កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
លោក ឈាង វុន ៖ ច្បាប់NGO នឹងជំរុញឲ្យចេញនៅពេលឆាប់ៗ
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ឲ្យដឹងថាសភានឹងជំរុញឲ្យចេញច្បាប់ស្តីពីដំណើរការគ្រប់គ្រងអង្គការសង្គមស៊ីវិល ឲ្យបានឆាប់រហ័ស បើទោះជាសង្គមស៊ីវិលជំទាស់ដាច់ខាតមិនចង់ឲ្យមានច្បាប់នេះក៏ដោយ។ ក្នុងសន្និសីទប្រចាំខែរបស់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ លោក ឈាង វុន បានថ្លែងថាសភានឹងជំរុញឲ្យចេញច្បាប់ឲ្យបានឆាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះឡើយ។ លោកថា «មួយទៀត ច្បាប់មួយទៀតដែលយើងត្រូវគិតគូរដែរ ហើយក៏និយាយយូរណាស់ហើយ គឺច្បាប់ស្តីពីដំណើរការនៃសង្គមស៊ីវិល ។ មិនដែរមានប្រទេសណាមួយអត់ទេ តែកាលណាគេមានសង្គមស៊ីវិល គេត្រូវធ្វើច្បាប់ឲ្យសង្គមស៊ីវិលដំណើរការទៅរបៀបយ៉ាងម៉េច នៅតែកម្ពុជាយើងមួយទេ សង្គមស៊ីវិលមានច្រើនជាងគេបើយើងប្រៀបធៀបជាមួយប្រទេសជុំវិញទាំងអស់ កម្ពុជាមានច្រើនជាងគេសម្បើមណាស់ ច្រើនដាច់តែម្តងក៏ប៉ុន្តែអត់មានច្បាប់» ។
-
លោក ឈាង វុន ព្រមានដេញជនបរទេសដែលការពារបរិស្ថានតំបន់អារ៉ែងចេញពីកម្ពុជា
ប្រធានគណៈកម្មការជំនាញរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ចង់បណ្ដេញអ្នកការពារបរិស្ថានតំបន់អារ៉ែង ចេញពីប្រទេសកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី១១ ខែធ្នូ ដើម្បីព្រមានជនបរទេសម្នាក់ ដែលតែងតែធ្វើបាតុកម្មតវ៉ាប្រឆាំងចំពោះការសាងសង់ទំនប់វារីអគ្គិសនីនៅជាយអារ៉ែង។ ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ វប្បធម៌ និងព័ត៌មានរដ្ឋសភា ចាត់ទុកសកម្មភាពរបស់ជនជាតិអេស្ប៉ាញ ដែលចេញមុខការពារបរិស្ថាននៅតំបន់អារ៉ែង ថាជាការលូកលាន់កកូរកកាយកិច្ចការនយោបាយនៅកម្ពុជា។ លោក ឈាង វុន ថ្លែងនេះទំនងជាសំដៅប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ លោកមានប្រសាសន៍ថា តំណាងរាស្ត្រភាគច្រើននៅក្នុងសភាបារម្ភយ៉ាងខ្លាំង ព្រោះតែការបំផុសប្រជាពលរដ្ឋឲ្យងើបតវ៉ាការពារបរិស្ថាននេះ ព្រោះវាជារំលោភលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចបានចាត់តាំងសមត្ថកិច្ចមួយចំនួនរួចហើយ ដើម្បីឲ្យតាមដានគ្រប់សកម្មភាពជនបរទេសម្នាក់នោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅពេលណាដែលបុគ្គលនោះធ្វើខុស។
-
ការប្រារព្ធទិវាសិទ្ធិមនុស្ស៖ កម្មករនៅបន្តទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ
មេដឹកនាំសហជីពកម្មករនៅបន្តស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលសមរម្យ ខណៈកម្មករជាង ១០០០នាក់ នាំគ្នាប្រមូលផ្តុំនៅមុខរដ្ឋសភាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនៅព្រឹកនេះ ។ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថ្លែងថាបច្ចុប្បន្នកម្មករជួបបញ្ហាលំបាកច្រើនដោយសារតែទទួលបានប្រាក់ខែតិច និងលក្ខខណ្ឌការងារមិនល្អ ។ លោកបន្តថា ការប្រមូលប្រារព្ធទិវាសិទ្ធិមនុស្សលើកនេះ ដើម្បីឲ្យកម្មករឡើងសម្តែងមតិពីទុក្ខកង្វល់ និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដែលជួបប្រទះកន្លងមក ។ លោកថា «ប្រាក់ខែផងដែរគឺនៅវិស័យផ្សេងៗទៀត អត់ទាន់មានការកំណត់ប្រាក់ឈ្នួលអប្បបរមាទេ ។ អ៊ីចឹងយើងដាច់ខាតត្រូវតែកំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីធានាថាពួកកម្មករវិស័យផ្សេងបានធានាតាមច្បាប់ដែរ។ ហើយមួយទៀតពាក់ព័ន្ធមន្ត្រីរាជការក៏យើងស្នើឲ្យរដ្ឋាភិបាលគិតគូរ គួរតែដំឡើងយ៉ាងហោចណាស់ក៏២០០ដុល្លារ ដើម្បីធានាសេវាកម្មសាធារណៈ ហើយយើងក៏ស្នើឲ្យរៀបចំប្រព័ន្ធក្រុមប្រឹក្សាកាងារ ដែលប្រព័ន្ធពិភាក្សាហ្នឹងឲ្យបានល្អ» ។
-
បទយកការណ៍៖ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះព្រះសង្ឃចូលរួមយ៉ាងសកម្មក្នុងការជំរុញឲ្យបំបាត់និទណ្ឌភាព
នេះជាសង្ឃដីកាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិនានា ក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រុមមិត្ត១០ធ្នូ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៤នេះ ។ មិត្ត១០ឆ្នូ ត្រូវបានប្រកាសថា បានបង្កើតឡើងដោយសហគមន៍ក្រីក្រដែលរងគ្រោះរឿងដីធ្លី បណ្តាញព្រះសង្ឃ ជនជាតិដើមភាគតិច និងបណ្តាញសហជីពមួយចំនួនទៀត ដែលចង់បានសន្តិភាព និងយុត្តិធម៌សង្គម ពិសេសជំរុញឲ្យគោរពសិទ្ធិមនុស្ស ។ ក្រុមនេះបានធ្វើធម្មយាត្រា និងសិទ្ធិយាត្រាតាមដងផ្លូវជាតិនានាយ៉ាងតិចចំនួន៦គោលដៅ មកពីតាមបណ្តាខេត្តនានាដូចជាខេត្ត ខេត្តព្រៃវែង តាកែវ កំពត ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង រតនគិរី និងកំពង់ចាម ជាដើមដើម្បីប្រមូលមតិយោបល់ពីប្រជាពលរដ្ឋ ជំរុញឲ្យរដ្ឋាបាលយកចិត្តទុកដាក់បន្ថែមទៀត ពីអយុត្តិធម៌សង្គម ដែលកើតចេញពីការរំលោភយកដីធ្លី ។
-
អង្គការអនាគតយុវជនអាស៊ានទាមទារឲ្យមានច្បាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នា
យុទ្ធនាការ ១៦ថ្ងៃរបស់អង្គការអនាគតយុវជនអាស៊ាន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា តាក់តែងច្បាប់ថ្មី និងធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្រកបរបរផ្លូវភេទ អ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍ ជនជាតិភាគតិច (វៀតណាម ចាម ជ្វា) ជនជាតិដើមភាគតិច (ព្នង ស្ទៀង ចារ៉ាយ កួយ...) ពីមិនស្របច្បាប់ ទៅជាស្របច្បាប់ និងគ្មានការរើសអើង។ ក្នុងខួបទី៦៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ អង្គការអនាគតយុវជនអាស៊ាន លើកឡើងថា សហគមន៍ជនជាតិភាគតិចមិនសូវមានការគាំទ្រឲ្យរស់នៅស្របច្បាប់ឡើយ។ ការថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធនាការ ១៦ថ្ងៃ ដើម្បីប្រឆាំងនឹងការប្រើហិង្សាលើយេនឌ័រនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។
-
ក្រុមមិត្ត១០ធ្នូ ដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
