កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • កំពង់ធំ

    កំពង់ធំ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ធំបានចោទប្រកាន់ និងកាត់ទោសលោក ចាន់ ធឿន សមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងជាសកម្មជនដីធ្លី ដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ (ទោសត្រូវបានព្យួរ)។ លោក ចាន់ ធឿន ត្រូវបានចោទប្រកាន់ពីបទវាយប្រហារឈ្មួញឈើម្នាក់ បន្ទាប់មកការចោទប្រកាន់លោក ត្រូវបានទម្លាក់ពីបទប៉ុនប៉ងមនុស្សឃាតមកត្រឹមជាបទអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ លោក ចាន់ ធឿន ដែលកំពុងលាក់ខ្លួនលើកឡើងថាតាមពិតលោកគឺជាជនរងគ្រោះ ពុំមែនអ្នកវាយប្រហារទេ លោកនិយាយថាលោកត្រូវបានគេគំរាមដោយភ្ជង់នឹងកំបិត នៅពេលលោកព្យាយាមថតផ្តិតយករូបភាពរបស់ឈ្មួញឈើម្នាក់ដែលកំពុងដឹកជញ្ជូនឈើពីព្រៃសហគមន៍ក្នុងខែកក្កដា ឆ្នាំ២០២០។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ លោក វឿន វាសនា អតីតសកម្មជន គ.ស.ជ ដែលនីរទេសខ្លួន និងជាអតីតសកម្មជនដីធ្លី បានចែករំលែកសំណេរកំណាព្យបែបរិះគន់មួយក្នុងប្រអប់ខំម៉ិននៃទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារចោទប្រកាន់ « លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាជនក្បត់ជាតិ...» «ការបំផ្លាញប្រទេសជាតិ..» និងអនុញ្ញាតឱ្យមានការបំផ្លាញព្រៃឈើរបស់ប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបវិញដោយបានលើកឡើងថានោះគឺជា «ការប្រមាថ» និងបានហៅលោក វឿន វាសនា ថាជា «ជនឧទ្ទាម» ព្រមទាំងបានបង្ហាញដីកាចាប់ខ្លួនដោយប្រាប់លោកវឿនឱ្យខំរត់ចេញពីប្រទេសឱ្យបានលឿន។ លោក វឿន វាសនា បាននិយាយថាទោះបីលោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យចាប់ខ្លួនលោកនៅសប្តាហ៍នេះ តែលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនរួចទៅហើយក្នុងខែឧសភា ឆ្នាំ២០២១ ពីបទ «រារាំងការអនុវត្តវិធានការ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

    RFA | UCA News | The Diplomat

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់មន្ត្រី គ.ស.ជ ជាច្រើននាក់ រួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក ហូ វណ្ណ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតពីបទរៀបចំផែនការក្បត់ និងញុះញង់។ ការចោទប្រកាន់ថ្មីទាំងនេះធ្វើឡើងបន្ទាប់លោក សម រង្ស៊ី បានបង្ហោះហ្វេសប៊ុកនៅថ្ងៃទី០៥ ខែតុលា ដែលក្នុងនោះលោកបានអះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញលិខិតឆ្លងដែនសាយប្រឹស។ យោងតាមតុលាការ ការបង្ហោះហ្វេសប៊ុកនោះចាត់ទុកថាជា «ផែនការផ្តួលរម្លំរដ្ឋាភិបាល» ពីព្រោះនេះជាការបំផ្លើសព័ត៌មានដើម្បីញុះញង់សាធារណជន និងកម្លាំងប្រដាប់អាវុធ។

