• កម្មករ​រោងចក្រ​ជាង​២០០​នាក់​មកពី​ខេត្តកំពង់ស្ពឺ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​និង​រដ្ឋសភា​

    • ថ្ងៃចេញផ្សាយ ១២-មករា-២០១៦

    កម្មករ​កម្មការិនី​នៃ​រោងចក្រ​ដេរ​សម្លៀកបំពាក់​ចំនួន​២ មកពី​ខេត្តកំពង់ស្ពឺ បាននាំគ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋសភា ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃ​ច័ន្ទ ទី​១១ មករា​។ ការដាក់​ញត្តិ​នេះ ពួកគេ​ទាមទារ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ពី​ករណី​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគាត់​។​«​សំឡេង​ស្រែក​តវ៉ា​មុខក្រសួង​ការងារ​»​កម្មករ​ស្រែក​តវ៉ា​មកពី​រោងចក្រ​សេរី (CERIE) និង​រោងចក្រ អ៊ែ​ដ្យា​យល៍ ស្វេត​ថឺ (Agile Sweater) មាន​គ្នា​ប្រមាណ ២០០​នាក់​។​​កម្មការិនី​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​មកពី​រោងចក្រ​សេរី ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ប្រធាន​ផ្នែក​ពិនិត្យ អ្នកស្រី សំ សុខា ថ្លែងថា ពួកគាត់​ធ្វើ​កូដកម្ម​តាំងពីដើម​ខែមករា មក តែ​ពុំមាន​ដំណោះស្រាយ​ឡើយ​។ ការតវ៉ា​នេះ ដោយសារតែ​ថៅកែ​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ ៣​នាក់ ហើយ​មិន​គោរព​លក្ខខណ្ឌ​ការងារ​ជាច្រើន​ដែល​ពួកគាត់​យល់ថា រំលោភសិទ្ធិ​កម្មករ​។​​អ្នកស្រី​បន្តថា ក្រុមហ៊ុន​មិនបាន​អនុវត្តតាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ចូលធ្វើការ​វិញ និង​សង​ប្រាក់​រំឭក​ដល់​ពួកគេ​នោះទេ​។ អ្នកស្រី​ថា សហជីព​ដែលមាន​ជំហរ​ខាង​រោងចក្រ តែង​រារាំង​សកម្មភាព​តវ៉ា​របស់​ពួកគាត់​៖ «​មូលហេតុ​មាន​ច្រើន​តាំងពី​គាត់​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​មក ធ្វើ​ឲ្យ​កម្មករ​សន្លប់ ហើយ​ចោទថា​កម្មករ​ធ្វើ​ពុត មានការ​គាប​សង្កត់ក​ម្មករ​នៅពេល​អត់​ថែម​ម៉ោង​ថែម​អី គឺ​ហៅ​ទៅ​ជួប​រដ្ឋបាល ហើយ​គំរាម​គាត់​ថា រំសាយ​កុងត្រា​ចោល​។ ពេល​កម្មករ​តវ៉ា​បាត់​លុយ គឺ​ស្រែកជេរ​ម៉ែ​កម្មករ​ឡើង​ពេញទំហឹង​។ បញ្ហា​មួយទៀត លុយ​ដែល​បើក​ឲ្យ​កម្មករ គឺ​លុយ​ប្រើការ​អត់​កើត លុយ​រហែក​។ គោលបំណង​សំខាន់ ស្នើ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​ពួកគាត់​ចូលធ្វើការ​វិញ និង​ផ្លាស់ប្ដូរ​សហជីព​ហ្នឹង​ចេញ​»​។​ទាក់ទង​បញ្ហា​នេះ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា យ៉ុង លាភ ដែល​បាន​ដឹកនាំ​ក្រុមកម្មករ ថ្លែងថា ក្រសួង​ការងារ និង​មន្ទីរ​ការងារ ត្រូវតែ​ជំរុញ​ទៅ​និយោជក ត្រូវយក​ថ្នាក់ដឹកនាំ​សហជីព​ឲ្យ​ចូលធ្វើការ​វិញ​។ ការស្នើ​នេះ គឺ​ស្របទៅតាម​ប្រកា​សលេខ​៣០៥ នៃ​ក្រសួង​ការងារ ដែល​ថៅកែ​ត្រូវតែ​អនុវត្ត​។​​ដោយឡែក​កម្មករ​រោងចក្រ អ៊ែ​ដ្យា​យល៍ ស្វេត​ថឺ (Agile Sweater) មកពី​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន មក​តវ៉ា​នៅមុខ​ក្រសួង​ការងារ កញ្ញា កេ​ត ស្រី​លាក់ អះអាងថា ពួកគេ​មក​តវ៉ា​នៅ​ក្រសួង​នេះ ៤​លើក​មកហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច រួមទាំង​តវ៉ា​ឲ្យ​ដក​រដ្ឋបាល​រោងចក្រ​ចេញ ហើយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ និង​ឈប់​តាម​ចាប់ខ្លួន​តំណាង​កម្មករ​តទៅទៀត​។ កញ្ញា​បន្តថា ការ​មកជួបជុំ​នៅ​ក្រសួង​ជាច្រើនលើក​នេះ ពុំមាន​ដំណោះស្រាយ​ទេ ស្រប​ពេលដែល​ថៅកែ​រោងចក្រ​មិន​ខ្វល់​ពី​ការតវ៉ា​របស់​ពួកគាត់​នោះ​៖ «​ខាង​ក្រសួង​អត់​ជួយ​ដោះស្រាយ ហើយ​រោងចក្រ​ក៏​អត់​ចេញ​ដោះស្រាយ គាត់​ថា​ចេញ​ដំណោះស្រាយ​លុះត្រាតែ​ពួក​ខ្ញុំ​ហ្នឹង​ចូលធ្វើការ តែ​ចូល​ទៅដល់​គេ​រករឿង​តែ​បញ្ឈប់​ហ្នឹង​។ មានតែ​សន្យា អត់​ដោះស្រាយ​សោះ មក​លើក​ហ្នឹង​សុំ​ឲ្យ​គាត់​ជួយ​ដោះស្រាយ កុំ​សន្យា​ចោល​អ៊ីចឹង​។ ពួក​ខ្ញុំ​ធ្វើការ​អត់​ចឹ​ង​អត់​ចង់​ដាច់​លុយ​ទេ ហើយ​មិនតិច​ខែ​ទេ តាំងពី​ខែ​១២ ថ្ងៃ​២៥ ឥឡូវ​ថ្ងៃទី​១១ ហើយ​»​។​​ប៉ុន្តែ​មន្ត្រី​អន្តរាគមន៍​អគ្គលេខាធិការដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក ផន ម៉ៃ មានប្រសាសន៍ថា កន្លងមក ក្រសួង​ការងារ បាន​ចុះ​ទៅដល់​រោងចក្រ​សិក្សា​ពី​វិវាទ​នេះ ប៉ុន្តែ​ភាគី​រោងចក្រ​ចោទថា កម្មករ​ធ្វើ​កូដកម្ម​ខុសច្បាប់ ទើប​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​៖ «​ក្រសួង​ការងារ សម្រេចចិត្តថា កោះអញ្ជើញ​គាត់​មក​ដោះស្រាយ​នៅ​ថ្ងៃ​អង្គារ ស្អែក​វេលា​ម៉ោង ២​រសៀល​»​។​​ថ្វីត្បិតតែ​មានការ​អះអាង​ថា ដោះស្រាយ​ជូន​កម្ម​ករពី​មន្ត្រី​ក្រសួង​ការងារ យ៉ាងនេះ​ក្ដី ក៏​ពួកគេ​មិន​អស់ចិត្ត​ទេ ហើយ​កម្មករ​នៃ​រោងចក្រ​ទាំងពីរ បាននាំគ្នា​បន្ត​នាំ​ញត្តិ​ដាក់ជូន​រដ្ឋសភា ស្វែងរក​អន្តរាគមន៍​ទៀត ប៉ុន្តែ​មិនមាន​អ្នកតំណាងរាស្ត្រ​មក​ទទួល​ញត្តិ​ពី​កម្មករ​ឡើយ នៅ​ថ្ងៃទី​១១ មករា ដោយ​តំណាង​កម្មករ បាន​យក​ញត្តិ​ដើរ​ចូលទៅ​មន្ទីរ​រដ្ឋសភា ប្រគល់ជូន​ឲ្យ​មន្ត្រីរដ្ឋបាល​រដ្ឋសភា​ដោយផ្ទាល់​៕​ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ។