-
កម្មកររោងចក្រ៤នាក់ដែលចូលរួមក្នុងបាតុកម្មនៅក្រុងបាវិតត្រូវបានចាប់ខ្លួន
- ថ្ងៃចេញផ្សាយ ២១-ធ្នូ-២០១៥
កូដកម្មរបស់កម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ឈានដល់ថ្ងៃទីបីហើយ ដោយមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ទន្ទឹមនឹងនេះ កម្មករ ៤នាក់ដែលចូលរួមក្នុងបាតុកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីព្រឹកថ្ងៃទី១៨ និងទី១៩ ធ្នូ មកទល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការ ហើយមិនទាន់ដោះលែងវិញនៅឡើយ។បុរសជាកម្មករទាំងបួននាក់ដែលត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ឃុំខ្លួនមានឈ្មោះ សុខ គង់ ធ្វើការនៅរោងចក្រកៅវ៉េ (Kaoway) ឈ្មោះ ប៉ាល់ ឌីនសុម៉ាលីដា នៅរោងចក្រឃីងម៉េកឃើ (Kingmaker) ឈ្មោះ ខេង សុផា នៅរោងចក្រសាន់ហេ្វង និងឈ្មោះ វ៉ាន វិចិត្រ នៅរោងចក្រឡុងប្រាយ។ អ្នកទាំងបួន ត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។លោក វ៉ាន វិជ្ជរ៉ា ត្រូវជាបងប្រុសរបស់កម្មករឈ្មោះ វ៉ាន វិចិត្រ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ធ្នូ ថា ប្អូនប្រុសរបស់លោក រួមជាមួយកម្មករម្នាក់ទៀតឈ្មោះ សុខ គង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ងាត់ៗ នៅព្រឹកថ្ងៃទី១៨ ធ្នូ ខណៈធ្វើដំណើរជាមួយគ្នាចេញពីរោងចក្រ ដោយរងការចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រក្នុងពេលធ្វើបាតុកម្ម។លោកអះអាងថា ប្អូនប្រុសរបស់លោក មិនមែនជាអ្នកប្រព្រឹត្តិអំពើហិង្សាក្នុងបាតុកម្មនោះទេ៖ «»។ករណីនេះ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា អ្នកទាំងបួនកំពុងស្ថិតក្រោមការសាកសួរនៅតុលាការខេត្តស្វាយរៀង ហើយនឹងត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារនៅរសៀលថ្ងៃទី២០ ខែធ្នូ។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាខេត្តស្វាយរៀង ដើម្បីសុំបំភ្លឺពីការចាប់ខ្លួនកម្មករទាំងបួននាក់នេះបាននៅឡើយ នៅថ្ងៃទី២០ ខែធ្នូ។ពាក់ព័ន្ធនឹងបទចោទប្រកាន់កម្មករទាំងបួននាក់ ថាបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ មន្ត្រីសិទ្ធិមនុស្ស លោក នុត បូពិណ្ណារ័ត្ន បញ្ជាក់ថា លោកមិនដឹងច្បាស់ថា អ្នកទាំងបួននាក់នោះពិតជាបានបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រក្នុងពេលធ្វើបាតុកម្ម ឬយ៉ាងណានោះទេ៖ «»។ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនេះ សង្កេតឃើញទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចដែលបណ្ដេញក្រុមគ្រួសារកម្មករ ដែលកំពុងរង់ចាំនៅមុខតុលាការ ឲ្យចេញឆ្ងាយពីបរិវេណតុលាការ ខណៈកម្មករដែលត្រូវបានចាប់ខ្លួន កំពុងស្ថិតក្រោមការសាកសួរ។ លោកបញ្ជាក់ថា ការដេញក្រុមគ្រួសារគេចេញពីបរិវេណតុលាការបែបនេះ ជារឿងខុសច្បាប់៖ «»។ពាក់ព័ន្ធនឹងការចាប់ខ្លួនកម្មករទាំងបួននាក់ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលឃ្លាំមើលបាតុកម្មនេះ មានប្រសាសន៍នៅថ្ងៃទី២០ ធ្នូ ថា ការចាប់ខ្លួនកម្មករជាការបំបាក់ស្មារតីរបស់ក្រុមកម្មករមិនឲ្យធ្វើការតវ៉ា។ លោកស្នើឲ្យភាគីពាក់ព័ន្ធ ជ្រើសយកការសម្របសម្រួលធ្វើជាវិធីដោះស្រាយក្នុងវិវាទនេះប្រសើរជាង៖ «សូមអំពាវនាវដល់អាជ្ញាធរខេត្តស្វាយរៀង ធ្វើម៉េចឲ្យមានការសម្របសម្រួលឲ្យដោះលែងពួកគាត់ឲ្យមានសេរីភាព ហើយយើងងាកមកចូលតុដើម្បីពិភាក្សាគ្នារកចំណុចណាមួយ ដើម្បីដោះស្រាយជូនបងប្អូនកម្មករដើម្បីបញ្ចប់នូវបញ្ហានេះ»។កម្មករបានផ្ទុះបាតុកម្មតវ៉ាតាំងពីថ្ងៃទី១៦ ធ្នូ មក ទាមទារប្រាក់ ២០ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលដែលមានស្រាប់ចំនួន ១២៩ដុល្លារ។ មកដល់ថ្ងៃទី២០ ខែធ្នូ កម្មករទាំងនោះនៅតែបន្តធ្វើកូដកម្ម ប៉ុន្តែមិនមានសកម្មភាពនៅខាងមុខរោងចក្រដូចពេលមុននោះទេ។ រីឯរោងចក្រកំពុងដំណើរការជាធម្មតា ទាំងអវត្តមានកម្មករមួយចំនួន បន្ទាប់ពីផ្អាកកាលពីថ្ងៃទី១៧ ធ្នូ ដោយសារការតវ៉ារបស់កម្មករប្រមាណ ៣ម៉ឺននាក់ ផ្ទុះទៅជាអំពើហិង្សា ហើយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលពីការធ្វើកូដកម្មនេះដែរ៕ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។