កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
មណ្ឌលគីរី
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ២០០គ្រួសារ ចោទប្រកាន់បុរសមានទ្រព្យស្តុកស្តម្ភ និងមានអំណាចម្នាក់ ឈ្មោះ ទូច ហឿន ចំពោះការកាប់ឆ្ការ និងទន្ទ្រានយកដីព្រៃសហគមន៍ក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង។ ដីនោះផ្សាភ្ជាប់អត្តសញ្ញាណ សេដ្ឋកិច្ច វប្បធម៌ និងបវេណីរបស់សហគមន៍។ ដីនោះត្រូវបានប្រើសម្រាប់ឧទ្យានដែនជម្រកសត្វព្រៃ ការដាំដំណាំវិលជុំ ការថែទាំសត្វពាហនៈ និងការបារព្ធពិធីតាមទំនៀមទម្លាប់បវេណីជាដើម។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានដកហូតអាជ្ញាបណ្ណព័ត៌មានរបស់កាសែតយុវជនតេជោ និងគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ ដោយសារ «ការចែកចាយព័ត៌មានមិនពិត បំពុលសង្គម និងបង្កចលាចល» ប៉ុន្តែមិនបានបកស្រាយឱ្យបានលម្អិតជាក់លាក់ចំពោះករណីឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណនោះទេ។
-
បៃលិន
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកវេជ្ជបណ្ឌិត ខឹម មុនីកុសល ត្រូវបានបណ្តេញចេញពីមុខតំណែងនៅមន្ទីរសុខាភិបាលខេត្តប៉ៃលិនដោយសាររំលោភក្រមវិជ្ជាជីវៈរបស់ខ្លួន។ ការបណ្តេញចេញពីមុខតំណែងនេះធ្វើឡើងបន្ទាប់លោកបានរិះគន់លើបណ្តាញហ្វេសប៊ុកអំពីការប្រព្រឹត្តរបស់គ្រូពេទ្រប្រចាំមន្ទីរសុខាភិបាលខេត្តចំពោះការដោះស្រាយបញ្ហាជាមួយអ្នកជំងឺកូវីដ-១៩។ របាយការណ៍បញ្ជាក់ថាដំណើរការនៃការដាក់វិន័យនោះអនុវត្តដោយពុំត្រឹមត្រូវក្នុងការបញ្ឈប់ ការងារលោក ខឹម មុនីកុសល ខណៈដែលរដ្ឋបាលខេត្តប៉ៃលិនចោទប្រកាន់ថាមតិយោបល់របស់លោកមានចេតនាបង្កចលាចល បំប៉ោងព័ត៌មានមិនពិត និងបង្កចលាចលក្នុងប្រទេស។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
យុវជនជាសកម្មជនប្រាំមួយរូប ក្នុងនោះរួមទាំងប្រធានសមាគមស្ត្រីដើម្បីសង្គម ត្រូវបានឃាត់ និងឃុំខ្លួនមួយយប់ចំពោះការប្រមូលស្នាមមេដៃក្នុងខណ្ឌមានជ័យដើម្បីដាក់ញត្តិស្វែងរកការសង្គ្រោះក្នុងអំឡុងពេលកូវីដ-១៩ពីរដ្ឋាភិបាល ដូចជា ការមិនយកថ្លៃទឹក-ភ្លើង រយៈពេល៣ខែ ការរក្សាការសន្យារបស់រដ្ឋាភិបាលក្នុងការរក្សាតម្លៃទាបនៃប្រេងឥន្ធនៈ ការផ្អាកបង់បំណុលដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងការកាត់បន្ថយថ្លៃឈ្នួលផ្ទះ។ ពួកគេត្រូវបានបង្ខំឱ្យសារភាពកំហុស។ ក្រសួងព័ត៌មានបានអះអាងថាពួកគេត្រូវសុំការអនុញ្ញាតជាមុនសិនមុនពេលធ្វើយុទ្ធនាការប្រមូលស្នាមមេដៃនោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ហួន បូរី ជាកសិករ ត្រូវបានចាប់ខ្លួនដោយស្នងការនគរបាលខេត្តបាត់ដំបងដោយសារបង្ហោះរូបភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបានសរសេរសំណេរអមជេរប្រមាថលោកនាយករដ្ឋមន្ត្រី។ លោកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការខេត្តដើម្បីមានវិធានការផ្លូវច្បាប់បន្ត។
