កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សមាជិក និងមន្ត្រី គ.ជ.ប ១១ រូប ទៅសិក្សាបច្ចេកទេសនៃការបោះឆ្នោតនៅកូរ៉េខាងត្បូង
សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិចំនួន ៣ រូប និងមន្ត្រីបច្ចេកទេស៨រូបទៀត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅស្អែកនេះ។ ដំណើរទស្សនិច្ចនេះ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបោះឆ្នោតដោយសេរីនិងយុត្តិ។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នននាំពាក្យ គ.ជ.ប។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន៣រូប រួមទាំងមន្ត្រី៨ រូបទៀត នឹងចាកចេញពីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ។ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវអញ្ជើញទៅប្រទេសកូរ៉េនោះ រួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប, លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប ព្រមទាំងមន្ត្រីជំនាញ ៨រូបទៀត តាមនាយដ្ឋានផ្សេងៗ មានដូចជា នាយកដ្ឋានច្បាប់ និងនាយកដ្ឋានរដ្ឋាបាល ជាដើម។
-
អ្នកមានជម្លោះដីធ្លីនៅបុរីកីឡាតវ៉ាថ្មីទៀតនៅមុខសាលារាជធានីទាមទារសំណង
ប្រជាសហគមន៍បុរីកីឡាប្រមូលផ្តុំជាថ្មីទៀត នៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ស្នើឲ្យអាជ្ញាធរពន្លឿនដោះស្រាយសំណងឲ្យបានឆាប់ ខណៈពួកគេជួបបាត់បង់ទីជម្រក ដោយសារជ្ញាធរមូលដ្ឋានបានចុះរុះរើជម្រកបណ្តោះអាសន្នកាលពីមុនថ្ងៃបុណ្យភ្ជុំ។ តំណាងប្រជាសហគមន៍បុរីកីឡា អ្នកស្រី សោម សុម៉ាលី បានរំឭកពីហេតុការណ៍នោះថា មន្ត្រីសង្កាត់ និងខណ្ឌមានគ្នាប្រមាណជិត៤០នាក់ បានចុះរុះរើផ្ទះបណ្តោះអាសន្នរបស់គាត់កាលពីមុនថ្ងៃភ្ជុំបិណ្ឌ និងរឹបអូសយក សម្ភារប្រើប្រាស់ដូចជា មុង កន្ទេល ភួយ គ្រែដេក និងសម្ភារៈផ្សេងៗទៀត៖ “ខោអាវកូនខ្ញុំ គេយកដោយទាំងអស់ ដល់ពេលខ្ញុំទៅសួរ(សាលា)ខណ្ឌ ខណ្ឌថានៅសង្កាត់ ទៅសួរសង្កាត់ សង្កាត់ថានៅខណ្ឌ សួរបីបួនប្រាំថ្ងៃ។ រាល់ថ្ងៃខ្ញុំពិបាកក្នុងការស្នាក់នៅ ខ្ញុំអង្គុយសំកុករហូតថ្ងៃឡើង។ យប់ឡើងកូនខ្ញុំទៅសុំផ្ទះបងប្អូនដេក គ្មានកន្លែងដេកទេ”។
-
ពលរដ្ឋអះអាងថាឈ្មួញបន្តកាប់ឈើក្រៅផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើមូលនៅក្រៅតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មិនទាន់មានមន្ត្រីជំនាញ និងអាជ្ញាធរទប់ស្កាត់នៅឡើយ។ លើសពីនេះ ឈើមូលជាច្រើនម៉ែត្រគូប ត្រូវបានគេយកមកអារច្រៀកក្នុងតំបន់ផ្ទៃអាង ដើម្បីដឹកចេញទៅក្រៅ ថាជាឈើស្របច្បាប់ ដោយមិនចាំបាច់បង់ពន្ធ ឬបង់ពន្ធក្នុងតម្លៃទាប។ អ្នកភូមិស្រែគរ ឲ្យដឹងនៅថ្ងៃទី១៨ តុលា ថា ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ ដែលកំពុងក្លាយជាទីតាំងស្តុកឈើ ដែលឈ្មួញដឹកពីតំបន់ឆ្ងាយៗ ដូចជាស្រុកសៀមប៉ាង និងស្រុកសេសាន ដូចជាតំបន់ព្រៃស្រោង តំបន់ព្រៃចាស់ និងភ្នំក្រឡាពស់ បន្ទាប់មកបាញ់ថ្នាំសម្គាល់ថាជាឈើក្នុងតំបន់ផ្ទៃអាង ដើម្បីឲ្យឈើទាំងនោះក្លាយជាឈើស្របច្បាប់ និងដឹកចេញក្រៅមិនមានការបង្ក្រាប។
