កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • បាត់ដំបង

    បាត់ដំបង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កញ្ញា ស៊ិន​ ចាន់ពៅរ៉ូហ្សេត បេក្ខជន​មេឃុំគណបក្ស​សង្គ្រោះ​ជាតិ នៅសង្កាត់អូចារ ខេត្ត​បាត់ដំបង​ ត្រូវបានតុលាការកោះ​ហៅជាមួយ​មនុស្ស ១៣នាក់ផ្សេង​ទៀត ដោយសារបាន​ចូលរួម​ក្នុង​ការ​តវ៉ា​មួយកាលពីខែមករា ជំទាស់នឹងការ​ផ្ទេរដីទៅឱ្យ​មន្ត្រីនគរបាល​មូលដ្ឋាន​ម្នាក់យោងតាមដីកាបង្គាប់របស់តុលាការ។ អ្នក​តវ៉ា​ទាំង​នោះ​បាន​ជំទាស់ទៅនឹង​សេចក្តីសម្រេច​របស់តុលាការ​ ដោយ​សង្ឃឹមថាដីនោះនឹង​ត្រូវបាន​គេ​បង្វែរ​ទៅសម្រាប់មណ្ឌល​សុខ​ភាព​ ឬ​សាលារៀន​វិញ។ កញ្ញា ស៊ិន​ ចាន់ពៅរ៉ូហ្សេត បាន​ឆ្លើយ​បំភ្លឺថាកញ្ញាមានវត្ត​មាន​នៅ​ថ្ងៃនោះក្នុង​បំណង​ឃ្លាំមើល​ការ​តវ៉ា​តែប៉ុណ្ណោះ ដែលនេះ​​ជា​ផ្នែកមួយ​​នៃ​តួនាទីផ្លូវ​ការ​របស់​កញ្ញា។

    PPP | PPP

  • កោះកុង

    កោះកុង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​នៅ​ក្នុង​ឃុំស្មាច់មានជ័យ ខេត្ត​កោះកុង បានចាប់ដក​បដា​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្សទាំង៥ ដោយ​បង្ខំ ចេញពីការិយាល័យ​អង្គការ​ចំនួន ៣ ថ្វី​បើ​បដា​ទាំង​នោះ​ត្រូវ​បាន​​ព្យួរ​អស់​រយៈពេលជាង ៣ខែ​មកហើយក៏ដោយ។ ការ​ចាប់​ដក​ដោយ​បង្ខំ​នេះ កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​ពន្យារ​ការ​ឃុំខ្លួនបណ្ដោះអាសន្ន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​។

    PPP | CD | PPP | CD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កម្ម​ករជាង​១.០០០នាក់ ដែល​ប៉ុនប៉ង​​ហែក្បួន​ឆ្ពោះ​ទៅ​កាន់រដ្ឋសភា ក្នុង​​ទិវាពល​កម្ម​អន្តរជាតិក្នុង​រាជធានីភ្នំពេញ​ត្រូវបាន​នគរបាល​រារាំង​មិន​ឱ្យ​ធ្វើព្រោះមន្ត្រី​នគរបាល​បាន​អះអាង​ថាការ​ដើរ​ហែក្បួន​នោះត្រូវបាន​បញ្ឈប់​ដើម្បីការពារ​សន្តិ​សុខជាតិ​។ បន្ទាប់ពីមាន​ការ​ចរចា កម្មករ​ត្រូវបាន​​អនុញ្ញាតឱ្យ​ហែក្បួន​ក្នុង​ចម្ងាយ​​ខ្លី ដែលមាន​អមដោយ​នគរបាល​ប្រឆាំង​កុបកម្ម​ប្រមាណ ១០០នាក់។ អាជ្ញា​ធរ​បាន​និយាយថាការហែក្បួននោះ​​ផ្ទុយ​ទៅនឹង​បំរាមសាលាក្រុង​ និង​បាន​ធ្វើឡើង​ក្នុង​តំបន់ដែល​ជាទីតាំង​​រសើប។

