វិធីសាស្រ្ត : ព័ត៌មាន ដែលចេញផ្សាយដោយមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") គឺត្រូវ បានប្រមូលមកពីរបាយការណ៍ជាផ្លូវការរបស់សមាគមរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា ("ស.រ.ក.ក") ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយភាសាខ្មែរ និងអង់គ្លេស ដែលគ្របដណ្តប់ព័ត៌មានទាក់ទិននឹងរោងចក្រកាត់ដេរ គិតត្រឹមខែឧសភា ឆ្នាំ២០១៣។
ម.ស.ម.ក ពុំអះអាងថាព័ត៌មានដែលបានបង្ហាញទាំងនេះជាព័ត៌មានដែលដាច់ស្រេច និងពេញលេញទាំងស្រុងនោះទេ ហើយព័ត៌មានខ្លះមានលក្ខណៈខុសៗគ្នាទៅតាមប្រភពនីមួយៗ និងព័ត៌មានខ្លះទៀតគឺពុំអាចស្វែងរកបានជាសាធារណៈនោះឡើយ។ ផែនទីនេះបង្ហាញនូវបញ្ជីរោងចក្រកាត់ដេរចម្បងៗ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ព្រមទាំងជាសមាជិកនៃ ស.រ.ក.ក។ ម.ស.ម.ក យល់ឃើញថាមានរោងចក្របន្ថែមទៀតដែលកំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលពុំមែនជាសមាជិករបស់ ស.រ.ក.ក។
ព័ត៌មានសម្រាប់រោងចក្រនីមួយៗដែលបានបង្ហាញនៅលើផែនទីរៀបរាប់លម្អិតយ៉ាងហោចណាស់ក៏មានព័ត៌មាន៤ប្រភេទក្នុងចំណោមប្រភេទទាំង៦ដែលបានបែងចែកដូចខាងក្រោម៖
- ឈ្មោះ/ពាណិជ្ជនាមរបស់រោងចក្រ
- អាសយដ្ឋានជាផ្លូវការរបស់រោងចក្រ
- ប្រទេសដើមរបស់ថៅកែរោងចក្រ
- ប្រភេទផលិតផលដែលបានផលិតនៅក្នុងរោងចក្
- ម៉ាក/ពាណិជ្ជសញ្ញាសំខាន់ដែលផ្គត់ផ្គង់ដោយរោងចក្រ និង
- ចំនួនកម្មករ/កម្មការិនីដែលបម្រើការក្នុងរោងចក្រ
ម.ស.ម.ក សូមធ្វើការលើកទឹកចិត្តដល់បណ្តាអង្គការ និងស្ថាប៍នដទៃទៀត ទាំងក្នុងជួររដ្ឋាភិបាល និងពុំមែនរដ្ឋាភិបាល ចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានរបៀបនេះ ដើម្បីបង្កើនកម្រិតព័ត៌មានដែលអាចស្វែងរកបាន និង ដើម្បីលើកកម្ពស់ដល់ការយល់ដឹងដល់សាធារណៈជនអំពីបញ្ហានេះ ជាពិសេសទាក់ទិននឹងបញ្ហាដែលប៉ះពាល់ដល់សិទ្ធិមនុស្ស និងសិទ្ធិការងារ។ គោលដៅនៃផែនទីនេះគឺធ្វើឡើងដើម្បីឲ្យរោងចក្រទាំងឡាយមានការទទួលខុសត្រូវចំពោះទំនួលខុសត្រូវរួមក្នុងសង្គមរបស់ខ្លួន ដែលបានកំណត់ដោយគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្ស។
ផែនទីនេះបង្ហាញលម្អិតនូវរោងចក្រកាត់ដេរយ៉ាងហោចណាស់ចំនួន៥៥៨ ដែលដំណើរការនៅប្រទេសកម្ពុជា ដោយរោងចក្រខ្លះពុំមានព័ត៌មានមូលដ្ឋានជាក់លាក់ដែលយើងពុំបានរាប់បញ្ចូលនៅក្នុងការស្រាវជ្រាវនេះ។ ថៅកែរោងចក្រទាំងអស់នេះមានមូលដ្ឋាននៅប្រទេសកម្ពុជា ក៏ដូចជាមកពីបណ្តាប្រទេសមួយចំនួនរួមមាន៖ អូស្ត្រាលី បង់ក្លាដេស កាណាដា ចិន បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អៀកឡង់ អ៊ីស្រាអ៊ែល អ៊ីតាលី ជប៉ុន ម៉ាកាវ សិង្ហបុរី អេស្ប៉ាញ ស៊ុយអែត តៃវ៉ាន់ ថៃឡង្ហ់ ហូឡង្ហ់ ហ្វ៊ីលីពីន សាធារណៈរដ្ឋកូរ៉េ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង តួគី។ក្នុងចំណោមរោងចក្រទាំង៥៥៨នេះ មានចំនួន៣៩៤រោងចក្រស្ថិតនៅរាជធានីភ្នំពេញ ចំនួន៨២នៅខេត្តកណ្តាល ចំនួន២៨នៅខេត្តកំពង់ស្ពឺ និងចំនួន១៦នៅខេត្តព្រះសីហនុ។ រោងចក្រចំនួន៣៨ទៀតស្ថិតនៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពត កោះកុង សៀមរាប ស្វាយរៀង និង តាកែវ។
រោងចក្រទាំង៥៥៨ប្រើប្រាស់កម្មករ និងកម្មការិនីយ៉ាងហោចណាស់៤៧៥.១០៧នាក់ ហើយរោងចក្រខ្លះពុំបានរាយការណ៍ពីចំនួនកម្មករ និងកម្មការិនីរបស់ខ្លួនជាក់លាក់នោះទេ។
មានយ៉ាងហោចណាស់៩៥រោងចក្រដែលបង្ហាញនៅលើផែនទីដែលត្រូវបានរាយការណ៍ថាមានផលិត និងផ្គត់ផ្គង់ផលិតផលទៅឲ្យពាណិជ្ជសញ្ញាអន្តរជាតិចម្បងៗ ដោយរួមបញ្ជូលមិនត្រឹមតែ Adidas, Calvin Klein, Clarks, H&M, Levi's, Macy, Nike, Old Navy, Puma, Reebok, The Gap និង Wal-Mart។