កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួនពីរ របស់គណបក្សសង្គ្រោះជាតិ គឺលោក គង់ ប៊ុនហៀង និងលោក ហង្ស សេង ពីបទប្រមាថព្រះមហាក្សត្រ និងបញ្ជាក់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ។ អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង កាលពីខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានប្រមាថព្រះមហាក្សត្រ និងសម្តេចម៉ែ តាមបណ្ដាញសង្គម Facebook។ ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបង់ប្រាក់ពិន័យម្នាក់ៗ ១៥០០ ដុល្លារបន្ថែមលើទោសជាប់ពន្ធនាគារ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣ លានរៀល (៧៥០ ដុល្លារ) សម្រាប់ការបញ្ចេញមតិ នៅក្នុងវីដេអូឃ្លីបរិះគន់រដ្ឋាភិបាលលើបញ្ហាព្រំដែនជាមួយវៀតណាម និងជនជាតិភាគតិចវៀតណាមក្នុងប្រទេស ដែលធ្វើឡើងក្នុងបាតុកម្មទាមទារឱ្យលោក រ៉ុង ឈុន មេសហជីពដែលកំពុងជាប់ពន្ធនាគារកាលពីខែសីហា ឆ្នាំ ២០២០។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០២០ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅព្រៃសភ្លាមៗ។
VOD | RFA | VOD | RFA | Thmey Thmey
-
ឧត្តរមានជ័យ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តុលាការខេត្តឧត្តរមានជ័យ បានដាក់ប្រជាពលរដ្ឋចំនួន១៣នាក់ រស់នៅសង្កាត់គោកឃ្លាង ក្រុងសំរោង ក្រោមការត្រួតត្រាលើការឈូសឆាយដីដោយគ្មានការអនុញ្ញាត ហើយកោះហៅពួកគេទៅតុលាការលើសំណុំរឿងទន្ទ្រានយកដីព្រៃរដ្ឋដោយខុសច្បាប់ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់ពងទឹក ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងជម្លោះដីធ្លីនេះ ប្រជាពលរដ្ឋដែលពាក់ព័ន្ធអះអាងថា ពួកគាត់បានរស់នៅ និងធ្វើការលើដីទំនាស់ជាច្រើនឆ្នាំមកហើយ ហើយមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកសារព័ត៌មានចំនួន៣ រូប ដែលព្យាយាមថតវីដេអូផ្សាយបន្តផ្ទាល់នូវការតវ៉ាក្នុងទំនាស់ដីធ្លីមួយនៅបឹងទំពន់ រាជធានីភ្នំពេញ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរអស់រយៈពេល៤ម៉ោង (ពីម៉ោង៩ព្រឹក ដល់ម៉ោង១រសៀល) ព្រមទាំងបានបង្គាប់ឱ្យធ្វើកិច្ចសន្យាថានឹងមិនថតផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត។ ការតវ៉ាក្នុងទំនាស់ដីធ្លីនោះពាក់ព័ន្ធនឹងគម្រោងសាងសង់បឹងលើដីដែលកាន់កាប់ដោយប្រជាពលរដ្ឋជាង៣០គ្រួសារ។
-
កំពង់ស្ពឺ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក គឹម តុលា អតីតមេឃុំបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលខេត្តចាប់ខ្លួននៅហាងលក់គ្រឿងទេសមួយកន្លែងក្នុងឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ហើយដាក់ឃុំខ្លួនដោយតុលាការខេត្តពីបទបទញុះញង់ដែលមានចុះកាលបរិច្ឆេទនៅឆ្នាំ២០១៩។ លោកគឹម តុលា បានរត់ចេញពីប្រទេសក្នុងឆ្នាំ ២០១៩ បន្ទាប់ពីត្រូវបានកោះហៅទៅតុលាការជុំវិញការបង្ហោះតាមហ្វេសប៊ុកទាក់ទងនឹងផែនការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩។លោក គឹម តុលា ត្រូវបានតុលាការខេត្តកំពង់ស្ពឺកាត់ទោសកំបាំងមុខ និងកាត់ទោសពីបទញុះញង់ឱ្យប៉ះពាល់ដល់សន្តិសុខសង្គម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ចំពោះការចោទប្រកាន់ថា ខ្លួនមានជាប់ពាក់ព័ន្ធក្នុងផែនការរបស់លោក សម រង្ស៊ី។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានបន្ថែមបទចោទប្រកាន់ថ្មីមួយទៀត ពីបទឃុបឃិត និងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងសកម្មជនអង្គការមាតាធម្មជាតិកម្ពុជា ឡុង គន្ធា ភួន កែវរស្មី និង ថន រដ្ឋា។ ការចោទប្រកាន់ថ្មីទាំងនេះទាក់ទងនឹងករណីមួយទៀតដែលពាក់ព័ន្ធនឹងសកម្មជនអង្គការមាតាធម្មជាតិកម្ពុជា ៣នាក់ផ្សេងទៀត (ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលី ច័ន្ទតារាវុធ) ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ ហើយចោទប្រកាន់ពីបទឃុបឃិតនិងប្រមាថព្រះមហាក្សត្រ។ ឡុង គន្ធា, ភួន កែវរស្មី និង ធន់ រដ្ឋា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសរួចហើយកាលពីខែឧសភា ឆ្នាំ ២០២១ និងកាត់ទោសឱ្យជាប់ពន្ធនាគារពី ១៨ ទៅ ២០ ខែ។ ជាមួយនឹងបទចោទប្រកាន់ថ្មីនេះ ឥឡូវពួកគេប្រឈមនឹងការផ្ដន្ទាទោសបន្ថែមទៀតដល់ ១០ ឆ្នាំក្នុងម្នាក់ៗ ប្រសិនបើត្រូវបានកាត់ទោស។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីបានច្រានចោលសំណើស្តារនីតិសម្បទានយោបាយ ដែលធ្វើឡើងទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ជួង ជូងី និងលោក គឹម ញ៉ុល។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា ពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ពីគម្រោងស្តារនីតិសម្បទានយោបាយនោះទេ ដោយសារការបំពានច្បាប់ធ្ងន់ធ្ងរដែលប្រព្រឹត្តដោយមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងពីររូប។ អ្នកទាំងពីរត្រូវបានហាមប្រាម រួមជាមួយនឹងសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត ពីការចូលរួមក្នុងសកម្មភាពនយោបាយដោយតុលាការកំពូលកាលពីឆ្នាំ ២០១៧ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទញុះញង់។ បច្ចុប្បន្នសំណុំរឿងរបស់ពួកគេកំពុងត្រូវបានតុលាការសម្រេចបន្ត។ នេះជាលើកទីមួយហើយចាប់តាំងពីគម្រោងស្តារនីតិសម្បទាត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិបានបដិសេធសំណើរបស់ខ្លួន។
Fresh News Asia | VOD | KhmerTimes | VOA | Thmey Thmey
-
បាត់ដំបង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អ្នកយកព័ត៌មានខេត្តសៀមរាប លោក គួវ ពិសិដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួន ជុំវិញការបង្ហោះហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សកាន់អំណាច និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ កម្លាំងអាវុធហត្ថក៏រឹបអូសបានទូរស័ព្ទដៃ៣គ្រឿង រថយន្ត១គ្រឿង និងកាតសារព័ត៌មាន១សន្លឹក ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក ពិសិដ្ឋ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទញុះញង់តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងពីបទរារាំងវិធានការណ៍ការពារជំងឺកូវីដ១៩ តាមមាត្រា ១១ នៃច្បាប់កូវីដ-១៩។