ក្រុមមិត្ត១០ធ្នូមានគ្នាប្រមាណជា៦០០នាក់ ដែលបានហែក្បួនមកពីតាមបណ្តាផ្លូវជាតិចំនួន៦ បានមកជួបជុំគ្នានៅមុខវិមានរដ្ឋសភានៅព្រឹកថ្ងៃពុធនេះ ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបញ្ហាមួយចំនួនទៀត ។ ញត្តិរបស់ក្រុមមិត្ត១០ធ្នូ ផ្ញើទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ក៏បានទាមទាររដ្ឋសភាឲ្យជំរុញរដ្ឋាភិបាលអនុវត្តច្បាប់បាតុកម្មឲ្យបានត្រឹមត្រូវ ធានាពីឯករាជភាពរបស់តុលាការ បញ្ឈប់ការប្រើប្រាស់កម្លាំង និងហិង្សាប្រឆាំងពលរដ្ឋស៊ីវិលនិងសកម្មជនសិទ្ធិមនុស្ស និងបញ្ឈប់រាល់ការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ។ តំណាងសកម្មជនសិទ្ធិមនុស្សមកពីតាមបណ្តោយផ្លូវជាតិលេខ៦ លោក វន ពៅ បានថ្លែងបានសំណូមពរទៅកាន់តំណាងរាស្ត្រទាំងអស់ ឲ្យជួយអន្តរាគមន៍លុបបំបាត់និទណ្ឌភាពនៅកម្ពុជា ។ លោកបានលើកករណីដែលរូបលោកត្រូវបានទាហានឆត្រយោងវាយដំរហូតមានរបួសធ្ងន់ និងមិនទាន់ទទួលបានយុត្តិធម៌ ។
-
រថយន្តសិទ្ធិមនុស្សកំពុងធ្វើដំណើរទៅមុខយ៉ាងល្អ
រដ្ឋាភិបាល ស្ថាប័នរដ្ឋធម្មនុញ្ញ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលក្នុងស្រុកជាង២០០ នៅថ្ងៃពុធទី១០ ខែធ្នូ ឆ្នាំ២០១៤ នេះ ប្រារព្ធទិវាសិទ្ធិមនុស្សដូចៗគ្នា ប៉ុន្តែនៅទីកន្លែងផ្សេងៗគ្នា និងប្រធានបទផ្សេងៗគ្នា។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ ឲ្យVODដឹងថា ក្នុងទិវាសិទ្ធិមនុស្សដែលសាលារាជធានីភ្នំពេញរៀបចំនៅឆ្នាំនេះ មានការកែលម្អជាឆ្នាំមុនៗ ហើយមានប្រជាពលរដ្ឋមកពីសហគមន៍ជាច្រើនចូលរួម។ លោកបន្តថា ក្នុងទិវានេះ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអគ្គរដ្ឋទូតសហភាពអឺរ៉ុប សុទ្ធតែបានចូលរួមថ្លែងសារ លើកតម្លើងប្រធានបទរបស់សាលារាជធានី ដែលទាក់ទងនឹងការអភិវឌ្ឍផង និងគិតគូរពីសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ក្រីក្រផង។
-
លោក ចាន់ សុវ៉េត ទទួលមរណភាព
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត ទទួលមរណភាពនៅរសៀលថ្ងៃពុធនេះ ដោយសារខ្យល់គរ ។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី ចរិយា បានឲ្យដឹងថាលោក ចាន់ សុវ៉េត បានទទួលមរណភាពនៅម៉ោង២រសៀលនេះ ដោយសារជំងឺខ្យល់គរ។ សូមបញ្ជាក់នៅព្រឹកថ្ងៃពុធនេះ លោក ចាន់ សុវ៉េត ក៏បានចូលរួមពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិនៅមុខរដ្ឋសភា និងនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញដែរ ហើយនៅពេលរសៀល លោកមានអាការៈមិនស្រួលខ្លួន ទើបកោសខ្យល់ហើយក៏ទទួលមរណភាពភ្លាមៗ នៅផ្ទះរបស់លោក៕
-
មន្ត្រីអង្គការសហប្រជាជាតិគ្រោងចុះស្វែងរកក្រុមម៉ុងតាញ៉ានៅរតនគិរីជាលើកទី២
ក្រសួងមហាផ្ទៃ និងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) យល់ព្រមសហការស្វែងរកក្រុមជនភៀសខ្លួនម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី។ ការប្រកាសផ្តល់កិច្ចសហការនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានបរាជ័យក្នុងបេសកកម្មស្វែងរកក្រុមម៉ុងតាញ៉ា កាលពីសប្ដាហ៍មុន ដោយសារតែអាជ្ញាធរមូលដ្ឋានមិនសហការ។ ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UNOHCHR) នឹងសហការក្នុងបេសកកម្មរួមគ្នាមួយនៅពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើដំណើរទៅខេត្តរតនគិរី ជាលើកទីពីរ ស្វែងរកក្រុមជនភៀសខ្លួនម៉ុងតាញ៉ា។ គម្រោងបេសកកម្មថ្មីនេះ គឺបន្ទាប់ពី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសន្យានឹងឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean Francois Cautain) ថា អាជ្ញាធរកម្ពុជា ស្វាគមន៍ក្រុមមន្ត្រីអង្គការសហប្រជាជាតិ ទៅជួបនឹងក្រុមម៉ុងតាញ៉ា ប្រសិនបើមានក្រុមនេះមានវត្តមាននៅខេត្តរតនគិរី មែននោះ។