    VOD

  • ព្រះសីហនុ

    ព្រះសីហនុ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរបានចាប់ខ្លួនលោក ឡាក់ គៀន អតីតមេឃុំរបស់ គ.ស.ជ នៅខេត្តព្រះសីហនុ ការចាប់ខ្លួននោះធ្វើឡើងនៅផ្ទះរបស់លោកដោយពុំមានបង្ហាញដីកាតុលាការ ឬផ្តល់ហេតុផល ឬក៏មូលដ្ឋានច្បាស់លាស់ចំពោះការចាប់ខ្លួននេះឡើយ។ អាជ្ញាធរស្លៀកពាក់ឯកសណ្ឋានស៊ីវិលជិះឡានប្រមាណ៤គ្រឿងបានមកដល់ផ្ទះរបស់លោក និងចាប់ខ្លួនរូបលោកតែម្តង។ លោក ឡាក់ គៀន ត្រូវបានបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញដើម្បីសាកសួរ ហើយលោកត្រូវបានឃុំខ្លួននៅទីនោះ។ យោងតាមដីកាចេញដោយសាលាដំបូងរាជធានីភ្នំពេញលើកឡើងថាលោក គៀន ត្រូវបានក្រុមការងារនគរបាលសាកសួរដើម្បីស៊ើបអង្កេតទាក់ទងក្នុងករណីទំនាស់ដីធ្លី និងការទន្ទ្រានយកដីរដ្ឋខុសច្បាប់។ យោងតាមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា លោក គៀន ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ។ ការចាប់ខ្លួននេះកើតឡើងតែពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលកិច្ចប្រជុំតាមប្រព័ន្ធអេឡិកត្រូនិកZoom របស់ គ.ស.ជ ដោយគ្មានការអញ្ជើញ និងបានស្តីបន្ទោសធ្ងន់ៗលើលោក សម រង្ស៊ី មេដឹកនាំ គ.ស.ជ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ទុំ ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សា គ.ស.ជ នៅរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនខណៈលោកកំពុងបើកបររថយន្តជាមួយកូនប្រុសអាយុ ២ ឆ្នាំ របស់លោក ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីត្រឡប់មកពីការភៀសខ្លួនរស់នៅប្រទេសថៃ។ ម៉ូតូប្រាំ-ប្រាំមួយគ្រឿងបានបើកអមរថយន្តរបស់លោកពេលបើកត្រឡប់មកផ្ទះ ការណ៍នេះបាននាំឱ្យលោកឈប់រថយន្តទម្លាក់កូនរបស់លោកចុះ។ បន្ទាប់មកលោក ប៊ុនថន ត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួន។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះកើតឡើងតែពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលកិច្ចប្រជុំតាមប្រព័ន្ធអេឡិកត្រូនិក Zoom របស់ គ.ស.ជ ដោយពុំមានការអញ្ជើញ និងបានស្តីបន្ទោសធ្ងន់ៗលើលោក សម រង្ស៊ី មេដឹកនាំ គ.ស.ជ។

    VOD | VOD | RFA

  • កោះកុង

    កោះកុង

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក យួន ឈីវ ចាងហ្វាងគេហទំព័រអនឡាញ ត្រូវបានសាលាដំបូងខេត្តកោះកុងចោទប្រកាន់ភ្លាមៗពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ (ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យប្រាក់ចំនួនពីរលានរៀល(៥០០ដុល្លារ) ចំពោះការបញ្ចេញមតិយោបល់របស់លោកតាមរយៈទំព័រហ្វេសប៊ុកនៃអង្គភាពព័ត៌មានអនឡាញរបស់លោកឈ្មោះ Koh Kong Hot News ទាក់ទងនឹងទំនាស់ដីធ្លីរវាងអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានជាតិបុទុមសាគរ។ លោក យួន ឈីវ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីអភិបាលខេត្តកោះកុងប្តឹងលោកពីបទធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកអភិបាលរូបនេះតាមរយៈការបញ្ចេញមតិយោបល់របស់លោក និងបទចែកចាយព័ត៌មានមិនពិតទាក់ទងនឹងករណីនេះ។

    VOD | CamboJa | KhmerTimes | VOA | VOA

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ក្នុងករណីទំនាស់ដីធ្លីដ៏អូសបន្លាយលើផ្ទៃដីទំហំ២៨០ហិកតារវាងប្រជាពលរដ្ឋនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងក្រសួងការពារជាតិ ដោយមានការបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទទួលយកសំណងមិនសមរម្យចំពោះការបាត់បង់ដីធ្លីរបស់ពួកគាត់។ អ្នកភូមិបានចោទអាជ្ញាធរថាបានគំរាម និងបំភិតបំភ័យពួកគាត់ឱ្យទទួលយកការផ្តល់សំណងក្នុងតម្លៃទាប ឬបើពុំដូច្នោះទេ ពួកគាត់នឹងពុំទទួលបានសំណងអ្វីទាំង​អស់ ហើយក៏នៅតែត្រូវបណ្តេញចេញពីដីរបស់ពួកគាត់ដដែល។ ប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារ បានបដិសេធទទួលយកសំណងនោះ ហើយ កំពុងរង់ចាំដំណោះស្រាយ ប៉ុន្តែ នៅពុំទាន់ច្បាស់ទេ ថាតើប្រជាពលរដ្ឋចំនួនប៉ុន្មានគ្រួសារត្រូវបានបង្ខិតបង្ខំឱ្យទទួលយកសំណងនោះ។

