• ជនជាតិដើម​ភាគតិច​កួយ​នៅ​ព្រះវិហារ​លើកគ្នា​ទៅ​ដេក​តវ៉ា​នៅមុខ​សាលាខេត្ត​

    • ថ្ងៃចេញផ្សាយ ៣០-ធ្នូ-២០១៥

    ក្រុម​ជនជាតិដើម​ភាគតិច​កួយ ជាច្រើន​គ្រួសារ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កើតមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេ​ង (Lan Feng) ដែល​ចូលទៅ​ឈូសឆាយដី​ដាំ​អំពៅ​ទីនោះ បានអូសបន្លាយ​រយៈពេល​ជាង ៣​ឆ្នាំ​មកហើយ​។​​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនោះ បាន​ប្រឹងប្រែង​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន ព្រមទាំង​ធ្លាប់​ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​ជាច្រើនលើក ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ទេ​។ រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​មកនេះ សហគមន៍​ជនជាតិដើម​ភាគតិច​កួយ បាន​លើកគ្នា​ទៅមុខ​សាលាខេត្ត​ព្រះវិហារ តវ៉ា​ជាថ្មីទៀត​។​​ជនជាតិដើម​ភាគតិច​កួយ ប្រមាណ​ជាង ៥០​នាក់ មកពី​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ព​ន្លឿ​ន​គោលនយោបាយ​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​ឱ្យ​ពួកគេ​បាន​ឆាប់រហ័ស ព្រមទាំង​មាន​វិធានការ​រក្សា​ការពារ​ដី ដោយ​ហាមឃាត់​ក្រុមហ៊ុន​ចិន កុំឱ្យ​ចេះតែ​បន្ត​ការឈូសឆាយដី​ទៅទៀត​។​​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនោះ បាន​លើកគ្នា​ទៅ​ដេក​តវ៉ា នៅមុខ​សាលាខេត្ត​ព្រះវិហារ តាំងតែ​ពីថ្ងៃ​ទី​២៨ ហើយ​នៅតែ​បន្ត​រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ​។​​តំណាង​សហគមន៍​ជនជាតិភាគតិច​កួយ​ម្នាក់ ក្នុងចំណោម​អ្នក​តវ៉ា​ជាច្រើន​ទៀត គឺ​អ្នកស្រី រឿង ខាន់​។ អ្នកស្រី​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែធ្នូ ថា ជាច្រើន​ឆ្នាំ​មកហើយ ជនជាតិភាគតិច​បាន​បាត់បង់​ដីធ្លី​ដោយសារតែ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេ​ ចូលទៅ​ឈូសឆាយដី​ដាំ​អំពៅ​។ ស្ត្រី​ដដែល​បញ្ជាក់ថា ដោយសារ​ការភ័យខ្លាច​បាត់បង់​ដីធ្លី​តទៅទៀត គឺ​កាលពី​ជាង ៥​ខែ​មុន សហគមន៍​ជនជាតិភាគតិច​កួយ បានដាក់​ពាក្យស្នើសុំ​ទៅ​សាលាខេត្ត​ព្រះវិហារ ឱ្យជួយ​ចុះបញ្ជី​ដីធ្លី​ទីនោះ​ជា​សមូហភាព ព្រមទាំង​ឱ្យ​អាជ្ញាធរ​ជួយ​មាន​វិធាន​ការរក្សា​ការពារ​ដី​ជាច្រើន​ហិកតារ​កុំឱ្យ​ក្រុមហ៊ុន​ចិន ឈូស​រំលោភ​យក​ទៀតផង ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់ដូចជា​មិន​ឆ្លើយតប​ទាន់ពេល​ចំពោះ​អ្វីដែល​អ្នកភូមិ​ទាមទារ​នោះទេ​។​​អ្នកស្រី រឿង ខាន់ មានប្រសាសន៍​ទៀតថា អ្នកភូមិ​ដែល​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ព្រះវិហារ ពេលនេះ នឹងមិន​ចាកចេញ​ដោយ​ងាយៗ​ទេ ប្រសិនបើ​អាជ្ញាធរ​មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ​៖ «​ក្រុមការងារ​នោះឯង​ចង្អុល​ឱ្យ​ចិន ឈូស​ដី​ដាំ​អំពៅ ទុក​ដី​ឱ្យ​មិន​ដល់ ១​ហិកតារ​ផង ១​គ្រួសារ​។ ពួក​ខ្ញុំ​អត់​ថយ​ចេញ​ទេ លុះត្រា​អភិបាលខេត្ត​មាន​កិច្ចសន្យា​ឱ្យ​ច្បាស់លាស់​»​។​​កាលពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩.០១៥​ហិកតារ​ទៅឱ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​ដាំ​អំពៅ នៅ​ស្រុក​ត្បែងមានជ័យ​។ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន​ចិន បាន​ឈូសឆាយដី​ធ្វើឱ្យប៉ះពាល់​ដល់​ដីស្រែ​ចំការ​របស់​ក្រុម​ជនជាតិភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ជា​បន្តបន្ទាប់​។​​អភិបាលរង​ខេត្តព្រះវិហារ លោក ស៊ូ សេរី មានប្រសាសន៍ថា អាជ្ញាធរខេត្ត​មិនដែល​ព្រងើយកន្តើយ​ក្នុងការ​ដោះស្រាយ​រឿង​ដីធ្លី​របស់​ក្រុម​ជនជាតិភាគតិច​ទាំង​នោះទេ​។ លោក​ចាត់ទុក​ក្រុម​អ្នក​ដែល​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​ពេលនេះ ថា​គឺជា​អ្នក​ដែល​មិនមាន​ដី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចិន ឡើយ ប៉ុន្តែ​ការលើក​គ្នា​ទៅ​តវ៉ា គឺ​ដោយសារ​តែមាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយខ្នង​។​​លោក ស៊ូ សេរី បញ្ជាក់ថា ចំពោះ​បញ្ហា​ដែល​សហគមន៍​ជនជាតិភាគតិច​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​នោះ ប្រហែល​មិនអាច​ធ្វើតាម​អ្វីដែល​ពួកគេ​ចង់បាន​ឡើយ ពីព្រោះ​ពួកគេ​គូរផែនទី​ពង្រីក​យក​វិសាលភាព​ផ្ទៃដី​ធំ​ហួសហេតុ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា ទំហំ​ផ្ទៃដី​ប៉ុន្មាន​ហិកតារ​ឡើយ​៖ «​មាន​អង្គការ​១​ទៅ​ជួយ​គូស​ផែនទី​ហ្នឹង​គ្រាន់តែ​សហគមន៍​ប្រមេរ ១ គូរ​យក​ដី​ចង់​អស់​ម៉ា​ស្រុក​ត្បែងមានជ័យ ហើយ​ហ្នឹង​»​។​​ទោះយ៉ាងណា មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សំដែង​ការព្រួយបារម្ភ​ថា ជោគវាសនា​របស់​ក្រុម​ជនជាតិភាគតិច​កួយ នៅ​ភូមិ​ប្រមេរ អាច​នឹង​បាត់បង់​ដីធ្លី​ថែមទៀត​នៅពេល​អនាគត ពីព្រោះ​លោក​មើលឃើញថា អាជ្ញាធរខេត្ត​ព្រះវិហារ ហាក់​កំពុង​ព្រងើយកន្តើយ​ទៅលើ​បញ្ហា​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព ព្រមទាំង​បញ្ហា​ដោះស្រាយ​ជម្លោះ​ជាច្រើន​ទៀត​នោះ​៕​ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។