ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ កំណើតឡើងនៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ១៩៩០ ដោយមានការបង្កើតរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជានៅ ឆ្នាំ១៩៩៣ (“រដ្ឋធម្មនុញ្ញ”) ដែលប្រែក្លាយសេដ្ឋកិច្ច កម្ពុជាជាទីផ្សារសេរី និងច្បាប់វិនិយោគនៅ ឆ្នាំ ១៩៩៤ ដែលផ្ដល់នូវកិច្ចអនុគ្រោះជា ច្រើនចំពោះវិនិយោគិននៃឧស្សាហកម្មកាត់ ដេរ។ នៅឆ្នាំ១៩៩៩ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាមួយសហរដ្ឋអាមេរិក (ស.រ.អា) ដែលក្នុងនោះ ស.រ.អា បានអនុវត្តប្រព័ន្ធកូតា(quota) នាំចូលផលិតផលពីកម្ពុជា។ តាមកិច្ចព្រមព្រៀងនេះ គេអាចបង្កើនកូតានាំចូលពីប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ប្រសិនបើលក្ខខណ្ឌការងារនៅតាមបណ្ដារោងចក្រនានា មានសភាពប្រសើរឡើង ដោយអនុលោមតាមច្បាប់ និងបទដ្ឋានការងារក្នុងស្រុក និងអន្តរជាតិ។ នៅឆ្នាំ២០០១ អង្គការពលកម្មអន្តរជាតិ(អាយឡូ) បានបង្កើតកម្មវិធីមួយឈ្មោះ (រោង ចក្រកាន់តែប្រសើរនៅកម្ពុជា) ដើម្បីឃ្លាំមើលស្ថានភាពការងារនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងគោលបំណងធ្វើឲ្យលក្ខខណ្ឌការងារ អនុលោមតាមកិច្ចព្រមព្រៀង ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់នោះ។ នៅក្នុងគម្រោងនេះ បណ្ដារោងចក្រកាត់ដេរ ដែលទទួលបានសិទ្ធិនាំចេញ ត្រូវតែអនុញ្ញាតឲ្យកម្មវិធីរោងចក្រកាន់តែប្រសើរនេះ ធ្វើអធិការកិច្ចឲ្យបានល្អិតល្អន់ ដោយពុំបាច់ជូនដំណឹងជាមុន។
កត្តាទាំងនេះបានធ្វើឲ្យឧស្សាហកម្មកាត់ដេរកម្ពុជាលូតលាស់យ៉ាងឆាប់រហ័ស ជាហេតុនាំឲ្យកម្ពុជាឈានចូលយ៉ាងលឿនទៅក្នុងបណ្តាប្រទេសនៅអាស៊ី ដែលមានឧស្សាហកម្មកាត់ដេរធំ ដូចជា ចិន បង់ក្លាដេស និងស្រីលង្ការ។ ឧស្សាហកម្មនេះបន្តលូតលាស់ជាលំដាប់ ដោយសារកម្ពុជាមានកិត្តិសព្ទល្អផ្នែកទំនួលខុសត្រូវសង្គម ដែលមានអ្នកបញ្ជាទិញអន្តរជាតិ កាន់តែច្រើនបានចាប់ផ្តើមទិញពីរោងចក្រកាត់ដេរកម្ពុជា ហើយភ្លាមៗនោះទាំងប្រទេសកម្ពុជា និងឧស្សាហកម្មកាត់ដេររបស់ខ្លួន បានក្លាយជាគំរូសម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍ផ្សេងទៀតនៅអាស៊ី។ បន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ផុតសុពលភាពនៅឆ្នាំ២០០៤ រដ្ឋាភិបាលកម្ពុជាបានបន្តប្រើប្រាស់ កម្មវិធីរោងចក្រកាន់ តែប្រសើររបស់អាយឡូ ដើម្បីឃ្លាំមើលការអនុលោមតាមបទដ្ឋាន និងច្បាប់ការងារ នៅតាមរោងចក្រកាត់ដេរ។ ទង្វើនេះបានបន្តធ្វើឲ្យស្ថានភាពការងារ មានភាពប្រសើរឡើងក្នុងអំឡុង ប៉ុន្មានឆ្នាំក្រោយមកទៀត បន្ទាប់ពីសុពលភាពនៃកិច្ចព្រមព្រៀងត្រូវផុត ថ្វីបើរោងចក្រកាត់ដេរលែងទទួលប្រយោជន៍ពីកិច្ចព្រមព្រៀង ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់នោះ ទៀតហើយក្ដី។
សព្វថ្ងៃនេះ ឧស្សាហកម្មកាត់ដេរនៅតែដើរតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ មានរោងចក្រកាត់ដេរចំនួនជាង ៥៥៨ កំពុងដំណើរការនៅកម្ពុជា ដោយផ្ដល់ការងារ ដល់មនុស្សចំនួនជាង ៤៧៥.០០០ នាក់។ ផលិតផលសម្លៀកបំពាក់ សុទ្ធសឹងត្រូវបាននាំចេញទៅក្រៅប្រទេស ដែលតំណាងឲ្យប្រមាណ ៨០% នៃការនាំចេញផលិតផលរបស់កម្ពុជា ហើយទីផ្សារសំខាន់ៗសម្រាប់ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់មានចំនួនបីគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងហុងកុង។ ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ក្នុងអំឡុងឆមាសទី១ឆ្នាំ២០១៣ មានចំនួន ១,៥៥៨ ពាន់លានដុល្លារ ឬមានកំណើនជាងចំនួន ៣២% ធៀបនឹងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០១២។
សម្រាប់ព័ត៌មានលម្អិត សូមអានគោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។