    PPP | CD | Khmer Time | PPP | CD | Khmer Time

  • រតនៈគិរី

    រតនៈគិរី

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    ​អ្នក​សារព័ត៌មាន​​ ៦នាក់ ដែល​កំពុង​​ស៊ើប​អង្កេត​ការ​ដឹកឈើ​ខុស​ច្បាប់នៅជិត​ព្រំដែន​វៀត​ណាម ដែល​កំពុង​តាមដានរថយន្ត​​មួយគ្រឿង​ដែលពួក​គេ​​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់ ត្រូវបាននគរបាល​ខេត្ត​រតនៈគិរី​ចាប់បញ្ជូន​ទៅកាន់ស្នងការនគរបាល​ខេត្ត។ ពុំមាន​ការ​ពន្យល់អំពី​ការ​ចាប់ខ្លួន​នោះ​ឡើយ ហើយ​នគរបាល​បាន​សួររក​លិខិត​អនុញ្ញាតិពីអភិបាល​ខេត្ត​ បើទោះ​ជា​ការធ្វើ​បែបនេះ​ពុំចាំបាច់​ត្រូវ​មាន​ច្បាប់​តម្រូវ​ក្តី និង​បើទោះបីជា​ពួកគាត់មាន​ប័ណ្ណអ្នក​សារព័ត៌មានក៏ដោយ​។ អ្នកសារព័ត៌មាន​ទាំង​នោះត្រូវបាន​ដោះ​លែង​វិញ ក្នុង​រយៈពេល៣០នាទី​ក្រោយ​មក​ នៅពេល​ដែល​រថយន្ត​ដែល​ពួកគាត់​បាន​តាម​នោះ​ទៅបាត់។

    CD | CD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សកម្ម​ជន​ដីធ្លី​ចំនួន​៨នាក់ ត្រូវបាន​ឃាត់​ខ្លួន​ភ្លាមៗដោយ​កម្លាំង​សន្តិ​សុខ​ខណ្ឌដូន​ពេញ​បន្ទាប់ពី​ព្យាយាមដាក់ញត្តិទៅ​ធនាគារ​ពិភពលោក។ ញត្តិនោះស្នើឱ្យ​ផ្អាក​រាល់ជំនួយមក​ពីខាងក្រៅ​ទាំងអស់មកកាន់កម្ពុជា រហូត​ទាល់តែ​រដ្ឋាភិបាល​ដោះ​ស្រាយ​ទំនាស់​ដីធ្លីនៅ​តំបន់បឹង​កក់ និង​បុរីកីឡា​។ យោង​តាម​សកម្ម​ជន​ទាំង​នោះ ​កម្លាំង​សន្តិសុខ​បាន​អូស​ទាញ​ពួកគាត់ដាក់​ឡាន​ហើយ​បញ្ជូន​ពួកគាត់ទៅកាន់វត្ត​ភ្នំដើម្បីរារាំង​ការ​ដាក់ញត្តិរបស់ពួកគាត់។

    Khmer Times | PPP | VOD | Khmer Times | PPP | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញកាត់ទោស​កំបាំង​មុខ​ពីបទ «ញុះញង់» និង​ «បរិហារកេរ្តិ៍តាម​រយៈបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន»​ ចំពោះ​មតិ​យោបល់ដែល​លោក​បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក ចោទប្រកាន់ថាឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី អ្នក​វិភាគ​នយោបាយ​ គឺជា «អំពើភេវរៈកម្ម​​គាំទ្រ​ដោយ​រដ្ឋ»។ លោក​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគារ​រយៈ២០​ខែ និង​ពិន័យ​ជាប្រាក់ចំនួន​១០​លាន​រៀល​។ នេះ​គឺ​ជា​ការ​កាត់ទោស​លើក​ទី៤​​ប្រឆាំង​នឹង​លោក​សម រង្ស៊ី ក្នុង​ឆ្នាំ២០១៧។

    PPP | CD | Khmer Time | PPP | CD | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ស្ត្រីអ្នកការពារសិទ្ធិមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងពេលប្រមូលផ្តុំនៅបុរីកីឡា ក្នុងរាជធានីភ្នំពេញ ដោយ​កាន់បដាអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ រួមទាំងសកម្មជនបឹងកក់ គឺអ្នកស្រី ទេព វន្នី និងលោកនី ចរិយា មន្រ្តី​ គ.ជ,ប។ អ្នកទាំងពីរត្រូវបានដោះលែងប្រហែលរយៈពេល ១២ម៉ោង ក្រោយមក និងសន្យាបញ្ឈប់ធ្វើយុទ្ធនាការនោះបន្តទៀត។ ក្រោយមកមានការលើកឡើងពីមន្ត្រីរដ្ឋាភិបាល ដោយបានភ្ជាប់សកម្មភាពទាំងនេះទៅនឹង «បដិវត្តន៍ពណ៌»។

    CD | PPP | Business and Human Rights Resource Centre | CD | PPP | Business and Human Rights Resource Centre

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ អឿត​ អាង ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារអស់​មួយ​ជីវិត​ពីបទ​ឃាតកម្ម​ និង​កាន់កាប់អាវុធ​ខុស​ច្បាប់ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក​កែម ឡី អ្នក​វិភាគ​នយោបាយ​ និង​អ្នក​រិះគន់​រដ្ឋាភិបាល ​កាលពី​ខែកក្កដា ឆ្នាំ២០១៦។ សវនាការ​​មាន​រយៈពេល​ប្រហែល​៣០នាទី ដែល​ជន​សង្ស័យបាន​សារភាពថាបានប្រព្រឹត្ត​។ ទោះ​បី​ជា​មាន​ការកាត់ទោស​នេះក្តី មនុស្ស​ជា​ច្រើន​នៅ​តែ​ស្នើឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេតដោយ​ឯក​រាជ្យ​ និង​ឥត​លម្អៀង​បន្ថែម​ទៀត​លើ​ជន​សម​គំនិត​ជាច្រើន​នាក់ផ្សេង​ទៀត ព្រោះ​ហេតុផល​ដែល​ អឿត​ អាង​ បាន​លើក​ឡើងចំពោះការ​ធ្វើឃាតទាក់ទង​នឹង​ករណី​ជំពាក់​ប្រាក់នោះ ត្រូវ​បាន​មនុស្ស​ជាច្រើន​នាក់ដែល​ស្និទ្ធជាមួយ​លោក​ កែម ឡី​ និង​លោក​ អឿត អាង​ លើក​ឡើង​ថាជារឿងដែល​ពុំអាច​ទៅ​រួច​ឡើយ។

    PPP | CD | BBC | NY Times | PPP | CD | BBC | NY Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ការចាក់​បញ្ចាំង​វីដេអូឯកសារ​អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត ​កែម​ ឡី ជា​អ្នក​វិភាគ​នយោបាយ​ដោយសមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ​ ដែលមាន​ទស្សនិកជនមួយចំនួនតូច​ ចូល​ទស្សនានៅ​លំនៅដ្ឋាន​ឯកជន​មួយ ត្រូវបាន​នគរបាល និង​សន្តិសុខ​​ប្រដាប់ដោយ​អាវុធប្រមាណជិត​ ៥០នាក់ បញ្ឈប់ ដោយ​ផ្អែក​លើហេតុផល​ថាពុំបាន​សុំការអនុញ្ញាតិ​ពី​អាជ្ញា​ធរ​ដើម្បី​​ចាក់បញ្ចាំង​វីដេអូនេះ។ និស្សិ​ត ៤​នាក់ ត្រូវបានចាប់​ខ្លួន​ និង​​សាកសួរ​រយៈពេល​បីម៉ោង​មុនការដោះ​លែងតាម​លក្ខខណ្ឌថាពួកគេ​នឹង​សុំ​អនុញ្ញាតិពី​អាជ្ញា​ធរ​រាជធានី​ មុនពេល​ចាក់បញ្ចាំង​វីដេអូឯកសារ​នេះម្ដង​ទៀត​។​

