២៤-ឧសភា-២០២៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា នគរបាលបានសម្រេចឃាត់ខ្លួនលោក ថេង សាវឿន ប្រធានសមាគម CCFC លោក ញិល ភាព មន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច មន្រី្តសម្របសម្រួលសហគមន៍ ជាផ្លូវការ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួនជាលើកដំបូងក្នុងខេត្តក្រចេះ នៅតាមផ្លូវទៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែឧសភា ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត ក្រោយពីចូលរួមកម្មវិធីនៅឯខេត្តរតនគិរី ហើយក្រោយមកអ្នកទាំងនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់