កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សមាជិកសភា នឹងចូលរួមមហាសន្និបាតសហភាពអន្តរសភាអាយភីយូ
គណៈប្រតិភូរដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំសហភាពអន្តរសភា(IPU)លើកទី១៣១ នៅទីក្រុងហ្សឺណែវប្រទេសស្វីស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៤។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថាគណៈប្រតិភូរដ្ឋសភានឹងត្រូវដឹកនាំដោយលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
-
ពលរដ្ឋខេត្តព្រះវិហារដុតតូបយាមក្រុមហ៊ុនដែលបិទផ្លូវមិនឲ្យពួកគេដើរឆ្លងកាត់
អ្នកភូមិជិត២០០នាក់ នៅស្រុកគូលែន ខេត្ដព្រះវិហារ ដុតកម្ទេចតូបយាមរបស់ក្រុមហ៊ុនសិលាដាម៉ិច ដោយសារក្រុមហ៊ុននេះបិទផ្លូវមិនឲ្យពួកគេដើរឆ្លងកាត់ដីក្រុមហ៊ុនទៅស្រែចម្ការ និងចូលភូមិរបស់ពួកគេ។ ប្រធានសហគមន៍ស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ លោក សែន ឡំ ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា កាលពីម្សិលមិញ អ្នកភូមិរាប់រយនាក់ បានដុតកម្ទេចទីស្នាក់ការយាមមួយខ្នង របស់ក្រុមហ៊ុនសិលាដាម៉ិច ខណៈពួកគាត់តវ៉ាទាមទារឲ្យក្រុមហ៊ុននោះបើកផ្លូវដើរឡើងវិញ ប៉ុន្ដែក្រុមហ៊ុនបដិសេធ។ លោកបន្ដថា ប្រជាពលរដ្ឋជាច្រើនភូមិនៅក្បែរក្រុមហ៊ុននោះ ពិបាកធ្វើដំណើរពេលយប់ព្រលប់ ដោយសារតែក្រុមហ៊ុនបិទផ្លូវ និងតម្រូវឲ្យពួកគាត់ថតរូបធ្វើប័ណ្ណដើរឆ្លងកាត់ បើទោះបីអាជ្ញាធរមិនឯកភាពក្ដី។ ទោះជាយ៉ាងណា លោកថា មិនមានហឹង្សាកើតឡើងនោះទេ គ្រាន់តែរបួសពលរដ្ឋម្នាក់ ដោយសារភ្លើងឆាបឆេះប៉ុណ្ណោះ។
-
ក្រសួងការងារពន្យារពេលប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលគោល
ក្រសួងការងារ ប្រកាសពន្យារពេលក្នុងការប្រជុំពិភាក្សាដើម្បីកំណត់ប្រាក់ឈ្នួលគោល ទៅខែវិច្ឆិកា ឆ្នាំ២០១៤វិញ ដោយអះអាងថា ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់់ សម្រាប់ភាគីពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ០៦ ខែតុលាឲ្យដឹងថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករ ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា នឹងលើកទៅធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤វិញ។ សេចក្ដីប្រាសឲ្យដឹងថា ការលើកពេលប្រជុំពិភាក្សានេះ គឺដើម្បីទុកពេលវេលាសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិភាក្សា និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រាយ ដែលអាចឈានទៅរកការស្រុះស្រួលគ្នា និងអាចទទួលយកបានរវាងភាគីទាំងសងខាង។
-
មេដឹកនាំធ្វើបាតុកម្មប្រឆាំងវៀតណាមត្រូវជនមិនស្គាល់មុខគំរាមសម្លាប់
មេដឹកនាំបាតុកម្ម ដែលជំរុញឲ្យវៀតណាមសុំទោសជាសាធារណៈ រឿងបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់ទឹកដីកម្ពុជាក្រោម បានទម្លាយឲ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា ជនមិនស្គាល់មុខជាតិវៀតណាមកំពុងគំរាមតាមសម្លាប់លោក បើលោកមិនបញ្ឈប់សកម្មភាពដឹកនាំធ្វើបាតុកម្មទេ។ សមាគមខ្មែរកម្ពុជាក្រោម និស្សិត បញ្ញវន្តជាច្រើនរយនាក់ និងព្រះសង្ឃរាប់សិបអង្គ បានធ្វើបាតុកម្ម ដើរហែក្បូនតាមដងផ្លូវម្តងទៀត រយៈពេល៤ថ្ងៃមកនេះ ទាមទារឲ្យប្រទេសវៀតណាមចេញមុខ សារភាពចំពោះមុខប្រជាពលរដ្ឋខ្មែរ នូវអ្វីដែលក្រុមបាតុករខ្មែរថា វៀតណាមកំពុងបំភ្លៃប្រវត្តិសាស្ត្រនៃមហិច្ឆតាលេបទឹកដីកម្ពុជាក្រោម។
-
តុលាការខេត្តកំពង់ឆ្នាំងជំនុំជម្រះលើសំណុំរឿងឃាតកម្មលើអ្នកកាសែតមាគ៌ាកម្ពុជា
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ឆ្នាំង លើកយកសំណុំរឿងឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តទៅលើអ្នកកាសែតមាគ៌ាកម្ពុជា លោក សួន ចាន់ មកជំនុំជម្រះដោយគ្មានវត្តមានជនជាប់ចោទ នៅព្រឹកថ្ងៃទី៧ ខែតុលា។ បន្ទាប់ពីបើកសវនាការសួរដេញដោលជាងពីរម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សាន សុផាត សម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចៅក្រម និងតំណាងអយ្យការ បានបន្តនីតិវិធីដោយចោទសួរសំខាន់តែទៅលើក្រុមគ្រួសារជនរងគ្រោះ ឪពុកម្ដាយជនជាប់ចោទ និងសាក្សីមួយចំនួនទៀត។ ចៅក្រមប្រកាសថា ការអវត្តមានជនជាប់ចោទទាំង ៦នាក់ក្នុងសំណុំរឿងនេះក្នុងបន្ទប់សវនាការ គឺដោយសារពួកគេមានដីកាតាមចាប់ខ្លួន។ នៅអំឡុងពេលនៃដំណើរការសវនាការ កូនរបស់ លោក សួន ចាន់ ដែលជាសាក្សីដាក់បន្ទុក បានឆ្លើយចំៗឈ្មោះជនជាប់ចោទ។ ចំណែកសាក្សីដោះបន្ទុក ហាក់មិនច្បាស់លាស់ និងឆ្លើយមិនស៊ីសង្វាក់ទៅនឹងអង្គហេតុ ដែលកើតឡើងលើ លោក សួន ចាន់។
-
ក្រុមឈ្មួញដឹកឈើខុសច្បាប់ព្រួតគ្នាវាយអ្នកកាសែតម្នាក់នៅខេត្តសៀមរាប
អំពើគំរាមកំហែង និងប្រើហិង្សាទៅលើអ្នកកាសែតពីក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់ នៅតែកើតមាននាខេត្តភាគឧត្តរនៃប្រទេសកម្ពុជា។ កាលពីបីថ្ងៃមុន ឈ្មួញរកស៊ីដឹកឈើម្នាក់ក្នុងខេត្តសៀមរាប បានហៅបក្ខពួកមួយចំនួន ទៅព្រួតគ្នាវាយដុំរាងកាយអ្នកកាសែតក្នុងស្រុកម្នាក់។ អ្នកយកព័ត៌មានឱ្យកាសែតរស្មីកម្ពុជាម្នាក់ កំពុងតែពិចារណាទៅលើការដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីប្រឆាំងនឹងឈ្មួញរកស៊ីដឹកឈើខុសច្បាប់ម្នាក់ ដែលបានហៅបក្ខពួកទៅវាយតប់រូបគាត់ ដោយមានចេតនាទុកជាមុន។ លោក សឿង សែត អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា ប្រចាំខេត្តសៀមរាប មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៦ ខែតុលា ថា កាលពីរំលងអាធ្រាត្រថ្ងៃទី៣ ខែតុលា កន្លងទៅ ឈ្មួញរកស៊ីដឹកឈើខុសច្បាប់ម្នាក់ឈ្មោះ អ៊ុំ វឌ្ឍនៈ ហៅ ពៅ ប្រជ្រុយ បានហៅបក្ខពួកទៅវាយតប់រូបគាត់។
-
ខ្មែរ ឡាវ និងម៉ុងតាញ៉ាជួបប្រជុំទប់ទល់ឥទ្ធិពលវៀតណាម
វ៉ាស៊ីនតោន— សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំង ឡាវអាមេរិកាំង និងម៉ុងតាញ៉ា បានមកជួបជុំគ្នាជាលើកដំបូងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីពិភាក្សាពីការរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយប្រទេសវៀតណាមមកលើសហគមន៍របស់ពួកគេ។ (ចុចមើលកម្រងរូបថតត្រងនេះ) ពួកគេស្នើសុំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើប្រទេសវៀតណាមដើម្បីបញ្ឈប់នូវអ្វីដែលពួកគេហៅថាជា«សកម្មភាពឧក្រិដ្ឋក្នុងការធ្វើអាណានិគមបែបថ្មី»មកលើប្រទេសឡាវ និងកម្ពុជា។
-
សង្គមស៊ីវិលអន្ដរជាតិព្រួយបារម្ភពីការកើនឡើងនៃការធ្វើទុក្ខម្នេញលើក្រុមអ្នកតវ៉ាប្រឆាំងនៅកម្ពុជា
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិសម្ដែងការព្រួយបារម្ភអំពីការកើនឡើងនៃការធ្វើទុក្ខម្នេញដល់ក្រុមពួកអ្នកតវ៉ាប្រឆាំងនៅក្នុងប្រទេសកម្ពុជាដូចជាក្រុមបាតុករ អង្គការសង្គមស៊ីវិល និងសកម្មជនទាមទារសិទ្ធិដីធ្លី និងអ្នកសារព័ត៌មានផងដែរ ។ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ចេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះ ឲ្យដឹងថា គណៈប្រតិភូអន្ដរជាតិមកពីបណ្តាញសង្គមស៊ីវិលនៅទូទាំងពិភពលោកចំនួនប្រាំពីរ មកទស្សនៈកិច្ចនៅប្រទេសកម្ពុជាដើម្បីជួបជាមួយអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការរឹតបន្តឹងលើសកម្មភាពសង្គមស៊ីវិលដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
-
ផៃ ស៊ីផាន៖ បណ្តឹងករណីជម្លោះដីធ្លី១៧៦១ដោះស្រាយបាន៣៣៦
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ គណកម្មការដោះស្រាយវិវាទដីធ្លីទទួលបានពាក្យបណ្តឹងសរុបចំនួន១៧៦១ ហើយបានដោះស្រាយចំនួន៣៣៦និងកំពុងដោះស្រាយចំនួន១៥៦ករណី។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងដូចនេះស្របពេលដែលប្រជាពលរដ្ឋខ្មែរនាំគ្នាប្រារព្ធទិវាពិភពលោកលើកទី២៩ ស្តីពីសិទ្ធិលំនៅដ្ឋាន កាលពីថ្ងៃទី៦ខែតុលានេះ។
-
ជនរងគ្រោះដីធ្លីសុំឱ្យមានដំណោះស្រាយឆាប់
ភ្នំពេញ— ប្រជាពលរដ្ឋក្រីក្រ អ្នករងគ្រោះក្នុងជម្លោះដីធ្លី ព្រះសង្ឃ សិស្សានុសិស្ស និងតំណាងក្រុមអង្គការសង្គមស៊ីវិលប្រហែលជាង១.០០០នាក់នៅព្រឹកថ្ងៃច័ន្ទនេះបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ បញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នឹងត្រូវស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការបណ្ដេញចេញដោយបង្ខំពីលំនៅដ្ឋានរបស់ពួកគេដោយសារគម្រោងអភិវឌ្ឍន៍ក្នុងទីក្រុង និងបណ្ដាខេត្តកន្លងមក។
-
មេធាវីអន្តរជាតិប្ដឹងមន្ត្រីកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងរំលោភដីពលរដ្ឋ
មេធាវីអន្តរជាតិ តំណាងឲ្យពលរដ្ឋខ្មែររងគ្រោះដោយការរំលោភដីធ្លី ដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី (ICC) នៅទីក្រុងឡាអេ (The Hague) នៅថ្ងៃទី៧ ខែតុលា។ បណ្ដឹងនោះ ស្នើឲ្យបើកការស៊ើបអង្កេតជំហានដំបូង ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន។ អង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារធានាសិទ្ធិលំនៅឋាន និងសិទ្ធិពលរដ្ឋ ស្វាគមន៍ចំពោះការដាក់បណ្ដឹងទៅតុលាការអន្តរជាតិរបស់មេធាវីតំណាងជនរងគ្រោះដោយការរំលោភដីធ្លី រំពឹងថា បណ្ដឹងនេះនឹងជួយអោយជនរងគ្រោះទទួលបានយុត្តិធម៌។