    PPP | CD | Khmer Time | PPP | CD | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    សមាជិកព្រឹទ្ធសភាមកពីគណបក្ស​ប្រជាជន​កម្ពុជា ​ជាគណបក្ស​កាន់អំណាច​ ​បានអនុម័តលើវិសោធនកម្ម​​ច្បាប់​ស្តីពីគណបក្ស​នយោបាយដ៏ចម្រូង​ចម្រាសដោយ​អវត្ត​មាន​គណបក្ស​ជំទាស់​ដែលបានពហិកាចូលរួមសវនាការ។ វិសោធនកម្ម​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​រំលាយ​ ឬហាមប្រាមគណបក្ស​នយោបាយ​ណាមួយ ប្រសិន​បើថ្នាក់ដឹកនាំ​គណបក្ស​នោះ ត្រូវបាន​ចោទប្រកាន់ពីបទល្មើស​ព្រហ្មទណ្ឌ ឬហាមប្រាមបុគ្គលនោះពីការ​ធ្វើ​ជា​ប្រធាន​ ឬអនុប្រធាន​គណបក្ស​។

    Khmer Time | CD | CCHR&CSO | OHCHR | Khmer Time | CD | CCHR&CSO | OHCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នកស្រី ទេព វន្នី សកម្ម​ជន​ដីធ្លី និង​ជាអ្នកការពារ​សិទ្ធិ​មនុស្សជា​ស្ត្រី ត្រូវបាន​រក​ឃើញ​ថា​មានទោស​​ ពីបទ​ហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ​ ដោយ​សារតែការចោទប្រកាន់ថា​បានបញ្ជា​ឱ្យ​​វាយ​ប្រហារ​លើ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ក្នុង​ ឆ្នាំ២០១៣ នៅពេល​ដែល​អ្នក​​ស្រីស្នើដោយ​សន្តិ​វិធី​ឱ្យ​ដោះលែង​អ្នក​ស្រី យ៉ោម​ បុប្ផា​ សកម្ម​ជន​បឹង​កក់​ដូចគ្នា​នឹង​អ្នកស្រី​ដែរ​។ អ្នក​​ស្រីក៏​ត្រូវ​ពិន័យជាប្រាក់​ចំនួន​ ៥លាន​រៀល​ (១.២៤០​ដុល្លាអាមេរិក) និង​បង្គាប់ឱ្យ​សងជំងឺចិត្ត​នូវទឹកប្រាក់ចំនួន​ ៤លានរៀល​ និង ៥លាន​រៀល ដល់​សន្តិសុខដើម​បណ្តឹង​ផង​ដែរ។​

    PPP | CD | Khmer Time | LICADHO | PPP | hCD | Khmer Time | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក គឹម សុខ​ អ្នក​វិភាគ​នយោបាយ​ ត្រូវបាន​ចោទប្រកាន់ពី​បទញុះញង់ និង​ស្ថិត​​ក្រោម​ការ​​ឃុំខ្លួនបណ្តោះអាសន្ន​ ដោយសារ​បាន​លើក​ឡើង​ក្នុង​​កិច្ចសម្ភាសតាម​វិទ្យុមួយ​ ថាគណបក្សប្រជាជ​ន​ ជាប់ពាក់ព័ន្ធ​នឹងឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី ជាអ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​​ និងជា​អ្នក​​រិះគន់លើ​រដ្ឋាភិបាល ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។​