-
សង្គមស៊ីវិលប្រមូលស្នាមបាតដៃអ្នកគាំទ្រទាមទារឲ្យមានការឲ្យដោះលែងអ្នកជាប់ឃុំទាំង១៨នាក់
ក្រុមអង្គការសង្គមស៊ីវិលបានផ្ដួចផ្ដើមប្រកាសប្រមូលស្នាមបាតដៃអ្នកដែលគាំទ្រទាមទារឲ្យមានការដោះលែងសកម្មជន និងអតីតព្រះសង្ឃទាំង១៨នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួន ។ ការប្រមូលស្នាមបាតដៃនេះធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅព្រឹកថ្ងៃពុធនេះ នៅទីលានប្រជាធិបតេយ្យដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ និងអង្គការសង្គមស៊ីវិលជាង៥០ ។
-
ទូតអាមេរិកជំរុញឲ្យរដ្ឋាភិបាលសហការជាមួយបក្សប្រឆាំង និងសង្គមស៊ីវិលដោះស្រាយបញ្ហាសង្គម
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក William E. Todd ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម ។ លោក William E. Todd បានធ្វើការជំរុញបែបនេះតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់លោក ចេញផ្សាយនៅថ្ងៃពុធនេះ ក្នុងឱកាសអបអរនៃការប្រារព្ធពិធីសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី ៦៦។ លោក William សរសរក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា លោកតាមដានយ៉ាងជិតស្និទ្ធពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលដែលលោកនៅកម្ពុជា ។ លោកថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើងមួយចំនួន ប៉ុន្តែក៏មានការថយចុះមួយចំនួនផងដែរ។
-
យុវជនប្រមាណ២០០នាក់នៅកំពង់ចាមជិះកង់ឃោសនាពីវិធីការពារធនធានជលផល
សមាគមយុវជនខ្មែរហៅកាត់ថា ខេ.វ៉ាយ.អេ (KYA) នៅខេត្តកំពង់ចាម បានដឹកនាំយុវជនប្រមាណជាង ២០០នាក់ នៅថ្ងៃទី១០ ធ្នូ ដើម្បីជិះកង់ឃោសនាពីវិធានការ និងវិធីការពារធនធានជលផលនៅស្រុកព្រៃឈរ។ ការប្រារព្ធទិវានេះ គឺដើម្បីដាស់ស្មារតីប្រជាពលរដ្ឋ ឱ្យចូលរួមនេសាទដោយប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងដាស់ស្មារតីអាជ្ញាធរឱ្យចាត់វិធានការមានប្រសិទ្ធភាពលើអ្នកប្រព្រឹត្តិ ឬនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។
-
ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិខកចិត្តពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
មន្ត្រីសង្គមស៊ិវិលជាតិ និងអន្តរជាតិ បានរិះគន់ចំៗទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថា មិនទាន់ឯករាជ្យដោយបំពេញការងារក្រោមសម្ពាធអ្នកនយោបាយ ដែលជាមូលហេតុនាឲ្យមានការរំលោភសិទ្ធិមនុស្ស ។ ការរិះគន់នេះធ្វើឡើងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូឆ្នាំ២០១៤ ដែលប្រារព្ធនាថ្ងៃពុធនេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ។ ប្រធានផ្នែកស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ថ្លែងថាប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងនឹងការរំលោភយកដី ត្រូវតុលាការចាប់ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់អ្នកមានអំណាច និងអ្នកមានប្រាក់ដែលរងការចោទថា រំលោភយកដីអ្នកភូមិ គឺរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ បើទោះបីមានពាក្យបណ្តឹងពីអ្នកភូមិដែលបាត់បង់ដី និងផ្ទះសម្បែងក៏ដោយ ។
