង់​តុលាការ​ស្របតាម​ពាក្យស្លោក​នេះ​។ ​​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​មកពី​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ដែលមាន​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល សហជីព​កម្មករ និង​មន្ត្រី​រដ្ឋាភិបាល នាំគ្នា​ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ​។​​ទីតាំង​ប្រារព្ធ​ពិធី​នេះ គឺ​មាននៅ​ដាច់ដោយឡែក​ពីគ្នា ដូចជា​នៅ​ទីលាន​ប្រជាធិបតេយ្យ មុខក្រសួង​ការងារ រង្វង់​មូល​ជ្រោយចង្វារ មុខ​ព្រឹទ្ធសភា សួនច្បារ​មាត់ទន្លេ​ជិត​វត្តភ្នំ ទីធ្លា​ជិត​ភ្លើងស្តុប​ផ្សារ​ដើម​គ និង​កោះ​ពេជ្រ​។​​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់ ដែល​មកពី​ទីតាំង​បួន គឺ​ទីតាំង​រង្វង់​មូល​ជ្រោយចង្វារ មុខ​ព្រឹទ្ធសភា សួនច្បារ​មាត់ទន្លេ​ជិត​វត្តភ្នំ ទីធ្លា​ជិត​ភ្លើងស្តុប​ផ្សារ​ដើម​គ បាន​ហែ​ក្បួន​មកជួប​ជុំគ្នា​នៅ​ក្រសួងយុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​របស់ខ្លួន ទាមទារ​ឲ្យ​លើកកម្ពស់​យុត្តិធម៌​សង្គម​។​​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការហែក្បួន​មក​ក្រសួងយុត្តិធម៌ គឺ​ដោយសារ​ពួកគាត់​ទទួលរង​ភាពអយុត្តិធម៌​៖ «​ដោយសារ​គាត់​រងគ្រោះ​ដោយ​ភាពអយុត្តិធម៌​នេះ​ជា​បន្តបន្ទាប់​។ នៅពេលដែល​គាត់​រងគ្រោះ​ដោយ​បញ្ហាដីធ្លី គាត់​ធ្វើ​ការតវ៉ា​ទាមទារ ត្រូវបាន​គេ​ចោទប្រកាន់​ចាប់​ដាក់ពន្ធនាគារ​។ នេះហើយ​ជា​ភាពអយុត្តិធម៌​សម្រាប់​ពួកគាត់ ដែល​គាត់​ត្រូវការ​ភាពយុត្តិធម៌​។ ទី​២ ដូចជា​ការធ្វើ​ការជួប​ជុំ​ការប្រមូលផ្ដុំ ឃើញថា​មាន​ស្តង់ដារ​ពីរ មាន​ក្រុម​ដែល​ជួបជុំ​បាន​មាន​ក្រុម​ដែល​ជួប​មិនបាន​។ នេះ​បង្ហាញថា វា​អត់​មាន​យុត្តិធម៌​ដែរ​។ សកម្មជន​ការពារ​បរិស្ថាន​ការពារ​ធនធានធម្មជាតិ ក៏ត្រូវ​បាន​គេ​ចាប់​ដាក់ពន្ធនាគារ​។ ចឹ​ង​វា​អយុត្តិធម៌ ទើប​បានមក​ទាមទារ​យុត្តិធម៌​។ ក្នុងនោះ​ក៏មាន​សកម្មជន​ជាច្រើន​ទៀត មាន​អ្នកការពារ​បរិស្ថាន​សិទ្ធិ​កម្មករ​ត្រូវបាន​គេ​បាញ់សម្លាប់ នៅ​មិនទាន់​ទទួលបាន​យុត្តិធម៌​។ យើង​សំដៅ​ទាមទារ​នូវ​ភាពយុត្តិធម៌ ឲ្យ​មាន​ការគោរព​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដើម្បី​ឆ្ពោះទៅរក​ការ​មាន​យុត្តិធម៌​ទូទៅ​នៅក្នុង​សង្គមជាតិ​យើង​ទាំងមូល​។ កាលណា​ភាពអយុត្តិធម៌​ចេះតែ​កើតមាន និទ្ទណ្ឌភាព​នៅតែ​បន្ត អំពើហិង្សា​នៅតែមាន ហើយ​មិនអាច​លុបបំបាត់បាន​។ ចឹ​ង​ទៅ ថ្ងៃមុខ​ការគោរព​សិទ្ធិមនុស្ស​ធ្លាក់ចុះ លទ្ធិប្រជាធិបតេយ្យ​ក៏​ដើរ​ថយក្រោយ ហើយ​និទ្ទណ្ឌភាព​នៅតែ​បន្ត ប្រទេស​យើង​មិន​អាចជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ​បាន​។ ទី​១ សំខាន់បំផុត​ត្រូវតែ​ធ្វើកំណែទម្រង់​ទៅលើ​ប្រព័ន្ធតុលាការ ទៅជា​ប្រព័ន្ធ​មួយ​ដែល​ឯករាជ្យ ដែលមាន​ស្តង់ដារ​ដែល​ប្រជាពលរដ្ឋ​អាច​ទុកចិត្តបាន ចឹ​ង​ភាពយុត្តិធម៌​នឹង​អាចមាន​ហើយ​»​។​​លោក​បញ្ជាក់​បន្ថែមថា ពួកគាត់​ចង់ទៅ​ឈរ​នៅខាងមុខ​ក្រសួងយុត្តិធម៌ ហើយ​ដាក់​ញត្តិ​ទៅ​ក្រសួងយុត្តិធម៌ ប៉ុន្តែ​អាជ្ញាធរ​ដាក់​របាំង​រារាំង​មិន​ឲ្យ​ចូល​៖ «​ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ក្រសួងយុត្តិធម៌ បាន​ចេញមក​ទទួល​ញ​ត្តិ​របស់​អ្នក​ហែ​ក្បួន​ទាំងនេះ​។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​។ យ៉ាងណា​ក៏​យើង​នៅ​គាំទ្រ​នៅ​កោតសរសើរ ទោះ​មាន​ការមិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន ក៏​អាជ្ញាធរ​គាត់​បាន​សម្រួល​ឲ្យ​គាត់​អាចមក​កៀក​នឹង​ក្រសួងយុត្តិធម៌ នេះ​បាន​ហើយ ក៏​ជា​ភាព​យោគយល់​គ្នា​មួយ​ក្នុង​ថ្ងៃ​សិទ្ធិមនុស្ស ដែល​ក្នុង​ពិភពលោក​គេ​តែង​ធ្វើ​ដែល​មិនអាច​ហាមឃាត់​មិន​ឲ្យ​រំឭក​ទិវា​នេះ​បានទេ​។ តាម​ការពិតទៅ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​៣ ទាក់ទង​នឹង​តុលាការ និង​ប្រព័ន្ធយុត្តិធម៌ ប៉ុន្តែ​ច្បាប់​ទាំង​៣ ហ្នឹង នៅមាន​ចំណុច​ដែល​មតិ​ជាតិ និង​អន្តរជាតិ​បាន​រិះគន់ ហើយ​បាន​ទទូច​ស្នើសុំ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ឡើងវិញ ដើម្បី​ពង្រឹង​ប្រព័ន្ធតុលាការ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជភាព​តុលាការ​។ ចឹ​ង​សុំ​ឲ្យ​មានការ​វិសោធនកម្ម​ច្បាប់​នេះ​»​។​​ខ្លឹមសារ​ញត្តិ​ដែល​ក្រុម​អ្នក​ហែ​ក្បួន​ដាក់​ទៅ​ក្រសួងយុត្តិធម៌ គឺ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ឲ្យ​ដោះស្រាយ​ជម្លោះដីធ្លី កែទម្រង់​តុលាការ ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​បញ្ឈប់​អំពើហិង្សា ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​រដ្ឋ ជាពិសេស​បាតុកម្ម​លើ​បាតុករ​អហិង្សា​។​​ដោយឡែក​ខាង​សហជីព​កម្មករ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក៏​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល លើកស្ទួយ​សិទ្ធិ​ការងារ​របស់​កម្មករ​ដែរ ដោយ​ដំឡើង​ប្រាក់ខែ​សមរម្យ ជាពិសេស​ទាក់ទង​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​៖ «​ឲ្យ​រដ្ឋាភិបាល​ផ្ដល់ឱកាស​គ្រប់គ្រាន់​ដល់​សហជីព​កម្មករ ក្នុងការ​ផ្ដល់យោបល់​លើ​ច្បាប់​ហ្នឹង ហើយ​សុំ​ឲ្យ​រដ្ឋសភា​បញ្ចូល​ចំណុច​សំខាន់ៗ ដែល​យើង​ជា​សហជីព​បាន​បញ្ចូល​នៅក្នុង​ពង្រាងច្បាប់​សហជីព​នេះ សុំ​ឲ្យ​យក​អត្ថន័យ​ខ្លឹមសារ​ដែល​យើង​ដាក់បញ្ចូល​នោះ ដើម្បី​កាលណា​ច្បាប់​ហ្នឹង​ចេញ ដើម្បី​ប្រយោជន៍​សម្រាប់​ការពារ​សិទ្ធិ​កម្មករ សម្រាប់​ការពារ​សកម្មជន​សហ​ជីព​ក្នុង​ការបង្កើត​សហជីព​សហព័ន្ធ ក៏​ដូច​សហព័ន្ធ​ផងដែរ​។ អាហ្នឹង​ដែល​យើង​ចង់បាន​។ នេះ​ជា​សារសំខាន់​សម្រាប់​ថ្ងៃនេះ​ផងដែរ​»​។​​លោក​យល់ឃើញថា សេរីភាព​ជួបជុំ និង​ការហែក្បួន​នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ នៅមានកម្រិត​នៅឡើយ ហើយ​ថា ប្រទេស​កម្ពុជា នៅ​មិនទាន់មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​យល់ស្រប​នឹង​ភាព​វិជ្ជមាន​ខ្លះ​ដែរ ពេលដែល​ការហែក្បួន​បាន​ដល់​គោលដៅ និង​មិនមាន​ហិង្សា​៖ «​ចំណុច​នេះហើយ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​បន្ត​ជួយ​សម្រួល​រាល់​ការហែក្បួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា​ទាំងអស់ មិន​ថា​ខាង​ណាៗ​ទេ គឺ​ឲ្យ​តែ​ការហែក្បួន​ប្រកបដោយ​សន្តិភាព អហិង្សា ប្រកបដោយ​ភាពស្របច្បាប់ ត្រូវតែ​អនុញ្ញាត​ដូចៗ​គ្នា​»​។​​ការហែក្បួន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​១០ ធ្នូ បាន​ប្រព្រឹត្ត​ទៅដោយ​មិនមាន​ហិង្សា​ទេ ទោះជា​អ្នក​ហែ​ក្បួន​ជម្នះ​លើ​បម្រាម​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​ឲ្យ​ហែ​ក្បួន និង​មាន​របាំង​រារាំង​ខ្លះៗ​ក្ដី​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥៕​