កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរបានឃាត់រថយន្តទ្រុងចំនួន៤២គ្រឿង អ្នកបើកបរចំនួន៥៥នាក់ និងកម្មកររោងចក្រចំនួន៤៩ នាក់ ដោយសារព្យាយាមចាកចេញពីតំបន់ក្រហមក្នុងរាជធានីភ្នំពេញ (សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ) ដោយសាររំលោភបទបញ្ជាបិទខ្ទប់។ ពួកគេត្រូវបានឃាត់ខ្លួន និងតម្រូវឱ្យស្នាក់នៅសាលារៀនមួយកន្លែងក្នុងសង្កាត់គោកអញ្ចាញដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មានការរាយការណ៍ថាមូលហេតុដែលនាំឱ្យពួកគេចាកចេញពីតំបន់ក្រហមនោះដោយសារតែលក្ខខណ្ឌតឹងរ៉ឹងខ្លាំងក្នុងតំបន់ក្រហមក្នុងអំឡុងពេលបិទខ្ទប់ ជាពិសេស កង្វះខាតស្បៀងអាហារ។ ក្រោយមកមានការបង្គាប់ឱ្យអ្នកបើកបរបង់ប្រាក់ពិន័យចំនួនពីរលានរៀល (៥០០ដុល្លារអាម៉េរិក) ក្នុងម្នាក់ដោយសារដឹកកម្មករ/អ្នកដំណើរបំពានបំរាមគោចរ ដែលនាំឱ្យមានការតវ៉ាជំទាស់នឹងការពិន័យនេះដោយពួកគេបានអះអាងថាពួកគេពុំអាចមានលទ្ធភាពបង់ប្រាក់ពិន័យដល់អាជ្ញាធរឡើយ។
Phnom Penh Post | CamboJa | VOD | CamboJa | Post Khmer
-
បន្ទាយមានជ័យ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
ស្ថិតក្នុងការឃុំខ្លួនចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចោរកម្ម យុវជន ពិន គឹមសេង បាន ស្លាប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅមន្ទីរពេទ្រដើម្បីព្យាបាល។ ទោះបីជាមន្ទីរពេទ្រចេញលិខិតបញ្ជាក់ថា គឹមសេង ស្លាប់ដោយសាររលាកទងសួតយ៉ាងណាក្តី ប៉ុន្តែម្តាយរបស់គាត់អះអាងថាកូនប្រុសរបស់ខ្លួនត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងមណ្ឌលឃុំឃាំង។ អ្នកស្រីបានលើកឡើងថា គឹមសេងមានសុខភាពល្អនៅពេលជាប់ឃុំ ហើយពុំធ្លាប់មានជំងឺរលាកទងសួតទេពីមុន។ ម្យ៉ាងទៀតអ្នកស្រីកត់សម្គាល់ឃើញមានស្លាកស្នាមនៃការវាយដំលើខ្លួនប្រាណសពកូនប្រុសរបស់អ្នកស្រី ព្រមទាំងហើមក្បាល និងឈាមចេញតាមត្រចៀក និងបាក់ក។ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបដិសេធចំពោះការអះអាងថាមានការធ្វើទារុណកម្ម ដោយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជំងឺរលាកទងសួត និងការប្រើប្រាស់ថ្នាំញឿន។ ជាការស្វែងរកយុត្តិធម៌ឱ្យកូនប្រុសរបស់ខ្លួន ម្តាយរបស់គឹមសេង បានស្វះស្វែងទៅរកជំនួយពីអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យជួយដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នរដ្ឋាភិបាលនានា ហើយនិងតុលាការ។ អ្នកស្រីក៏ធ្លាប់ត្រូវបានគណៈកម្មការជាតិប្រឆាំងទារុណកម្មទាក់ទងមកដែរ ដែលសន្យាថានឹងស៊ើបអង្កេតលើការស្លាប់កូនប្រុសរបស់អ្នកស្រីនៅក្នុងមណ្ឌលឃុំឃាំង។
-
ភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសក្រុមសកម្មជនអង្គការមាតាធម្មជាតិ រួមមាន លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លោកថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវ រស្មី និង កញ្ញា ជា គន្ធីន ដែលពីរអ្នកក្នុងចំណោមពួកគេត្រូវបានកាត់ទោសដោយកំបាំងមុខ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានសណ្តាប់ធ្នាប់សាធារណៈក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ពួកគេត្រូវបានកាត់ទោសដាក់ពន្ធនាគារចន្លោះពី១៨ ខែ ដល់២០ខែ និងបង្គាប់ឱ្យបង់ប្រាក់ពិន័យ១.០០០ដុល្លារអាម៉េរិក។ សកម្មជនទាំងនេះត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២០ និងចោទប្រកាន់បន្ទាប់ពីព្យាយាមរៀបចំការដើរហែក្បួនដោយសន្តិវិធីដោយមានតែនារីម្នាក់ឆ្ពោះទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ផ្នែកបរិស្ថានចំពោះការចាក់បំពេញដីលុបបឹងតាមោក ជាបឹងដ៏ធំជាងគេក្នុងរាជធានី។
CamboJa | VOD | Cambodianess | RFA | VOA
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍បញ្ជាឱ្យអ្នកសារព័ត៌មានបញ្ឈប់រាយការណ៍ព័ត៌មានពីតំបន់ក្រហម និងតំបន់រឹតបន្តឹងផ្សេងៗទៀតជាបន្ទាន់ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីក្នុងអំឡុងពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្រសួងព័ត៌មានបានបញ្ជាក់ថាអ្នកសារព័ត៌មានបានរាយការណ៍ព័ត៌មានពីតំបន់ក្រហម និងតំបន់ហាមប្រាម ដូចជា មណ្ឌលព្យាបាល និងមន្ទីរពេទ្យ និងថាការរាយការណ៍ព័ត៌មានរបស់ពួកគេនាំឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលាចលសង្គម ដែលអាចកាន់តែនាំឱ្យមានការរីករាលដាលនៃជំងឹកូវីដ-១៩ ថែមទៀត។ ក្រសួងបន្ថែមថាអ្នកសារព័ត៌មានទាំងឡាយណាដែលនៅតែបន្តរាយការណ៍ព័ត៌មានក្នុងតំបន់ហាមប្រាមនឹងប្រឈមវិធានការច្បាប់។ បទបញ្ជានេះធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីមានប្រជាពលរដ្ឋផ្សេងៗរស់នៅក្នុងតំបន់ក្រហមត្អូញត្អែរអំពីកង្វះស្បៀងអាហារ និងអំពាវនាវ ដល់រដ្ឋាភិបាលឱ្យផ្តល់ជំនួយសំខាន់ៗនៅលើបណ្តាញសង្គម។
RFA | Khmer Times | ASEAN Post
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ ឆ្នាំ ជាកូនប្រុសរបស់សមាជិកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ត្រូវបានវាយប្រហារដោយគប់ដុំឥដ្ឋចំក្បាលពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណពីរនាក់ខណៈកំពុងជិះម៉ូតូជាមួយម្តាយរបស់ខ្លួនដែលបង្កឱ្យរងរបួសធ្ងន់ធ្ងរ។ សុវណ្ណច្ឆ័យ និងម្តាយរបស់គាត់បានទៅកាន់មន្ទីរពេទ្ររដ្ឋនានាដើម្បីព្យាបាលរបួស ប៉ុន្តែត្រូវបានមន្ទីរពេទ្របដិសេធទទួលយកព្យាបាល។ ក្រោយមកពួកគាត់បានទទួលការព្យាបាលនៅក្លីនិកឯកជនដែលបានដេររបួសក្បាលឱ្យសុវណ្ណច្ឆ័យ។ ម្តាយសុវណ្ណច្ឆ័យជឿថាអ្នកស្រីគឺជាគោលដៅនៃការវាយប្រហារ ព្រោះអ្នកស្រីជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីផ្សេងទៀតដែលសកម្មក្នុងការតវ៉ានៅរៀងរាល់ថ្ងៃសុក្រ។ អ្នកស្រីបានទៅរាយការណ៍ដល់ប៉ុស្តិ៍នគរបាលមូលដ្ឋានក្នុងរាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹង ប៉ុន្តែប៉ុស្តិ៍នគរបាលបានបដិសេធទទួលពាក្យបណ្តឹងរបស់អ្នកស្រី ដោយបានថ្លែងថាពួកគេពុំមានធនធានគ្រប់គ្រាន់ដើម្បីធ្វើលើការងារនេះទេ។ ស្នងការនគរបាលរាជធានីភ្នំពេញបាននិយាយថាពួកគេកំពុងស៊ើបអង្កេតលើករណីនេះ ប៉ុន្តែបានអះអាងថានគរបាលពុំអាចកំណត់អត្តសញ្ញាណជនសង្ស័យបានទេព្រោះកាមេរាសុវត្ថិភាពដែលដំឡើងនៅផ្ទះមួយក្បែរកន្លែងកើតហេតុនោះស្ថិតនៅឆ្ងាយពេក ប៉ុន្តែថានគរបាលនឹងពិនិត្យមើលកាមេរាផ្សេងទៀតក្នុងតំបន់នោះ ហើយនឹងកសាងសំណុំរឿង។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ពីបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩» ក្រោមមាត្រា ១១ នៃច្បាប់កូវីដ-១៩ថ្មី និងបទញុះញង់ក្រោមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចេញដីកាចាប់ខ្លួននោះជាការឆ្លើយតបទៅនឹងលោក សម រង្ស៊ី ដែលបានបង្ហោះវីដេអូឃ្លីបមួយនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបន្តការបិទខ្ទប់សម្រាប់សប្តាហ៍ទីបី។ ក្នុងវីដេអូនោះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់គោរពតាមបំរាមបិទខ្ទប់ ហើយចេញពីផ្ទះទៅបំពេញការងារតាមធម្មតាវិញ ប្រសិនបើរដ្ឋាភិបាលមិនបញ្ឈប់វិធានការបិទខ្ទប់ទេនោះ ដោយពន្យល់ថាវិធានការទាំងនេះនឹងបង្កឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាក្រោមការរឹតត្បិតដ៏តឹងរ៉ឹង។
VOD | Fresh News Asia | RFA | VOA | Phnom Penh Post
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានជំនួយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានចាប់ខ្លួនបុរសពីរនាក់ ឈ្មោះ ពិន នាត និងឈ្មោះហូ ជីម ដែលបានបង្ហោះវីដេអូក្នុងបណ្តាញសង្គម Tik Tok ក្នុងរថយន្តមួយបង្ហាញពីសកម្មភាពផឹកគ្រឿងស្រវឹង ដែលជាការរំលោភបំពានលើបំរាមសេពគ្រឿងស្រវឹង និងការបិទខ្ទប់របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បុរសទាំងពីររូបត្រូវបាននាំខ្លួនមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ។
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
វីដេអូឃ្លីបចាប់ផ្តើមចែករំលែកនៅលើបណ្តាញអ៊ីនធឺណិតដោយបង្ហាញពីអាជ្ញាធរដេញវាយដោយរំពាត់ឫស្សីទៅលើអ្នកដំណើរតាមផ្លូវ ផ្សេងៗទៀតប្រសិនបើបានឃើញចាកចេញពីផ្ទះរបស់ពួកគេ ឬដើរនៅលើដងផ្លូវក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តកណ្តាល។ ការអនុវត្តច្បាប់ដ៏តឹងរឹងនេះបានកើតឡើងក្នុងតំបន់ក្រហមនៅក្នុងក្រុង ប៉ុន្តែនគរបាលនៅតំបន់ដទៃទៀតក៏ត្រូវគេថតបានពីសកម្មភាពវាយដំដោយរំពាត់លើអ្នកដំណើរផងដែរ។ ស្នងការនគរបាលរាជធានីភ្នំពេញបានបដិសេធចំពោះការលើកឡើងថានគរបាលវាយប្រជាពលរដ្ឋ ដោយថ្លែងថាអាជ្ញាធរគ្រាន់តែកម្លាប្រជាពលរដ្ឋដើម្បីឱ្យពួកគេនៅក្នុងផ្ទះ និងគោរពតាមវិធានការបំរាមគោចរតែប៉ុណ្ណោះ។
-
កំពង់ចាម
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក យុន ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ត្រូវបាននគរបាលស្រុកកំពង់សៀមខេត្តកំពង់ចាមបញ្ជូនទៅឃុំខ្លួនក្នុងមណ្ឌលឃុំឃាំងបន្ទាប់ពីលោកបានស្រែកដាក់អាជ្ញាធរដែលបានចុះទៅបំបែកការជួបជុំមួយកន្លែង។ លោកប្រុសស្រែកជេរអាជ្ញាធរទាំងខ្លួនកំពុងស្រវឹង ក្រោយមកត្រូវបានអាជ្ញាធរនាំខ្លួនទៅប៉ុស្តិ៍នគរបាលរំចេកដើម្បីសាកសួរ និងធ្វើការអប់រំលោកចំពោះទង្វើរបស់លោក។ លោកត្រូវបានដោះលែងវិញនៅយប់ដដែលនោះ ប៉ុន្តែ នៅពេលលោកដើរចេញពីប៉ុស្តិ៍នគរបាលលោកបានស្រែកជេរនគរបាលថាជា «...ឆ្កែ ...ភ្លីភ្លើ»។ ក្រោយមកភ្លាមនោះនគរបាលបានចាប់ខ្លួនលោកប្រុសវិញ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តុលាការខេត្តកំពង់ឆ្នាំងបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោមមាត្រា១១ នៃច្បាប់កូវីដ-១៩ ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងបទ «ប្រមាថ» ក្រោមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
-
តាកែវ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
បុរសបួននាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យប្រាក់ចំនួន២៥០ដុល្លារអាមេរិក ក្រោមច្បាប់កូវីដ-១៩ ដោយសាររៀបចំពិធីជប់លៀងដែលមានសំឡេងឭខ្លាំងនៅផ្ទះរបស់ពួកគេដែលជាការរំលោភបំពានលើបំរាមការជួបជុំ និងបំរាមសេពគ្រឿងស្រវឹងរបស់រដ្ឋាភិបាលដែលបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមមាត្រា១១ នៃច្បាប់កូវីដ-១៩។ បុរសទាំងបួននាក់បានចាក់សំឡេងឮខ្លាំងៗតាមឧគ្ឃោសនស័ព្ទនៅផ្ទះរបស់ពួកគេរំខានដល់អ្នកជិតខាង ដែលនាំឱ្យអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងនិងបានចាប់ខ្លួនបុរសទាំងនោះ។ បន្ទាប់មកអាជ្ញាធរបានរឹបអូសយកឧគ្ឃោសនស័ព្ទ ម៉ៃក្រូហ្វូន និងសម្ភារៈមួយចំនួនផ្សេងទៀតនៅផ្ទះនោះ។
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
អាជ្ញាធរបានចាប់ខ្លួនមន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា បន្ទាប់ពីលោកត្រូវបានគេអះអាងថាបានរំលោភបំពានលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការបើកម៉ូតូបំពានលើរបាំងរាំងខ្ទប់ផ្លូវ។ បន្ទាប់ពីហេតុការណ៍នេះ មន្ត្រីយោធារូបនោះព្រមទាំងវាយដំលើអាជ្ញាធរមូលដ្ឋានបណ្តាលឱ្យពួកគេមានរបួសស្នាម។ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងថាពួកគេនឹងសាកសួរជនសង្ស័យ បន្ទាប់មកបញ្ជូនបន្តករណីនោះទៅតុលាការដើម្បីធ្វើការចោទប្រកាន់ក្រោមមាត្រា១១ នៃច្បាប់កូវីដ-១៩ «ការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩»។
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មនុស្ស៦នាក់ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញចាប់ខ្លួនដោយសារធ្វើការជួបជុំសេពគ្រឿងស្រវឹងនៅខាងក្រៅវេលាម៉ោង៦ល្ងាច ដែលជាការរំលោភបំពានលើបំរាមសេពគ្រឿងស្រវឹង និងការបិទខ្ទប់របស់រដ្ឋាភិបាល។ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួនក្រោមមាត្រា១១ នៃច្បាប់កូវីដ-១៩ «រារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩»។ ប៉ុន្តែ ពុំបានចោទប្រកាន់លើបុគ្គលទាំងនោះឡើយ ហើយអាជ្ញាធរពុំទាន់បានបញ្ជាក់ថាតើនឹងបញ្ជូនករណីនេះទៅតុលាការដែរឬយ៉ាងណា។ បុគ្គលទាំង៦រូបនោះត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរ។
-
ភ្នំពេញ
ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសបុរសម្នាក់ឈ្មោះ ដារ៉ា រ័ត្ន សុគុណ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំដោយសារបានកាត់ខ្សែបំរាមក្នុងតំបន់បិទខ្ទប់នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះគឺជាករណីទីមួយដែលមានការផ្តន្ទាទោស និងចោទប្រកាន់លើបុគ្គលក្រោមច្បាប់កូវីដ-១៩ ថ្មី។ លោកសុគុណ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែមេសា ទាក់ទងនឹងករណីនេះ និងត្រូវបានចោទប្រកាន់ក្រោមមាត្រា ៤ និងមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយសាររារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
-
កំពង់ចាម
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក នូវ ខ្លឹង ជាជាងកាត់កញ្ចក់អាយុ ៣៤ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តកំពង់ចាមបន្ទាប់ពីលោកបានបង្ហោះវីដេអូក្នុងបណ្តាញសង្គម Tik Tok ប្រើពាក្យសម្តីគ្រោតគ្រាតរិះគន់ខ្លាំងៗលើថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេស លោកនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវិធានការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ លោក នូវ ខ្លឹង ត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រា៤៩៤ និងមាត្រា៤៩៥ និងបទប្រមាថក្រោមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ លោកក៏ត្រូវបានចោទប្រកាន់ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ លោកប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ដល់ បីឆ្នាំ និងពិន័យជាប្រាក់ពី៥០០ដុល្លារអាមេរិក ដល់ ២.៥០០ ដុល្លារអាម៉េរិក។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានចាប់ខ្លួនកម្មករសំណង់ម្នាក់ឈ្មោះ គង់ សម្បត្តិ ដោយសារការបង្ហោះវីដេអូTik Tok ដែលក្នុងវីដេអូនោះ លោកបានអះអាងថា «មានមនុស្សស្លាប់បន្ទាប់ពីការចាក់វ៉ាក់សាំងចិន»។ អាជ្ញាធរចាត់ទុកថាការបង្ហោះវីដេអូ របស់លោកគឺជា «ព័ត៌មានក្លែងក្លាយ» អំពីជំងឺកូវីដ-១៩ និងវ៉ាក់សាំង ដែលជាការ «បំពុលសង្គម»។ ក្រោយមកសមត្ថកិច្ចបានបញ្ជូនខ្លួនលោកសម្បត្តិទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ និងបានចោទប្រកាន់ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមមាត្រា ១១ នៃច្បាប់កូវីដ-១៩។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ប៉ាន់ សុភី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារការបង្ហោះវីដេអូក្នុងបណ្តាញTik Tok ដែលក្នុងវីដេអូនោះ លោកបាននិយាយថា «វ៉ាក់សាំងចិនគ្មានប្រសិទ្ធភាព»។ នគរបាលនិយាយថាការលើកឡើងនេះគឺជាការ «បំភ្លៃការពិត» អំពីវ៉ាក់សាំងចិន និងចាត់ទុកថាជាព័ត៌មានក្លែងក្លាយធ្វើឡើងក្នុងគោលបំណងញុះញង់ និងបង្កការភាន់ច្រឡំដល់សាធារណជន។ លោកនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា លោកនឹងមិនអត់ឱនលើបុគ្គលណាម្នាក់ដែលញុះញង់ឱ្យមានការមិនទុកចិត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលឡើយ។ ក្រោមមកលោកសុភី ត្រូវបានចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា៤៩៤ និងមាត្រា ៤៩៤ នៃក្រមព្រហ្មទណ្ឌ និងបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមមាត្រា១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លោក ប៉ាន់ សុភី ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន។
-
បាត់ដំបង
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោក ពេជ្រ ធារ៉េត ហៅស្នា បានស្លាប់ក្នុងមណ្ឌលឃុំខ្លួននៅថ្ងៃទី០៣ ខែមេសា បន្ទាប់ពីការចាប់ខ្លួនរូបលោកពីបទឃាតកម្មលើភរិយារបស់ខ្លួន។ ខ្លួនប្រាណរបស់លោកមានស្លាកស្នាមនៃការធ្វើទារុណកម្ម ដូចជា ឈាមហូរចេញតាមរន្ធត្រចៀក ក្បាលហើម ស្លាកស្នាមរបួសលើដៃទាំងសងខាង ជើង និងភ្លៅ ហើយកែងដៃទាំងពីរមានស្នាមឆក់ខ្សែភ្លើង។ រយៈពេលដ៏ខ្លីបន្ទាប់ពីការស្លាប់របស់លោកពេជ្រ ធារ៉េត ហៅស្នា សាកសពរបស់លោកត្រូវបានគេបូជានៅក្បែរមណ្ឌលឃុំខ្លួននោះ តែយ៉ាងណាក្តី រូបថតនៃសាកសពរបស់លោកត្រូវបានចែករំលែកតៗគ្នានៅលើបណ្តាញផ្សព្វផ្សាយសង្គម។ នៅក្នុងខែមិថុនា ក្រសួងមហាផ្ទៃបានធ្វើការស៊ើបអង្កេតទៅក្នុងករណីនោះនិងបានច្រានចោលចំពោះទឡ្ហីករណ៍ពន្យល់នានារបស់នគរបាលខេត្តបាត់ដំបងក្នុងករណីស្លាប់របស់លោក។ កាលពីដំបូងឡើយនគរបាលបានលើកឡើងថា លោក ពេជ្រ ធារ៉េត ហៅស្នា ត្រូវបានអ្នកភូមិព្រួតគ្នាវាយ បន្ទាប់មកថាលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយជាចុងក្រោយបានលើកឡើងថាលោកស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ការស៊ើបអង្កេតនានាបានច្រានចោលការពន្យល់ទាំងនេះដោយបង្ហាញថា លោកពេជ្រ ធារ៉េត ហៅស្នា ពុំមានរបួសស្នាមទេនៅពេលចាប់ខ្លួនរូបលោក ម្យ៉ាងទៀតម៉ូតូរបស់លោកក៏ពុំឃើញមានស្នាមដួលដាច់រលាត់ឡើយ ហើយក៏ពុំមានការធ្វើតេស្តរកសារធាតុញៀនដែរ។ ក្រសួងមហាផ្ទៃបានស្នើឱ្យអគ្គស្នងការនគរបាលជាតិធ្វើការស៊ើបអង្កេតក្នុងករណីនោះឡើងវិញថាតើពិតជាមានការធ្វើទារុណកម្មធ្ងន់ធ្ងរនៅពីក្រោយមរណភាពរបស់បុរសម្នាក់នោះដែរឬយ៉ាងណា។ លោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែបានច្រានចោលជុំវិញការធ្វើទារុណកម្ម និងបានថ្លែងថាលោកពុំបានដឹងអំពីសេចក្តីសន្និដ្ឋានក្នុងរបាយការណ៍នោះឡើយ។
-
សៀមរាប
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកសារព័ត៌មានពីររូបត្រូវបានមនុស្សមួយក្រុមមានគ្នាប្រមាណ៦ ទៅ៧នាក់ព្រួតគ្នាវាយដំក្នុងពេលព្យាយាមស៊ើបអង្កេត និងរាយការណ៍ពីទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំមួយក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។ ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះឈិត សាវី ជាអ្នកសារព័ត៌មានទូរទស្សន៍ BTV និងម្នាក់ទៀតឈ្មោះប្រាក់ សុខឡេង ជាអ្នកសារព័ត៌មានរបស់គេហទំព័រសារព័ត៌មានរំដោះជាតិ។
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ហួន បូរី ជាកសិករ ត្រូវបានចាប់ខ្លួនដោយស្នងការនគរបាលខេត្តបាត់ដំបងដោយសារបង្ហោះរូបភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបានសរសេរសំណេរអមជេរប្រមាថលោកនាយករដ្ឋមន្ត្រី។ លោកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការខេត្តដើម្បីមានវិធានការផ្លូវច្បាប់បន្ត។
-
ស្ទឹងត្រែង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី៣០ ខែមីនា ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងចំនួន៥៣គ្រួសារក្នុងឃុំក្បាលរមាស ស្រុកសេសាន បានរាយការណ៍ពីករណីទន្ទ្រានយកដីសហគមន៍ពីសំណាក់អាជ្ញាធរខេត្តដើម្បីឱ្យក្រុមហ៊ុនវារីអគ្គិសនីធ្វើការអភិវឌ្ឍលើដីដែលកំពុងមានទំនាស់ជាយូរមកហើយនោះ។ សហគមន៍លើកឡើងថាដីដែលត្រូវបានទន្ទ្រាននោះគឺជាដីកសិដ្ឋានដែលជាកេរដំណែលដូនតារបស់ពួកគេ។ តំណាងអាជ្ញាធរខេត្តស្ទឹងត្រែងអះអាងថាសហគមន៍មិនដែលបានចុះបញ្ជីដីនោះទេ។ សហគមន៍បានប្រើប្រាស់ដីនោះសម្រាប់ថែសត្វពាហនៈ ដាំដំណាំ រកអនុផលព្រៃឈើ ដាំបន្លែ និងរកជ័រដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។