    CD | Khmer Time | PPP | CD | Khmer Time | PPP

  • បន្ទាយ​មាន​ជ័យ

    បន្ទាយ​មាន​ជ័យ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ ចៅ​ វាសនា មេ​ឃុំ​ដែល​ជា​មន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាបេក្ខជន​សម្រាប់ការ​បោះឆ្នោត​ឃុំ/សង្កាត់ខាង​មុខ​ត្រូវបាន​ឃុំខ្លួន ដោយសារការ​ចូលរួមរបស់គាត់​ក្នុង​ការតវ៉ាមួយ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​ក្នុង​ ឆ្នាំ​២០១៥ ដែលនៅពេល​នោះមាន​ការ​​ប៉ះ​ទង្គិច​រវាង​អ្នក​តវ៉ាប្រហែល ​១៥០នាក់​ ជាមួយ​នគរបាល​ទាក់ទងនឹង​ការតម្លើង​ថ្លៃ​ពន្ធ។ លោ​ក​ចៅ​ វាសនា ត្រូវបាន​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចោទប្រកាន់ពីបទ​ញុះញង់ សមគំនិត​ក្នុង​ការ​ធ្វើឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បំផ្លិច​បំផ្លាញ​ទ្រ​ព្យ​សម្បត្តិ​សាធារណៈ ទោះ​បីជា​​លោក​បំភ្លឺ​ថា​លោក​គ្រាន់តែ​ឃ្លាំមើល​ស្ថាន​ភាព​នោះ​ក្នុង​តួនាទី​របស់​លោក​​ជាមេឃុំ​ក៏ដោយ។​ ពុំមាន​ការ​ចាប់ខ្លួន​ទាក់ទង​នឹង​ការ​បង្ក​អំពើ​ហិង្សា​ទៅលើ​អ្នក​តវ៉ាដោយ​កម្លាំង​នគរបាល​ឡើយ​រហូត​មក​ពេល​នេះ​។

    Khmer Time | PPP | CD | Khmer Time | PPP | CD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​តវ៉ាដែល​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​​ភូមិគ្រឹះ​របស់លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន​ សែន​ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍ពី​លោក​នាយករដ្ឋ​មន្ត្រី​ក្នុង​ទំនាស់ដីធ្លីជា​ច្រើន​ ដែលអូស​បន្លាយ ជាមួយ​នឹង លោក​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា​គណបក្ស​ប្រជាជន​ និង​ក្រុម​ហ៊ុន​ ហេង ហ៊ុយ កសិកម្ម​ក្នុង​ខេត្ត​កោះ​កុង ត្រូវបាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បង្ក្រាប​ដោយ​ហិង្សា​។ យោង​តាម​របាយការណ៍នានា​ អ្នក​តវ៉ាខ្លះ​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ ត្រូវបាន​សន្តិសុខ​រុញ​ច្រាន​ឱ្យ​ដួល​ និង​វាយ​ដំ ដែលបណ្តាលឱ្យ​មនុស្ស​មួយ​ចំនួនសន្លប់។

    CD | CD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក អំ សំអាត បុគ្គលិកអង្គការលីកាដូ និងលោក ចាន់ ពុទ្ធិសក្តិ តំណាងសហគមន៍បឹងកក់ បានចូលបង្ហាញខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយបំភ្លឺទាក់ទងនឹងបទ «បង្កហិង្សាដោយចេតនា» យោងតាមពាក្យ​បណ្តឹងរបស់សន្តិសុខខណ្ឌដូនពេញពាក់ព័ន្ធក្នុងការតវ៉ាមួយនៅខែតុលា ឆ្នាំ២០១៦ ក្នុងឱកាសនៃទិវាលំនៅដ្ឋានពិភពលោក ខណៈអ្នកទាំងពីរកំពុងឃ្លាំមើលការតវ៉ានោះ។ អ្នកទាំងពីរ​ត្រូវបាន​សាក​សួរ ប៉ុន្តែ​ពុំ​មាន​ការ​ផ្ដន្ទា​ទោស ​ឬ​មាន​សេចក្ដី​សម្រេច​ណាមួយបន្ទាប់​ពី​នោះ​មក​ទេ។ ក្នុងអំឡុងពេលការតវ៉ាឆ្នាំ​២០១៦ ទាំង​លោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ ត្រូវបានកម្លាំងសន្តិសុខវាយប្រហារយ៉ាងដំណំ។ នគរបាលបានរារាំងការដើរហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ ដោយបានដកហូតទាំងបំពាននូវឧបករណ៍ភ្លេង និងបដាជាច្រើនពីអ្នកដើរហែក្បួន ហើយក្រោយមកមានការប្រើហិង្សាលើលោក ចាន់ ពុទ្ធិសក្តិ ដែលកំពុងថតវីដេអូនូវសកម្មភាពនៃការដើរហែក្បួននោះ។ លោក អំ សំអាត ត្រូវបានវាយដំខណៈលោកព្យាយាមបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនោះ។ អ្នកទាំងពីរបានរងរបួស និងចាំបាច់ទទួលការព្យាបាល។

