កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
បាត់ដំបង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជនមេឃុំគណបក្សសង្គ្រោះជាតិ នៅសង្កាត់អូចារ ខេត្តបាត់ដំបង ត្រូវបានតុលាការកោះហៅជាមួយមនុស្ស ១៣នាក់ផ្សេងទៀត ដោយសារបានចូលរួមក្នុងការតវ៉ាមួយកាលពីខែមករា ជំទាស់នឹងការផ្ទេរដីទៅឱ្យមន្ត្រីនគរបាលមូលដ្ឋានម្នាក់យោងតាមដីកាបង្គាប់របស់តុលាការ។ អ្នកតវ៉ាទាំងនោះបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការ ដោយសង្ឃឹមថាដីនោះនឹងត្រូវបានគេបង្វែរទៅសម្រាប់មណ្ឌលសុខភាព ឬសាលារៀនវិញ។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានឆ្លើយបំភ្លឺថាកញ្ញាមានវត្តមាននៅថ្ងៃនោះក្នុងបំណងឃ្លាំមើលការតវ៉ាតែប៉ុណ្ណោះ ដែលនេះជាផ្នែកមួយនៃតួនាទីផ្លូវការរបស់កញ្ញា។
-
កោះកុង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលនៅក្នុងឃុំស្មាច់មានជ័យ ខេត្តកោះកុង បានចាប់ដកបដាអំពាវនាវឱ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥ ដោយបង្ខំ ចេញពីការិយាល័យអង្គការចំនួន ៣ ថ្វីបើបដាទាំងនោះត្រូវបានព្យួរអស់រយៈពេលជាង ៣ខែមកហើយក៏ដោយ។ ការចាប់ដកដោយបង្ខំនេះ កើតឡើងមួយថ្ងៃបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ បានពន្យារការឃុំខ្លួនបណ្ដោះអាសន្នរបស់អ្នកការពារសិទ្ធិមនុស្សទាំង ៥។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កម្មករជាង១.០០០នាក់ ដែលប៉ុនប៉ងហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិក្នុងរាជធានីភ្នំពេញត្រូវបាននគរបាលរារាំងមិនឱ្យធ្វើព្រោះមន្ត្រីនគរបាលបានអះអាងថាការដើរហែក្បួននោះត្រូវបានបញ្ឈប់ដើម្បីការពារសន្តិសុខជាតិ។ បន្ទាប់ពីមានការចរចា កម្មករត្រូវបានអនុញ្ញាតឱ្យហែក្បួនក្នុងចម្ងាយខ្លី ដែលមានអមដោយនគរបាលប្រឆាំងកុបកម្មប្រមាណ ១០០នាក់។ អាជ្ញាធរបាននិយាយថាការហែក្បួននោះផ្ទុយទៅនឹងបំរាមសាលាក្រុង និងបានធ្វើឡើងក្នុងតំបន់ដែលជាទីតាំងរសើប។
PPP | CD | Khmer Time | PPP | CD | Khmer Time
-
រតនៈគិរី
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកសារព័ត៌មាន ៦នាក់ ដែលកំពុងស៊ើបអង្កេតការដឹកឈើខុសច្បាប់នៅជិតព្រំដែនវៀតណាម ដែលកំពុងតាមដានរថយន្តមួយគ្រឿងដែលពួកគេសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ត្រូវបាននគរបាលខេត្តរតនៈគិរីចាប់បញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត។ ពុំមានការពន្យល់អំពីការចាប់ខ្លួននោះឡើយ ហើយនគរបាលបានសួររកលិខិតអនុញ្ញាតិពីអភិបាលខេត្ត បើទោះជាការធ្វើបែបនេះពុំចាំបាច់ត្រូវមានច្បាប់តម្រូវក្តី និងបើទោះបីជាពួកគាត់មានប័ណ្ណអ្នកសារព័ត៌មានក៏ដោយ។ អ្នកសារព័ត៌មានទាំងនោះត្រូវបានដោះលែងវិញ ក្នុងរយៈពេល៣០នាទីក្រោយមក នៅពេលដែលរថយន្តដែលពួកគាត់បានតាមនោះទៅបាត់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សកម្មជនដីធ្លីចំនួន៨នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗដោយកម្លាំងសន្តិសុខខណ្ឌដូនពេញបន្ទាប់ពីព្យាយាមដាក់ញត្តិទៅធនាគារពិភពលោក។ ញត្តិនោះស្នើឱ្យផ្អាករាល់ជំនួយមកពីខាងក្រៅទាំងអស់មកកាន់កម្ពុជា រហូតទាល់តែរដ្ឋាភិបាលដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា។ យោងតាមសកម្មជនទាំងនោះ កម្លាំងសន្តិសុខបានអូសទាញពួកគាត់ដាក់ឡានហើយបញ្ជូនពួកគាត់ទៅកាន់វត្តភ្នំដើម្បីរារាំងការដាក់ញត្តិរបស់ពួកគាត់។
