២១-កក្កដា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៥ - នារសៀលនេះ មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ត្រូវបានកាត់ទោសពីបទល្មើសពាក់ព័ន្ធនឹងការធ្វើកុបកម្ម និងផ្តន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ និង ២០ឆ្នាំ។ អ្នកទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារម១ ភ្លាមៗបន្ទាប់ពីផ្តន្ទាទោសរួច។ មានតែមេធាវីម្នាក់ប៉ុណ្ណោះក្នុងចំណោមមេធាវីទាំង ៩នាក់ ដែលការពារជនជាប់ចោទ មានវត្តមាននៅក្នុងសវនាការនាថ្ងៃនេះ បន្ទាប់ពីមេធាវី ៨នាក់ផ្សេងទៀត បានពហិការដោយមិនចូលរួមក្នុងសវនាការ។ នៅពេលដែលចៅក្រម បានកោះហៅដោយឥតព្រាងទុក ឲ្យធ្វើសេចក្តីសន្និដ្ឋានបិទ ជនជាប់ចោទជាច្រើន បានស្នើសុំពន្យារពេលរហូតដល់មេធាវីរបស់អ្នកទាំងនោះអាចចូលរួមវិញបាន។ ចៅក្រមបានបដិសេធសំណើសុំនេះ ហើយបាននាំគ្នាចូលបន្ទប់ពិភាក្សារយៈពេល ១៥ នាទី មុនពេលត្រឡប់មកវិញជាមួយនឹងសាលក្រម និងការផ្តន្ទាទោសនានា។ នៅពេលចៅក្រមទាំងនោះចូលទៅពិភាក្សា នគរបាល និងកងរាជអាវុធហត្ថបានចូលក្នុងបន្ទប់សវនាការ ហើយនៅផ្លូវដើរខាងក្រៅបន្ទប់នោះត្រូវបានបិទនៅពេលជាមួយគ្នានោះដែរ។
ប្រភពព័ត៍មាន : អង្គការ លីកាដូ ថ្កោលទោសការកាត់ទោស និងផ្តន្ទាទោសមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់