    Khmer Time | PPP | CD | LICADHO | Khmer Time | PPP | CD | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់រងបណ្តឹងពីបទបរិហារកេរ្តិ៍​ទាក់ទងនឹង​ការ​អះអាងដែលលោក​បាន​​លើកឡើងលើ​ទំព័រហ្វេសប៊ុក​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​សូកប៉ាន់កញ្ញា ធី សុវណ្ណថា ​អតីត​អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ និងជា​សកម្មជន​​ល្បីល្បាញលើបណ្តាញផ្សព្វ​ផ្សាយ​សង្គមដើម្បីបើកយុទ្ធ​នាការ​​លើបណ្តាញ​អ៊ីន​ធឺណិត​ប្រឆាំង​នឹង​​គណបក្សសង្គ្រោះ​ជាតិ។ ពាក្យបណ្តឹង​នោះ​ត្រូវបាន​ប្តឹង​ដោយ​កញ្ញា ធី សុវណ្ណថា។ ​នៅ​ថ្ងៃបន្ទាប់លោក​នាយក​រដ្ឋ​មន្ត្រីបាន​ដាក់ពាក្យ​បណ្តឹង​ដោយឡែក​ផ្អែក​លើ​អង្គហេតុ​ដូច​គ្នា​ ដោយ​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្តនូវទឹក​ប្រាក់ចំនួន​ ១លាន​ដុល្លារ​អាមេរិក។

    CD | PPP | Khmer Time | CD | PPP | Khmer Time

  • សៀមរាប

    សៀមរាប

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អនុប្រធាន​​គណៈកម្មាធិការប្រតិបត្ដិឃុំ សង្កាត់​ របស់គណបក្សសង្រ្គោះជាតិ ដែលជាបេក្ខជនស្ថិតនៅលេខរៀងខ្ពស់សម្រាប់គណបក្ស​សង្គ្រោះជាតិក្នុង​ឃុំតាសំ ស្រុកអង្គរជុំ ត្រូវបាន​ចាប់ខ្លួន​ និង​ដាក់ឱ្យ​​នៅ​​​ក្នុង​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពីសំណាក់សាលាដំបូង​ខេត្ត​សៀម​រាប​​។ លោក​ត្រូវបាន​ចោទប្រកាន់ពីបទបូមខ្សាច់ដោយ​គ្មាន​អាជ្ញាប័ណ្ណ។ អធិការនគរបាល​ស្រុកបា​នបដិសេធ​ការ​ចាប់ខ្លួន​នោះ​ថាជាប់ពាក់ព័ន្ធ​នឹង​នយោបាយ ទោះ​ជាយ៉ាង​ណា​មនុស្ស​ផ្សេង​ទៀត​ក្នុង​តំបន់ដែល​អនុវត្ត​សកម្មភាព​ដូច​គ្នា​នេះ​មិន​ត្រូវបាន​ចាប់​ខ្លួន​ឡើយ​។

