១-មីនា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានដឹងថា ប្រជាពលរដ្ឋចំនួន ៣៣៥ គ្រួសារ ដែលមានទីលំនៅក្នុងភូមិប្រូកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិវាទដីធ្លីជាមួយ លោក អ៊ិន សំអន អគ្គលេខាធិការរងក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ មក ប៉ុន្តែមិនមានដំណោះស្រាយណាមួយនៅឡើយទេ រហូតមកទល់បច្ចុប្បន្ននេះ។ ហេតុនេះហើយ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១០ ប្រជាពលរដ្ឋទាំងនេះមានការមិនពេញចិត្ត ហើយបានធ្វើដំណើរមកកាន់គេហដ្ឋានរបស់នាយករដ្ឋមន្រ្តីដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែជំនួសមកវិញ ពួកគេត្រូវបានបង្ក្រាបយ៉ាងធ្ងន់ធ្ងរពីសំណាក់នគរបាលខណ្ឌដង្កោ ហើយប្រជាពលរដ្ឋមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ តាមរយៈការបង្ក្រាបនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកការិយាល័យអង្គការអាដហុកដើម្បីស្វែងរកជំនួយ ហើយក្រោយមកអង្គការនេះ ក៏បានបញ្ជូនបុគ្គលិកឃ្លាំមើលរបស់ខ្លួនដើម្បីឃ្លាំមើលសំណុំរឿងនេះ។ យ៉ាងណាមិញ ជាលទ្ធផល ម៉ាស៊ីនថតរូបបីគ្រឿងរបស់អ្នកឃ្លាំមើល (ពីរនាក់មកពីអង្គការអាដហុក និងម្នាក់មកពីអង្គការលីកាដូ) ត្រូវបាននគរបាលដកហូតភ្លាមៗ ហើយប្រហែលជាបីម៉ោងក្រោយមក ម៉ាស៊ីនថតរូបទាំងនោះ ត្រូវបានប្រគល់ទៅឲ្យពួកគេវិញ ប៉ុន្តែរូបភាពដែលថតបានទាំងអស់ត្រូវបានលុបចោល។
ប្រភពព័ត៍មាន : ការគំរាមកំហែង និង ការរំខានទៅលើអ្នកការពារសិទ្ធិមនុស្ស