• ពលរដ្ឋ​មកពី​៤​ខេត្ត​ស្វែងយល់​ពី​ការតស៊ូ​មតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​

    • ថ្ងៃចេញផ្សាយ ១៦-ធ្នូ-២០១៥

    ​តំណាង​សហគមន៍​បណ្ដាញ​មកពី ៤​ខេត្ត​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ប្រមាណ ៦០​នាក់ ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​អំណាច​សហគមន៍ ដែល​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)​។ សិក្ខាសាលា​នេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​តំណាង​សហគមន៍​នៅ​ខេត្ត​ជិតខាង​នេះ បាន​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ក្នុងការ​តស៊ូ​មតិ​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ជាពិសេស​គឺ​បញ្ហាដីធ្លី​។​​ប្រជាពលរដ្ឋ​លើកឡើង​នូវ​បញ្ហាសំខាន់​ចំនួន ៥​ចំណុច ដាក់​នៅក្នុង​អង្គសិក្ខាសាលា​ដែល​រៀបចំឡើង​នៅ​ខេត្តបន្ទាយមានជ័យ មាន​ជាអាទិ៍ បញ្ហាដីធ្លី ព្រៃឈើ ការធ្វើ​នេសាទ​ត្រី​ខុសច្បាប់ បញ្ហា​អាជ្ញាធរ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី ផ្ទះសម្បែង ដោយ​គ្មាន​សំណង​សមរម្យ និង​បញ្ហា​សេវាសាធារណៈ​របស់​អាជ្ញា​ធរ​មូលដ្ឋាន មិនបាន​ដិតដល់ និង​អនុវត្ត​ខុសពី​ច្បាប់​កំណត់ ជាដើម​។​​តំណាង​សហគមន៍​ដីធ្លី​មកពី​ខេត្តបន្ទាយមានជ័យ លោកស្រី ឡុង សុគ​ន្ធី ថ្លែងថា កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន​ពុំបាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគាត់ ដែល​ក្រុមហ៊ុន សំ ផាន​ណា​រិ​ទ្ធ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រំលោភ​លើដី​របស់​ពួកគាត់​ប្រមាណ ១០​ឆ្នាំ​មកហើយ តែ​ដោះស្រាយ​មិន​ចេញ​នៅឡើយ​។ លោកស្រី​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​នោះ​ថា លោកស្រី​មានចិត្ត​ក្លាហាន បន្ទាប់ពី​បាន​សិក្សា​យល់ដឹង​អំពី​ច្បាប់ទម្លាប់ ធ្វើ​ឲ្យ​ហ៊ាន​តវ៉ា​ប្រឆាំងនឹង​ការរំលោភបំពាន​សិទ្ធិ​ពី​សំណាក់​អាជ្ញាធរ និង​អ្នកមាន​ទ្រព្យធន​នោះ​។ លោកស្រី​បន្តថា បើទោះជា​ការតវ៉ា​កន្លងទៅ ពុំបាន​សម្រេច​ទាំងស្រុង​ក៏ដោយ ក៏​ពួកគាត់​មិន​បោះបង់​ការតវ៉ា​របស់ខ្លួន​ឡើយ ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ដែល​អាច​ទទួលយកបាន​នោះ​៖ «​ការស្នើសុំ​កន្លងមក អាជ្ញាធរ​មិនដែល​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ម្ដងណា​នោះទេ​។ ពួក​ខ្ញុំ​នឹង​បន្ត​ការទាមទារ​ទៅមុខ​ទាល់តែ​បាន​ជោគជ័យ​»​។​​ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលរង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្ត​កំពុង​ញាប់ដៃ​ញាប់ជើង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ នេះហើយ​។ លោក​បញ្ជាក់ថា ការយឺតយ៉ាវ​កន្លងមក ដោយសារ​ភាពមិន​ច្បាស់​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​របស់​ប្រជាពលរដ្ឋ ដែល​បានដាក់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នោះ​៖ «​បាទ​! បញ្ហា​នេះ​ដោយសារ​ប្រជាពលរដ្ឋ​ចង្អុលបង្ហាញ​ទីតាំង​ដី​ទំនាស់​មិន​ច្បាស់ ទើប​អាជ្ញាធរខេត្ត​ស្នើ​ឲ្យ​ពួកគាត់​យក​ឯកសារ​ម​ក​បង្ហាញ​ដើម្បី​ធ្វើការ​ដោះស្រាយ​»​។​​រីឯ​តំណាង​សហគមន៍​នេសាទ​មកពី​ខេត្តបាត់ដំបង វិញ គឺ​លោក ហ៊ុត ហាន់ ថ្លែងថា បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​អ្នកមាន​ទ្រព្យធន កើតឡើង​ច្រើន​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ធ្វើ​ព្រងើយ​ពុំបាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។ លោក​បញ្ជាក់ថា