Khmer Times | PPP | VOD | Khmer Times | PPP | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខពីបទ «ញុះញង់» និង «បរិហារកេរ្តិ៍តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន» ចំពោះមតិយោបល់ដែលលោកបានលើកឡើងលើទំព័រហ្វេសប៊ុក ចោទប្រកាន់ថាឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយ គឺជា «អំពើភេវរៈកម្មគាំទ្រដោយរដ្ឋ»។ លោកត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈ២០ខែ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ នេះគឺជាការកាត់ទោសលើកទី៤ប្រឆាំងនឹងលោកសម រង្ស៊ី ក្នុងឆ្នាំ២០១៧។
PPP | CD | Khmer Time | PPP | CD | Khmer Time
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ស្ត្រីអ្នកការពារសិទ្ធិមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងពេលប្រមូលផ្តុំនៅបុរីកីឡា ក្នុងរាជធានីភ្នំពេញ ដោយកាន់បដាអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ រួមទាំងសកម្មជនបឹងកក់ គឺអ្នកស្រី ទេព វន្នី និងលោកនី ចរិយា មន្រ្តី គ.ជ,ប។ អ្នកទាំងពីរត្រូវបានដោះលែងប្រហែលរយៈពេល ១២ម៉ោង ក្រោយមក និងសន្យាបញ្ឈប់ធ្វើយុទ្ធនាការនោះបន្តទៀត។ ក្រោយមកមានការលើកឡើងពីមន្ត្រីរដ្ឋាភិបាល ដោយបានភ្ជាប់សកម្មភាពទាំងនេះទៅនឹង «បដិវត្តន៍ពណ៌»។
CD | PPP | Business and Human Rights Resource Centre | CD | PPP | Business and Human Rights Resource Centre
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក អឿត អាង ត្រូវបានកាត់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម និងកាន់កាប់អាវុធខុសច្បាប់ទាក់ទងនឹងឃាតកម្មលើលោកកែម ឡី អ្នកវិភាគនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៦។ សវនាការមានរយៈពេលប្រហែល៣០នាទី ដែលជនសង្ស័យបានសារភាពថាបានប្រព្រឹត្ត។ ទោះបីជាមានការកាត់ទោសនេះក្តី មនុស្សជាច្រើននៅតែស្នើឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងបន្ថែមទៀតលើជនសមគំនិតជាច្រើននាក់ផ្សេងទៀត ព្រោះហេតុផលដែល អឿត អាង បានលើកឡើងចំពោះការធ្វើឃាតទាក់ទងនឹងករណីជំពាក់ប្រាក់នោះ ត្រូវបានមនុស្សជាច្រើននាក់ដែលស្និទ្ធជាមួយលោក កែម ឡី និងលោក អឿត អាង លើកឡើងថាជារឿងដែលពុំអាចទៅរួចឡើយ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ការចាក់បញ្ចាំងវីដេអូឯកសារអំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយដោយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានទស្សនិកជនមួយចំនួនតូច ចូលទស្សនានៅលំនៅដ្ឋានឯកជនមួយ ត្រូវបាននគរបាល និងសន្តិសុខប្រដាប់ដោយអាវុធប្រមាណជិត ៥០នាក់ បញ្ឈប់ ដោយផ្អែកលើហេតុផលថាពុំបានសុំការអនុញ្ញាតិពីអាជ្ញាធរដើម្បីចាក់បញ្ចាំងវីដេអូនេះ។ និស្សិត ៤នាក់ ត្រូវបានចាប់ខ្លួន និងសាកសួររយៈពេលបីម៉ោងមុនការដោះលែងតាមលក្ខខណ្ឌថាពួកគេនឹងសុំអនុញ្ញាតិពីអាជ្ញាធររាជធានី មុនពេលចាក់បញ្ចាំងវីដេអូឯកសារនេះម្ដងទៀត។
PPP | CD | Khmer Time | PPP | CD | Khmer Time
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសដោយអវត្តមានគណបក្សជំទាស់ដែលបានពហិកាចូលរួមសវនាការ។ វិសោធនកម្មនេះអនុញ្ញាតឱ្យរដ្ឋាភិបាលរំលាយ ឬហាមប្រាមគណបក្សនយោបាយណាមួយ ប្រសិនបើថ្នាក់ដឹកនាំគណបក្សនោះ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ឬហាមប្រាមបុគ្គលនោះពីការធ្វើជាប្រធាន ឬអនុប្រធានគណបក្ស។
Khmer Time | CD | CCHR&CSO | OHCHR | Khmer Time | CD | CCHR&CSO | OHCHR
