កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមមួយក្រុមថ្មីទៀតស្ម័គ្រចិត្តវិលទៅស្រុកកំណើតវិញ
ជនភៀសខ្លួនម៉ុងតាញ៉ា មួយក្រុមថ្មីទៀត មានគ្នា ២៤នាក់ ដែលរត់ចេញពីប្រទេសវៀតណាម មកសុំសិទ្ធិជ្រកកោននៅកម្ពុជា បានស្ម័គ្រចិត្តត្រឡប់ទៅភូមិកំណើតវិញ បន្ទាប់ពីនាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បដិសេធមិនចុះឈ្មោះពួកគេក្នុងបញ្ជីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ នាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អមដំណើរជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ២៤នាក់ ពីក្រុងភ្នំពេញ ឆ្ពោះមកខេត្តរតនគិរី នៅថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមនោះបានស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញ។ នេះគឺជាក្រុមម៉ុងតាញ៉ាទីពីរដែលស្ម័គ្រចិត្តចាកចេញពីភ្នំពេញ បន្ទាប់ពីក្រុមម៉ុងតាញ៉ា មួយក្រុមមានគ្នា ១២នាក់ បានស្ម័គ្រចិត្តចាកចេញពីភ្នំពេញ កាលពីខែកក្កដា។
-
សង្គមស៊ីវិលនិងគណបក្សទើបបង្កើតថ្មីស្នើឲ្យរក្សារយៈពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅដដែល
សង្គមស៊ីវិលធ្វើការងារលើការបោះឆ្នោតនិងគណបក្សទើបបង្កើតថ្មីស្នើឲ្យគណបក្សមានអាសនៈនៅក្នុ្ងងរដ្ឋសភារក្សាចំនួនថ្ងៃឃោសនាបោះឆ្នោតនិងអនុញ្ញាតឲ្យមានការហែក្បួនឃោសនាឆ្លងឃុំសង្កាត់បានដូចអាណត្តិមុនៗ ស្របពេលគណបក្សជាប់ឆ្នោតទាំងពីរកំពុងពិភាក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ក្នុងកិច្ចកិច្ចពិភាក្សាតុមូលស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅព្រឹកថ្ងៃពុធនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបត្រូវបានបង្កើតថ្មី លោក យ៉េង វីរៈ មានប្រសាសន៍ថា លោកចង់ឲ្យគណបក្សទាំងពីរក្សាចំនួនថ្ងៃឃោសនាបោះឆ្នោតឲ្យនៅរយៈពេល១៥ថ្ងៃដដែល។ លោកបន្តថាលោកក៏ស្នើឲ្យបក្សជាប់ឆ្នោតទាំងពីរអនុញ្ញាតឲ្យមានការហែក្បួនឃោសនាបោះឆ្នោតឃុំ សង្កាត់ដូចអាណត្តិមុនៗ។ លោកបន្ថែមថាតាមការសង្កេតរបស់លោក ការបោះឆ្នោតឃុំ សង្កាត់អាណត្តិមុនៗ មិនមានបញ្ហាអ្វីកើតឡើងទាក់ទងនឹងការហែក្បួនឃោសនាឆ្លងឃុំ សង្កាត់ ក្នុងរយៈពេល១៥ថ្ងៃនោះទេ។ លោកយល់ថាការកំណត់ចំនួនថ្ងៃកាន់តែតិចនិងកំហិតមិនឲ្យមានការហែក្បួនឃោសនាឆ្លងឃុំ សង្កាត់ ធ្វើឲ្យគណបក្សតូចៗដែលមិនសូវមានធនធានមិនអាចមានពេលគ្រប់គ្រាន់សម្រាប់បង្ហាញសារនយោបាយរបស់ខ្លួនទៅកាន់ម្ចាស់ឆ្នោត។
-
កម្មករព្រមានធ្វើកូដកម្មបើមិនបានប្រាក់ឈ្នួល១៦០ដុល្លារ