    CamboJa

  • កោះកុង

    កោះកុង

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក យួន ឈីវ ចាងហ្វាងសារព័ត៌មានអនឡាញ និងជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Koh Kong Hot News ត្រូវបាននគរបាលសាកសួរបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការច្បាប់លើលោកដោយសារបង្ហោះ «ព័ត៌មានក្លែងក្លាយ» អំពីទំនាស់ដីធ្លីមួយក្នុងឧទ្យានជាតិបុទុមសាគរ។ លោកយួន ឈីវ គឺជាជនម្នាក់ក្នុងទំនាស់ដីធ្លីនេះព្រោះលោកបានរាយការណ៍ព័ត៌មានអំពីករណីនេះ ហើយការសាកសួររូបលោកកើតឡើងបន្ទាប់ពីលោកបានបង្ហោះករណីទំនាស់ដីធ្លីនេះជាច្រើនដងនៅលើទំព័រហ្វេសប៊ុកនៃអង្គភាពព័ត៌មានរបស់លោកដោយបានរិះគន់លោកអភិបាលខេត្តរងចំពោះការទន្ទ្រានយកដីធ្លី និងបណ្តេញអ្នកភូមិចេញពីដីធ្លីរបស់ពួកគេ។ នៅថ្ងៃទី២៧ និងទី២៨ ខែកញ្ញា លោកត្រូវបានបង្ខំឱ្យធ្វើការសុំទោសជាសាធារណៈចំពោះលោកអភិបាលរង និងធ្វើកិច្ចសន្យាមួយថានឹងមិនចេញផ្សាយព័ត៌មានមិនពិតដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងផ្តន្ទាទោសនៅថ្ងៃដដែលនោះ និងត្រូវបានកាត់ទោសដាក់ពន្ធនាគារ១ឆ្នាំ។ លោកក៏ត្រូវបានពិន័យប្រាក់ចំនួន២លានរៀល និងបញ្ជូនទៅពន្ធនាគារ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី៣០ ខែកញ្ញា អភិបាលរងខេត្តកោះកុងព្រមទាំងបានដាក់ពាក្យបណ្តឹងប្តឹងលោក ឈីវ ពីបទបរិហារកេរ្តិ៍។

    VOD | CamboJa | VOA | CamboJa | VOA

  • ភ្នំពេញ

    ភ្នំពេញ

    អំពើហិង្សាលើសកម្មជន

    សកម្មជនក្រុមយុវជនខ្មែរថាវរៈម្នាក់ ឈ្មោះទូច ស្រីនិច ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពី ៤ទៅ៥នាក់វាយប្រហារ ខណៈនាងកំពុងបើកបរម៉ូតូនៅលើដងផ្លូវមួយក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ជនទាំងនោះបានបើកម៉ូតូបំបុកម៉ូតូរបស់នាង ហើយបានវាយដំរូបនាងរហូតធ្លាក់ពីលើម៉ូតូដួលសន្លប់។ ករណីវាយប្រហារនេះបណ្តាលឱ្យនាងរងរបួសធ្ងន់នៅត្រង់ក្បាល ដៃ និងជើង ប៉ុន្តែមិនអាចទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបានឡើយពីព្រោះនាងមិនមានលទ្ធភាពបង់ថ្លៃព្យាបាល។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីនាងបានផ្តល់សម្ភាសមួយជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលក្នុងសម្ភាសនេះនាងបានបញ្ចេញមតិយោបល់អំពីការរឹតត្បិត និងការផ្តន្ទាទោសលើសកម្មជនយុវជននៅកម្ពុជា។

    RFA

  • រតនគិរី

    រតនគិរី

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ឆន ផល្លា សកម្មជនបរិស្ថានមកពីខេត្តរតនៈគិរី ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទទន្ទ្រានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន។ ដំបូងឡើយលោកត្រូវបានជូនដំណឹងឱ្យទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណបណ្ណរបស់លោក ប៉ុន្តែនៅពេលមកដល់ ស្រាប់តែនគរបាលចាប់ខ្លួនរូបលោក និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក។ ដីកាចាប់ខ្លួនលោកចេញក្នុងខែកុម្ភៈ ឆ្នាំ២០២១ ទាក់ទងនឹងការកាប់ឆ្ការដីរដ្ឋក្នុងស្រុកលំផាត់ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ប៉ុន្តែ នៅពេលសមត្ថកិច្ចចាប់ខ្លួន លោក ឆន ផល្លា ពុំបានបង្ហាញដីកាតុលាការឡើយ។ សកម្មជនរូបនេះធ្លាប់ត្រូវបានវាយដំពីមនុស្សមួយក្រុមនៅក្នុងវេទិការសាធារណៈមួយក្នុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិពីបទបំផ្លាញព្រៃឈើ។ ក្រោយមកលោកបានដាក់ពាក្យបណ្តឹងប្តឹងអ្នកភូមិ១០នាក់ និងមន្ត្រីមូលដ្ឋាន៦នាក់។