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី និងជាអ្នកការពារសិទ្ធិមនុស្សជាស្ត្រី ត្រូវបានរកឃើញថាមានទោស ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ដោយសារតែការចោទប្រកាន់ថាបានបញ្ជាឱ្យវាយប្រហារលើកម្លាំងសន្តិសុខខណ្ឌដូនពេញក្នុង ឆ្នាំ២០១៣ នៅពេលដែលអ្នកស្រីស្នើដោយសន្តិវិធីឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនបឹងកក់ដូចគ្នានឹងអ្នកស្រីដែរ។ អ្នកស្រីក៏ត្រូវពិន័យជាប្រាក់ចំនួន ៥លានរៀល (១.២៤០ដុល្លាអាមេរិក) និងបង្គាប់ឱ្យសងជំងឺចិត្តនូវទឹកប្រាក់ចំនួន ៤លានរៀល និង ៥លានរៀល ដល់សន្តិសុខដើមបណ្តឹងផងដែរ។
PPP | CD | Khmer Time | LICADHO | PPP | hCD | Khmer Time | LICADHO
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដោយសារបានលើកឡើងក្នុងកិច្ចសម្ភាសតាមវិទ្យុមួយ ថាគណបក្សប្រជាជន ជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយ និងជាអ្នករិះគន់លើរដ្ឋាភិបាល ដែលត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
CD | Khmer Time | PPP | CD | Khmer Time | PPP
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ចៅ វាសនា មេឃុំដែលជាមន្ត្រីមកពីគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ខាងមុខត្រូវបានឃុំខ្លួន ដោយសារការចូលរួមរបស់គាត់ក្នុងការតវ៉ាមួយនៅច្រកព្រំដែនប៉ោយប៉ែតក្នុង ឆ្នាំ២០១៥ ដែលនៅពេលនោះមានការប៉ះទង្គិចរវាងអ្នកតវ៉ាប្រហែល ១៥០នាក់ ជាមួយនគរបាលទាក់ទងនឹងការតម្លើងថ្លៃពន្ធ។ លោកចៅ វាសនា ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទញុះញង់ សមគំនិតក្នុងការធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទោះបីជាលោកបំភ្លឺថាលោកគ្រាន់តែឃ្លាំមើលស្ថានភាពនោះក្នុងតួនាទីរបស់លោកជាមេឃុំក៏ដោយ។ ពុំមានការចាប់ខ្លួនទាក់ទងនឹងការបង្កអំពើហិង្សាទៅលើអ្នកតវ៉ាដោយកម្លាំងនគរបាលឡើយរហូតមកពេលនេះ។
Khmer Time | PPP | CD | Khmer Time | PPP | CD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកតវ៉ាដែលបានធ្វើដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីក្នុងទំនាស់ដីធ្លីជាច្រើន ដែលអូសបន្លាយ ជាមួយនឹង លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន និងក្រុមហ៊ុន ហេង ហ៊ុយ កសិកម្មក្នុងខេត្តកោះកុង ត្រូវបានសន្តិសុខខណ្ឌដូនពេញបង្ក្រាបដោយហិង្សា។ យោងតាមរបាយការណ៍នានា អ្នកតវ៉ាខ្លះក្នុងចំណោមអ្នកតវ៉ាទាំងនោះ ត្រូវបានសន្តិសុខរុញច្រានឱ្យដួល និងវាយដំ ដែលបណ្តាលឱ្យមនុស្សមួយចំនួនសន្លប់។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក អំ សំអាត បុគ្គលិកអង្គការលីកាដូ និងលោក ចាន់ ពុទ្ធិសក្តិ តំណាងសហគមន៍បឹងកក់ បានចូលបង្ហាញខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយបំភ្លឺទាក់ទងនឹងបទ «បង្កហិង្សាដោយចេតនា» យោងតាមពាក្យបណ្តឹងរបស់សន្តិសុខខណ្ឌដូនពេញពាក់ព័ន្ធក្នុងការតវ៉ាមួយនៅខែតុលា ឆ្នាំ២០១៦ ក្នុងឱកាសនៃទិវាលំនៅដ្ឋានពិភពលោក ខណៈអ្នកទាំងពីរកំពុងឃ្លាំមើលការតវ៉ានោះ។ អ្នកទាំងពីរត្រូវបានសាកសួរ ប៉ុន្តែពុំមានការផ្ដន្ទាទោស ឬមានសេចក្ដីសម្រេចណាមួយបន្ទាប់ពីនោះមកទេ។ ក្នុងអំឡុងពេលការតវ៉ាឆ្នាំ២០១៦ ទាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ ត្រូវបានកម្លាំងសន្តិសុខវាយប្រហារយ៉ាងដំណំ។ នគរបាលបានរារាំងការដើរហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ ដោយបានដកហូតទាំងបំពាននូវឧបករណ៍ភ្លេង និងបដាជាច្រើនពីអ្នកដើរហែក្បួន ហើយក្រោយមកមានការប្រើហិង្សាលើលោក ចាន់ ពុទ្ធិសក្តិ ដែលកំពុងថតវីដេអូនូវសកម្មភាពនៃការដើរហែក្បួននោះ។ លោក អំ សំអាត ត្រូវបានវាយដំខណៈលោកព្យាយាមបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនោះ។ អ្នកទាំងពីរបានរងរបួស និងចាំបាច់ទទួលការព្យាបាល។
