កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រដ្ឋាភិបាលបានបញ្ជាឱ្យបញ្ឈប់សកម្មភាព និងបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលឧបត្ថម្ភមូលនិធិដោយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសកម្ពុជាបានចោទប្រកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យជុំវិញការធ្វើប្រតិបត្តិការដោយពុំមានការចុះបញ្ជី និងថ្លែងថាបុគ្គលិកបរទេសត្រូវចាកចេញក្នុងរយៈពេលប្រាំពីរថ្ងៃ។ សេចក្ដីសម្រេចនេះ គឺបន្ទាប់ពីអង្គការនេះត្រូវបានចោទថាបានជួយដល់គណបក្សសង្រ្គោះជាតិកម្ពុជា ដែលមានផែនការ «ដោយចេតនាអាក្រក់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
VOA | PPP | CD | Khmer Time | VOD | VOA | PPP | CD | Khmer Time | VOD
-
-
កោះកុង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ អ្នកភូមិប្រមាណ ១០០នាក់ មកពីខេត្តកោះកុងបានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីក្នុងរាជធានីភ្នំពេញដើម្បីដាក់លិខិតមួយច្បាប់ អំពីជម្លោះដីធ្លី ពាក់ព័ន្ធនឹងចម្ការអំពៅទំហំ ៧៨២ ហិកតា ជាកម្មសិទ្ធិរបស់លោក ហេង ហ៊ុយ និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា។ អ្នកភូមិបានព្យាយាមដើរទៅកាន់លំនៅដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើការតវ៉ា និងត្រូវបានអះអាងថាពួកគាត់ត្រូវកម្លាំងសន្តិសុខរុញច្រាន និងទាត់ធាក់នៅពេលពួកគាត់ធ្វើការតវ៉ា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានបង្គាប់ឱ្យព្យួរប្រតិបត្តិការស្ថានីយវិទ្យុឯករាជ្យចំនួនពីរ គឺ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងវិទ្យុមហានគរ ដោយសារបានរំលោភលើកិច្ចព្រមព្រៀងនៃអាជ្ញាប័ណ្ណរបស់ខ្លួន។ ស្ថានីយទាំងពីរបានជួលម៉ោងផ្សាយតាមរលកធាតុអាកាសឱ្យបណ្តាញព័ត៌មានរបស់សហរដ្ឋអាមេរិកចំនួនពីរ គឺវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ប៉ុន្តែក្រសួងព័ត៌មានបានច្រានចោលការលើកឡើងដែលថាក្រសួងកំពុងដៅមុខសញ្ញាលើវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក។
-
កណ្តាល
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងខេត្តកណ្តាលបានកោះហៅអ្នកភូម ៣នាក់ដើម្បីសាកសួរទាក់ទងនឹងតួនាទីរបស់ពួកគេក្នុងការតវ៉ាជំទាស់ទៅនឹងការបូមខ្សាច់។ អ្នកភូមិស្តីបន្ទោសលើការបូមខ្សាច់ថាបានធ្វើឱ្យបាត់បង់ដីស្រែ និងលំនៅដ្ឋានជាច្រើនខ្នង នៅក្នុងស្រុកស្អាងដែលបានបាក់ស្រុតទៅក្នុងទន្លេ។ អ្នកភូមិ៣នាក់ បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ទាក់ទងនឹងការចោទប្រកាន់ថាពួកគាត់បានញុះញង់ឱ្យមានការតវ៉ានឹងការបូមខ្សាច់។
CD | Khmer Time | PPP | CD | Khmer Time | PPP
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងជាអ្នករិះគន់រដ្ឋាភិបាលរឿយៗត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក រិះគន់អំពីការពង្រាយកងទ័ពទៅកាន់ព្រំដែនប្រទេសឡាវ។ លោកត្រូវបាន កាត់ទោសដាក់ពន្ធនាគាររយៈពេល៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,៥០០ ដុល្លារអាមេរិកដោយសារតែ «ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
PPP | RFA | Khmer Time | CD | RFI | VOD | Fresh New | PPP | RFA | Khmer Time | CD | RFI | VOD | Fresh New
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចោទប្រកាន់ថាបានខកខានបង់ប្រាក់ពន្ធ និងពុំបានចុះបញ្ជីឱ្យបានត្រឹមត្រូវជាមួយនាយកដ្ឋានពន្ធដារ។
PPP | CD | Khmer Time | PPP | CD | Khmer Time
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក គឹម សុខ អ្នកវិភាគនយោបាយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ ពិន័យជាប្រាក់ចំនួន ៨លានរៀល (ប្រហែលជា ២.០០០ដុល្លារអាមេរិក) ឱ្យទៅរដ្ឋ និងពិន័យជាប្រាក់ ៨០០ លានរៀល (ប្រហែលជា ២០០.០០០ ដុល្លារអាមេរិក) ឱ្យទៅគណបក្សប្រជាជនកម្ពុជា ដោយសារបានលើកឡើងក្នុងអំឡុងកិច្ចសម្ភាសក្នុងកម្មវិធីវិទ្យុមួយថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញដែលរិះគន់រដ្ឋាភិបាលញឹកញាប់ ដែលត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
CD | PPP | Khmer Time | CD | PPP | Khmer Time
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អង្គការសិទ្ធិមនុស្ស អាដហុក និងលីកាដូ និងអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ត្រូវបាននាយកដ្ឋានពន្ធដារនៃក្រសួងហិរញ្ញវត្ថុកោះហៅដើម្បីសាកសួរទាក់ទងនឹងការបង់ពន្ធរបស់អង្គការទាំងនោះ។ អង្គការទាំង៣នេះ អះអាងថា ខ្លួនបានបង់ពន្ធតាមការតម្រូវរួចរាល់ហើយ។
-
កោះកុង
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
អាជ្ញាធរកម្ពុជាបានឃាត់ខ្លួន និងបានសាកសួរសកម្មជនវ័យក្មេងម្នាក់មកពីអង្គការបរិស្ថានក្នុងស្រុកមួយឈ្មោះអង្គការមាតាធម្មជាតិ នៅខេត្តកណ្តាល។ សកម្មជនយុវជនរូបនោះត្រូវបានចាប់ខ្លួនបន្ទាប់ពីបានចូលរួមការតវ៉ាមួយជាមួយអ្នកភូមិដើម្បីទាមទារបញ្ឈប់ការបូមខ្សាច់ក្នុងមូលដ្ឋាន និងត្រូវបានចោទប្រកាន់ពីបទ «ញុះញង់សហគមន៍ឱ្យធ្វើការតវ៉ា» និងបង្ហោះដ្រូនខុសច្បាប់។
RFA | PPP | Khmer Time | CCHR | Fresh News | Khmer Time | CD | PPP | VOD
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
នៅ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានចាប់ខ្លួននៅម៉ោង ១២រំលងអធ្រាត្រ និងត្រូវបាននាំខ្លួនទៅឱ្យនគរបាលដើម្បីសាកសួរជុំវិញករណីផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
Fresh News | Khmer Time | CD | PPP | VOD | Fresh News | Khmer Time | CD | PPP | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាអនុម័ត និងចុះហត្ថលេខាចូលជាធរមាន។ ច្បាប់នេះហាមប្រាមគណបក្សនយោបាយពីការមានទំនាក់ទំនង ឬប្រើប្រាស់សំឡេង រូបភាព ឬឯកសារជាលាយលក្ខណ៍អក្សររបស់ទណ្ឌិតដែលតុលាការផ្តន្ទាទោសពីបទព្រហ្មទណ្ឌ។ គណបក្សណាមួយរំលោភលើវិសោធនកម្មនេះអាចត្រូវរំលាយ ហាមប្រាមពីការធ្វើសកម្មភាពនយោបាយរហូតដល់៥ឆ្នាំ ឬហាមឈរឈ្មោះបោះឆ្នោត។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃបានចេញលិខិតជាបន្តបន្ទាប់ទៅអង្គការមួយចំនួនដោយព្រមានថា អង្គការទាំងនោះខកខានគោរពតាមបទប្បញ្ញត្តិទាំងអស់នៃច្បាប់អង្គការ ដែលអាចនឹងមានវិធានការផ្នែកច្បាប់នៅចុងខែកញ្ញា។ តាមរយៈលិខិតទៅកាន់អង្គការ ខុមហ្វ្រែល និងអង្គការនិចហ្វិច ដែលអង្គការទាំងពីរនេះជាសមាជិកនៃសម្ព័ន្ធឃ្លាំមើលការបោះឆ្នោតហៅថា «បន្ទប់ស្ថានការណ៍» ដោយក្រសួងព្រមានថាក្រុមអង្គការឃ្លាំមើលទាំងនេះរំលោភមាត្រា២៤ នៃច្បាប់អង្គការ ដែលចែងពីអព្យាក្រឹត្យភាពខាងនយោបាយរបស់អង្គការ។ បើយោងតាមការជូនដំណឹងនេះ អង្គការទាំងនេះនឹងមានរយៈពេលត្រឹមចុងខែកញ្ញាក្នុងការបញ្ជូនព័ត៌មានទាំងអស់អំពីគណនេយ្យធនាគាររបស់ពួកគេនៅកម្ពុជា ហើយត្រូវធ្វើរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដាក់មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៦។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្ត្រី បានបញ្ជាផ្ទាល់ឱ្យធ្វើការស៊ើបអង្កេត វេទិកាឃ្លាំមើលការបោះឆ្នោតមួយហៅថា «បន្ទប់ស្ថានការណ៍» ដោយមូលហេតុថាពួកគេពុំបានចុះឈ្មោះតាមច្បាប់អង្គការ និងសមាគម។ ក្រុមនេះត្រូវបាន ចោទប្រកាន់ជុំវិញការប្រើប្រាស់ការឃ្លាំមើលការបោះឆ្នោតនោះថាជាលេសមួយ ដើម្បីព្យាយាមធ្វើ «បដិវត្តន៍ពណ៌» បន្ទាប់ពីក្រុមនេះ បានផ្ដល់នូវមតិយោបល់ចម្រុះស្ដីពីការបោះឆ្នោត ដោយលើកឡើងថាការបោះឆ្នោតនេះមិនអាចចាត់ទុកថា «ដោយយុត្តិធម៌ និងសេរី» បានទេ ដោយសារតែការគាបសង្កត់យ៉ាងខ្លាំងមកលើគណបក្សប្រឆាំង មុនការបោះឆ្នោត និងមានការគំរាមកំហែងជាបន្តបន្ទាប់ពីមន្រ្តីរដ្ឋាភិបាល និងមន្រ្តីយោធាថ្នាក់ខ្ពស់។
