កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបង្ហាញមូលហេតុនៃកូដកម្មក្នុងវិស័យកាត់ដេរ
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រកឃើញពីមូលហេតុមួយចំនួនដែលនាំឲ្យមានកូដកម្មនៅក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។ កូដកម្មភាគច្រើន ទាក់ទងនឹងការទាមទារប្រាក់ឈ្នួល បន្ទាប់មក គឺការបញ្ឈប់ និងការចោទប្រកាន់អំពីការរើសអើងសហជីព។ ស្របគ្នានេះ ការអនុវត្តដែលមិនប្រកបដោយវិជ្ជាជីវៈ ដូចជា ការស៊ីសំណូក ការគំរាមកំហែង និងការជ្រៀតជ្រែកដោយមិនស្របច្បាប់ ក៏ជាកត្តាបង្កឲ្យមានកូដកម្មដែរ។ របាយការណ៍កម្រាស់ជិត ៦០ទំព័រចេញដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ស្ដីពីវិវាទការងារ និងការប្រើប្រាស់កូដកម្ម ដែលចេញសម្រាប់ខែសីហា បញ្ជាក់ពីកត្តាធំៗចំនួន៣ ដែលបង្កឲ្យកើតមានកូដកម្មក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។ កត្តាទាំងនោះរួមមាន កម្មវត្ថុ ឬបំណងប្រាថ្នានៃការទាមទារ ដែលមានក្នុងសំណុំរឿងកូដកម្មក្នុងពេលថ្មីៗ កត្តាជំរុញ និងបរិយាកាសដែលនាំឲ្យមានកូដកម្ម។ ការរកឃើញនេះ ជាលទ្ធផលនៃការស្រាវជ្រាវដោយប្រើវិធីសាស្ត្រចម្រុះ រួមបញ្ចូលទាំងការស្រាវជ្រាវឯកសារ និងការសាកសួរភាគីពាក់ព័ន្ធប្រមាណជិត ១០០នាក់។ ការសិក្សានោះ បានផ្ដើមពីខែមេសា ឆ្នាំ២០១៤។ អ្នកដែលក្រុមអ្នកស្រាវជ្រាវបានជួបសម្ភាសនោះរួមមាន កម្មករនិយោជិត និយោជក មន្ត្រីក្រសួងការងារ អង្គការអន្តរជាតិខាងការងារ និងអ្នកបញ្ជាទិញផង។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិទទូចកុំបញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ាត្រឡប់ទៅវៀតណាម
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិធំៗជាង១០ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា កុំចាប់បញ្ជូនជនភៀសខ្លួនដែលជាជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញ។ ការបារម្ភនេះ គឺបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលលើកឡើងថា កម្ពុជា នឹងបញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ប្រមាណ ១០០នាក់ទៅវៀតណាម វិញ នៅពេលខាងមុខ។ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិទាំងនោះមានដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) សហព័ន្ធអន្តរជាតិដើម្បីការពារសិទ្ធិមនុស្ស គណៈកម្មការអ្នកច្បាប់អន្តរជាតិ គណៈកម្មាធិការការពារសិទ្ធិមនុស្សវៀតណាម និងក្រុមអ្នកការពារសិទ្ធិពលរដ្ឋ ជាដើម។ អង្គការអន្តរជាតិទាំងនេះ សុទ្ធតែសម្ដែងការបារម្ភពីលទ្ធភាព នៃការចាប់បញ្ជូនខ្លួនជនជាតិភាគតិចម៉ុងតាញ៉ា ត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ពួកគេលើកឡើងថា ការចាប់បញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេសដើម ទីដែលពួកគេអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលនៃប្រទេសនោះ គឺជាការរំលោភសិទ្ធិមនុស្ស ពិសេសគឺអនុសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួន។