មួយថ្ងៃមុនការកំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៦មកដល់នៅថ្ងៃទី០៨តុលាស្អែកកម្មករ-កម្មការិនីធ្វើការនៅក្នុងរោងចក្រសួនឧស្សាហកម្មកាណាឌីយ៉ាបានជួបជុំសម្ដែងមតិនៅថ្ងៃទី០៧តុលានេះ។ ការជួបជុំនេះគឺសារបង្ហាញទៅរដ្ឋាភិបាលនិងថៅកែរោងចក្រថា ពួកគេមិនពេញចិត្តជាមួយតួលេខទឹកប្រាក់ដែលគ្រោងនឹងផ្ដល់ឲ្យ។ កម្មករថែមទាំងបានព្រមានទៀតថា ពួកគេនឹងធ្វើកូដកម្មប្រសិនមិនបានប្រាក់ឈ្នួល១៦០ដុល្លារ។
-
តុលាការបន្តសវនាការជំនុំជម្រះលើអតីតសមាជិកព្រឹទ្ធសភា ពាក់ព័ន្ធនឹងការប្រើឯកសារក្លែងក្លាយ
សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃពុធនេះ បន្តសវនាការជំនុំជម្រះ ករណីសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើឯកសារក្លែងក្លាយ។ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងជិត២រៀលនេះ ដើម្បីជំនុំជម្រះក្តីពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកប្រើប្រាស់ឯកសារក្លែងក្លាយលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
-
គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោតសាកល្បង ពីថ្ងៃទី០១-១៥ ខែវិច្ឆិកានឹងមានប្រជាពលរដ្ឋ ៣ម៉ឺននាក់
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការចុះឈ្មោះបោះឆ្នោតសាកល្បង ឆ្នាំ២០១៥ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងមានប្រជាពលរដ្ឋ ៣២.៥២៨នាក់ ក្នុងនោះមានស្ត្រី ១៦.៨៥៧នាក់ ។ ដំណើរការចុះឈ្មោះបោះឆ្នោតសាកល្បង នឹងត្រូវធ្វើឡើង នៅឃុំសង្កាត់ចំនួន ២៥ ក្នុង ២៥ ខេត្តរាជធានី ទូទាំងប្រទេស។
-
បារាំងបញ្ជូនអ្នកជំនាញព័ត៌មានវិទ្យាមកជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ស្ថានទូតបារាំង ប្រចាំកម្ពុជា បញ្ជូនជំនាញការផ្នែកព័ត៌មានវិទ្យា លោក ហាមឺឌី (Hamidi) មកធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់រយៈពេលមួយសប្ដាហ៍ក្នុងខែតុលា នេះ។ លោក ហាមឺឌី នឹងធ្វើការជាមួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីទប់ស្កាត់ការចុះឈ្មោះឲ្យអ្នកដែលមិនមានសិទ្ធិចុះឈ្មោះបោះឆ្នោត ទប់ស្កាត់ការចុះឈ្មោះស្ទួន និងធានាឲ្យអ្នកមានសិទ្ធិបោះឆ្នោតមានលទ្ធភាពចុះឈ្មោះបោះឆ្នោត។ ថ្លែងនៅក្នុងជំនួបជាមួយតំណាងស្ថានទូតបារាំង និងសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់ថា បញ្ជីបោះឆ្នោតត្រូវមានតម្លាភាព គុណភាព និងសុវត្ថិភាពនៃទិន្នន័យអ្នកបោះឆ្នោត ដែលចំណុចទាំងនេះត្រូវរៀបចំគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
-
សង្គមស៊ីវិល៖ សេរីភាពបញ្ចេញមតិដោយសន្តិវិធីនៅកម្ពុជាបន្តរួមតូច
អ្នកមានជម្លោះដីធ្លីជិត២០០០នាក់ មកពីរាជធានី-ខេត្ត បានជួបជុំគ្នា ធ្វើយុទ្ធនាការក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងការបណ្តេញចេញ ក្នុងទិវាសិទ្ធិលំនៅឋានអន្តរជាតិ នាថ្ងៃចន្ទនេះតាមការគ្រោងទុក បើទោះបីអាជ្ញាធរបានដាក់ពង្រាយកម្លាំងបិទផ្លូវមួយចំនួនដើម្បីរារាំងក៏ដោយ។ តាមអ្នករៀបចំកម្មវិធីអះអាងថា អ្នកមានជម្លោះដីធ្លីទាំងនោះ មកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ មកពីខេត្តកោះកុង កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តមួយចំនួនទៀត។ អ្នកចូលរួមប្រារព្ធពិធី បានធ្វើផ្ទះពីក្រដាសពាក់លើក្បាលស្ទើគ្រប់គ្នា ដើរហែក្បូនពីអតីតសហគមន៍ដីក្រហម ដែលជាតំបន់អាជ្ញាធរបណ្តេញចេញ កាលពីជិត១០ឆ្នាំមុន ឆ្ពោះមកកាន់មុខមន្ទីររដ្ឋសភា ដោយស្រែកតាមឧបករណ៍បំពង់សំឡេងថា “បញ្ឈប់ការបណ្តេញចេញ ការរំលោភសិទ្ធិលំនៅឋាន ជាការរំលោភសិទ្ធិមនុស្ស”ជាដើម។ អ្នកចូលរួមទិវានេះ ខ្លះបានទ្រហោយំមុខមន្ទីរដ្ឋសភា និងខ្លះទៀតអំពាវនាវឲ្យរដ្ឋាភិបាល ពិនិត្យមើលពីយន្តការធ្វើកំណែទម្រង់ដីធ្លីឡើងវិញ ដោយក្រុមអ្នកតវ៉ាអះអាងថា អ្នកមានអំណាចដែលបានរំលោភយកដីនៅតែបន្តរស់នៅក្រៅច្បាប់ រីឯពលរដ្ឋក្រីក្រម្ចាស់ដីនៅតែបន្តបណ្តេញចេញពីផ្ទះសម្បែង។
-
ក្រុមការងារត្រីភាគីនឹងជួបគ្នាបន្តនៅថ្ងៃ៨តុលាដើម្បីកំណត់តម្លើងប្រាក់ខែរួម
កិច្ចប្រជុំត្រីភាគីស្ដីពីប្រាក់ឈ្នួលអប្បរមារបស់និយោជិតនឹងបន្តនៅថ្ងៃទី០៨តុលាខាងមុខទៀតដើម្បីកំណត់តម្លើងប្រាក់ខែរួមសម្រាប់ឆ្នាំ២០១។ ជំហររបស់សហជីព និង និយោជក រដ្ឋាភិបាល នៅប្រគៀកប្រកិតគ្នា ពោលគឺសហជីពព្រមបន្ទាបតម្លៃមកនូវ១៦០ដុល្លារ ហើយរដ្ឋាភិបាល ១៣៥ ដុល្លារ និងយោជកមកនូវតម្លៃ១៣៣.១ដុល្លារ។ កិច្ចប្រជុំត្រីភាគីស្ដីពីការដំឡើងប្រាក់ខែជូនកម្មករនៅមិនទាន់បញ្ចប់ទេដោយភាគីទាំងអស់ឯកភាពថា នឹងជួបគ្នាបន្តថ្ងៃទី០៨តុលាខាងមុននេះទៀត។ ជំនួបនៅថ្ងៃចន្ទទី០៦ខែតុលានេះគ្រាន់តែជាការបង្ហាញជំហរលើប្រាក់ខែរៀងៗខ្លួនប៉ុណ្ណោះ។ សហជីពបានបញ្ចុះតម្លៃពី១៦៨ដុល្លារមកនូវ១៦០ រដ្ឋាភិបាលហ៊ានឲ្យ១៣៥ដុល្លារនិងចុងក្រោយគឺភាគីនិយោជកមកនៅត្រឹម១៣៣ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក អាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
-
សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីដាក់ញត្តិសុំដកតំណែងអភិបាលខេត្
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង មកពីស្រុក និងក្រុងចំនួន៥ ក្នុងខេត្តមណ្ឌលគិរី ទាមទារឲ្យស្ថាប័នកំពូលៗថ្នាក់ជាតិ ដកហូតតំណែងអភិបាលខេត្ត ដោយសារតែអ្នកភូមិអះអាងថា មន្ត្រីដឹកនាំខេត្តរូបនេះ ប្រើអំណាចដឹកនាំមន្ត្រីមូលដ្ឋានឲ្យរំលោភសិទ្ធិជនជាតិដើមភាគតិច។ តំណាងសហគមន៍ព្នង ចំនួន ៥នាក់មកពីខេត្តមណ្ឌលគិរី បាននាំយកញត្តិមានស្នាមមេដៃប្រជាពលរដ្ឋជនជាតិដើមភាគតិចជិត ៩០០នាក់ ជូនស្ថាប័នសំខាន់ៗមួយចំនួន ដើម្បីទាមទារដកអភិបាលខេត្តមណ្ឌលគិរី ពីតំណែង។ ស្ថាប័នទាំងនោះរួមមាន រដ្ឋសភា ព្រឹទ្ធសភា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សុំឲ្យស្ថាប័នទាំងអស់នោះ ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់ជនជាតិដើមភាគតិច ដែលកំពុងរងការរំលោភសិទ្ធិមនុស្ស និងមានការរើសអើងពួកគាត់។
-
សហជីពបារម្ភពីការផ្ទុះបាតុកម្ម បើនិយោជកដំឡើងប្រាក់ឈ្នួលត្រឹមតែ៥ដុល្លារ
សហជីពធំមួយដាក់ការព្រួយបារម្ភថាបាតុកម្មទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើង បើភាគីថៅកែរោងចក្រ នៅតែប្រកាន់ជំហរដំឡើងប្រាក់ឈ្នួលឲ្យកម្មករសម្រាប់ឆ្នាំ២០១៦ បានត្រឹមតែ៥ដុល្លារបន្ថែមនោះ។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សាប្រាក់ឈ្នួលជាមួយភាគីថៅកែរោងចក្រ នៅថ្ងៃទី៦ខែតុលានេះថាភាគីរោងចក្រសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករប្រមាណ៥ដុល្លារ។ ចំនួននេះ បើបូកនឹងប្រាក់ឈ្នួលកម្មករដែលមានស្រាប់ បានកើនដល់១៣៣ដុល្លារ ខណៈដែលសហជីពទាមទារ១៦០ដុល្លារ។ លោក អាត់ ធន់ ឲ្យដឹងទៀតថាបើភាគីនិយោជកមិនព្រមដំឡើងឲ្យជិតដល់ចំនួនដែលសហជីពស្នើនោះទេ លោកថាបាតុកម្មអាចនឹងកើតឡើង ដោយសារតែប្រាក់ឈ្នួលគោលទាប ធ្វើឲ្យកម្មករនៅតែបន្តការលំបាកនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
-
រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវសុំច្បាប់ និងបំពេញតាមស្តង់ដារ
ភ្នំពេញៈ រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយនឹងការព្រមានចាត់វិធានការតាមច្បាប់ក្នុងករណីលួចលាក់ខណៈដែលគេរកឃើញថាមានមណ្ឌលរាប់រយត្រូវបានបង្កើតឡើងគ្រាន់តែជាមុខរបរដើម្បីរកលុយពីម្ចាស់ជំនួយ។ បញ្ញតិ្តមួយដែលចែងនៅក្នុងអនុក្រឹត្យដែលចេញកាលពីខែកញ្ញាបានកំណត់ឲ្យមណ្ឌលគ្មានច្បាប់ត្រូវចុះឈ្មោះក្នុងរយៈពេល ៦ ខែ។ អនុក្រឹត្យ «ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែកញ្ញាមាន ៩ ជំពូក និង ២០ មាត្រាគឺចែងពីសមត្ថកិច្ចគ្រប់គ្រងការអនុញ្ញាតឲ្យដំណើរការមណ្ឌលកាតព្វកិច្ចមណ្ឌលប្រភេទកុមារដែលមានសិទ្ធិស្នាក់នៅមណ្ឌល ឬបញ្ឈប់ការស្នាក់នៅការដោះស្រាយវិវាទ និងទណ្ឌកម្មជាដើម។