CD | PPP | Fresh News | CD | PPP | Fresh News
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកជេមស៍ រីកេតសុន ផលិតករភាពយន្តដែលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ត្រូវបានចោទប្រកាន់តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងអំពើ «ទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ទៅឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ដោយសារបង្ហោះ ដ្រូនថតសកម្មភាពប្រមូលផ្តុំមួយរបស់គណបក្សសង្គ្រោះជាតិដោយពុំមានការអនុញ្ញាតជាមុនពីអាជ្ញាធរ។ ទីបំផុតលោកត្រូវបានកាត់ទោសពីបទចារកម្មនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ និងត្រូវបានដោះលែងបន្ទាប់ពីទទួលព្រះរាជទានលើកលែងទោសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
PPP | SMH | The Guardian | PPP | SMH | The Guardian
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃបានប្រកាសជាសាធារណៈថារដ្ឋាភិបាលកំពុងស៊ើបអង្កេតអង្គការជាច្រើន ក្នុងនោះរួមមានទាំងអង្គការសិទ្ធិមនុស្សលីកាដូ និងអាដហុក និងអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលផងដែរ ដោយសាររំលោភលើឯករាជ្យភាពដោយបានគំាទ្រគណបក្សនយោបាយ។
-
ឧត្តរមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ព្រះសង្ឃចំនួន៤អង្គ ត្រូវបានចាប់ព្រះកាយបន្ទាប់ពីបាននិមន្តចូលរួមក្នុងការប្រមូលផ្តុំមួយរបស់គណបក្សជំទាស់ក្នុងក្រុងសំរោង ហើយទូរសព្ទរបស់ព្រះអង្គត្រូវបានដកហូត ហើយរូបថត និងវីដេអូនៃព្រឹត្តិការណ៍នោះត្រូវបានអាជ្ញាធរលុបចោល។ អាជ្ញាធរព្រមទាំងបានស្នើឱ្យព្រះអង្គលុបរូបថតអំពីព្រឹត្តិការណ៍នោះដែលបង្ហោះលើទំព័រហ្វេសប៊ុកផងដែរ។
-
ស្វាយរៀង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
សមាជិក ៨នាក់ ក្នុងចំណោមអ្នកភូមិមួយក្រុមមានគ្នា២០០នាក់ មកពីឃុំអំពិល ស្រុករមាសហែកដែលពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ ត្រូវបានតុលាការកោះហៅទាក់ទងនឹងការចោទប្រកាន់ថាពួកគាត់ កាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងការប្រឈមមុខមួយជាមួយនគរបាលរយៈពេល៣ម៉ោង នៅលើដីដែលកំពុងមានជម្លោះ។ អ្នកភូមិអះអាងថាដីនេះ ជាដីរបស់ពួកគាត់ ហើយត្រូវបានដកហូតពីពួកគាត់ដោយខុសច្បាប់។
Khmer Time | RFA | VOD | Khmer Time | RFA | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកភូមិមកពីខេត្តឧត្ដរមានជ័យ ដែលបានឡើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងផ្សេងៗ ពាក់ព័ន្ធនឹងជម្លោះដីធ្លី ត្រូវបានសន្តិសុខខណ្ឌដូនពេញហាមឃាត់ក្នុងការហែក្បួនក្នុងទីក្រុងភ្នំពេញ ដោយផ្អែកលើមូលហេតុថាការហែក្បួននេះ ជាការគំរាមកំហែងដល់សន្តិសុខ។
Khmer Time | VOD | Khmer Time | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ធុយ វី និង លឹម សុភា អ្នករៀបចំកម្មវិធីសន្និសីទសារព័ត៌មាន នៃរណសិរ្សរំដោះជាតិខ្មែរ ២នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងភ្នំពេញ ខណៈម្នាក់បានអំពាវនាវឱ្យដោះលែងសមាជិករណសិរ្សនេះ និងអ្នកទោសនយោបាយផ្សេងទៀត។ ស្នងការនគរបាលបានអះអាងថា ពួកគេត្រូវបានចាប់ខ្លួន ដោយសារតែពួកគេបានចែកចាយខិតប័ណ្ណ «ញុះញង់ប្រជាពលរដ្ឋ» កាលពីអតីតកាល។ អាជ្ញាធរកម្ពុជាចាត់ទុកថា រណសិរ្សរំដោះជាតិខ្មែរ គឺជាក្រុមភេរវករ។
PPP | CD | Khmer Time | PPP | CD | Khmer Time