Khmer Time | PPP | CD | LICADHO | Khmer Time | PPP | CD | LICADHO
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់រងបណ្តឹងពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការអះអាងដែលលោកបានលើកឡើងលើទំព័រហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនល្បីល្បាញលើបណ្តាញផ្សព្វផ្សាយសង្គមដើម្បីបើកយុទ្ធនាការលើបណ្តាញអ៊ីនធឺណិតប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ ពាក្យបណ្តឹងនោះត្រូវបានប្តឹងដោយកញ្ញា ធី សុវណ្ណថា។ នៅថ្ងៃបន្ទាប់លោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យបណ្តឹងដោយឡែកផ្អែកលើអង្គហេតុដូចគ្នា ដោយបានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក។
CD | PPP | Khmer Time | CD | PPP | Khmer Time
-
សៀមរាប
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
អនុប្រធានគណៈកម្មាធិការប្រតិបត្ដិឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ដែលជាបេក្ខជនស្ថិតនៅលេខរៀងខ្ពស់សម្រាប់គណបក្សសង្គ្រោះជាតិក្នុងឃុំតាសំ ស្រុកអង្គរជុំ ត្រូវបានចាប់ខ្លួន និងដាក់ឱ្យនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នពីសំណាក់សាលាដំបូងខេត្តសៀមរាប។ លោកត្រូវបានចោទប្រកាន់ពីបទបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណ។ អធិការនគរបាលស្រុកបានបដិសេធការចាប់ខ្លួននោះថាជាប់ពាក់ព័ន្ធនឹងនយោបាយ ទោះជាយ៉ាងណាមនុស្សផ្សេងទៀតក្នុងតំបន់ដែលអនុវត្តសកម្មភាពដូចគ្នានេះមិនត្រូវបានចាប់ខ្លួនឡើយ។
-
ស្ទឹងត្រែង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក អ៊ុក ម៉ៅ សកម្មជនដីធ្លី និងជាជនជាតិដើមភាគតិចគួយ ដែលបានលើកកម្ពស់ការយល់ដឹងអំពីរដ្ឋ និងការកាប់ឆ្ការព្រៃសហគមន៍ ក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងសាកសួរបន្ទាប់ពីបាននាំអ្នកសារព័ត៌មានទៅកាន់ព្រៃក្នុងឃុំសំអាង ដើម្បីបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈូសឆាយដី។ លោកត្រូវបានរាយការណ៍ថា រងការគំរាមកំហែងពីបទបរិហារកេរ្តិ៍ ដោយបានរាយការណ៍ព័ត៌មានមិនពិត ហើយអាចនឹងជាប់ពន្ធនាគារ។
-
រតនៈគិរី
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកស៊ាង ពិសិដ្ឋ អ្នកលក់ទឹកកកឈូសតាមផ្លូវដែលផ្សព្វផ្សាយសារនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមរយៈឧឃ្ឃោសនសព្ទលើម៉ូតូរបស់ខ្លួន ត្រូវបាននគរបាលបញ្ឈប់នៅក្នុងខេត្តរតនៈគិរី ដោយសារសកម្មភាពរបស់គាត់នោះធ្វើឡើង ក្រៅអំឡុងពេលឃោសនាបោះឆ្នោត។ លោកត្រូវបានបង្គាប់ឱ្យចុះកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពដដែលនោះទៀត។
-
ពោធិ៍សាត់
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក គុជ វេង សកម្មជនដីធ្លី ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សាកសួរបន្ទាប់ពីមានការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការធ្វើឱ្យអស់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ដែលប្តឹងដោយមេឃុំស្នាអន្សា។ ការចោទប្រកាន់ទាំងនេះពាក់ព័ន្ធនឹងករណីមួយចំនួនក្នុងអំឡុងឆ្នាំ២០១២-២០១៣ នៅពេលដែលសកម្មជនរូបនេះ បានប្រឆាំងនឹងការបណ្តេញប្រជាពលរដ្ឋចំនួន២១គ្រួសារ និងពាក់ព័ន្ធនឹងការរិះគន់ជាសាធារណៈរបស់គាត់ចំពោះការកាត់ទោសបុគ្គលម្នាក់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្នុងឆ្នាំ២០១៥ ដោយសារបុគ្គលនោះបានតវ៉ានឹងការបណ្តេញចេញ។