ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពត

ទីកន្លែង កំពត
កាលបរិច្ឆេទនៃហេតុការណ៍ ៨-វិច្ឆិកា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ៨-វិច្ឆិកា-២០២១
ចំនួន​អ្នកសារព័ត៌មាន​ជាប់​ឃុំ
សង្ខេប

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកសារព័ត៌មានពីរនាក់នៃស្ថាប័នព័ត៌មាន លួស សេង(LS News) ដែលមានឈ្មោះ អ៊ីង ធឿង និង សាយ សុភា ត្រូវបានចាប់ខ្លួននៅក្នុងស្រុកឈូក ខេត្តកំពត បន្ទាប់ពីពួកគេរាយការណ៍ពីការតវ៉ានៅមុខសាលាខេត្ត ដែលពលរដ្ឋបានទាមទារឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគេពីពន្ធនាគារ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ផងដែរ។ អ្នកសារព័ត៌មានទាំងពីរនាក់បានផ្សាយផ្ទាល់វីដេអូបាតុកម្ម ដែលក្នុងវីដេអូនោះអ្នកភូមិបានតវ៉ាជាមួយអភិបាលខេត្តដើម្បីទាមទារឱ្យដោះលែងកុមារពីពន្ធនាគារ។ នគរបាលបានរាយការណ៍ថាអ្នកសារព័ត៌មាន «បានមករាយការណ៍នៅមុខសាលាខេត្ត ធ្វើការរិះគន់អាជ្ញាធរមានសមត្ថកិច្ចដោយមិនបានសួរនាំអាជ្ញាធរពីមូលហេតុនៃការចាប់ខ្លួនមនុស្សចំនួន៤នាក់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ដែលបណ្តាលឱ្យពលរដ្ឋមានការយល់ច្រឡំ និងក្លាយជាសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច»។ អ្នកសារព័ត៌មានទាំងពីរនាក់រងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (មាត្រា ៤៩៤ និង៤៩៥) និងពីបទបរិហារបង្កាច់កេរ្តិ៍ (មាត្រា៣១១)។ អ្នកទាំងពីរត្រូវបានឃុំខ្លួននៅខេត្តកំពត។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការសន្យាថានឹងដោះលែង អ្នកទាំងពីរបានបង្ហោះវីដេអូសុំទោសជាសាធារណៈ ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពតដើម្បីសាកសួរបន្ត។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ពួកគេត្រូវបានដោះលែងពីពន្ធនាគារវិញ។ ពុំមានព័ត៌មានជាក់លាក់ថាតើនីតិវិធីច្បាប់លើអ្នកទាំងពីរកំពុងនៅបន្ត ឬយ៉ាងណានោះឡើយ។

ឯកសារយោង វីអូឌី | វីអូឌី | វីអូឌី | CNC