កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ខេត្តកំពង់ចាម
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាន រដ្ឋា បុរសវ័យ២៩ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួននៅថ្ងៃមង្គលការរបស់ខ្លួន ដោយសារតែបានរិះគន់រដ្ឋាភិបាលកម្ពុជា។ លោកត្រូវបានស៊ើបសួរ ពីបទប្រមាថជាសាធារណៈ និងបទញុះញង់។ លោកត្រូវរងការចោទប្រកាន់ថាបានហៅរដ្ឋាភិបាល «ផ្ដាច់ការ» នៅក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
-
ប្រទេសថៃ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ជនភៀសខ្លួនកម្ពុជាដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងជាអតីតអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិ អ្នកស្រីសំ សុខា ដែលបានគេចខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ បន្ទាប់ពីវីដេអូមួយបានផូសនៅលើបណ្ដាញអ៊ិនធឺណិតបង្ហាញរូបភាពអ្នកស្រីគប់ស្បែកជើងទៅលើផ្ទាំងប៉ាណូរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានចាប់បញ្ជូនពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ បើទោះបីជាបានទទួលស្គាល់ក្នុងឋានៈជាជនភៀសខ្លួន ដោយអង្គការសហប្រជាជាតិ។ អ្នកស្រីសុខា ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល នៅក្នុងខែមករា ឆ្នាំ២០១៨។ អ្នកស្រី ត្រូវបានបញ្ចូនទៅពន្ធនាគារ ហើយបានស្នើសុំព្រះរាជទានទោសកាលពីខែកញ្ញា ឆ្នាំ២០១៨។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមឃាត់គណបក្សនយោបាយ ក្នុងការប្រើប្រាស់ទីតាំងជាក់លាក់មួយចំនួន នៅទីក្រុងភ្នំពេញ រួមទាំងមហាវិថីធំៗ និងកន្លែងសាធារណៈ ដើម្បីធ្វើយុទ្ធនាការមុនការបោះឆ្នោតព្រឹទ្ធសភា។ មូលហេតុនៃការហាមឃាត់នេះ គឺសុវត្ថិភាពសាធារណៈ និងការពារកុំឱ្យមានការរំខានផ្នែកចរាចរណ៍។
Khmer Times | PPP | RFA | PPP | HRW
-
រាជធានីភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
តុលាការកំពូលបានសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសសកម្មជនដីធ្លី អ្នកស្រីទេព វន្នី ដាក់ពន្ធនាគារ៣០ខែ ដោយសារបទចោទពាក់ព័ន្ធនឹងការតវ៉ាក្នុងឆ្នាំ២០១៣ នៅក្បែរផ្ទះនាយករដ្ឋមន្ត្រី ដែលបង្កទៅជាអំពើហិង្សា។ គាត់ត្រូវជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលរងការចោទថាបានបញ្ជាក្រុមអ្នកតវ៉ាឱ្យប្រើហិង្សាលើក្រុមសន្តិសុខ។ អ្នកទេព វន្នី និងមេធាវីរបស់អ្នកស្រីបានលើកឡើងពីកង្វះខាតភស្តុតាងគាំទ្រដល់ការដាក់ទោសនេះ។ អ្នកស្រីបានជាប់ពន្ធនាគារអស់រយៈពេល ១ ឆ្នាំកន្លះ រួចមកហើយ។ អ្នកស្រីត្រូវបានដោះលែងតាមព្រះរាជក្រឹត្យលើកលែងទោសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។
PPP | Licadho | VOA | FLD | Amnesty | Khmer Times | PPP | RFA
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សមាជិកគណបក្សសង្រ្គោះជាតិមកពីខេត្តកំពង់ចាម លោក អ៊ីស្មាល់ អូស្មាន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរមនុស្ស ដោយរងការចោទប្រកាន់ថាបានបញ្ជូនកម្មការិនីទៅធ្វើការនៅក្រៅប្រទេស។ លោកត្រូវបានចាប់ខ្លួន ខណៈដែលទើបតែត្រលប់មកពីប្រទេសថៃ ដែលជាកន្លែងលោករត់គេចដោយសារតែសម្ពាធពីអាជ្ញាធរឱ្យលោកចុះចូលជាមួយគណបក្សកាន់អំណាច។ លោកកំពុងតែស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅឡើយ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្រ្តី បានព្រមាន ថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ថាកុំនាំចលនាសង្រ្គោះជាតិរបស់លោក ដែលទើបបង្កើតថ្មី មកក្នុងទ្វីបអាស៊ី និងបានហៅចលនានេះថាជា «អង្គភាពភេវកម្ម»។ លោក ហ៊ុន សែន ព្រមានថាលោកអាចនឹងធ្វើការជាមួយរដ្ឋាភិបាលប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេប្រសិនបើគេចូលមកក្នុងទ្វីបអាស៊ី។