-
មន្ត្រីរដ្ឋាភិបាលចំអកឲ្យបក្សជំទាស់ដែលអះអាងថានឹងកែទម្រង់តុលាការនិងរដ្ឋសភា
មន្ត្រីរដ្ឋាភិបាល ប្រតិកម្មចំពោះការថ្លែងសារនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបានអះអាងថា នឹងកែទម្រង់ប្រព័ន្ធតុលាការ និងរដ្ឋសភា ជាគោលនយោបាយអាទិភាពរបស់ខ្លួនមុនគេ នៅពេលឈ្នះឆ្នោតនោះ ថាជារឿងមិនអាចធ្វើទៅរួចឡើយ ព្រោះថា នេះជាស្តង់ដារទៅហើយសម្រាប់ដំណើរការក្ដី ដែលមានអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងតុលាការ។ មន្ត្រីរដ្ឋាភិបាល ចំអកឲ្យគណបក្សជំទាស់ថា វាជារឿងធម្មតាទេនៅពេលណាមានការជំនុំជម្រះ គឺតែងមានអ្នកចាញ់ និងអ្នកឈ្នះនៅក្នុងអង្គសវនាការ ហើយអ្នកដែលចាញ់ តែងត្អូញត្អែរថា ខ្លួនទទួលបានភាពអយុត្តិធម៌។ ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ បន្ទាប់ពីអនុប្រធានគណបក្សជំទាស់ ថ្លែងរិះគន់កាលពីថ្ងៃទី១៧ តុលា នៅខេត្តកំពត ដោយចាត់ទុកថា ប្រព័ន្ធតុលាការដែលគ្រប់គ្រងដោយរដ្ឋាភិបាលកាន់អំណាច គឺមានភាពអន់ថយ មិនយុត្តិធម៌ និងលម្អៀង។
-
លោក កឹម សុខា៖ បើឈ្នះឆ្នោតកែតុលាការមុនគេ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជំរុញម្តងទៀតឲ្យសកម្មជនរបស់ខ្លួន ធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរមេដឹកនាំនៅឆ្នាំខាងមុខ តាមរយៈការបោះឆ្នោត ដោយផ្ញើសារនយោបាយថា ពេលបានឡើងកាន់អំណាច អាទិភាពចំបងរបស់គណបក្សនេះ គឺធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មុនគេ។ ការអះអាងនេះ បានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលមួយ នៅខេត្តកំពត កាលពីថ្ងៃទី១៧ ខែតុលា រវាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសកម្មជនគាំទ្រ។ ក្នុងពិធីនោះ លោក កឹម សុខា ថ្លែងថា សកម្មជនទាំងអស់ ត្រូវត្រៀមខ្លួន ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរលោក កឹម សុខា អះអាងថា ត្រូវរក្សាឲ្យបានឯកភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍មួយប្រកបដោយសមធម៌។
-
លោកខៀវ សុភ័គ៖អនាគតជនភៀសខ្លួននៅអូស្ត្រាលីមករស់នៅកម្ពុជាកាន់តែតិចទៅៗ
បច្ចុប្បន្នស្ថានការណ៍មានការប្រែប្រួល ដោយសារអូស្ត្រាលីបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ហើយក៏អាចផ្លាស់ប្តូរគោលនយោបាយដែរ។ នេះបើតាមលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យវិទ្យុវាយោដឹងនៅថ្ងៃទី១៦តុលានេះ។ លោកខៀវ សុភ័គក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីថ្មី មានគោលការណ៍ មិនយកបញ្ហាជនភៀសខ្លួនធ្វើជាអទិភាពនៃគោលនយោបាយគេទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អូស្ត្រាលីបានប្រកាសទទួលជនភៀសខ្លួនពីមជ្ឈឹមបូព៌ាចំនួន១ម៉ឺន២ពាន់នាក់។ តាមរយៈគោលនយោបាយនេះ ទោះបីជនភៀសខ្លួនខ្លះមិនមែនរស់នៅមជ្ឈឹមបូព៌ា ដូចជានៅប្រទេសស៊ីរីក៏ដោយ ប៉ុន្តែពួកគេជាអ្នករស់នៅអាស៊ីខាងកើតដែរ ដូច្នេះចង់មិនចង់ជនភៀសខ្លូនទាំងនោះនឹងមិនចង់មករស់នៅកម្ពុជាទេ៖
-
លោកនី ចរិយា៖ ដិកាកោះហៅលោកឲ្យចូលបំភ្លឺរបស់ចៅក្រមនោះ មិនបានមកដល់ដៃ ហើយខុសនីតិវិធីថែមទៀត
រាជធានីភ្នំពេញ៖ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) បានអះអាងថា ដិកាកោះហៅឲ្យលោកចូលបំភ្លឺ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនោះ មិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។ សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ លោក វ៉េង ហ៊ត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឲ្យលោក នី ចរិយា ចូលបង្ហាញខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការធ្វើសន្និសីទកាសែត និង ប្រឆាំងការដាក់ពាក្យបណ្តឹងទៅ៤ស្ថាប័ន របស់លោក នី ចរិយា បន្ថែមទៀត ពាក់ព័ន្ធការចាប់ឃុំខ្លួនពលរដ្ឋ២នាក់ដោយខុសច្បាប់ នៅស្រុកស្វាយលើ ខេត្តសៀមរាប។ ប៉ុន្តែលោក នី ចរិយា បានលើកឡើងថា ដិការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងនោះមិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។
-
សហជីពគ្រោងពិភាក្សាស្វែងរកយុទ្ធសាស្ត្រថ្មីលើប្រាក់ឈ្នួលកម្មករនៅសប្ដាហ៍បន្ទាប់
ក្រុមសហជីពដែលមិនទាន់ពេញចិត្តលើការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករទាបនោះ យល់ថា តួលេខប្រាក់ឈ្នួល ១៤០ដុល្លារនៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរឡើយ។ ទន្ទឹមគ្នានេះ ទាំងក្រុមសហជីព ទាំងកម្មករ គ្រោងនឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រថ្មីលើប្រាក់ឈ្នួលកម្មករនៅដើមសប្ដាហ៍ក្រោយ។ សហជីពមួយចំនួននៅតែមិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករក្នុងមួយខែ ១៤០ដុល្លារនោះទេ។ មន្ត្រីសហជីពអះអាងថា កិច្ចពិភាក្សានៅដើមសប្ដាហ៍ក្រោយ ក្នុងបំណងស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញឲ្យមានការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនកម្មករ។ ការលើកឡើងរបស់ក្រុមសហជីពនៅពេលនេះ ធ្វើឡើងក្រោយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ខែកម្មករកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ សរុបចំនួន ១៤០ដុល្លារកាលពីថ្ងៃទី៨ តុលា កន្លងទៅ។
-
គ.ជ.ប អនុញ្ញាតឲ្យព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសិទ្ធិចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៏មានថា ព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងត្រូវអនុញ្ញាតចុះឈ្មោះ និងនិមន្តបោះឆ្នោត។ ចំពោះព្រះសង្ឃដែលគ្មានអត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃជាអ្នកមានភារកិច្ចផ្តល់ប្រគេនព្រះសង្ឃ។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះដែរ គ.ជ.ប បានទទួលអ្នកជំនាញផ្នែកការចុះឈ្មោះបោះឆ្នោតពីប្រទេសបារាំង១រូប និងជប៉ុន២រូប មកជួយរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យួទ័រនៅទីស្តីការ គ.ជ.ប៕
-
លោក ខៀវ កាញារីទ្ធ ស្នើឲ្យស្ថានីយទូរទស្សន៍ ដាក់បញ្ជូលភាសាសញ្ញាសម្រាប់ជនពិការ
ខណៈដែលស្ថានីយទូរទស្សន៍ឯកជនទាំងអស់ មិនទាន់ផ្ដល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ដល់ជនពិការនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យគ្រប់បណ្ដាស្ថានីយទូរទស្សន៍ទាំងនោះ រៀបចំដាក់បញ្ចូលភាសាសញ្ញាជនពិការ ដើម្បីបង្កភាពងាយស្រួលដល់ជនពិការក្នុងការទទួលយកព័ត៌មានបានច្រើនដូចមនុស្សធម្មតា។នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។ លោក ខៀវ កាញារីទ្ធ បន្ថែមថា លោកនឹងរៀបចំលិខិតដាក់សំណើទៅកាន់ស្ថានីយទូរទស្សន៍ទាំងអស់ ឲ្យរៀបចំដាក់បញ្ចូលភាសាសញ្ញាជនពិការ លើកញ្ចក់ទូរទស្សន៍ទាំងនោះ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់ដល់ជនពិការ ។
-
លោកហ៊ុន សែន៖អ្នកនាំពាក្យត្រូវផ្តល់ព័ត៌មានពិតនិងតម្លាភាព
ការបង្កើតអោយមាន”អ្នកនាំពាក្យ”នៅតាមក្រសួង ស្ថាប័ននីមួយៗ គឺបានបើកចំហរព័ត៌មានកាន់តែទូលំទូលាយដល់សាធារណៈជន ក៏ដូចជាសារព័ត៌មានជាតិនិងអន្តរជាតិ ដែលមានចម្ងល់និងចង់ស្វែងយល់អំពីការវិវឌ្ឍន៍រីកចម្រើន នៅក្រោមការដឹកនាំ និងទទួលខុសត្រូវរបស់មន្ត្រីទាំងឡាយ។ ទន្ទឹមនឹងមាន”អ្នកនាំពាក្យ” ជាផ្លូវការរួចហើយ គឺត្រូវផ្តល់ព័ត៌មានអោយបានពិតប្រាកដ ច្បាស់លាស់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់បំផុត។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេកប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕
-
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអាដហុកថានឹងចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការ
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា ថាលោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះរបស់តុលាការ។ ការឆ្លើយតបបែបនេះ បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ ចេញដីកាបង្គាប់ឲ្យ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនបំភ្លឺនៅថ្ងៃទី២១ ខែតុលា ខាងមុខ។ ដីកាដដែល បានដកស្រង់ការធ្វើសន្និសីទកាសែតរបស់ លោក នី ចរិយា ចំនួនពីរដង ដែលត្រូវចោទថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ និងដាក់សម្ពាធលើយុត្តាធិការ ឬដាក់សម្ពាធលើតុលាការ។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា និយាយថា លោកឯកភាពនឹងនីតិវិធីរបស់ចៅក្រមដែលចេញដីកាកោះរូបលោក ប៉ុន្តែលោកថា លោកមានការខកចិត្តចំពោះការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាសន្និដ្ឋានថា រូបលោកជាប់ប្រព្រឹត្តបទល្មើស ថាផ្សព្វផ្សាយព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ និងដាក់សម្ពាធលើយុត្តាធិការ ឬដាក់សម្ពាធលើតុលាការ៖ «ខ្ញុំនឹងចូលបំភ្លឺនៅតុលាការ ខ្ញុំគិតថា រឿងចាប់ខ្លួន ឬមិនចាប់ខ្លួន មិនមែនជាឧបសគ្គរបស់អ្នកការពារសិទ្ធិមនុស្សទេ»។
-
លោក ហ៊ុន សែន ប្រកាសឲ្យកំណត់ប្រាក់ឈ្នួលកម្មកររោងចក្រ១៤០ដុល្លារសម្រាប់ឆ្នាំក្រោយ