-
បាតុករជំរុញឲ្យសភាអនុម័តព្យួរការទំនាក់ទំនងជាមួយវៀតណាម
បាតុករដែលដឹកនាំដោយសមាគមខ្មែរកម្ពុជាក្រោមនៅព្រឹកថ្ងៃអង្គារនេះ ជំរុញឲ្យសភាអនុម័តព្យួរការទំនាក់ទំនងជាមួយវៀតណាមមួយរយៈ រហូតដល់ប្រទេសមួយនេះសុំទោសចំពោះការថ្លែងខុសពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ នៅព្រឹកថ្ងៃចន្ទនេះបាតុករជាប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ១០០អង្គនាក់ ហែញត្តិចេញពីទីលានប្រជាធិបតេយ្យយកទៅដាក់ជូនរដ្ឋសភា ដើម្បីឲ្យស្ថាប័នមួយនេះប្រជុំអនុម័តព្យួរការទំនាក់ទំនងជាមួយវៀតណាម។ បាតុករចោទប្រកាន់ថា វៀតណាមក្លែងបន្លំប្រវត្តិសាស្ត្រ មានចេតនាចង់យកទឹកដីកម្ពុជាទាំងមូល។
-
យឹម សុវណ្ណ៖ ការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជារឿងនយោបាយ
គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធនឹងករណីធ្វើបាតុកម្មនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាកន្លងទៅជារឿងនយោបាយ និងជាការបង្កភាពអាប់អួរលើកិច្ចព្រមព្រៀង។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយមិនមានហេតុផលច្បាស់លាស់ និងអាថ៌កំបាំង។ លោកចាត់ទុកថា ការចាប់ខ្លួននេះគឺជារឿងនយោបាយសុទ្ធសាធ។ លោកបន្តថា ករណីនៅលើស្ពាននាគ គឺជារឿងដែលបានបញ្ចប់រួចរាល់អស់ហើយ ក្រោយកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ ហើយការចាប់ខ្លួនជាថ្មីនេះ គឺជាការបង្កបរិយាកាសអាប់អួរដល់ការអនុវត្តកិច្ចព្រមព្រៀង មិនឲ្យដំណើរការទៅដោយរលូន។ លោកមានប្រសាសន៍ថា «ឥឡូវគាត់ត្រូវបានគេចាប់យកទៅដាក់នៅពន្ធនាគារព្រៃស។ គេចោទប្រកាន់ពីបទពាក់ព័ន្ធ នឹងអំពើហិង្សាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ គណបក្សសង្គ្រោះជាតិយល់ឃើញថា នេះជារឿងនយោបាយ ជាការគំរាមកំហែងនយោបាយដែលធ្វើឲ្យបរិយាកាសហ្នឹងអាប់អួរ។ យើងស្នើសុំឲ្យគណបក្សប្រជាជន ដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះថ្ងៃទី២២ ខែ៨ហ្នឹង ត្រូវតែធ្វើយ៉ាងម៉េចគោរពឲ្យបានត្រឹមត្រូវ រួចហើយកុំបង្កបរិយាកាសអាប់អួរទៅដល់ស្ថានការណ៍នយោបាយតទៅទៀត»។
-
សង្គមស៊ីវិលធ្វើការទាក់ទងនឹងការបោះឆ្នោតខកចិត្តនឹងបក្សជាប់ឆ្នោតទាំងពីរ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) សម្ដែងការខកចិត្តចំពោះគណបក្សនយោបាយទាំងពីរដែលព្រមព្រៀងគ្នាដើម្បីកំណែទម្រង់សេចក្ដីព្រាងច្បាប់បោះឆ្នោតហើយ ប៉ុន្តែមិនធ្វើតាមការព្រមព្រៀងគ្នានោះ។ ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ៧ តុលា នៃការិយាល័យអង្គការខុមហ្វ្រែល (Comfrel) អង្គការសមាគមជាសមាជិកអ៊ីរ៉ា ចាត់ទុកថាគោលដៅកំណែទម្រង់នេះ មិនអាចសម្រេចទៅបានទេ បើបក្សកាន់អំណាចមិនដែលចូលរួមទាល់តែសោះ ឯបក្សប្រឆាំងវិញចូលរួមដែរ តែនៅតិចតួចបំផុត។ សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
-
ប្រជាពលរដ្ឋប្រមាណ២ពាន់នាក់រៀបចំទិវាសិទ្ធិលំនៅដ្ឋាននៅភ្នំពេញ
ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីប្រមាណ២ពាន់នាក់ ប្រមូលផ្តុំគ្នានៅសហគមន៍ដីក្រហមនៅក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ជំរុញឲ្យបញ្ឈប់ការបណ្តេញចេញ។ ពិធីជួបជុំនេះចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោយពីការថ្លែងសុន្ទរកថានៅតំបន់ដីក្រហម ប្រជាសហគមន៍ចាប់ផ្តើមហែក្បួនយកញត្តិដាក់ជូនរដ្ឋសភា និងសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញប្រជាប្រពលរដ្ឋចេញពីលំនៅដ្ឋាន។ ទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤នេះ គឺជាខួបលើកទី២៦។ ការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាននៅឆ្នាំនេះសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យហែក្បួនទេ តែខាងប្រជាសហគមន៍នៅតែប្តេជ្ញាហែក្បួនតាមការគ្រោងទុក។ ទោះជាយ៉ាងណា មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងទេ រហូតដល់ម៉ោងជិត១០ព្រឹកនេះ៕
-
សមត្ថកិច្ចបន្តបិទផ្លូវមុខស្ថានទូតវៀតណាមទៀតនៅព្រឹកនេះ
សមត្ថកិច្ចបន្តបិទមហាវិថីព្រះមុនីវង្សនៅមុខស្ថានទូតវៀតណាមទៀត នៅព្រឹកថ្ងៃចន្ទនេះ ខណៈប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជាង១០០អង្គ/នាក់ តវ៉ាទាមទារឲ្យវៀតណាមទទួលស្គាល់ប្រវតិ្តសាស្ត្រពិត។ អាជ្ញាធរបានដាក់របាំងបិទផ្លូវ និងកម្លាំងយាមតឹងរឹងនៅមុខស្ថានទូតវៀតណាម ខណៈប្រជាពលរដ្ឋដែលភាគច្រើនមកពីតាមបណ្តាខេត្ត និងព្រះសង្ឃប្រមាណជាង១០០អង្គ/នាក់ នៅប្រមូលផ្តុំតវ៉ានៅកន្លែងនោះ។ នៅថ្ងៃចន្ទនេះជាថ្ងៃទី៣ហើយ ដែលប្រជាពលរដ្ឋ និងព្រះសង្ឃប្រមូលផ្តុំនៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសនេះ សុំទោសចំពោះការអះអាងថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមមក មិនមែនកាត់ចេញពីប្រទេសកម្ពុជា។ តាមគម្រោងការតវ៉ាដែលដឹកនាំដោយសមាគមខ្មែរកម្ពុ
-
អ្នកតវ៉ាជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងបារាំងដាក់សម្ពាធលើវៀតណាម
បាតុករប្រមាណ២០០អង្គនាក់នៅថ្ងៃចន្ទនេះ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងបារាំងដាក់សម្ពាធឲ្យវៀតណាមទទួលស្គាល់ប្រវត្តិសាស្ត្រពិតទាក់ទង ទឹកដីកម្ពុជាក្រោម។ នៅរសៀលថ្ងៃចន្ទនេះព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ បានហែក្បួនយកញត្តិទៅដាក់នៅស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យបារាំងបកស្រាយជុំវិញ ការកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាម ក្នុងពេលដែលប្រទេសនេះដាក់អាណាមនិគលើកម្ពុជា។ ក្នុងពេលជាមួយគ្នានេះដែរ បាតុករក៏នបារៀបចំជាញត្តិដាច់ដោយឡែកមួយទៀត ដាក់ទៅទីស្តីការគណៈរដ្ឋមន្ត្រីស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធឲ្យវៀតណាមសុំទោសលើការថ្លែងរបស់អ្នកនាំពាក្យស្ថានទូតរបស់ខ្លួនពេកន្លលងមក។