-
គ្រូបង្រៀនទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់១៥០០០០០រៀល
ក្រុមគ្រូបង្រៀនដែលអះអាងថាតំណាងឲ្យ២៣ខេត្ត រាជធានី ទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ខែយ៉ាងតិច១៥០០០០០រៀល ដោយអះអាងថាដើម្បីលើកម្ពស់អំណាចគ្រូបង្រៀននិងគុណភាពអប់រំនៅកម្ពុជាឲ្យប្រសើរជាងមុន។ ការទាមទារនេះធ្វើឡើងនៅក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃទី៥ ខែតុលា នេះដែលមានគ្រូបង្រៀនប្រមាណ៣០០នាក់នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មកពីស្ទើរគ្រប់ខេត្ត រាជធានី ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មកពីខេត្តកំពង់ឆ្នាំង លោក ជួន ចាំ ឡើងថ្លែងលើវេទិកាថាការដែលពួកគាត់ប្រារព្ធទិវាគ្រូបង្រៀននេះ ដើម្បីក្រើនរំឭករដ្ឋាភិបាលឲ្យដឹងថាបច្ចុប្បន្នគ្រូបង្រៀនជួបការលំបាកខ្លាំងប្រឈមនឹងការខ្វះថវិកា។ លោកបន្តថារដ្ឋាភិបាលគួរយកចិត្តទុកដាក់ដល់គ្រូបង្រៀន ដោយផ្តល់ប្រាក់បៀវត្សសមរម្យ ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូឲ្យខំបង្រៀនសិស្សបន្ថែមទៀត៖ “ប្រាក់ខែដែលតិច ចាយមិនគ្រប់ គុណភាពថ្នាក់សិស្សជាទុក្ខលំបាករបស់គ្រូបង្រៀន ដែលសិស្សានុសិស្សប្រលងធ្លាក់ច្រើន ធ្វើឲ្យគ្រូលំបាកចិត្ត។ ធម្មតាគ្រូបង្រៀនជាអាណាព្យាបាលទី២ អាណាព្យាបាលណាចង់ឲ្យកូនអាក្រក់ គឺចង់ឲ្យកូនល្អ ចង់ឲ្យជាប់ក៏ប៉ុន្តែប្រាក់ខែតិចធ្វើឲ្យគ្រូគ្មានពេលវេលាស្រាវជ្រាវ ខិតខំរកស៊ីក្រៅ ជួយប្រពន្ធកូន។ អ៊ីចឹងយើងគ្មានពេលវេលាស្រាវជ្រាវរកវិធីសាស្ត្របង្រៀនល្អៗជូនដល់សិស្សានុសិស្សទេ”។
-
ពលរដ្ឋមកពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលដង្ហែញត្តិទៅដាក់ជូនរដ្ឋសភា
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលជាង១០០នាក់ ព្រមទាំងមានអ្នកចូលរួមជាង៥០០នាក់ បានជួបជុំគ្នាក្បែរស្ថានទូតរុស្ស៊ី ស្ថិតនៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។ ប្រភពបន្តថា ដោយថ្ងៃទី៥ តុលា នេះ ជាថ្ងៃទិវាប្រារព្ធលំនៅឋានពិភពលោកលើកទី៣០នោះ ប្រជាសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិល បានជួបជុំគ្នាដង្ហែញត្តិយកទៅដាក់ជូនរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងគោរពសិទ្ធិលំនៅឋានរបស់ពលរដ្ឋផងដែរ ៕
-
តើអ្នកគាំទ្រឱ្យកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែរឫទេ?
ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នា សម្តៅលើបុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា ប្រាថ្នាចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនមានតែនៅក្នុងសង្គមបរទេសផ្សេងៗនោះទេ នៅក្នុងសង្គមកម្ពុជាក៏មានខ្លះដែរ ប៉ុន្តែបញ្ហាប្រឈមខ្លាំងបំផុតនៃស្នេហាបែបអាថ៌កំបាំងភេទដូចគ្នានេះ តែងមានការបន្តុះបង្អាប់រិៈគន់ សង្គមមនុស្សមិនសូវឱ្យតម្លៃ ចោទថាខុសទំនៀមទម្លាប់ប្រពៃណីជាដើម។ ទន្ទឹមគ្នានេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ចង់ឱ្យកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីបំពេញបំណងប្រាថ្នាស្នេហាភេទដូចគ្នាដែលមាននិស្ស័យពីធម្មជាតិ ព្រមទាំងការពារពួកគេពីការរិៈគន់ផ្សេងៗ។
-
ពលរដ្ឋជិត១០០សហគមន៍ឡើងមកភ្នំពេញជួបជុំដាក់ញត្តិរកដំណោះស្រាយដីធ្លី
ពលរដ្ឋមកពីសហគមន៍ជិត១០០នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្តបានជួបជុំគ្នានៅព្រឹកថ្ងៃចន្ទទី០៥តុលានេះ បំណងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធដើម្បីជួយរកដំណោះស្រាយដីធ្លីជូនពួកគាត់ ក្នុងឱកាសទិវាសិទ្ធលំនៅដ្ឋានពិភពលោក។ ពលរដ្ឋជាច្រើនរយនាក់ដែលបានឡើងមកភ្នំពេញសុទ្ធតែអះអាងថា ពួកគាត់គឺជាជនរងគ្រោះពីការរំលោភបំពានដីធ្លីពីក្រុមហ៊ុនដោយគ្មានទទួលបានសំណងជាមួយនិងការបណ្ដេញចេញ។ រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ និង ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាគោលដៅដែលពលរដ្ឋមកពីសហគមន៍នានាមានបំណងយកញត្តិទៅប្រគល់ជូនដើម្បីឲ្យស្ថាប័នទាំងនេះរកដំណោះស្រាយជូនពួកគាត់។ ខ្លឹមសារតែមួយដែលមានចារនៅក្នុងញត្តិត្រូវបានតំណាងសហគមន៍ដាក់ទៅកាន់រដ្ឋសភាមុនគេ។
-
ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ជនរងគ្រោះទំនាស់ដីធ្លីត្អូញត្អែរអំពីទុក្ខលំបាក
ភ្នំពេញ—សំឡេងត្អូញត្អែរ និងសម្រែករបស់ជនរងគ្រោះដោយការបណ្តេញចេញពីដីធ្លី និងផ្ទះសម្បែងទាំងបង្ខំ និងជនរងគ្រោះទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជា ត្រូវបានបន្លឺឡើងសារជាថ្មី នាមុខវិមានរដ្ឋសភាកាលព្រឹកថ្ងៃច័ន្ទនេះ។ យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។ ជនរងគ្រោះភាគច្រើនបានសម្តែងពីកង្វល់ និងទុក្ខលំបាករបស់ខ្លួនបន្ទាប់ពីត្រូវបានគេបណ្តេញចេញដោយបង្ខំ ហើយពួកគេបានស្នើឲ្យរដ្ឋសភា និងក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់គាត់ និងបញ្ឈប់ការបណ្តេញចេញក្នុងប្រទេសកម្ពុជា។
-
ពលរដ្ឋ១២គ្រួសារនៅខេត្តក្រចេះបារម្ភខ្លាចបាត់បង់ដីធ្លីអាស្រ័យផល