-
លោក ផៃ ស៊ីផាន៖ CCHR មិនដែលនិយាយអ្វីល្អពីរាជរដ្ឋាភិបាលកម្ពុជានោះទេ
(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មិនដែលនិយាយល្អ និងលើកសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការរិះគន់របស់លោក ផៃ ស៊ីផាន បានធ្វើឡើង បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយ ដោយចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែប្រឈមនឹងការគំរាមកំហែង។ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឱ្យដឹងថា ការលើកឡើងរបស់ CCHR នេះ គឺជាភាសាមួយ ដែលមិនមានការសហការទេ ប៉ុន្តែជាភាសាដែលប្រឆាំងឬប្រឈម ឬដាក់កំហិតឲ្យធ្វើតាម ឬជានិន្នាការដាក់បញ្ជាតែប៉ុណ្ណោះ។ លោកថា «រហូតមកដល់ពេលនេះ យើងអត់ដែលទាន់ឮ មជ្ឈមណ្ឌលហ្នឹងនិយាយថា លទ្ធិប្រជាធិបតេយ្យកម្ពុជា បានដើរទៅមុខទេលើកលែង តែពួកមកពីខាងក្រៅវិញ ស្ថានទូតបាននិយាយថា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យកម្ពុជាបានដើរ បានចាក់ឫស»។
-
លោកស្រី រ៉ូណាស្មីត៖ ប្រទេសកម្ពុជា បន្តអភិវឌ្ឍក្នុងល្បឿនមួយលើសពីការរំពឹងទុក
ភ្នំពេញ: លោកស្រី រ៉ូណា ស្មីត ( Rhona Smith ) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ក្នុងល្បឿនមួយ លើសពីការរំពឹងទុក ហើយស្របពេលជាមួយនោះ ក៏ត្រូវបានចាត់ថា បាន និងកំពុងបំពេញតួនាទីមួយដ៏លេចធ្លោ នៅក្នុងចំណោមប្រទេស ក្នុងសមាគមអាស៊ាន និងនៅលើពិភពលោកទាំងមូល។ លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូច្នេះ ក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី ដែលបានផ្សព្វផ្សាយ ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅពេលលោកស្រី បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង នៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។
-
ស្ត្រីខ្មែរ៣នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងចិន
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ពលការិនីខ្មែរចំនួន២នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់និងតាមរយៈក្រុមហ៊ុនហើយជួបការលំបាកក្នុងការងារ និងស្ត្រីម្នាក់ដែលដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការជាមួយបុរសជនជាតិចិន ត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកកម្ពុជាវិញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះឲ្យដឹងថា ពលការិនីរងគ្រោះទាំង២នាក់នៅប្រទេសម៉ាឡេស៊ីបានទៅរកជំនួយពីស្ថានទូតកាលពីថ្ងៃទី៨ និងថ្ងៃទី១៤ ខែកញ្ញានេះ ដើម្បីឲ្យពួកគេបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីម្នាក់មកពីខេត្តកណ្ដាល ត្រូវបានមេខ្យល់នាំយកទៅប្រទេសម៉ាឡេស៊ីកាលពីខែកក្កដា ឆ្នាំ២០១៤ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ដោយពលការិនីរូបនេះបានទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនមួយ(មិនចាំឈ្មោះ)កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ ធ្វើការជាស្ដ្រីជំនួយការមេផ្ទះ។