-
ពលរដ្ឋខេត្ដព្រះវិហារប្រឆាំងក្រុមហ៊ុនមួយបង្ខំឲ្យពួកគេធ្វើប័ណ្ណដើរឆ្លងកាត់
ប្រជាពលរដ្ឋរាប់រយនាក់ នៅស្រុកគូលែន ខេត្ដព្រះវិហារ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនសិលាដាម៉ិច ដែលហាមឃាត់ពួកគេមិនឲ្យកាត់ដីក្រុមហ៊ុន។ ប្រធានសហគមព្រៃឈើ ខ្លាបក់ នៃភូមិស្រយ៉ង់ខាងជើង លោក ហ៊ួន ចាន់ធឿន ប្រាប់VODនៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា នេះថា ពលរដ្ឋជាច្រើនភូមិ នៅក្បែក្រុមហ៊ុនសិលាដាម៉ិច ត្រូវក្រុមហ៊ុននេះហាមឃាត់ មិនដើរឆ្លងកាត់ទៅធ្វើស្រែចម្ការ និងចូលភូមិឡើយ បើមិនមានប័ណ្ណសម្គាល់ ដែលក្រុមហ៊ុនចេញឲ្យពាក់ជាប់នឹងខ្លួនទេនោះ។ លោកថា ក្រុមហ៊ុននេះ បានធ្វើតូបយាមបិទផ្លូវចូលភូមិ ដែលបណ្ដាលឲ្យពលរដ្ឋជួបការលំបាក។ លោកបន្ដថា ពលរដ្ឋទាមឲ្យក្រុមហ៊ុននោះ បើកផ្លូវដើរឆ្លងកាត់ជាធម្មតា ព្រោះជាផ្លូវសាធារណៈ។
-
អ្នកបាត់បង់ដីទ្រហោយំមុខរដ្ឋសភាទទូចឲ្យរដ្ឋាភិបាលរកយុត្តិធម៌រឿងបណ្តេញចេញ
អ្នកបាត់បង់ដីធ្លីមួយចំនួនដែលចូលរួម ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅថ្ងៃចន្ទនេះ ទ្រហោយំមុខមន្ទីររដ្ឋសភា ដោយទទួចឲ្យថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយដែលឈ្នះអាសនៈក្នុងសភានាអាណត្តិទី៥នេះ អន្តរាគមន៍រកយុត្តិធម៌រឿងបណ្តេញចេញ។ អ្នកស្រី ណាំ ស៊ីម អាយុ៧០ឆ្នាំមកពីខេត្តកណ្តាល ប្រកាសតាមឧបករណ៍បំពងសំឡេងមុខរដ្ឋសភា នៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៤នេះថា គ្រួសារគាត់ត្រូវបានសមត្ថកិច្ចបាញ់ចំដើមទ្រូង រងរបួសធ្ងន់ ក្នុងជម្លោះដីធ្លី កាលពីឆ្នាំ២០០៩។ ស្ត្រីរូបនោះបន្តថា បទល្មើសនៃការបាញ់ប្រហារនោះ ត្រូវតុលាការ បង្គាប់ឲ្យជនដៃដល់បង់ជម្ងឺចិត្ត២០លានរៀល។ អ្នកស្រី ណាំ ស៊ីម ឲ្យដឹងទៀតថា មកដល់ពេលនេះជិត១៤ឆ្នាំហើយ ជនដៃដល់មិនទាន់បានប្រគល់ ប្រាក់សំណងឲ្យកូនគាត់ជាជនរងគ្រោះទេ ចំណែកដីស្រែនិងផ្ទះសម្បែងក៍ត្រូវគេរឹបអូសដែរ។
-
លោករ៉ុង ឈុនថា អំពើពុករលួយជាឧបសគ្គរារាំងការបង្កើនប្រាក់ខែគ្រូបង្រៀន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងថា អំពើពុករលួយជាឧបសគ្គដ៏ធំក្នុងការដំឡើងប្រាក់ខែសមរម្យជូនគ្រូបង្រៀន ជាមូលហេតុធ្វើឲ្យវិស័យអប់រំនៅកម្ពុជាដាំក្បាលចុះ។ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍បែបនេះ ក្នុងបាតុកម្មទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន១លានរៀលក្នុងមួយខែ ដែលធ្វើនៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា នេះ។ លោកថា តាមរបាយការណ៍របស់សហរដ្ឋអាមេរិករកឃើញថា អំពើពុករលួយនៅកម្ពុជាក្នុងមួយឆ្នាំបានធ្វើឲ្យបាត់ថវិកាជាតិជាង៥០០លានដុល្លារ។ លោកបន្ដថា បើបំបាត់អំពើពុករលួយបាន នោះនឹងមិនមានការលំបាកក្នុងការដំឡើងប្រាក់ខែមន្ត្រីរាជការ និងគ្រូបង្រៀនឡើយ។