កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • មណ្ឌលគិរី

    មណ្ឌលគិរី

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានសាកសួរអ្នកភូមិចំនួន ៤នាក់ មកពីឃុំរមនា និងមន្ត្រីសមាគមអាដហុក បន្ទាប់ពីឈ្មួញដីបានប្តឹងពួកគេ ក្រោយការផ្តល់ភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីពីក្រុមឈ្មួញ។ អ្នក​ភូមិ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ គឺជាអ្នកអាស្រ័យផលផ្អែក​លើ​ដី​សម្រាប់ចិញ្ចឹម​ជីវិត។

    cambojanews

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នគរបាលខេត្តព្រះវិហារដែលបំពាក់ដោយមួកសុវត្ថិភាព បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងឡើងលើដើម្បីបំបែកហ្វូងពលរដ្ឋប្រមាណ១៣០ នាក់ ដែលព្យាយាមបញ្ឈប់ការបំផ្លាញលំនៅឋានរបស់ពួកគេដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនសម្បទានដីដ៏ធំមួយ​។ ពលរដ្ឋ ២០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ផ្ទះ​សម្បែង​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​តាម​តំបន់​ដែល​ក្រុមហ៊ុនសិលាឌីមិច ទាមទារ​លើ​ដី​សម្បទាន ដែល​ពួក​គេ​គ្រោង​នឹង​អភិវឌ្ឍ​ទៅ​ជា​ចម្ការ​កៅស៊ូ។ ហេតុការណ៍នេះប៉ះពាល់​មកលើប្រជាពលរដ្ឋ​ប្រមាណ ៣០០គ្រួសារ។

    rfa | newsroomcambodia

  • សៀមរាប

    សៀមរាប

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានសាកសួរអ្នកភូមិបីនាក់មកពីតំបន់អង្គរ បន្ទាប់ពី អាជ្ញាធរជាតិអប្សរាបានចោទប្រកាន់ពួកគេពីបទញុះញង់កាល ពីឆ្នាំមុនដោយចោទប្រកាន់ថាបានបង្ហោះសេចក្តីជូនដំណឹងស្តីពីការរុះរើសំណង់ខុសច្បាប់នៅក្នុងភូមិបាគង ឃុំអំពិល។

    cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មនុស្សបីនាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នារវាងអ្នកភូមិបឹងតាមោកប្រមាណ៤០ នាក់ និងអាជ្ញាធរខណ្ឌប្រមាណ​៥០ នាក់ បន្ទាប់ពីប្រជាពលរដ្ឋបានព្យាយាមរារាំងមន្ត្រីមិនឱ្យជីកកាយដីផ្ទះនិងតូប។ រថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យចូលនោះទេ ទោះបីជាមានសមាជិកសហគមន៍រងរបួសក៏ដោយ។ អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍ថា “គម្រោងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែត្រូវបញ្ចប់”។

    cambojanews | rfa

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌបានបញ្ជាឱ្យសមាគមធាងត្នោតលុបការតាំងពិពណ៌រូបថតដែលពួកគេបានរៀបចំនៅបរិវេណភោជនីយដ្ឋានមួយភ្លាមៗ។ មិនមានហេតុផលសម្រាប់ការបញ្ជានោះទេ ប៉ុន្តែពិព័រណ៍នេះផ្តោតលើបទពិសោធន៍សហគមន៍ក្រីក្រក្នុងទីក្រុង និងប្រធានបទអំពីអសន្តិសុខដីធ្លី។

    cambojanews | cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌

    នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហាមឃាត់សកម្មជនគណបក្សជំទាស់លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមធ្វើយុទ្ធនាការមុនការបោះឆ្នោតព្រឹទ្ធសភា តាមរយៈការផ្តន្ទាទោសបទល្មើសកាលពីឆ្នាំ២០២១ ដែលកើតចេញពីការរិះគន់រដ្ឋាភិបាល។ លោក រ៉ុង ឈុន ជា​អតីត​សមាជិក​គណបក្ស​ភ្លើងទៀន ក្រោយមក​បាន​ចូល​រួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ បន្ទាប់​ពី​គណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមបោះឆ្នោតជាសកលកាលពីឆ្នាំ២០២៣។

    rfa

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ដែលទើបជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រស្បែកជើង វីងស្តារស៊ូ ត្រូវបានចោទប្រកាន់ពីបទ "សមគំនិតក្នុងអំពើលួច" ជុំវិញករណីចោទប្រកាន់មួយដែលបានកើតឡើងកាលពី ២ឆ្នាំមុន។ អាជ្ញាធរត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ភស្តុតាង ឬ​ដីកា​។ សម្ព័ន្ធសហជីពកម្ពុជា បញ្ជាក់ថា រោងចក្របានព្យាយាមរឹតត្បិតសកម្មភាពសហជីព និងប្រឌិតបទចោទប្រកាន់ ដើម្បីដាក់ពន្ធនាគារចំពោះរូបលោក។

    cambojanews | khmer.cambojanews

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជនជាតិដើមភាគតិចកួយចំនួន៤នាក់ មកពីឃុំម្លូព្រៃទី២ បានទទួលដីកាកោះហៅរបស់តុលាការដើម្បីសាកសួរបន្ទាប់ពីមានការរារាំងសកម្មភាពអភិវឌ្ឍន៍ ដោយក្រុមហ៊ុនលើដីដែលសហគមន៍រស់នៅនិងដាំដុះ។ តុលាការខេត្តព្រះវិហារមានចាត់ចំណាត់ការចំពោះព្រឹត្តិការណ៍នេះ បន្ទាប់ពីប៉ះទង្គិចជាមួយកម្មករក្រុមហ៊ុនថា «ញុះញង់ប្រជាពលរដ្ឋឱ្យកាន់កាប់ដីរដ្ឋដោយខុសច្បាប់» ដែលក្នុងនោះអ្នកភូមិបីនាក់បានរងរបួស ។

    cambojanews

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ពាន សុផាត មានប្រសាសន៍ថា អ្នកភូមិម្លូព្រៃទី២ បានបញ្ឈប់ត្រាក់ទ័រចំនួន៣ គ្រឿងដែលកំពុងភ្ជួរដីរបស់អ្នកភូមិបានដាំដុះជាច្រើនឆ្នាំមកហើយ។ អ្នក​ភូមិ​បី​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បាន​កើត​ឡើង​រវាងអ្នកបើក​ត្រាក់ទ័រ​និង​អ្នក​ស្រុកអំឡុងពេល​ប្រផ្តុំ​គ្នា។

    cambojanews | khmer.cambojanews

  • រតនគិរី

    រតនគិរី

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តុលាការខេត្តរតនគិរី បានផ្តន្ទាទោសសកម្មជនបរិស្ថាន លោក ឆន ផល្លា ពីបទបរិហារកេរ្តិ៍ ប្រមាថ និងញុះញង់។ លោក ផល្លា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ប្រមាណ ២៥០០ ដុល្លារអាមេរិក។ លោកជា​សកម្មជន​បរិស្ថាន​ដែល​តស៊ូ​មតិដើម្បីឱ្យមាន​ការ​តាម​ដាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ តុលាការ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ចោទ​ប្រកាន់​នោះ​ទេ។

    cambojanews

  • បន្ទាយមានជ័យ

    បន្ទាយមានជ័យ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តបន្ទាយមានជ័យបានកាត់ទោសលោក ចៅ វាសនា មន្ត្រីគណបក្សភ្លើងទៀន ដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ពិន័យជាប្រាក់ចំនួន ៦លានរៀល និងដកហូតលទ្ធភាពឈរឈ្មោះបោះឆ្នោតពីបទញុះញង់។ ការ​ចោទ​ប្រកាន់​ទាំង​នេះ គឺ​ផ្អែក​លើ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក វាសនា ក្នុង​ការ​ជជែក​ជា​ឯកជន​តាមតេឡេក្រាម និង​លើ​ការ​ចោទ​ប្រកាន់​ថា​ធ្វើឱ្យខូច​សន្លឹក​ឆ្នោត។