-
ខួប២២ឆ្នាំនៃរដ្ឋធម្មនុញ្ញ និងការរិះគន់ចំពោះការអនុវត្តច្បាប់មិនបានត្រឹមត្រូវ
រដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រទី២ មានអាយុកាល ២២ឆ្នាំហើយគិតមកត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ ក្នុងខួប ២២ឆ្នាំនៃរដ្ឋធម្មនុញ្ញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវកំណត់ត្រាសង្ខេបមួយ ដោយបង្ហាញពីការធ្លាក់ចុះនៃការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ចំណែកការគោរពលទ្ធិប្រជាធិបតេយ្យ ក៏មិនបានពេញលេញដែរ។ កំណត់ត្រាសង្ខេបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយចំថ្ងៃខួប ២២ឆ្នាំនៃកំណើតរដ្ឋធម្មនុញ្ញនេះ បានដាក់ចំណងជើងថា «លទ្ធិប្រជាធិបតេយ្យប្រឈមនឹងការគំរាមកំហែង»។ ខ្លឹមសារនៃកំណត់ត្រានេះ បានលើកឡើងពីទិដ្ឋភាពជា ៣ផ្នែកផ្សេងគ្នា គឺការការពារផ្នែកច្បាប់ សេរីភាពជាមូលដ្ឋាន ការរឹតត្បិតសេរីភាពជាមូលដ្ឋាន និងផ្នែកទី៣ បានលើកឡើងពីសសរស្ដម្ភនៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានគេដៅសញ្ញា ដែលជាផ្នែកមួយនៃប្រព័ន្ធបំបិទសំឡេងប្រឆាំងរដ្ឋាភិបាល។
-
ជនជាតិដើមភាគតិចព្នងតវ៉ាប្រឆាំងនឹងតុលាការខេត្តក្រចេះសាកសួរតំណាង៥នាក់
ពលរដ្ឋជនជាតិដើមភាគតិចព្នង ជិត ១០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តក្រចេះ បន្ទាប់ពីអ្នកភូមិ ៥នាក់ ត្រូវចូលខ្លួនបកស្រាយបំភ្លឺតាមដីកាកោះហៅរបស់តំណាងអយ្យការ។ ការតវ៉ានេះ កើតឡើងដោយសារតែអ្នកភូមិនៅតែព្រួយបារម្ភពីនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងខេត្តនេះ។ ចំណែកក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ ចាត់ទុកករណីនេះថាអាចជាចេតនាចង់បំបាក់ស្មារតីសហគមន៍ ដែលតែងតែឈឺឆ្អាលចំពោះការអភិរក្សដីព្រៃឈើ ឬធនធានធម្មជាតិ។ ពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ៩៩នាក់ក្នុងចំណោមពលរដ្ឋចំនួន ១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ដូវ ទឺសៃហ្គ៊ន ប៊ិច ភឿក បានធ្វើដំណើរទៅសាលាដំបូងខេត្តនេះ ដើម្បីត្រៀមតវ៉ាប្រឆាំងសេចក្តីសម្រេចរបស់តំណាងអយ្យការ ប្រសិនការសាកសួរនោះអាចឈានដល់ការឃុំខ្លួនអ្នកភូមិ។
-
លោក កឹម សុខា ស្នើឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិកែទម្រង់ប្រព័ន្ធតុលាការ
អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ បានស្នើមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យជួយកែទម្រង់ប្រព័ន្ធតុលាការ ដែលលោកចាត់ទុកថាមិនឯករាជ្យបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោក កឹម សុខា បានថ្លែងបែបនេះក្រោយបញ្ចប់ជំនួបលើកដំបូងជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត(Rhona Smith)។ លោកមានប្រសាសន៍ថាលោកបានជំរុញឲ្យអ្នករាយការណ៍ពិសេសជួយធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌សង្គមទាំងសមភាពខាងនយោបាយ សេដ្ឋកិច្ចនិងសង្គម។ លោកចាត់ទុកការបញ្ជូនអ្នករាយការណ៍ពិសេសមកកម្ពុជាគឺត្រឹមត្រូវ។ លោក កឹម សុខា បានថ្លែងថា៖ "ខ្ញុំអត់លើកពីបញ្ហាទេ ព្រោះបញ្ហាគេដឹងអស់ហើយ ពិភពលោកគេដឹងហើយ បានគេបញ្ជូនមក។ បើគេមិនដឹងថា មានបញ្ហា គេមិនបញ្ជូនមកទេ។ ខ្ញុំលើកពីដំណោះស្រាយ។ ខ្ញុំថាដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ត្រូវកែទម្រង់ប្រព័ន្ធតុលាការជាមុនសិន។ បើមិនបានកែប្រព័ន្ធតុលាការឲ្យឯករាជ្យពិតប្រាកដទេ បញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាមិនអាចដោះស្រាយទេ”។
-
អង្គការស្ត្រីស្នើពិចារណាធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
បណ្ដាញអង្គការធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី ស្នើ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិចារណាសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលធានាសមភាពយេនឌ័រក្នុងតួនាទីជាអ្នកដឹកនាំក្នុងមូលដ្ឋាន។ សំណើនេះ ធ្វើឡើងមួយថ្ងៃមុនពេល លោក ស ខេង និងលោក សម រង្ស៊ី នឹងជួបគ្នាពិភាក្សាពាក់ព័ន្ធនឹងច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងលិខិតចំនួនពីរដាច់ដោយឡែកពីគ្នា ដែលដាក់ទៅ លោក ស ខេង និងលោក សម រង្ស៊ី ក្រុមអង្គការស្ត្រីបានលើកឡើងថា បច្ចុប្បន្ននៅមានវិសមភាពយេនឌ័រ ដែលធ្វើឲ្យការចូលរួមរបស់ស្ត្រី និងបុរស នៅពុំទាន់ស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោត។ ក្រុមដដែលបញ្ជាក់ថា ចាំបាច់ត្រូវកែសម្រួលច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
-
កម្មកររោងចក្រប៊្លូមហ្វៀលខេត្តកំពង់ឆ្នាំងបន្តតវ៉ាទាមទារដំណោះស្រាយការងារ
តំណាង និងកម្មករកម្មការិនីរោងចក្រ ប៊្លូម ហ្វៀល (Blooms Field) នៅខេត្តកំពង់ឆ្នាំង នៅតែរក្សាជំហរធ្វើកូដកម្មនៅខាងមុខរោងចក្ររាល់ថ្ងៃ ឬអាចដង្ហែក្បួនតវ៉ាទៅកាន់មន្ទីរការងារ ប្រសិនបើនៅតែគ្មានដំណោះស្រាយ។ ការព្រមានបែបនេះ គឺបន្ទាប់ពីក្រុមកម្មករនាំយកញត្តិទៅដាក់នៅក្រសួងការងារ ហើយនាំគ្នាបន្តធ្វើកូដកម្មនៅមុខរោងចក្រពីរម៉ោងនៅថ្ងៃទី២២ ខែកញ្ញា។ កូដកម្មរបស់កម្មករកម្មការិនីប្រមាណ ២០០នាក់ បានឈានដល់ថ្ងៃទី៦ ហើយ គឺគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៤ចំណុចពីភាគីក្រុមហ៊ុន ប៊្លូម ហ្វៀល។ ក្រុមហ៊ុននេះ ផលិតប្រភេទអាវចាក់ ឬអាវរងាសម្រាប់នាំចេញទៅក្រៅប្រទេស។ លក្ខខណ្ឌទាំងបួនចំណុចដែលកម្មករទាមទារនោះ គឺទី១ កម្មករទាមទារឲ្យរោងចក្រទទួលយកកម្មករចំនួន ២០នាក់ដែលបានបញ្ឈប់ ឲ្យចូលធ្វើការវិញ។ ទី២ ត្រូវបញ្ឈប់មន្ត្រីរដ្ឋបាលរោងចក្រចំនួនពីរនាក់ គឺកញ្ញា ឡុង សាវី និងលោក មាស តារា។ ទី៣ ផ្ដល់កុងត្រាការងាររយៈពេលវែង គឺចាប់ពី ៦ខែទៅ ១ឆ្នាំ និងទី៤ ភាគីរោងចក្រមិនត្រូវបញ្ឈប់កម្មករដោយគ្មានមូលហេតុបន្តទៀត។