-
កណ្ដាល
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក ឡោ សេង អ្នកផ្សព្វផ្សាយព័ត៌មានរបស់ Los Seng News និងជាម្ចាស់ទូរទស្សន៍អនឡាញ LSN TV 24 បាននិយាយថា លោកកំពុងជួបប្រទះសម្ពាធពីអាជ្ញាធរឱ្យបញ្ឈប់ការផ្សាយព័ត៌មានជម្លោះដីធ្លីរបស់លោកពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល។ លោក ឡោ សេង បាននិយាយថា លោកត្រូវបានអាជ្ញាធរខេត្តកណ្តាលព្រមានឱ្យបញ្ឈប់ការរាយការណ៍របស់លោក ហើយត្រូវបានប្រាប់ថាករណីប្រឆាំងលោកត្រូវបានបញ្ជូនទៅតុលាការ។
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំរមទម ស្រុករវៀង បានរាយការណ៍ថា ពួកគេបានទាមទារឱ្យអាជ្ញាធរខេត្តព្រះវិហារ ផ្តល់យុត្តិធម៌ក្នុងជម្លោះដែលកំពុងកើតមានជាមួយក្រុមហ៊ុន Delcom Cambodia និង Shi Shan។ អ្នកភូមិបាននិយាយថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រុមហ៊ុនទាំងពីរបានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានដីស្រែរបស់ពួកគេ ដើម្បីពង្រីកអាជីវកម្មរ៉ែមាសនៅជិតភ្នំឡុង។ ប្រជាពលរដ្ឋជាង ២០០គ្រួសារ បានចោទក្រុមហ៊ុនទាំងពីរថា បានទន្ទ្រានយកដីរបស់ពួកគាត់ជាប្រចាំ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មេដឹកនាំសហជីពចំនួនបួនរូប និងសកម្មជនសហជីពចំនួន១៣ នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ត្រូវបានបញ្ចប់កិច្ចសន្យាការងារជាមួយកម្មករជាង ១០០០ នាក់ទៀត បន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីបានផ្ទេរប្រតិបត្តិការគ្រប់គ្រងសំរាមរបស់ខ្លួនទៅឱ្យក្រុមហ៊ុនថ្មីចំនួនពីរនៅដើមខែកក្កដា ឆ្នាំ២០២១។ កម្មករដែលត្រូវបានបញ្ឈប់ការងារមិនទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ដែលជំពាក់ពួកគេទេ។ សមាជិកសហជីពបានស្វែងរកកិច្ចអន្តរាគមន៍ពីសាលារាជធានីភ្នំពេញ តែមិនបានផល។
-
ក្រចេះ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋរាប់រយនាក់នៅភូមិសាង ឃុំឆាងក្រាំង ស្រុកចិត្របុរី បានតវ៉ា និងរារាំងក្រុមហ៊ុនឯកជនក្នុងការឈូសឆាយដីរបស់ពួកគេ។ សមាជិកសហគមន៍បានបញ្ជាក់ថា វិវាទដីធ្លីជាមួយក្រុមហ៊ុនហៅថា «មីកាស្តាត» បានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយពាក់ព័ន្ធនឹងដី ៨.០០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរជាង ៦០០ គ្រួសារ ក្នុងនោះប្រហែល ៦០% នៃអ្នករងគ្រោះជាសហគមន៍ជនជាតិដើមភាគតិចពូនង។ អ្នកភូមិម្នាក់ក៏បានរាយការណ៍ថា ក្រុមហ៊ុនបានប្រើសន្តិសុខបើកការបាញ់គំរាមប្រជាពលរដ្ឋកុំឱ្យតវ៉ា និងគំរាមប្តឹងទៅតុលាការ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងព័ត៌មានបានផ្តល់ភ្លើងខៀវដល់អាជ្ញាធរមូលដ្ឋានក្នុងការចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលគេចាត់ទុកថាគ្មានវិជ្ជាជីវៈ ឬផ្សព្វផ្សាយព័ត៌មានមិនពិតដែលរារាំងដល់ការអនុវត្តច្បាប់។ ក្រសួងបានសម្រេចចិត្តរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរខេត្តកណ្តាលបានសរសេរទៅកាន់ក្រសួងកាលពីខែមិថុនា សុំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលបានផ្សាយផ្ទាល់ការតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង។ ជាការឆ្លើយតបរបស់ខ្លួន ក្រសួងបានអនុញ្ញាតឱ្យរដ្ឋបាលខេត្តចាត់វិធានការតាមផ្លូវច្បាប់ដោយឯករាជ្យដោយមិនឆ្លងកាត់ក្រសួងជាមុនទេ។