គណៈកម្មការប្រឹក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំមួយសម្រេចលើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវាយនភ័ណ្ឌសម្លៀកបំពាក់និងផលិតផលស្បែកជើងឆ្នាំ២០១៦ ដោយការបោះឆ្នោតយកប្រាក់ឈ្នួល១៣៥ដុល្លារ មានសំឡេងភាគច្រើន។ លទ្ធផលនៃការបោះឆ្នោតនៅម៉ោងជាង១១ព្រឹកនេះ សំឡេងដល់ទៅ២៤ក្នុងចំណោម២៨សំឡេង ដែលបានបោះយកតួលេខ១៣៥ដុល្លារ។ ក្នុងនោះមាន២សំឡេងបោះយក១៦០ដុល្លារនិងអនុប្បវាទ២។ ក្នុងការបោះឆ្នោតនោះមានតំណាងពីភាគីរដ្ឋាភិបាល១៤រូប សហជីព៧រូប និងតំណាងនិយោជក៧រូប។ ក្រោយពីការបោះឆ្នោតហើយ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានប្រកាសថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បន្ថែមប្រាក់៥ដុល្លារទៀត បង្រ្គប់ចំនួន១៤០ដុល្លារ។
-
កម្ពុជានឹងទទួលជនភៀសខ្លួនពីរនាក់ទៀតពីកោះណូរូ
ភ្នំពេញ—ប្រទេសកម្ពុជាអាចនឹងទទួលជនភៀសខ្លួនលើទី២ពីកោះណូរូ (Nauru) ប្រទេសអូស្ត្រាលីនាពេលខាងមុខនេះ។ ជនភៀសខ្លួនពីរនាក់នេះគឺជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។ កម្ពុជានឹងទទួលជនភៀសខ្លួន២រូបទៀតដែលត្រូវជាប់លើកោះណូរូ (Nauru) ប្រទេសអូស្ត្រាលី ហើយមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នាពេលខ្លីខាងមុខ ខណៈពេលដែលជនភៀសខ្លួនក្រុមទីមួយ ដែលមកពីកោះនេះដល់កម្ពុជានោះ កំពុងត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួន និងកំពុងធ្វើសមាហរណកម្មទៅក្នុងសង្គមខ្មែរ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីកម្ពុជា។
-
គ.ជ.ប អនុញ្ញាតឲ្យព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណមានសិទ្ធិចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ ៖ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់កោះសន្តិភាពថា ព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវអនុញ្ញាតចុះឈ្មោះ និងនិមន្តបោះឆ្នោត។ តែចំពោះព្រះសង្ឃដែលគ្មានអត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃជាអ្នកមានភារកិច្ចផ្តល់ប្រគេនលោក។ នៅថ្ងៃទី០១ វិច្ឆិកា ខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះសាកល្បងតាមប្រព័ន្ធកុំព្យូទ័រទាំងពលរដ្ឋ និងព្រះសង្ឃទាំងប្រទេសតាមការគ្រោងទុក។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះដែរ គ.ជ.ប បានទទួលអ្នកជំនាញផ្នែកការចុះឈ្មោះបោះឆ្នោតពីប្រទេសបារាំង១រូប និងជប៉ុន២រូប មកជួយរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យួទ័រនៅទីស្តីការគ.ជ.ប។
-
សង្គមស៊ីវិលផ្ដល់អនុសាសន៍ឲ្យកែសម្រួលច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។ មុនពេលការបោះឆ្នោតមកដល់ សង្គមស៊ីវិលអំពាវនាវឲ្យកែសម្រួលចំណុចមួយចំនួន នៅក្នុងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ សង្គមស៊ីវិលយល់ថា អនុវត្តនូវអនុសាសន៍ទាំងនេះ នឹងអាចជួយធានាដល់ការបោះឆ្នោតនាពេលខាងមុខ អាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អឺរ៉ា (ERA) រៀបចំការពិភាក្សាមួយដែលមានការចូលរួមពីសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងក្រុមអ្នកច្បាប់ ដើម្បីជជែកពីវិសោធនកម្មនៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ កិច្ចពិភាក្សានេះ រកឃើញនូវចំណុចរួមមួយចំនួន ដែលភាគីពាក់ព័ន្ធផ្ដល់ជាអនុសាសន៍ក្នុងការធានាថា ការធ្វើវិសោធនកម្មច្បាប់នេះ អាចផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។