-
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងជាង១០០នាក់នៅព្រឹកថ្ងៃពុធនេះ បានប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ក្រោមប្រជាធានបទ «សិទ្ធិជនជាតិដើមភាគតិច ក៏ជាសិទ្ធិមនុស្ស» នៅក្នុងសាលារៀនមូយទល់មុខសាលាឃុំប៊ូស្រា ។ ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ របស់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ដែលមានការចូលរួមពីអាជ្ញាធរនៅថ្ងៃនេះ បានធ្វើការហែក្បួនឆ្លងកាត់ពីភូមិទី១ ដល់ភូមិទី៧ រួចប្រមូលផ្តុំគ្នានៅក្នុងសាលារៀន ខាងមុខសាលាឃុំប៊ូស្រា ។ ក្រុមអ្នកចូលរួមឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញថា ពួកគេមានសិទ្ធិដូចមនុស្សទូទៅ ហើយថ្ងៃ១០ធ្នូ ក៏ជាថ្ងៃរំឮកសិទ្ធិរបស់ពួកគេ ដូចប្រជាពលរដ្ឋខ្មែរដែរ ។
-
ជនជាតិដើមភាគតិចគួយជាង៣០០នាក់នៅព្រះវិហារ ទទូចឲ្យអាជ្ញាធរគោរពសិទ្ធិជនជាតិភាគតិច
ជនជាតិដើមភាគតិចគួយក្នុងស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ទទូចឲ្យអាជ្ញាធរខេត្ដនេះគោរពសិទ្ធិមនុស្ស និងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិច ឲ្យបានពេញលេញ ដើម្បីឲ្យពួកគាត់រស់នៅដោយគ្មានការភិតភ័យនិងរើសអើង ។ ការទាមទារនេះធ្វើឡើងខណៈដែលពួកគេចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ លើកទី៦៦ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលមានអាជ្ញាធរស្រុក អង្គការសង្គមស៊ីវិល និងពលរដ្ឋចូលរួមប្រមាណជាង៣០០នាក់ ក្រោមប្រធានបទស្ដីពី "អ្នកការពារសិទ្ធិមនុស្ស" នៅព្រឹកថ្ងៃពុធនេះ ។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅបាត់ដំបងនិងបន្ទាយមានជ័យស្នើសុំឲ្យពន្លឿនការដោះស្រាយ
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រមាណជា ២០០នាក់ បានប្រមូលផ្ដុំគ្នារៀបចំពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ធ្នូ ដោយដង្ហែក្បួនជុំវិញតំបន់ដីដែលមានជម្លោះនៅតំបន់ស្រុកម៉ាឡៃ និងស្រុកបវេល ដើម្បីឲ្យអាជ្ញាធរពន្លឿនដោះស្រាយដីឲ្យបានឆាប់។ ការដង្ហែក្បួនរបស់អ្នកភូមិនេះ ចាប់ផ្ដើមនៅវេលាម៉ោងប្រមាណជា ១០ព្រឹក ដោយចាប់ពីចំណុចភូមិក្រពើ៤០ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ឆ្ពោះទៅកាន់វត្តប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
-
កម្ពុជាប្រារព្វទិវាសិទ្ធិមនុស្ស១០ធ្នូដោយមានប្រធានបទផ្សេងពីគ្នា
ខុសប្លែកពីឆ្នាំមុនៗក្រុមអង្គការសង្គមស៊ីវិល សហគមន៍ដីធ្លី ព្រះសង្ឃ គណបក្សប្រឆាំង សហជីព កម្មករ និងរដ្ឋាភិបាលបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៦៦ នៅឆ្នាំ២០១៤នេះ ព្រមៗគ្នា ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺប្រធានបទផ្សេងៗគ្នា ការប្រារព្ធធ្វើឡើងនៅទីកន្លែងផ្សេងគ្នា និងមានសកម្មភាពខុសៗគ្នា ។ តែទោះបីជាយ៉ាងណាក៏ដោយ តាមសេចក្ដីប្រកាសព័ត៌មានក្តី និងតាមរយៈព្រឹត្តិការណ៍ផ្ទាល់ក្តី ឃើញថាបើទោះបីជាប្រធានបទខុសគ្នាក៏ដោយ ក៏អត្ថន័យប្រហាក់ប្រហែលគ្នា ពោលគឺជំរុញការលើកស្ទួយសិទ្ធិមនុស្ស ។
-
សមាគមអាដហុកស្នើរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនជាតិដើមភាគតិចវៀតណាម
សមាគមការពារសិទ្ធិមនុស្សអាដហុកស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនភៀសខ្លួនម៉ុងតាញ៉ា ជាជនជាតិដើមភាគតិចនៃប្រទេសវៀតណាម រត់គេចមករស់នៅលើទឹកដីកម្ពុជា ដែលកំពុងលាក់ខ្លួនរស់នៅក្នុងព្រៃ ។ ការស្នើនេះបន្ទាប់ពីវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៣ ខែធ្នូមកបានឡោមព័ទ្ធតំបន់ជនភៀសខ្លួនម៉ុនតាញ៉ាចំនួន១៣នាក់ ក្នុងនោះស្ត្រី១នាក់ ដែលបានរត់ភៀសខ្លួនចូលមករកសិទ្ធិជ្រកកោណក្នុងទឹកដីកម្ពុជា និងមិនអនុញ្ញាតឲ្យតំណាងស្ថាប័ន និងអង្គការសហប្រជាជតិនៅកម្ពុជាផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈផ្សេងៗឡើយ ។
-
សង្គមស៊ីវិលគ្រោងដាក់បង្ហាញកម្រងរូបភាពអំពើនិទ្ទណ្ឌភាពនៅថ្ងៃ១០ ធ្នូ
ទោះបីជារាជរដ្ឋាភិបាលបានប្រកែកថា ប្រទេសកម្ពុជា មិនមានវប្បធម៌និទ្ទណ្ឌភាពក៏ដោយ តែអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា នៅតែទទូចបង្ហាញភស្តុតាងមួយចំនួននៃក្រុមជនរងគ្រោះដែលកំពុងទាមទារយុត្តិធម៌។ ភស្តុតាងនោះ គឺជាកម្រងរូបភាពនៃជនរងគ្រោះជាច្រើនដែលរហូតដល់ពេលនេះ អ្នកប្រព្រឹត្តិបទល្មើសត្រូវបានរួចទោស។ នៅមុនពេលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃពុធ ទី១០ ធ្នូ អង្គការសិទ្ធិមនុស្សនៅកម្ពុជា មួយចំនួន នៅថ្ងៃទី៨ ធ្នូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញឯកសារជារូបភាពជាច្រើន លើការសម្លាប់ ការគំរាមកំហែង និងការបង្កឲ្យមានរបួសស្នាមទៅលើអ្នកសារព័ត៌មាន សកម្មជនដីធ្លី សហជីព និងតារាចម្រៀង។ កម្រងរូបភាពនៃជនរងគ្រោះនេះគឺជាការបង្ហាញអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហាក់នៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ ម៉្យាងវិញទៀត អ្នកប្រព្រឹត្តល្មើសវិញត្រូវបានរួចទោស ឬមានការសងសំណងបន្តិចបន្តួចទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់សំណុំរឿងជាដើម។
អានបន្ត -
អង្កការលីកាដូអំពាវនាវឲ្យដោះលែងសកម្មជនទាំង១៨នាក់ ខណៈទិវាសិទ្ធិមនុស្សជិតចូលមកដល់
អង្គការលីកាដូអំពាវនាវឲ្យមានការដោះលែងសកម្មជនគណបក្សជំទាស់ សកម្មជនជាព្រះសង្ឃ និងសកម្មជនដីធ្លីមួយចំនួនទៀត ដោយចាត់ទុកថាពួកគាត់ទាំងនោះជាប់ពន្ធនាគារដោយអយុត្តិធម៌ ។ ក្នុងឱកាសទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ជិតចូលមកដល់ អង្គការលីកាដូបានអំពាវនាវឲ្យមានការដោះលែងប្រជពលរដ្ឋទាំងបុរស និងស្ត្រី១៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។ ក្នុងសេចក្តីថ្លែងការរបស់ខ្លួននេះ អង្គការលីកាដូ ចាត់ទុកបទចោទប្រកាន់ ទៅលើអ្នកទាំង១៨នោះថា ជាការបំបិទមាត់អ្នករិះគន់ និងរំលោភបំពាន ក៏ដូចជាការបំភិតបំភ័យលើសកម្មជន ។