    PPP | PPP

  • ស្ទឹង​ត្រែង

    ស្ទឹង​ត្រែង

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ​អ៊ុក ម៉ៅ សកម្ម​ជនដីធ្លី និង​ជាជន​ជាតិ​ដើម​ភាគតិច​គួយ ដែល​បាន​លើក​កម្ពស់​ការ​យល់ដឹង​អំពី​រដ្ឋ និង​ការ​កាប់ឆ្ការព្រៃសហគមន៍ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ត្រូវបាន​​អាជ្ញាធរ​ចាប់ខ្លួន​​ និងសាកសួរ​បន្ទាប់ពីបាន​នាំ​អ្នក​សារ​ព័ត៌មាន​ទៅកាន់ព្រៃក្នុង​ឃុំ​សំអាង ដើម្បី​បង្ហាញ​ពីផលប៉ះពាល់ធ្ងន់ធ្ងរ​​នៃ​ការឈូស​ឆាយ​ដី។ លោកត្រូវ​បាន​រាយការណ៍ថា​ រង​ការ​គំរាម​កំហែង​ពីបទបរិហារកេរ្តិ៍ ដោយ​បាន​រាយការណ៍​ព័ត៌មាន​មិន​ពិត ហើយ​អាច​នឹង​ជាប់​ពន្ធនាគារ​។

    PPP | PPP

  • រតនៈគិរី

    រតនៈគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ស៊ាង ពិសិដ្ឋ អ្នក​លក់ទឹកកកឈូស​តាមផ្លូវ​ដែល​ផ្សព្វផ្សាយសារនយោបាយរបស់គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​តាមរយៈ​ឧឃ្ឃោសនសព្ទលើ​​ម៉ូតូ​របស់​ខ្លួន ​ត្រូវបាន​នគរបាល​បញ្ឈប់នៅក្នុងខេត្ត​រតនៈគិរី​ ដោយ​សារ​សកម្ម​ភាព​របស់​គាត់​នោះធ្វើឡើង​ ក្រៅ​​​​អំឡុង​ពេល​ឃោសនាបោះ​ឆ្នោត។ លោក​ត្រូវបាន​បង្គាប់ឱ្យ​ចុះកិច្ច​សន្យាបញ្ឈប់ធ្វើសកម្ម​ភាព​ដដែល​​នោះ​​ទៀត​។

    PPP | PPP

  • ពោធិ៍សាត់

    ពោធិ៍សាត់

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ គុជ វេង សកម្ម​ជន​​ដីធ្លី​​ ត្រូវ​បាន​​សាលា​ដំបូង​​ខេត្ត​​ពោធិ៍សាត់​សាកសួរ​បន្ទាប់ពីមាន​​ការ​​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និង​ការ​​ធ្វើ​​ឱ្យ​​អស់ជំនឿលើ​សេចក្តីសម្រេច​​របស់តុលាការ ដែល​ប្តឹង​ដោយ​មេឃុំស្នាអន្សា។ ការ​​ចោទ​ប្រកាន់​ទាំង​​នេះ​​ពាក់ព័ន្ធ​​នឹង​​ករណី​មួយ​​ចំនួន​ក្នុង​​អំឡុង​​ឆ្នាំ២០១២-២០១៣ នៅ​​ពេល​​​ដែលសកម្ម​ជន​​រូបនេះ បាន​​ប្រឆាំង​​នឹង​​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចំនួន​២១គ្រួសារ​ និង​ពាក់ព័ន្ធនឹង​ការ​រិះ​គន់ជា​សាធារណៈរបស់​គាត់ចំពោះការកាត់ទោសបុគ្គល​​ម្នាក់​ដាក់ពន្ធនាគារ​រយៈពេល​៥ឆ្នាំ ក្នុង​ឆ្នាំ២០១៥ ដោយ​សារ​បុគ្គល​នោះ​​បាន​តវ៉ា​នឹង​ការ​បណ្តេញ​ចេញ។

    PPP | PPP