Khmer Times | PPP | RFA | VOA | Khmer Times | PPP | WCS
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ពលរដ្ឋសហគមន៍បុរីកីឡាដែលតវ៉ានៅខាងក្រៅផ្ទះលោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផាអ៊ីមិក ត្រូវបានអាជ្ញាធរប្រាប់ឱ្យបញ្ឈប់ការតវ៉ា បើមិនដូច្នោះទេពួកគេនឹងត្រូវចាប់ខ្លួន។ ពលរដ្ឋទាំងនោះបានតវ៉ាទាមទារសំណងបន្ទាប់ពីពួកគេបានចាកចេញពីលំនៅឋាននៅឆ្នាំ២០១២ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
-
ខេត្តសៀមរាប
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសមាជិកគណបក្ស សង្រ្គោះជាតិ ៤ នាក់ ត្រូវបានបណ្ដេញចេញពីតួនាទីជាគ្រូបង្រៀននៅក្នុងខេត្តសៀមរាប។ អ្នកទាំងនេះ ត្រូវបានបញ្ឈប់ដោយសារតែ «បានអវត្តមានដោយគ្មានច្បាប់» ចាប់ពីថ្ងៃទី១ ខែមករា ពួកគេបានបដិសេធការចោទប្រកាន់នេះ ដោយពន្យល់ថា ពួកគេបានសុំច្បាប់សម្រាក ដើម្បីទៅបន្តការងារក្នុងវិស័យនយោបាយរបស់ពួកគេ។ ក្រសួងអប់រំបានចោទថា កិច្ចសន្យារបស់ពួកគេត្រូវបានបញ្ចប់ដោយសារតែពួកគេមិនបានត្រលប់មកធ្វើការវិញឱ្យបានភ្លាមៗ បន្ទាប់ពីគណបក្សត្រូវបានរំលាយ។ គ្រូបង្រៀនទាំងនោះ ដែលមាន លោក ហុង សុខជា ពៀត ម៉ាប់ មុត មល្លា និង ច័ន្ទ សុភា បានអះអាងថាការបញ្ឈប់ការងាររបស់ពួកគេ គឺស្ថិតក្រោម «ហេតុផលនយោបាយ»។
PPP | VOA | PPP | Khmer Times | RFA
-
ខេត្តមណ្ឌលគិរី
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោកធុល ខ្នា ជាមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ លោកតើន សុខណៃ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងលោកសេក វឌ្ឍនា មន្ត្រីអាវុធហត្ថ ត្រូវបានសម្លាប់នៅពេលកំពុងល្បាតព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។ មន្ត្រីអាវុធហត្ថពីរនាក់ត្រូវបានចោទពីបទ ឃាតកម្មគិតទុកជាមុន និងជនសង្ស័យម្នាក់ទៀតដែលជាមន្ត្រីអាវុធហត្ថផងដែរ ក៏ត្រូវបានចោទពីបទសមគំនិត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។
VOA | Khmer Times | PPP | WCS | LICADHO | Khmer Times | VOD | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីីភ្នំពេញបានរកឃើញ លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្ស ហ្វុ៊ន ស៊ិនប៉ិច ថាមានទោសពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងការលើកឡើងក្នុងពេលសន្ទនាជាលក្ខណៈឯកជនមួយ។ ក្នុងអំឡុងពេលនិយាយទូរសព្ទនោះ លោកឡាយស្រេង បានចោទប្រកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកគណបក្សហ្វុ៊ន ស៊ិនប៉ិច ក្នុងការទទួលយកអាសនៈគណបក្សសង្គ្រោះជាតិនៅរដ្ឋសភាបន្ទាប់ពីការរំលាយគណបក្សនេះ។ លោកត្រូវបានបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួន ១២៥,០០០ ដុល្លារអាមេរិក។ លោកក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ២,០០០ដុល្លាអាមេរិក ដោយសារ «ការប្រមាថព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី» ចំពោះមតិយោបល់ដទៃទៀត ដែលបានលើកឡើងក្នុងអំឡុងពេលនិយាយទូរសព្ទអំពីព្រះមហាក្សត្រ។ សារព័ត៌មាន និងសង្គមស៊ីវិលបានដាក់មន្ទិលសង្ស័យលើការចោទប្រកាន់នោះថាជាការថ្លែងក្នុងការសន្ទនាក្នុងពេលនិយាយទូរសព្ទជាលក្ខណៈឯកជន ខណៈដែលបរិហាកេរ្តិ៍ គឺត្រូវបានផ្ដល់និយមន័យថាជាមតិយោបល់ដែល «ធ្វើឡើងជាសាធារណៈ»។
