សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាសិទ្ធិមនុស្សដែលជាសសរស្តម្ភស្នូលនៃប្រព័ន្ធយុត្តិធម៌។ សិទ្ធិនេះអនុវត្តទាំងនៅក្នុងដំណើរការនីតិវិធីរដ្ឋប្បវេណី និងនីតិវិធីព្រហ្មទណ្ឌ។ ចំពោះដំណើរការនីតិវិធីព្រហ្មទណ្ឌ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាបណ្តុំនៃសិទ្ធិបុគ្គលផ្សេងៗច្រើនដែលហៅថាជា “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌” ហើយវាផ្តល់សិទ្ធិដល់មនុស្សម្នាក់ៗ និងគ្រប់រូបដែលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌទទួលបាននូវការប្រព្រឹត្តដោយយុត្តិធម៌ និងស្មើភាពគ្នា ខណៈដែលរដ្ឋជាអ្នកកំណត់នូវពិរុទ្ធភាព ឬភាពគ្មានទោសរបស់ពួកគេ។

គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) គឺជាគម្រោងដំបូង និងមានតែមួយនៅកម្ពុជា ដែលធ្វើការប្រកបដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ និងការពារការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ជារួម សិទ្ធិនេះមានបំណងបង្កើនភាពមិនលម្អៀង និងឯករាជ្យរបស់តុលាការកម្ពុជា តាមរយៈការគាំទ្រសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងតុលាការកម្ពុជា។

គម្រោងសិទ្ធិទទួលបានជំនុំជម្រះដោយយុត្តិធម៌គោលបំណងជាក់លាក់ចំនួនពីរ៖ (១) ដើម្បីផ្សព្វផ្សាយគោលគំនិតនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ក្នុងចំណោមសាធារណជន តាមរយៈការលើកកម្ពស់ចំណេះដឹងស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និង (២) ដើម្បីបង្កើនការគោរពបទដ្ឋានការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងតុលាការ តាមរយៈការសង្កេតការណ៍សវនាការ។ នៅក្រោមគម្រោងនេះ ម.ស.ម.ក បានផលិតកម្រងមេរៀនស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ កម្រងមេរៀនទាំងនេះរួមមានការពន្យល់លម្អិតទាក់ទងនឹងសិទ្ធិនីមួយៗ ព្រមទាំងផលិតជាប័ណ្ណព័ត៌មាន និងសំណួរសាកល្បងសមត្ថភាព។ កម្រងមេរៀនទាំងនេះអាចរកបានទាំងជាភាសាខ្មែរ និងអង់គ្លេស នៅលើវេទិកាអប់រំស្តីពីសិទ្ធិមនុស្សរបស់ ម.ស.ម.ក។