១-តុលា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្កោលទោសយ៉ាងខ្លាំងចំពោះសាលក្រមផ្តន្ទាទោសប្រឆាំងលោក ម៉ម សូណង់ដូ នៅសាលាដំបូងរាជធានីភ្នំពេញ ។ លោកត្រូវបានរកឃើញពិរុទ្ធភាពរាល់បទល្មើសដែលបានចោទប្រកាន់ប្រឆាំងនឹងរូបលោក តាមមាត្រា ២៨ ៤៥៦ ៤៥៧ ៤៦៤ ៥០៤ និង មាត្រា ៦០៩ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៩ ដោយរួមទាំងការចោទប្រកាន់អំពីបទអបគមន៍នៅក្នុងខេត្តក្រចេះកាលពីខែ ឧសភា ឆ្នាំ ២០១២ និងការញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំង នឹងអាជ្ញាធរសាធារណៈ ។ លោកត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ។ លោក ប៊ុន រដ្ឋា ដែលត្រូវបានចោទប្រកាន់ក្នុងបទល្មើសអបគមន៍ដូចគ្នានេះដែរ ត្រូវផ្តន្ទាទោសដោយកំបាំងមុខដាក់ពន្ធនាគារចំនួន ៣០ឆ្នាំ ជនចាប់ចោទពីររូបផ្សេងទៀតត្រូវបានផ្តន្ទាទោសដោយកំបាំងមុខចំនួន ១៥ ឆ្នាំ និងចុងចោទចំនួនបីរូបផ្សេងទៀតដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ខែ ៣ ឆ្នាំ និង ប្រាំ ឆ្នាំ ។ ជនជាប់ចោទចំនួន ០៧ រូបផ្សេងទៀតត្រូវបានព្យួរការអនុវត្តន៍ទោសចន្លោះពី ១០ ខែរហូតដល់ ៥ឆ្នាំ ។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រិះគន់សាលក្រមផ្តន្ទាទោសលោក ម៉ម សូណង់ដូ ថាជាការបរាជ័យនៃយុត្តិធម៌ និង ជាការអាម៉ាសរបស់កម្ពុជា