ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសៀមរាប

ទីកន្លែង សៀមរាប
កាលបរិច្ឆេទនៃហេតុការណ៍ ២៩-មីនា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ២៩-មីនា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​រឹបអូស​យក​សម្ភារៈ ឬ​ចោទ​ថា​រឹប​អូស​សម្ភារៈ
សង្ខេប

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានចំនួន៣នាក់មកពីគេហទំព័រសារព័ត៌មានរំដោះជាតិ សារព័ត៌មានទូរទស្សន៍ BTV បានចុះទៅយកព័ត៌មាននៅវង់ល្បែងស៊ីសងមួយកន្លែងស្ថិតនៅភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ដើម្បីរាយការណ៍ព័ត៌មានជុំវិញល្បែងស៊ីសងដែលបានកើតឡើងនៅទីនោះ។ លោក ឈិត សាវី អ្នកសារព័ត៌មានទូរទស្សន៍ BTV និងលោក ប្រាក់ សុខឡេង អ្នកសារព័ត៌មានរំដោះជាតិ បានចូលទៅដល់វង់ល្បែង ស្រាប់តែជនដៃដល់ប្រហែល៧ ទៅ៨នាក់វាយលើពួកគេ និងដណ្ដើមយកកាមេរ៉ារបស់លោក សាវី។ ក្រោយមក អ្នកទាំងនោះបានប្រគល់កាមេរ៉ារបស់លោក សាវី ឱ្យទៅអាជ្ញាធរ។ គេមិនដឹងពីទំហំនៃការរងរបួសរបស់អ្នកសារព័ត៌មាននោះទេ។ លោក ទេព ចាន់ណា អធិការនគរបាលស្រុកសូត្រនិគមបានឱ្យដឹងថា កម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញបើកការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើបុគ្គលដែលវាយទៅលើអ្នកសារព័ត៌មាន។ ពួកគេក៏កំពុងកោះហៅបុគ្គលពាក់ព័ន្ធមកសាកសួរផងដែរ។

ឯកសារយោង វីអូឌី | ភ្នំពេញប៉ុស្ត៍