    rfa | cambojanews | rfa

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មេដឹកនាំសហជីព២នាក់ តំណាងកម្មករនៃរោងចក្រកាត់ដេរ សេងបូ អិលធីឌី គឺលោក សៀក ថុង និងលោក ថន ធី បានបាត់បង់ការងារបន្ទាប់បានបង្កើតសហជីពថ្មី។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករ កាត់ដេរជាង១០០ នាក់បានតវ៉ា និងទាមទារឱ្យកម្មករទាំងពីរនាក់នោះចូលធ្វើការវិញ។

    cambojanews | cjkhmer

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ត្រូវបាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនដោយមិនបង្ហាញដីកា។ តុលាការ​ចោទប្រកាន់​ពួកគេ​ពីបទ​ឆបោក។ លោក កុសល ជា​លេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​ខណ្ឌ​ជ្រោយចង្វារ និងគណៈកម្មាធិការប្រតិបត្តិ​ខណ្ឌដូនពេញ។ ការចាប់ខ្លួន​ពួកគេ​ធ្វើឡើង​ភ្លាមៗ​មុន​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។

    ucanews | rfa | newsroomcambodia | rfa

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ចៅក្រមសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដកការរឹតបន្តឹងចូលសួរសុខទុក្ខអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ កាលពីឆ្នាំ២០២៣ ពីបទក្បត់ជាតិ។ តុលាការ​បាន​ហាម​លោក កឹម សុខា មិន​ឱ្យ​ជួប​ជាមួយ​សមាជិក​ដែល​មិន​មែន​ជា​គ្រួសារ រួម​ទាំង​មេធាវី​របស់​លោក ដោយ​គ្មាន​ការ​អនុញ្ញាត​។ បណ្តឹង​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ចំនួន​ប្រាំបី​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

    RFA | english.cambodiadaily

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ករណីចេញមូលប្បទានបត្រ ក្លែងក្លាយចំនួន ៥ ក្នុងឆ្នាំ២០១៩។ លោក សេដ្ឋា ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ និងត្រូវបានបង្គាប់ឱ្យបង់ប្រាក់ដើមបណ្តឹងចំនួន ៣៣,៤០០ ដុល្លារ និង​សំណង​បន្ថែម​ប្រាំ​លាន​រៀល។ លោក សេដ្ឋា បាន​រក្សា​ជំហរថាគ្មាន​កំហុស ហើយ​បាន​បញ្ជាក់​ថា តុលាការអសមត្ថភាព​​ក្នុង​ការ​បង្ហាញ​មូលប្បទានប័ត្រ​ដើម ដែលជា​ភស្តុតាង​​ត្រូវ​បាន​ប្រឌិត។

    cambojanews | khmer.voanews

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរឃុំម្លូព្រៃ២ បានដាក់ឯកសារពាក់ព័ន្ធការទន្ទ្រានយកដីស្រែចម្ការរបស់ជនជាតិដើមភាគតិចកួយ។ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយជាង១០០នាក់បានប្រមូលផ្តុំគ្នាតវ៉ាបន្ទាប់ពីបុគ្គលមិនស្គាល់អត្តសញ្ញាណ៧នាក់ ដែលមានត្រាក់ទ័រព្យាយាមឈូសឆាយដី ស្រែរបស់សហគមន៍ដោយហេតុផលសកម្មភាពដែលខ្លួនបានធ្វើគឺស្របច្បាប់។ អភិបាល​រង​ស្រុក​ឆែប បាន​បដិសេធ​ថា​មិន​មាន​ការ​ព្រមព្រៀង​បែប​នេះ​ទេ។ សហគមន៍ជនជាតិដើមទាំងនេះគឺពឹងផ្អែកលើដីសម្រាប់ចិញ្ចឹមជីវិត។

    cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០៤ ប្រជាពលរដ្ឋបឹងតាមោកចំនួន៧នាក់ បានទទួលដីកាកោះហៅបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានការប៉ះទង្គិចនឹងការប៉ុនប៉ងរបស់អាជ្ញាធរក្នុងការរុះរើតូបលក់បន្លែមួយផ្នែកដែលជាកម្មសិទ្ធិរបស់អ្នកភូមិម្នាក់។ ពួកគេ​ត្រូវបានចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​ល្មើស​លើ​មន្ត្រី​សាធារណៈ ប៉ុន្តែ​ម្ចាស់​តូប​ឈ្មោះ គង់ តឿ បាន​អះអាង​ថា គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​រង​របួសឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​ទេដែលបាន​វាយ​កូន​ស្រីរបស់​អ្នកស្រី។

    cambojanews | khmer.cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នគរបាលបានចាប់ខ្លួនលោក នី ណាក់ ដែលជាអ្នករិះគន់រដ្ឋាភិបាលដោយចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍ បន្ទាប់ពីរូបលោកបានរិះគន់ក្រសួងពាណិជ្ជកម្មតាមហ្វេសប៊ុក។ បន្ទាប់ពី លោក នី ណាក់ បានពិនិត្យសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មដែលប្រកាសផែនការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,០០០ នៅឆ្នាំនេះ។ លោក​បានលើកឡើងថា ក្រុមហ៊ុន​ថ្មី​ទាំង​នេះ​នឹង​រួម​បញ្ចូល 'ក្រុមហ៊ុន​សុំទាន ឬ​ក្រុមហ៊ុន​ថ្នាំ​ញៀន”។ មានបណ្តឹង​មួយបាន​ប្តឹង​លោក ណាក់ ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ។ ហេតុការណ៍នេះកើតឡើង ក្រោយមានការវាយប្រហារកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយអ្នកជិះម៉ូតូពាក់ម៉ាស់ដែលបំពាក់ដំបងវាយដំ​​លោក នី ណាក់ ហើយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រយៈពេលមួយសប្តាហ៍បន្ទាប់ពីគាត់បានរិះគន់របាយការណ៍របស់(រដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា) ស្តីពីតម្លៃស្រូវ ។

    RFA | RFA | khmer.voanews | RFA

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរបានឃាត់ខ្លួនសកម្មជនចំនួន១៣នាក់ ជាសមាជិកចលនាមាតាធម្មជាតិ បន្ទាប់ពីបានជួបជុំគ្នានៅមាត់ទន្លេចតុមុខ។ ​ពួកគេ​ពាក់​អាវយឺត និង​កាន់​បដា​ដែល​ទាមទារឱ្យ​ការពារ​​កោះកុងក្រៅ។ កោះដែលមានទំហំ ១០៣ គីឡូម៉ែត្រការ៉េ ត្រូវបានគេស្គាល់ថាមានភាពស្រស់ស្អាត ដែលក្រសួងបរិស្ថានបានចេញសេចក្តីថ្លែងការណ៍មួយថានឹងដាក់កោះនេះជាឧទ្យានជាតិក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ២០២៣​ កាសែតម៉ុងហ្កាបេបានរាយការណ៍ថា យោធាក្នុងតំបន់នោះបានជួយ សម្រួលដល់ការកាប់ឈើនៅកោះកុងក្រៅ។

    RFA | news.mongabay | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀន គឺអ្នកស្រី ណែវ ស៊ីអ៊ីម ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពដែលបានប្រព្រឹត្តនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មុនពេលការបោះឆ្នោតថ្នាក់ជាតិ។

    VOA