ការមិន​ទប់ស្កាត់​បទល្មើស​នេសាទ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជាខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ ដែល​ពឹងផ្អែក​ទៅលើ​របរ​នេះ ធ្វើ​ឲ្យ​ពុំ​អាច​រកប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​បាន​នោះទេ​៖ «​យើង​បាន​ចំណេះដឹង​ថ្មី​បន្ថែមទៀត​ពី​សិក្ខាសាលា​នេះ ដើម្បី​យកទៅ​ដោះស្រាយ​បញ្ហា​នៅក្នុង​សហគមន៍​របស់​យើងខ្ញុំ​»​។​​សិក្ខាសាលា​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃ​១២ ធ្នូ ដោយមាន​តំណាង​បណ្ដាញ​សហគមន៍​មកពី​ខេត្តបាត់ដំបង ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ ចូលរួម​ប្រមាណ ៦០​នាក់ ដើម្បី​សិក្សា​ស្វែងយល់​ផ្លូវច្បាប់ សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់​ពួកគាត់​ឲ្យ​មាន​ប្រសិទ្ធភាព​។​​មន្ត្រី​កម្មវិធី​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នោះ​ថា បញ្ហាសំខាន់​ចំនួន ៥​ចំណុច​ដែល​កើតឡើង​នៅក្នុង​សហគមន៍ រួមមាន បញ្ហាដីធ្លី បទល្មើស​នេសាទ ព្រៃឈើ បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដី និង​បញ្ហា​សេវាកម្ម​សាធារណៈ​មិនល្អ​នៅ​ខេត្ត​ទាំង ៤ នោះ អាជ្ញាធរ​ពុំបាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ ជាពិសេស​គឺ​បញ្ហាដីធ្លី​តែម្ដង​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​មន្ត្រី​មានអំណាច និង​អ្នកមាន​ទ្រព្យធន ប្រើប្រាស់​ប្រព័ន្ធតុលាការ​គំរាមកំហែង​ពួកគាត់​ទៅវិញ នៅពេលណា​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​នោះ​៖ «​អ៊ីចឹង​! នៅពេល​បងប្អូន​ត្រឡប់​ទៅវិញ ត្រូវ​នាំ​ចំណេះ​នេះ​ទៅ​អនុវត្ត​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ដោះស្រាយ​បញ្ហា​របស់ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​»​។​​ទាក់ទង​នឹង​បញ្ហា​នេះ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ពុំបាន​ព្រងើយកន្តើយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដូច​ការលើកឡើង​រប​ស់​អ្នកភូមិ និង​អង្គការ​សង្គម​ស៊ីវិល​ឡើយ​៖«​មូលហេតុ​ដោះស្រាយ​យឺតយ៉ាវ ដោយសារ​កន្លងមក ឯកសារ​របស់​ប្រជាពលរដ្ឋ​ដែល​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមត្រូវ មិនអាច​ប្រើប្រាស់​ផ្លូវការ​បាន​»​។​​ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក លោក ធន សារាយ មានប្រសាសន៍ថា បញ្ហា​ទាំងអស់នេះ​អាច​ដោះស្រាយ​ទទួលបាន​ជោគជ័យ លុះ​ណា​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​សិទ្ធិសេរីភាព​របស់ខ្លួន​ដែល​កំណត់​ក្នុង​ច្បាប់ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ច្បាស់លាស់​។ លោក​ពន្យល់ថា កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ នឹង​ទទួលបាន​ជោគជ័យ​លើ​ការងារ​នេះ​៖ «​ក្នុងការ​តស៊ូ​មតិ យើង​ត្រូវមាន​យុទ្ធសាស្ត្រ​ឲ្យ​បានល្អ ព្រោះ​គេ​អាច​នឹង​ចោទ​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ឲ្យ​បានល្អ ហើយ​មិន​រត់ចោល​គ្នា​នៅពេលណា​តំណាង​របស់ខ្លួន​ត្រូវគេ​ចាប់​ដាក់គុក ដោយសារតែ​តវ៉ា​បញ្ហា​រួម​របស់​យើង​»​។​​លោក ធន សារាយ បញ្ជាក់ទៀតថា ការដោះស្រាយ​ប្រព័ន្ធតុលាការ​ឲ្យ​នៅ​អព្យាក្រឹត ជា​ក្ដីសង្ឃឹម​របស់​ប្រទេសជាតិ និង​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។ក្នុងចំណោម​បញ្ហា​ទាំង ៥​ចំណុច​នោះ បញ្ហា​ទំនាស់​ដីធ្លី​ច្រើនជាងគេ ជាពិសេស​នៅ​ខេត្តបន្ទាយមានជ័យ ដែលមាន​ប្រមាណ ៣០០​ករណី ហើយ​បញ្ហា​ទាំងអស់នោះ ពុំទាន់​ដោះស្រាយបាន​នៅឡើយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​។​