-
សមាគមនិយោជកបារម្ភខ្លាចអ្នកវិនិយោគចាកចេញ ខណៈសហជីពបន្តទាមទារតម្លើងប្រាក់ខែឲ្យកម្មករ
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនថា អ្នកវិនិយោគអាចនិងបិទរោងចក្រ ប្រសិនសហជីពគាំទ្រកម្មករនៅទេបន្តទាមទារតម្លើងប្រាក់ឈ្នួលច្រើនហួសហេតុពេក។ ប៉ុន្តែការលើកឡើងនេះត្រូវបានតំណាងសហជីពកម្មករកម្ពុជាពន្យល់ថា នេះគ្រាន់តែជាលេសរបស់ក្រុមនិយោជក ដែលមិនចង់តម្លើងប្រាក់ឈ្នួលឲ្យកម្មករតែប៉ុណ្ណោះ ។ ការពិភាក្សាស្តីពីបញ្ហាតំម្លើងប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករ ក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងផុលផុះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ គ្រប់សមាសភាពត្រីភាគី បានធ្វើការងាររៀងៗខ្លួនទៅលើបញ្ហានេះ ដើម្បីបង្ហាញជំហរក្នុងការតម្លើងប្រាក់ឈ្នួល។
-
NGO Forum ៖រាជធានីភ្នំពេញមានអត្រាវិវាទដីធ្លីកើតឡើងខ្ពស់ជាងគេ
រាជធានីភ្នំពេញឈរនៅលំដាប់ថ្នាក់ទីមួយដែលមានអត្រាវិវាទដីធ្លីកើតឡើងខ្ពស់បំផុត ហើយបន្ទាប់មកខេត្តរតនគិរីស្ថិតក្នុងលំដាប់ទីពីរ។ នេះបើយោងតាមការវិភាគស្ថិតិស្ដីពីវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០១៤ដែលផ្សព្វផ្សាយដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជានៅថ្ងៃទី២២កញ្ញានៅភោជនីយដ្ឋានទន្លេបាសាក់។ មូលហេតុដែលធ្វើឲ្យរាជធានីភ្នំពេញនាំមុខខេត្តក្នុងរឿងវិវាទដីធ្លីដោយសារតែការអភិវឌ្ឍន៍ក្រុងប៉ះចំកន្លែងរស់នៅរបស់ពលរដ្ឋ និងកំណើនប្រជាជនក្រីក្រដែលកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋ។ ចំពោះខេត្តរតនគិរីដែលសំបូរទៅដោយជនជាតិដើមភាគតិចរស់នៅនោះគឺដោយសារការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលទទួលបានសិទ្ធវិនិយោគដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ប៉ះពាល់ដល់ធនធានរួមរបស់ជនជាតិដើមភាគតិច។ ដូច្នេះហើយទើបធ្វើឲ្យមានវិវាទកើតឡើងរវាងក្រុមហ៊ុននិងជនជាតិដើមភាគតិច។ នេះបើតាមការបញ្ជាក់របស់លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល។
-
តំណាងថៅកែរោងចក្រអះអាងថាមានការលំបាកដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ
តំណាងនិយោជកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងអះអាងខ្លួនមានការលំបាកទាក់ទងទៅនឹងការដំឡើងប្រាក់ឈ្នួលគោល ខណៈដែលសហជីព និយោជកនិងរដ្ឋាភិបាលកំពុងចរចាពីលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករសម្រាប់ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃអង្គារនេះ សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជាបានធ្វើសន្និសីទព័ត៌មានស្តីពីជំហររបស់និយោជកទៅលើប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើង។ អនុប្រធានសហព័ន្ធនិយោជននិងសមាគមពាណិជ្ជកម្មកម្ពុជា កញ្ញា សាន់ដ្រា ដាមីកូ ថ្លែងក្នុងសន្និសីទសារព័ត៌មានថាកម្មករក្នុងវិស័យវាយនភ័ណ្ឌសម្លៀកបំពាក់និងផលិតស្បែកជើង កម្ពុជានៅមានផលិតភាពការងារនិងតម្លៃបន្ថែមទាប បើប្រៀបធៀបជាមួយប្រទេសដៃគូប្រគួតប្រជែងមួយចំនួនក្នុងវិស័យកាត់ដេរដូចគ្នា។ កញ្ញាបន្តថា សព្វថ្ងៃនេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករកម្ពុជាមានចំនួនច្រើនរួចស្រេចទៅហើយបើប្រៀបធៀបជាមួយប្រទេសដែលមានការប្រកួតប្រជែងខ្លាំងជាមួយកម្ពុជា។ កញ្ញាថាប្រាក់ខែគោលរបស់កម្ពុជាខ្ពស់ជាង ប្រទេសបង់ក្លាដេសដែលមានប្រាក់ឈ្នួលគោលតែ៦៨ដុល្លារ ស្រីលង្កា៦៦ដុល្លារនិងផ្នែកខ្លះទៀតរបស់ប្រទេសវៀតណាមនិងឥណ្ឌូណេស៊ី។
-
លោក ហ៊ុន សែន ៖ សង្គមស៊ីវិលធ្វើរបាយការណ៍សិទ្ធិមនុស្សខុស ដើម្បីលាភសក្ការៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា អង្គការសង្គមស៊ីវិលមួយចំនួនធ្វើរបាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាខុស និងបង្អាប់ប្រទេសជាតិខ្លួនឯង ដើម្បីលាភសក្តារៈ។ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា «ជានិច្ចជាកាលសម្តេចតេជោតែងតែរីករាយស្វាគមន៍អង្គការសមាគមជាតិ អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ(UN) ដែលបានចូលរួមពង្រឹងលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋិមនុស្សនៅមកម្ពុជា»។ លោកបន្តថា «តែអកុសលគឺមានអង្គការមួយចំនួនមិនបានគោរពតាមបទបញ្ជា និងលក្ខន្តិកសមាគម ហើយមិនបានសហការជាមួយរាជរដ្ឋាភិបាល តែបែរជាធ្វើរបាយការណ៍បន្ទោសបង្អាប់និយាយអាក្រក់ពីប្រទេស ជាតិខ្លួនដើម្បីលាភសក្ការៈ»។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺស្របពេលដែលអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smit កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
-
ពលរដ្ឋខេត្តពោធិ៍សាត់ចោទក្រុមហ៊ុន ទ្រី ភាព ថាឈូសឆាយបំផ្លាញដំណាំជាថ្មី
មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចោទក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ថាបានធ្វើទុក្ខបុកម្នេញពលរដ្ឋ ដើម្បីដណ្ដើមយកដីទៅអភិវឌ្ឍ។ ការចោទនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ និងកម្មកររបស់ក្រុមហ៊ុនប្រមាណ ៣០នាក់ប្រដាប់ដោយអាវុធវែងខ្លី ចុះការពារសកម្មភាពដាំកូនស្វាយលើដីដែលពលរដ្ឋធ្លាប់អាស្រ័យផល។ នៅគ្រាដែលតំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តពោធិ៍សាត់ ប្រកែកថាពុំមានសកម្មភាពឈូសឆាយដីប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ប៉ុន្តែពលរដ្ឋមួយគ្រួសារអះអាងថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រមួយគ្រឿងឈូសបំផ្លាញដំណាំ និងឈូសសម្គាល់ព្រំដីក្រុមហ៊ុន ធ្វើឲ្យប៉ះពាល់ដីរបស់គាត់នៅចំណុចភូមិឯកភាព ក្នុងឃុំថ្មដា ស្រុកវាលវែង។ អតីតពលទាហាន និងជាអ្នកភូមិឯកភាព គឺលោក ជា សាយ័ន ប្រាប់ថា រូបលោកតក់ស្លុតពេលឃើញសកម្មភាពរំលោភយកដីរបស់គាត់ពីសំណាក់ក្រុមហ៊ុន ដោយប្រើដៃមន្ត្រីជំនាញបរិស្ថាន និងកម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី២០ ខែកញ្ញា។ លោកថា បច្ចុប្បន្នរូបលោកខ្លាចតំណាងក្រុមហ៊ុន អឹម.ឌី.អេស ជាងគ្រាប់មីន ឬគ្រាប់កាំភ្លើង ដែលលោកធ្លាប់ឆ្លងកាត់កន្លងមកនោះទៅទៀត ព្រោះអាជ្ញាធរងាកវាយខ្នោះ ឬចាប់ដាក់គុក។
-
ពលរដ្ឋខ្មែរនៅអាមេរិកជំរុញអង្គការសហប្រជាជាតិធានាកុំឲ្យមានសង្រ្គាមនៅកម្ពុជាក្រោយការបោះឆ្នោត
ពលរដ្ឋខ្មែរ-អាមេរិកាំងគ្រោងនឹងធ្វើបាតុកម្មនៅសប្តាហ៍នេះ ដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចមួយចំនួន ធានាធ្វើយ៉ាងណាកុំឲ្យកម្ពុជាមានសង្រ្គាមក្រោយការបោះឆ្នោតឆ្នាំ២០១៨។ កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងច្បាស់១០០ភាគរយថាប្រទេសកម្ពុជានឹងមានសង្រ្គាម នៅពេលគណបក្សប្រឆាំងឡើងកាន់អំណាច ជំនួសគណបក្សប្រជាជនកម្ពុជា។ ក្នុងបទសម្ភាសន៍ពីសហរដ្ឋអាមេរិក លោក ទូច វិបុល ដែលជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រមាណ៥០០នាក់ គ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែកញ្ញា នៅពេលអង្គការសហប្រជាជាតិបើកសម័យប្រជុំទី៧០នៅទីក្រុងញូវយ៉កនិងនៅពេលលោក ហ៊ុន សែន មានវត្តមាននៅសហរដ្ឋអាមេរិក។ លោក ទូច វិបុល មានប្រសាសន៍ថាអ្នកចូលរួមតវ៉ានឹងស្នើសុំអង្គការសហប្រជាជាតិជួយជំរុញទៅព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យបើកការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋកម្មនានាដែលចោទប្រកាន់ដោយមេធាវីអន្តរជាតិ លោក Richard Roger លើអាជ្ញាធរកម្ពុជាចំពោះការរំលោភសិទ្ធិមនុស្ស។ លោកបន្តថាប្រជាពលរដ្ឋក៏ស្នើឲ្យអង្គការសហប្រជាជាតិពិនិត្យឡើងវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១ និងស្នើផងដែរឲ្យបន្តឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាក្នុងឆ្នាំ២០១៨។
-
គ.ជ.ប ចាប់ផ្តើមចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ
រាជធានីភ្នំពេញ ៖ មន្ត្រីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប បានចាប់ផ្តើមស្រង់ស្ថិតិប្រជាពលរដ្ឋ សម្រាប់ប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតសាកល្បងនៅទូទាំងប្រទេសឡើងវិញទាំងអស់ ដើម្បីធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មីបែបទំនើប ដោយប្រព័ន្ធកុំព្យូទ័រប្រកបដោយសុក្រឹតភាព ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងនៅថ្ងៃទី២២ កញ្ញា ២០១៥ ថា ការស្រង់ស្ថិតិនេះ អនុវត្តតែប្រមាណកន្លះខែ (១៥ថ្ងៃ)ប៉ុណ្ណោះ ដើម្បីពន្លឿនកិច្ចការបោះឆ្នោតឱ្យបានឆាប់រហ័ស។ មន្ត្រីគ.ជ.ប បានបញ្ជាក់ឱ្យដឹងទៀតថា ស្ថិតិនេះធ្វើឡើងទាំងស្រុងតែម្តង បើទោះបីពលរដ្ឋធ្លាប់មានឈ្មោះបោះឆ្នោតហើយក៏ដោយក្តី ។ ចំណែកបញ្ជីចាស់នឹងយកមកប្រើប្រាស់ជាឯកសារយោងក្នុងកិច្ចផ្ទៀងផ្ទាត់មួយចំនួន រួចធ្វើជាបញ្ជីឈ្មោះថ្មីឡើងវិញតែម្តង ។
-
អង្គការមួយជំរុញរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពគោលនយោបាយកំណែទម្រង់ដីធ្លី
អង្គការមួយដែលធ្វើការផ្តោតលើបរិសា្ថន និងដីធ្លី ជំរុញរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពយុទ្ធសាស្ត្រកំណែទង្រ់ដីធ្លី ដើម្បីធានាសិទ្ធិរស់រានមានជីវិត សហគមន៍ក្រីក្រ ខណៈខ្លួនរកឃើញថា ពលរដ្ឋក្រីក្រមួយចំនួននៅតែបន្តយំស្រែក ពីការរំលោភយកដី។ ការជំរុញរបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ពីជម្លោះដីធ្លីដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ។ នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) លោក តឹក វណ្ណរ៉ា អះអាងថា ជម្លោះដីធ្លីគិតពីឆ្នាំ២០១៤ រហូត៨ខែឆ្នាំ២០១៥នេះ នៅសល់៣១៥ករណីទៀត ដែលអាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយនៅឡើយ។ លោកថា ក្នុងនោះមានសហគមន៍ក្រីក្រមួយចំនួនកំពុងប្រឈមនឹងការបណ្តេញចេញ ពីសំណាក់ក្រុមហ៊ុនខិលខូចមួយចំនួន និងសហគមន៍ជនជាតិដើមខ្លះទៀតត្រូវបានបណ្តេញចេញទាំងបង្ខំរួចហើយ មិនទាន់បានផ្តល់សំណងសមរម្យ។ លោកថា៖ "...បង្កើនតម្លាភាពក្នុងចំណាត់ការតុលាការទាក់ទិននឹងវិវាទដីធ្លី។ ទី៣ កំណត់អាទិភាពដើម្បីដោះស្រាយប្រកបដោយតម្លាភាពនូវករណីពហុភាគី ជាពិសេសករណីទាំងឡាយ ដែលបានកើតឡើងជាយូរមកហើយ។ ទី៤ តម្លាភាពក្នុងការធ្វើផែនទី កំណត់ប្រភេទ និងចំណាត់ថ្នាក់ដីរដ្ឋ ដើម្បីកាត់បន្ថយវិវាទរវាងគម្រោងវិនិយោគ និងសហគមន៍មូលដ្ឋាន"។
-
អង្គការ NGO FORUM រៀបចំរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិវាទដីធ្លីឆ្នាំ២០១៤
ភ្នំពេញ ៖ មកដល់ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នេះ អង្គការ NGO Forum បាននឹងកំពុងដំណើរការ រៀបចំរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយរបាយការណ៍វិវាទដីធ្លីឆ្នាំ២០១៤ ដែលពិធីនេះរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់២។ តាមរបាយការណ៍បង្ហាញដោយលោក តឹក វណ្ណារ៉ា បានលើកឡើងថា ឆ្នាំ២០១៤ មាន៣៥២ ករណី ហើយរបាយការណ៍នេះ ដែលរាប់ថា មានករណីជម្លោះ ទាល់តែវិវាទជាមួយប្រជាពលរដ្ឋចាប់ពី៥ គ្រួសារឡើងទៅ ទើបរាប់បញ្ចូលក្នុងរបាយនេះ ហើយតាមរបាយការណ៍នេះ ចំនួនវិវាទ ទាបជាងឆ្នាំកន្លងទៅ ហើយនៅភ្នំពេញ នៅតែជាកន្លែងដែលខ្ពស់៕