-
ពលរដ្ឋជាង៥០នាក់លើកគ្នាតវ៉ាសុំឱ្យអភិបាលខេត្តដោះលែងស្ត្រីម្នាក់ជាតំណាងសកម្មជនដីធ្លីនៅស្រុកអង្គរធំ
ខេត្តសៀមរាប ៖ ក្រុមប្រជាពលរដ្ឋប្រមាណជាង៥០នាក់ មកពីភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ កាលពីព្រឹកថ្ងៃទី៨ តុលា ២០១៥ នេះ បានលើកគ្នាមកតវ៉ាទាមទារឱ្យលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដោះលែងស្ត្រីម្នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីកាប់រានដីព្រៃរបស់រដ្ឋ កាលពីថ្ងៃទី០៦ តុលា ស្ថិតនៅចំណុចភូមិឆ្កែកូន ឃុំពាក់ស្នែង ស្រុកអង្គរធំ ។ ប្រភពបានឱ្យដឹងថា ស្ត្រីដែលឃាត់ខ្លួនឈ្មោះកី ប៉ិប អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ។ រហូតមកទល់ថ្ងៃទី០៨ តុលា នេះ អាជ្ញាធរខេត្តមិនទាន់មានវិធានការយ៉ាងណានោះទេ តែអាជ្ញាធរខេត្តបានហៅក្រុមអ្នកតវ៉ាទាំងនោះ ឱ្យចូលទៅពិភាក្សាគ្នានៅក្នុងរដ្ឋបាលសាលាខេត្តសៀមរាប ដើម្បីរកដំណោះស្រាយណាមួយសមរម្យជូនពួកគាត់ ។
-
សហជីពខ្លះមិនពេញចិត្តចំពោះការដំឡើងប្រាក់ខែកម្មករ១៤០ដុល្លារ
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ខែកម្មករសម្រាប់ឆ្នាំ២០១៦ ចំនួន ១៣៥ដុល្លារ ហើយរដ្ឋាភិបាលផ្ដល់ឲ្យ ៥ដុល្លារថែមទៀត សរុបបានចំនួន ១៤០ដុល្លារ។ ប្រាក់ខែថ្មីនោះ គឺក្រុមសហជីពយល់ថា នៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរបាននៅឡើយ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការដំឡើងប្រាក់ឈ្នួលកម្មករ នៅក្រសួងការងារ កាលពីព្រឹកថ្ងៃទី៨ តុលា ដោយមានការចូលរួមពីខាងនិយោជក សហជីព និងមន្ត្រីរដ្ឋាភិបាល។
-
ជនជាតិដើមភាគតិចដែលចេញមុខការពារតំបន់អារ៉ែងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅថ្ងៃពុធនេះ បានសម្រេចបញ្ជូន លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំងនិងតែងតែចេញមុខការពារតំបន់អារ៉ែង ទៅពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ ភរិយាលោក វ៉ែន វ៉ន អ្នកស្រី ម៉ន សុម៉ុន អាយុ៣៣ឆ្នាំ ប្រាប់វីអូឌី(VOD)ថាប្តីរបស់អ្នកស្រីត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារនៅម៉ោងប្រមាណ១២និង២០នាទីថ្ងៃត្រង់ ដោយចោទពីបទកាប់ឈើខុសច្បាប់និងបំបាត់ភស្តុតាង។ អ្នកស្រីចាត់ទុកថានេះជារឿងអយុត្តិធម៌មួយ ដោយថាអាជ្ញាធរចង់ដាក់កំហុសលើប្តីរបស់អ្នកស្រី។ អ្នកស្រីមានប្រសាសន៍ថា៖ “គេចង់បំបាក់ស្មារតីប្តីខ្ញុំ កុំឲ្យគាត់តវ៉ាជាមួយគេទៀត។ គាត់ជាសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រជាជន ហើយគាត់ចេញមុខការពារប្រជាជន និងការពារទំនប់អីហ្នឹងប្រឆាំងនឹងចិន។ អញ្ចឹងគេថាគាត់មិនធ្វើការរលូនជាមួយឃុំអីហ្នឹង គេដាក់កំហុសលើរូបគាត់”។