-
កំពង់ឆ្នាំង/ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកបើកបរឡានដឹកទំនិញម្នាក់ឈ្មោះ តោ ចន្នី ត្រូវបានចាប់ខ្លួនក្នុងខេត្តកំពង់ឆ្នាំង និងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញទាក់ទងនឹងករណីញុះញង់ដោយសារថតវីដេអូបង្ហោះលើបណ្តាញសង្គមTikTok ដែលក្នុងវីដេអូនោះលោកបានប្រាប់កម្មករកុំឱ្យចាក់វ៉ាក់សាំងព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ អាជ្ញាធរយល់ថានេះគឺជាការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការចាក់វ៉ាក់សាំងកូវីដ-១៩។ នៅថ្ងៃទី២៥ ខែមីនា លោក តោ ចន្នី គឺជាមនុស្សដំបូងដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់កូវីដ-១៩ ថ្មី។ លោកត្រូវបានចោទប្រកាន់ពីបទរារាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ក្រោមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ប្រសិនបើត្រូវផ្តន្ទាទោស លោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពី ៦ខែ ដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី៥០០-២.៥០០ដុល្លារអាមេរិក។
FreshNew | VOD | KhmerTimes | RFA
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក វ៉ា ប៉ោសេង ត្រូវបានចាប់ខ្លួនដោយសារបង្ហោះហ្វេសប៊ុកអះអាងថាមានមនុស្សច្រើននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅភូមិដុងអារញ្ញ ក្រុងប៉ោយប៉ែត។ លោកត្រូវបានសាកសួរ និងចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានដកហូតអាជ្ញាបណ្ណព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយសារ «ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា» បន្ទាប់ពីលោកបានរិះគន់វីដេអូបង្ហាញសកម្មភាពរបស់ព្រះគ្រូចៅអធិការវត្តមួយអង្គដាក់ទណ្ឌកម្មតាមរយៈការវាយនឹងរំពាត់ផ្តៅលើសមណៈសិស្សវ័យក្មេង៣ព្រះអង្គក្នុងខេត្តសៀមរាប។ នៅថ្ងៃទី២៣ ខែមីនា សាលាខេត្តសៀមរាបបានដាក់ពាក្យបណ្តឹងប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ឱ្យមានការរើសអើងតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ និងអំពើញុះញង់តាមសារព័ត៌មាន ប្រមាថមន្ត្រីរាជការសាធារណៈ និងប្រមាថព្រះសង្ឃ យាយជី តាជី ក្រោមមាត្រា៤៩៦ មាត្រា៤៩៧ មាត្រា៥០ និងមាត្រា៥១៦ នៃក្រមព្រហ្មទណ្ឌ។
VOA | VOA | Khmertimes | Khmertimes
-
-
កំពត
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
មានការប៉ះទង្គិចគ្នារវាងប្រជាសហគមន៍ត្រពាំងភ្លាំង និងកម្លាំងសន្តិសុខនៃក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួនកើតឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រើគ្រឿងចក្រកម្ទេចបង្គោលព្រំដី ដែលធ្វើឱ្យប៉ះពាល់ផលដំណាំក្នុងភូមិចំនួនបី។ នៅត្រឹមថ្ងៃទី១៥ ខែមីនា ក្រុមហ៊ុនបានដាក់ពង្រាយកងកម្លាំងសន្តិសុខប្រមាណជាង១០០នាក់ប្រដាប់ដោយដំបង រំពាត់ កាំបិត គល់ដើមកៅស៊ូ ដើម្បីការពារដីដែលពួកគេអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំបាននិយាយថាក្រុមហ៊ុនផ្តាច់ផ្លូវ ឈូសឆាយដំណាំ និងខ្ទម។ កម្លាំងសន្តិសុខបានបង្ករបួសដល់អ្នកភូមិចំនួន៥នាក់ក្នុងការប៉ះទង្គិចនោះ ហើយកងសន្តិសុខក្រុមហ៊ុនម្នាក់ត្រូវបានចាប់ខ្លួនក្នុងវិវាទនោះ។ ទំនាស់ដីធ្លីនោះបណ្តាលមកពីការផ្តល់សម្បទានក្នុងឆ្នាំ២០០៥ របស់រដ្ឋាភិបាលដល់ក្រុមហ៊ុននោះ ហើយនៅឆ្នាំ២០២០ ប្រជាពលរដ្ឋប្រហែល ៣០០គ្រួសារបានកាន់កាប់ដីផ្នែកខ្លះ។
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) បន្តទន្ទ្រានយកដីធ្លីរបស់អ្នកភូមិនៅភ្នំឡុងដើម្បីបន្តអាជីវកម្មរ៉ុករករ៉ែមាស។ តំណាងសហគមន៍ លោក ពុង ឆេង បានលើកឡើងថាក្រុមហ៊ុនទើបតែបានបោះបង្គោលព្រំប្រទល់ដែលរំលោភបន្ថែមទៀតលើដីស្រែរបស់អ្នកភូមិស្វាយដំណាក់។ លោកព្រមទាំងបានលើកឡើងថាប្រជាពលរដ្ឋចំនួន១៤០នាក់ត្រូវបានអាជ្ញាធរស្រុកកោះហៅ និងគំរាមមិនឱ្យតវ៉ា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានដកហូតអាជ្ញាបណ្ណព័ត៌មានរបស់លោក ព្រំ សាន sanprum.news.com ព្រមទាំងលុបអាជ្ញាបណ្ណសមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា របស់លោកផងដែរដែលរងការចោទប្រកាន់ថាបានបង្ហោះព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលក្នុងសង្គម តាមការបញ្ជាពីក្រសួងព័ត៌មាន។ នៅថ្ងៃទី១១ ខែមីនា លោក សាន បានច្រឡំបង្ហោះរូបថតវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។ លោក សាន បានលើកឡើងថាលោកទទួលស្គាល់កំហុស ១០នាទីក្រោយមកលោកបានលុបរូបនោះចេញវិញ ប៉ុន្តែរូបនោះត្រូវបានចែកចាយលើបណ្តាញសង្គមព្រោងព្រាតទៅហើយ។ ក្រុមសិទ្ធិមនុស្សបានរិះគន់ក្រសួងថាការដកហូតអាជ្ញាបណ្ណនោះធ្វើឡើងលឿនពេក ដោយគូសបញ្ជាក់ថាគួរផ្តល់ជម្រើសសមស្របជាងនេះឱ្យធ្វើការកែតម្រូវ ដើម្បីបញ្ចៀសការគាបសង្កត់លើសេរីភាពសារព័ត៌មាន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកស្រី ថន គឹមសាន អតីតសមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ចាមត្រូវបានចាប់ខ្លួនដោយសារបញ្ចេញមតិនៅលើបណ្តាញហ្វេសប៊ុកលើកឡើងថាវ៉ាក់សាំងស៊ីណូហ្វាមផ្តល់ជំនួយដោយប្រទេសចិនបានបង្កឱ្យមនុស្សស្លាប់នៅកម្ពុជា។ អ្នកស្រីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កចលាចលដល់សង្គម និងនាំឱ្យមានការយល់ច្រឡំក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មានការលើកឡើងថាអាជ្ញាធរពុំបានប្រាប់អ្នកស្រីពីមូលហេតុនៃការចាប់ខ្លួននោះឡើយ ហើយមន្ត្រីស្លៀកពាក់ឯកសណ្ឋានស៊ីវិលពុំបានបង្ហាញដីកាទេនៅពេលចាប់ខ្លួនអ្នកស្រី។
-
សៀមរាប
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
ចាងហ្វាងសារព័ត៌មានអាណាចក្រខ្មែរឈ្មោះ ប្រន ស៊ាន ត្រូវបានបុរសពីរនាក់វាយប្រហារខណៈលោកកំពុងសម្រាន្តក្នុងអង្រឹងតាមដងផ្លូវនៅខាងក្រៅប្រាសាទបេងមាលាក្នុងស្រុកស្វាយលើ។ លោក ស៊ាន សង្ស័យលើការវាយប្រហារនេះថាជាការប៉ុនប៉ងធ្វើឃាតពីជនមួយក្រុមដែលខឹងសម្បារលោកដែលរាយការណ៍ពីឈ្មួញប្រកបរបរទិញ-លក់ឈើខុសច្បាប់នៅក្នុងតំបន់នោះ។ ការវាយប្រហារនោះបង្កឱ្យលោករងរបួសក្បាលដេរ២០ថ្នេរ បាក់ធ្មេញពីរ និងបែកច្រមុះ។ អាជ្ញាធរបានកោះហៅជនដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនឈើដែលលោកស៊ានបានរាយការណ៍នោះ ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរដោះលែងវិញដោយសារកង្វះភ័ស្តុតាង។
VOD | VOD | Newsroom Cambodia
-
រតនគីរី
ករណីទាក់ទងនឹងការរើសអើង
សាកសពរបស់ស្ត្រីជនជាតិដើមភាគតិចមានផ្ទៃពោះម្នាក់ឈ្មោះ ខ្វេម ម៉ាក់ ត្រូវបានអ្នកបើកបររថយន្តសង្គ្រោះ ទុកចោលនៅលើចិញ្ចើមផ្លូវបន្ទាប់ពីនាងស្លាប់នៅក្បែរមន្ទីរពេទ្យក្នុងអំឡុងពេលសម្រាលកូន។ គ្រួសាររបស់នាងអះអាងថា ក្រុមគ្រូពេទ្យពុំសូវយកចិត្តទុកដាក់នាងឡើយ បន្ទាប់ពីបានបង្ហាញបណ្ណក្រីក្រដែលផ្តល់សិទ្ធិឱ្យនាងទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ។ ប្រជាសហគមន៍ជនជាតិដើមភាគតិចជាច្រើនយល់ថាទង្វើនេះគឺជាការរើសអើង។
RFA | Khmer Times | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណព័ត៌មានរបស់គេហទំព័រអនឡាញ live-daily.com ដោយចោទថាបានចេញផ្សាយព័ត៌មានមិនពិតទាក់ទងនឹងកូវីដ-១៩។ គេហទំព័រព័ត៌មានជាកម្មសិទ្ធិរបស់លោក ទេព វីរៈ។ ក្រសួងព័ត៌មានចោទប្រកាន់ថាគេហទំព័រនេះលើកឡើងហេតុការណ៍មិនត្រឹមត្រូវ និងបង្កចលាចល និងអស្ថិរភាពសង្គម។
-
ស្ទឹងត្រែង
ករណីទាក់ទងនឹងការរើសអើង
មន្ត្រីនគរបាលនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ ស៊ីថុង សុខា ត្រូវបានអធិការដ្ឋាននគរបាលស្រុក និងស្នងការដ្ឋាននគរបាលខេត្តកោះហៅបន្ទាប់ពីបង្ហោះរូបថតនៅថ្ងៃទី០២ ខែមីនា បង្ហាញការបំបៅដោះកូនរបស់អ្នកស្រីក្នុងពេលកំពុងបំពេញភារកិច្ច។ នគរបាលជានារីរូបនោះត្រូវបានបង្គាប់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបំបៅកូននៅទីសាធារណៈទាំងឯកសណ្ឋានមន្ត្រីនគរបាល «ព្រោះប៉ះពាល់ដល់កិត្តិយសរបស់អង្គភាពនិងស្ត្រីខ្មែរ»។ ច្បាប់ស្តីពីការងារកម្ពុជាធានា និងគូសបញ្ជាក់យ៉ាងច្បាស់ពីកាលវិភាគសម្រាកសម្រាប់ការបំបៅកូនក្នុងពេលបំពេញការងារ។ បន្ទាប់ពីមានការប្រតិកម្មខ្លាំងជាសាធារណៈទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការសុំអភ័យទោសចំពោះស្ត្រីជានគរបាលរូបនោះ ព្រមទាំងមានការផ្តល់រង្វាន់លើកទឹកចិត្តផ្សេងៗពីមន្ត្រី និងសាធារណជនផងដែរ។
CamboJA | Khmernas | Khmertimes | VOA | RFA
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកសារព័ត៌មាន១០រូបពីគេហទំព័រសារព័ត៌មានចំនួនប្រាំបី (ដូចជា អេ.ភី (AP), អា.ហ្វែស.ប៉េ (AFP), វី.អូ.អេ (VOA), វី.អូ.ឌី (VOD), រ៉យទ័រ (Reuters) ខេមបូណូមីស (Cambonomis) ថ្មីថ្មី (Thmeythmey) និងខេមបូចាញូស៍ (Cambojanews) ) ត្រូវបានមន្ត្រីរដ្ឋាភិបាលហាមប្រាមចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមពីនាយករដ្ឋមន្ត្រី និងភរិយារបស់លោកនៅមន្ទីរពេទ្រកាល់ម៉ែត្រ។ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានហៅការរារាំងសារព័ត៌មានឯករាជ្យទាំងនោះជាការរើសអើង និងរំលោភបំពានលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ មានការលើកឡើងថាព័ត៌មានដែលគាំទ្ររដ្ឋាភិបាលទទួលបានការអនុញ្ញាតឱ្យចូលរួមយកព័ត៌មាន ប៉ុន្តែមិនចេញផ្សាយបញ្ជីឈ្មោះសារព័ត៌មានទាំងនោះឡើយ។ រដ្ឋាភិបាលអះអាងថានេះដោយសារការប្រុងប្រយ័ត្នការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
-
ជាតិ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាឱ្យចូលជាធរមាន។ ច្បាប់នេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដាក់ចេញវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស ការរក្សាគម្លាតសង្គម និងចត្តាឡីស័ក។ ច្បាប់នេះក៏អនុញ្ញាតឱ្យរដ្ឋាភិបាលរឹតត្បិតឬហាមឃាត់ការធ្វើដំណើរ បិទតំបន់មួយចំនួន និងហាមប្រាមការប្រកបអាជីវកម្មក្នុងតំបន់ដែលមានជំងឺកូវីដ-១៩ផងដែរ។ ខ្លឹមសារនៃច្បាប់នេះមានអត្ថន័យមិនច្បាស់លាស់ និងទូលំទូលាយ។ បុគ្គលមានផ្ទុកជំងឺកូវីដ-១៩ ហើយមានចេតនាចម្លងរាលដាលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី១០ឆ្នាំឡើងទៅ ចំណែកក្រុមដែលមានការចាត់តាំងដែលប្រព្រឹត្តទង្វើដូចគ្នានេះអាចត្រូវផ្តន្ទាទោសរហូតដល់២០ ឆ្នាំ។ ក្នុងករណីនេះ នឹងមានការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ នេះគឺជាសេចក្តីស្នើច្បាប់ទីពីរដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ អ្នកជំនាញសិទ្ធិមនុស្សមានការព្រួយបារម្ភថាច្បាប់នេះនឹងត្រូវបានប្រើប្រាស់រំលោភបំពានលើសិទ្ធិនានា។
VOA | KhmerTimes | VOA | Camboja | Newsroom Cambodia
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយពព័ត៌មាននិងសមាគមសារព័ត៌មានដែលបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានថាពេលនេះស្ថាប័នទាំងនោះតម្រូវសហការជាមួយនឹងក្រសួងហើយត្រូវអញ្ជើញមន្ត្រីក្រសួងចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានទាំងអស់។ ទោះបីជាក្រសួងអះអាងថានេះជាការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានក្តី តែក្រុមសិទ្ធិមនុស្សចាត់ទុកថានោះជាការរំលោភលើសេរីភាពសារព័ត៌មាន។