-
កណ្ដាល
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
តំណាងបីនាក់នៃជម្លោះដីធ្លីដែលកំពុងកើតមានរវាងប្រជាពលរដ្ឋ ១៥០គ្រួសារ និងម្ចាស់ដីឯកជននៅឃុំប្រាសាទ ស្រុកស្អាង ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងប្តឹងម្ចាស់ដីដែលចោទពួកគាត់ថាបានកាន់កាប់ដីឯកជន។ អ្នកភូមិបានរស់នៅ និងធ្វើស្រែចម្ការតាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ២០១៩ នៅពេលដែលដីនេះមានជម្លោះ ហើយអ្នកភូមិត្រូវបានប្រាប់ឱ្យឈប់ធ្វើស្រែចម្ការ។ ជម្លោះបានកើតមានឡើងនៅពេលដែលអ្នកភូមិត្រឡប់ទៅធ្វើស្រែចម្ការវិញ បន្ទាប់ពីរោងចក្រដែលពួកគេធ្វើការបិទដោយសារជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងខេត្តកណ្តាលបានចោទប្រកាន់ពួកគេពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលនាំឱ្យអ្នកភូមិប្រហែល ៥០ នាក់ប្រមូលផ្តុំនៅ ក្រសួងយុត្តិធម៌នៅថ្ងៃបន្ទាប់ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ។
-
ត្បូងឃ្មុំ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ តុលាការខេត្តត្បូងឃ្មុំ បានកាត់ទោសអ្នកគាំទ្រគណបក្សប្រឆាំង និងសកម្មជនដីធ្លីចំនួន ១៤ នាក់ ពីបទញុះញង់ និងផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ដុល្លារ ទៅ ១.០០០ ដុល្លារ។ សកម្មជនបក្សប្រឆាំងទាំង ១២ នាក់ត្រូវបានចាប់ខ្លួនជុំវិញគម្រោងធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតចិនក្នុងខែតុលា ឆ្នាំ ២០២០ ដើម្បីទាមទារឱ្យរដ្ឋាភិបាលចិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សកម្មជនដីធ្លីទាំងពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ។ ជនជាប់ចោទប្រាំមួយនាក់បានអវត្តមាននៅក្នុងការកាត់ក្តីដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២១ ហើយត្រូវបានកាត់ទោសកំបាំងមុខបន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីប្រទេសដើម្បីជៀសវាងការចាប់ខ្លួន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បន្ទាប់ពីលោក ប៉ុល ហំ អ្នកនយោបាយដែលមានកិត្តិនាមល្បីល្បាញម្នាក់ អាចក្លាយជាប្រធានថ្មីនៃគណបក្សកំណែទម្រង់កម្ពុជាដែលទើបតែបង្កើតឡើងថ្មី ដែលជាអតីតតំណាងរាស្ត្រីគណបក្សប្រឆាំង និងជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានចុះទៅកាន់ខេត្តជាច្រើនមកនោះ ក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ទៅកាន់គណបក្សកំណែទម្រង់កម្ពុជាដើម្បីព្រមានថាពួកគេកំពុងរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយដោយបានធ្វើសកម្មភាពនយោបាយនៅថ្នាក់មូលដ្ឋានដោយពុំបានចុះបញ្ជីគណបក្សជាផ្លូវការ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ស្ត្រីថ្ងៃសុក្រត្រូវបានរារាំងពីការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រសាច់ញាតិរបស់ពួកគេ អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងប្រឈមមុខនឹងការកាត់ក្តី។ មន្ត្រីប៉ូលិស និងសន្តិសុខខណ្ឌជាច្រើននាក់បានប្រើហឹង្សាដើម្បីរារាំងក្រុមបាតុករក្នងការបង្ហាញបដា និងផ្ទាំងបដារូបសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ឃុំ បណ្តាលឱ្យអ្នកតវ៉ា៣នាក់រងរបួស។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រកាសថា ស្ត្រីថ្ងៃសុក្រមិនបានសុំការអនុញ្ញាតឱ្យប្រមូលផ្តុំទេ ដូច្នេះអន្តរាគមន៍ពីសមត្ថកិច្ចគឺ ដើម្បីរំសាយការតវ៉ានោះ។
-
មណ្ឌលគីរី
ករណីទាក់ទងនឹងការរើសអើង
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ញ៉ាស ពឹង អនុប្រធានភូមិម្នាក់នៅខេត្តមណ្ឌលគិរី និងជាសមាជិកគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចបានអះអាងថាលោកត្រូវបានរដ្ឋបាលឃុំបញ្ឈប់ពីការងារដោយសារផ្សព្វផ្សាយព័ត៌មានបំផុសបំផុលអំពីការចុះបញ្ជីដីធ្លីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចពូនង។ ទោះបីជាមេឃុំផ្តល់ហេតុផលថាការបញ្ឈប់នោះដោយសារមានតម្រូវការស្ត្រីច្រើនជាងក្នុងផ្នែករដ្ឋបាលក្តី តែលោកពឹង បាននិយាយថាថ្នាក់ដឹកនាំឃុំបានបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោកចាប់តាំងពីការកំណត់អត្តសញ្ញាណ ឬវាស់វែងដីដែលពាក់ព័ន្ធមកម្លេះ និងដោយសារការប្រឹងប្រែងរបស់លោកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ព្រោះប៉ះពាល់ដល់ដីធ្លី និងផលប្រយោជន៍របស់ពួកគេ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានដាក់លិខិតមួយច្បាប់ជូនទៅលោកមេឃុំ ស្នើកុំឱ្យបញ្ឈប់ការងាររបស់ លោក ញ៉ាស ពឹង ព្រោះលោកពេញចិត្តនឹងការងាររបស់លោក។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អ្នកយកព័ត៌មានវីអូឌីម្នាក់ និងអ្នកថតកាមេរ៉ាវីដេអូម្នាក់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហាមថតរូបភាព នៅខណៈពេលចុះទៅយកព័ត៌មានអំពីការដាក់ញត្តិទៅកាន់ស្ថានទូតសហភាពអ៊ឺរ៉ុបរបស់ស្ត្រីចំនួន១០នាក់ ដែលជាភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ឬហៅថាក្រុមស្ត្រីថ្ងៃសុក្រ។ អាជ្ញាធរព្រមទាំងបានព្រមានដកហូតឧបករណ៍របស់អ្នកយកព័ត៌មាន និងគំរាមបញ្ជូនពួកគេទៅអធិការរដ្ឋាននគរបាលខណ្ឌប្រសិនបើពួកគេហ៊ានរាយការណ៍ព័ត៌មានអំពីករណីនោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ហេង វិចិត្រ អ្នកសារព័ត៌មាន វីអូឌី ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ឈប់ និងទទួលការគំរាមកំហែងខណៈព្យាយាមថតវីដេអូឯកសារអំពីទីជម្រកបណ្តោះអាសន្នរបស់ប្រជាជនវៀតណាមដែលត្រូវបានអាជ្ញាធរធ្វើបន្លាស់ទីពីផ្ទះបណ្តែតនៅតាមទីតាំងផ្សេងក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរព្រមទាំងបានថតរូបភាពរបស់លោក និងកាតសម្គាល់ខ្លួនរបស់លោក ព្រមទាំងបានព្រមានថាលោកនឹងប្រឈមវិធានការច្បាប់ ប្រសិនបើចេញផ្សាយរូបថត ឬវីដេអូទាំងនោះ។