ពលរដ្ឋ ១២គ្រួសាររស់នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បារម្ភពីការរំលោភដីធ្លីអាស្រ័យផលដោយមនុស្សមួយក្រុម ដែលអ្នកមានអំណាចនៅពីក្រោយខ្នង។ ការបារម្ភនេះ កើតឡើងស្របពេលដីធ្លីអាស្រ័យផលអ្នកភូមិចំនួន ១២គ្រួសារ ធ្លាប់គ្រប់គ្រងជាច្រើនឆ្នាំមកហើយ ត្រូវបានអ្នកមានអំណាចមកដាំដំណាំ និងបាញ់ថ្នាំកំណត់ព្រំដី ដោយសំអាងថា ជាដីរបស់ខ្លួន។ ពលរដ្ឋរស់នៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ករណីអ្នកមានអំណាចរំលោភយកដីពួកគាត់ ១២គ្រួសារ។ តំណាងពលរដ្ឋ លោក ទេស ឆុន ចោទប្រកាន់ថា បុរសឈ្មោះ រស់ ថា មានមហិច្ឆតារំលោភយកដីធ្លីអាស្រ័យផលពលរដ្ឋចំនួន ៣៩ហិកតារ ឋិតនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។ លោកថា បុរសឈ្មោះ រស់ ថា ព្រមទាំងបក្ខពួកមួយចំនួនទៀត មានខ្នងបង្អែកងារជាឯកឧត្តមឈ្មោះ វ៉ា សារឿន នៅពីក្រោយខ្នងនៃសកម្មភាពរំលោភយកដីពលរដ្ឋ ហើយបានលួចដាំដំណាំលើដីពលរដ្ឋ និងបាញ់ថ្នាំក្រហមកំណត់ព្រំដីជាក់ស្តែង ថាជាដីរបស់ខ្លួន។ លោកបញ្ជាក់ថា បុរសឈ្មោះ រស់ ថា ក៏បានដាក់ពាក្យប្ដឹងពលរដ្ឋទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដោយចោទពលរដ្ឋវិញថា មកអាស្រ័យផលលើដីរបស់ខ្លួនទៅវិញកាលពីដើមឆ្នាំ២០១៥។ លោកកត់សម្គាល់ថា ដីធ្លីអាស្រ័យផលប្រភេទជាដីចម្ការ ដែលពលរដ្ឋចំនួន ១២គ្រួសារ ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ២០០២ ព្រមទាំងមានលិខិតទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានផងដែរ៖ «ដៃស្តាំរបស់ វ៉ា សារឿន ហ្នឹង រស់ ថា គេថាឯកឧត្តមផ្កាយពីរ។ គាត់ចង់បានដីចម្ការប្រជាជនទាំងអស់ហ្នឹង។ យកអំណាចមកគាបសង្កត់រំលោភយករបស់ប្រជាជនទាំងអស់ អយុត្តិធម៌អត់ត្រឹមត្រូវទេ»។
-
រដ្ឋាភិបាលចេញអនុក្រឹត្យរឹតបន្តឹងមណ្ឌលថែទាំកុមារ
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដើម្បីរៀបចំមណ្ឌលទាំងអស់ឲ្យមានស្តង់ដារនិងបង្ការភាពមិនប្រក្រតីនានាដែលធ្លាប់កើតឡើងកាលពីកន្លងមក។ អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថាអនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងមណ្ឌលថែទាំងកុមារនិងការពារឧត្តមប្រយោជន៍កុមារ។ អនុក្រឹត្យបានតម្រូវឲ្យរូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កើតមណ្ឌលថែទាំកុមារ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលលក្ខខណ្ឌអនុញ្ញាតតម្រូវឲ្យមណ្ឌលមានប្រភពធនធានថវិកា ធនធានមនុស្ស សមត្ថភាពថែទាំ ក្រមសីលធម៌និងមានទីតាំងភូមិសាស្រ្តនៅតំបន់គោលដៅចាំបាច់។ បើតាមអនុក្រឹត្យ មណ្ឌលថែទាំកុមារតម្រូវឲ្យមានសុំណុំឯកសារពាក់ព័ន្ធផ្សេងៗរបស់កុមារ វិធានការ បទបញ្ជាផ្ទៃក្នុងនិងត្រូវធ្វើរបាយការណ៍អំពីករណីរំលោភបំពានលើកុមារនៅក្នុងមណ្ឌលមកក្រសួង មន្ទីរខេត្តក្នុងរយៈពេល៤៨ម៉ោងយ៉ាងយូរ។ អនុក្រឹត្យបញ្ជាក់ថាក្នុងករណីមិនគោរពតាមប្បញ្ញត្តិនៃអនុក្រឹត្យ មណ្ឌលនឹងត្រូវព្រមានលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពបណ្តោះអាសន្ននិងដកហូតលិខិតអនុញ្ញាតជាស្ថាពរ។