VOA | PPP | Khmer Times | RFA | Fresh News | Khmer Times | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្រោមមាត្រា៤៧១ និងមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការបង្ហោះហ្វេសប៊ុកមួយកាលពីខែធ្នូ ឆ្នាំ២០១៧ ញុះញង់កងទ័ពជាតិឱ្យប្រឆាំងនឹងរដ្ឋាភិបាល។ លោក សម រង្ស៊ី បានអំពាវនាវឱ្យកងទ័ពកុំគោរពតាមបទបញ្ជា ដែលមានដូចជាការបញ្ជាឱ្យបាញ់សម្លាប់មនុស្ស ឬពលរដ្ឋស្លូតត្រង់ជាដើម។ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅបារាំង អាចប្រឈមមុខនឹងការជាប់ទោសដាក់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,៥០០ ដុល្លារអាមេរិក។
Fresh News | Khmer Times | PPP | PPP2 | Fresh News | Khmer Times | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលារាជធានីភ្នំពេញបានហាមប្រាមអ្នកនយោបាយនៃ គណបក្សសង្គ្រោះជាតិ មិនឱ្យចូលរួមការគោរពវិញ្ញាណក្ខន្ធនៅក្នុងពិធីបុណ្យគម្រប់ខួបលើកទី១៤ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ សាលារាជធានីភ្នំពេញថែមទាំងដាក់កម្រិតចំនួនអ្នកចូលរួមត្រឹមតែ ១២០នាក់ប៉ុណ្ណោះ។ លោក ជា វិជ្ជា គឺជាមេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវគេបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅកណ្តាលថ្ងៃចែស ហើយមូលហេតុនៃការសម្លាប់នេះ គឺត្រូវបានមជ្ឈដ្ឋានទូទៅគិតថាមានពាក់ព័ន្ធនឹងរឿងនយោបាយ។
Khmer Times | RFA | PPP
-
កោះពេជ្រ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នាយករដ្ឋមន្ត្រីបានថ្លែងថាក្រុម ឬសមាគមណាមួយដែលជាតំណាងកម្មករមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវតែមានការទទួលស្គាល់ជាផ្លូវការដើម្បីចូលរួមការតវ៉ានានា។ ការលើកឡើងនេះ រំលោភលើសេរីភាពជួបប្រជុំ ព្រោះប៉ះពាល់ដល់លទ្ធភាពរបស់អ្នកដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតសមាគម និងមានតំណាងរបស់ពួកគេ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកជា មុនីមេដឹកនាំសហជីពសេរីកម្មករដែលត្រូវជាប្អូនប្រុសលោក ជា វិជ្ជា មេដឹកនាំសហជីពដែលហ៊ាននិយាយមិនសំចៃមាត់ ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ២០០៤ ដើម្បីសាកសួរពីបទញុះញង់។ លោកត្រូវបានកោះហៅឱ្យចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នានាពីបទញុះញង់ ដោយសារមានការអះអាងថាលោកបានអំពាវនាវឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា។ ព្រះរាជអាជ្ញាទាមទារប្រាក់ចំនួន១លានដុល្លាដើម្បីសងជំងឺចិត្តដល់កម្មករ។ ក្នុងលិខិតដែលចុះកាលបរិច្ឆេទតាំងពីខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែ ទើបតែបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២១ ខែកុម្ភៈ ចៅក្រមស៊ើបសួរ សេង រិទ្ធី បាននិយាយថាការចោទប្រកាន់បទញុះញង់ មកលើ លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ ត្រូវបានទម្លាក់ចោល។
Fresh News | Khmer Times | PPP | VOA | RFA | Khmer Times | PPP | Fresh News | VOA
-
រាជធានីភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកស្រី ហ៊ិន វ៉ាន់ស្រីពៅ ដែលបង្ហោះវីដេអូលើបណ្តាញហ្វេសប៊ុកចោទប្រកាន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានៅពីក្រោយការធ្វើឃាតលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានរកឃើញថាមានទោស និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទញុះញង់ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន ១លានរៀល (២៥០ ដុល្លារអាមេរិក)។ អាជ្ញាធរពុំបានបញ្ជាក់ពីបទឧក្រិដ្ឋជាក់លាក់ ដែលអ្នកស្រីត្រូវបានចោទប្រកាន់ថាបានញុះញង់ឱ្យប្រព្រឹត្តនោះទេ។ អ្នកស្រី ហ៊ិន វ៉ាន់ស្រីពៅ បាននិយាយថាអ្នកស្រីនឹងមិនប្តឹងឧទ្ធរណ៍ទេ។
PPP | Fresh news | PPP | Fresh News
-
រាជធានីភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
ក្រសួងព័ត៌មានបានបង្កើតប័ណ្ណសម្គាល់ខ្លួនទម្រង់ថ្មីសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ ប័ណ្ណសម្គាល់ខ្លួននេះនឹងមានសុពលភាពរយៈពេលមួយឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ហើយនឹងមាន ឃ្យូអាកូដ ដែលកត់ត្រាទិន្នន័យពីអ្នកសារព័ត៌មាន និងអាចត្រូវបានឃ្លាំមើលពីមន្ត្រីអនុវត្តច្បាប់។ ប័ណ្ណសម្គាល់ខ្លួនថ្មីនេះនឹងអនុញ្ញាតឱ្យមានការពិនិត្យចំនួនអ្នកសារព័ត៌មានដែលធ្វើប្រតិបត្តិការនៅកម្ពុជា មើលថាតើអ្នកសារព័ត៌មានទាំងនោះចេញផ្សាយអត្ថបទអ្វីខ្លះ និងមើលថាតើពួកគេមានពាក់ព័ន្ធនឹងអំពើមិនត្រឹមត្រូវណាមួយឬក៏អត់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សម រង្ស៊ី ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ និងត្រូវបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចោទប្រកាន់ទាំងនេះធ្វើឡើងបន្ទាប់ពីលោកបានចោទលោកនាយករដ្ឋមន្ត្រីថាបានសូកប៉ាន់កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្ររដ្ឋាភិបាលដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ។
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
ព្រះតេជគុណ ហន សុផាន្នី រងការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក ដែលបង្ហាញសកម្មភាពព្រះអង្គកាន់កាំភ្លើងជ័រព្រមទាំងមានសំណេរបរិយាយទាក់ទងនឹងនយោបាយ។ ព្រះអង្គហន សុផាន្នី ដំបូងត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ប៉ុន្តែការចោទប្រកាន់ទាំងនេះត្រូវបានទម្លាក់ចោលវិញ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តុលាការកំពូលបានតម្កល់ការកាត់ទោសលើសកម្មជនបឹងកក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែលត្រូវបានចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ» និងបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ក្នុងខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីមានការតវ៉ាក្នុងទំនាស់ដីធ្លីមួយក្នុងឆ្នាំ២០១១។ ការជំនុំជម្រះនោះរងការរិះគន់ជាច្រើន ព្រោះពុំស្របតាមលក្ខខណ្ឌតម្រូវឱ្យមានភស្តុតាងសម្អាង និងស្របតាមបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រុមការងាររៀបចំវេទិកា កាហ្វេនយោបាយ ដែលធ្វើឡើងជារៀងរាល់សប្តាហ៍ បានប្រកាសផែនការផ្អាកប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ទោះបីជាពុំមានការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដោយផ្ទាល់ទៅលើបុគ្គលណាម្នាក់ក្នុងក្រុមពួកគេក៏ដោយ ដោយសារពួកគេយល់ថា «មិនអាចបំពេញការងារឱ្យបានពេញលេញតាមសមត្ថភាពរបស់ខ្លួន» ខណៈការបង្ក្រាបផ្នែកនយោបាយនៅបន្តកើតឡើង។