-
អាជ្ញាធរខេត្តរតនគិរីដោះស្រាយជម្លោះដីធ្លីរវាងសហគមន៍និងក្រុមហ៊ុនចាងលី
ក្រុមមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរស្រុកអណ្ដូងមាស បានសម្រេចចុះដោះស្រាយការតវ៉ារបស់ពលរដ្ឋជនជាតិដើមភាគតិចភូមិដាល ឃុំញ៉ាង ដែលបានចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ចាង លី ថាបានឈូសឆាយព្រៃស្រោង ព្រៃគោរពបូជា ព្រៃការពារ និងព្រៃកប់សពសហគមន៍។ ចំណែកអ្នកភូមិ បដិសេធមិនទទួលយកការវាស់វែងដីជាលក្ខណៈគ្រួសារឡើយ។ អាជ្ញាធរស្រុកអណ្ដូងមាស បានសម្រេចឲ្យសហគមន៍បោះបង្គោលបង្ហាញតំបន់ព្រៃអភិរក្សរបស់ខ្លួន ដើម្បីអាជ្ញាធរជំនាញចុះវាស់វែងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្ត សម្រេចកាត់ដីនោះជូនប្រជាពលរដ្ឋតាមការទាមទារ ឬយ៉ាងណា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបដិសេធមិនទទួលយកការវាស់វែងដីជាលក្ខណៈគ្រួសារ តាមរយៈក្រុមសមត្ថកិច្ចចម្រុះ មានមន្ត្រីព្រៃឈើ មន្ត្រីភូមិបាល និងអាជ្ញាធរមូលដ្ឋាន បានចុះវាស់វែងដីជូនប្រជាពលរដ្ឋកាលពីចុងខែកញ្ញា។ អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ កត់សម្គាល់ថា កន្លងទៅ ការទាមទាររបស់សហគមន៍មិនបានកំណត់ជាក់លាក់ពីតំបន់ដីដែលអ្នកភូមិតវ៉ា ហេតុនេះក្រុមជំនាញពិបាកស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ទាក់ទិនដីដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនបានរំលោភ។ លោកបន្តថា សមត្ថកិច្ចជំនាញរង់ចាំការសម្រេចជាក់លាក់របស់សហគមន៍ ដែលប្រជុំឯកភាពគ្នាកំណត់ទីតាំងព្រំដីដែលសហគមន៍ទាមទារ ដើម្បីសមត្ថកិច្ចជំនាញវាស់វែងធ្វើពង្រាងផែនទីដី ហើយធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តសម្រេច៖ «ឥឡូវយើងកំពុងធ្វើរួមឲ្យគាត់ហើយ ឲ្យគាត់ចង្អុលមកធ្វើយ៉ាងម៉េច បន្ថែមមកកន្លែងណាដែលថាអារក្ស យើងកាត់ឲ្យគាត់ ឬស្នើសុំយ៉ាងម៉េច? ជំហានទី១ យើងធ្វើតាមសំណូមពរគាត់ឲ្យគាត់កំណត់មក ព្រោះយើងមិនងាយដើរទេព្រៃហ្នឹង»។
-
ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យបញ្ឈប់ការបណ្តេញចេញ
ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ដោយជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹបអូសយកដីមិនផ្តល់សំណងសមរម្យ។ នៅព្រឹកវេលាម៉ោង៧និង៣០នាទីនេះ ប្រជាពលរដ្ឋរួមមានអ្នករងគ្រោះដោយសារដីធ្លី ព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិល សហជីពនិងសមាគម បានប្រមូលផ្តុំគ្នានៅក្បែរស្ថានទូតរុស្ស៊ី។ តាមគម្រោង ពួកគេនឹងដង្ហែក្បួនទៅកាន់រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនិងនគររូបនីយកម្មនិងសំណង់និងសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅ ស្ថាប័នទាំងនោះ។