    VOD | CamboJa

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្នុងអំឡុងពេលនៃសុន្ទរកថាមួយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាតុលាការបានចេញដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយហើយ។ នៅថ្ងៃទី២១ ខែកក្កដា លោកបណ្ឌិតសេង សារី បានបង្ហោះមតិយោបល់នៅលើទំព័រហ្វេសប៊ុករបស់លោកទាក់ទងនឹងការបង្កើតរដ្ឋាភិបាលរួបរួមក្រៅប្រទេស ដោយបានលើកឡើងអំពីលក្ខខណ្ឌ៦ចំណុចសម្រាប់ការបង្កើតរដ្ឋាភិបាលនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាមតិយោបល់នោះមិនស្របតាមសេរីភាពខាងការបញ្ចេញមតិឡើយ ព្រោះនេះជា « រដ្ឋាភិបាលខុសច្បាប់ ឬជាចលនានៃក្រុមឧទ្ទាមប្រដាប់អាវុធ»។ លោកបណ្ឌិត សេង សារី ដែលភៀសខ្លួនទៅកាន់ប្រទេសថៃបានថ្លែងថាលោកមានការបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ព័ត៌មានចុងក្រោយ ក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកពាក្យសម្តីរបស់លោកវិញ និងបានស្នើឱ្យតុលាការបញ្ឈប់នីតិវិធីផ្លូវច្បាប់លើលោកបណ្ឌិត សេង សារី។

    CambodJa | KhmerTimes

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលទៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអេឡិកត្រូនិក Zoom រវាងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលភាគច្រើននៃអ្នកចូលរួមប្រជុំនេះកំពុងស្ថិតក្នុងការនីរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីព្រមានថាពួកគេកំពុងត្រូវបានឃ្លាំមើល។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថាការណ៍ដែលលោកអាចចូលទៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអេឡិកត្រូនិកZoom នេះបាន ពីព្រោះសមាជិកម្នាក់របស់ គ.ស.ជ ដែលចូលរួមកិច្ចប្រជុំនេះបានចែករំលែកតំណ និងលេខកូដសម្រាប់ចូលរួមជាមួយបុគ្គលផ្សេងទៀត។ ក្នុងអំឡុងពេលមានប្រសាសន៍តាមប្រព័ន្ធ Zoom លោកនាយករដ្ឋមន្ត្រីបានអះអាងថាអតីតសមាជិក គ.ស.ជ បានប្រមាថរូបលោកក្នុងអំឡុងពេលការជជែកគ្នារបស់ពួកគេ។ បន្ទាប់មកលោកបានជជែករយៈពេល១២នាទីជាមួយលោក ឡុង រី (អតីតសមាជិក គ.ស.ជ)។ វីដេអូនៃការជជែកនោះត្រូវបានគេថត និងចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ក្រោយមក លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថាពុំមានការជ្រៀតចូលទៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom នោះទេ និងថាវីដេអូឃ្លឹបនោះគឺជាការប្រឌិតព័ត៌មាន។ ប៉ុន្តែ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីតាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍មួយបានទទួលស្គាល់ថាលោកពិតជាបានចូលទៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធZoomរបស់អតីតសមាជិក គ.ស.ជ មែន និងថាក្នុងកិច្ចប្រជុំនោះមានការចូលរួមពីសមាជិក គ.ស.ជ ចំនួនប្រមាណ២០នាក់ ដោយពុំបង្ហាញឈ្មោះរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រីព្រមទាំងបានថ្លែងបញ្ជាក់ថាលោកចូលទៅក្នុងកិច្ចប្រជុំនោះពុំគឺពុំមែនជាការផ្តល់សញ្ញាសម្រាប់ការចរចាទេ តែចង់ព្រមានកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ»។

    Washington News Today | Rest of World | NewsWeek

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្តន្ទាទោសសមាជិករណសិរ្សរំដោះជាតិខ្មែរម្នាក់ ឈ្មោះ ធុយ វី ពីបទសមគំនិត និងកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។ លោក ធុយ វី ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដោយសារពាក់ព័ន្ធក្នុងការគាំទ្រផែនការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី អតីតមេដឹកនាំនៃគណបក្សសង្គ្រោះជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។

    KhmerTimes

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    បន្ទាប់ពីការចាប់ខ្លួនអ្នកភូមិចំនួន៣០នាក់ក្នុងអំឡុងពេលនៃការតវ៉ាអំពីទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល អ្នកភូមិ៩នាក់ក្នុងចំណោមអ្នកភូមិដែលត្រូវបានចាប់ខ្លួន ក្នុងនោះមាន ស្ត្រី៤នាក់ផង ត្រូវបានចោទប្រកាន់ ៣ បទល្មើស គឺ «បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោមមាត្រា២១៨ បទប្រឆាំងអ្នករាជការមានស្ថានទម្ងន់ទោសតាមមាត្រា ៥០៤ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តតាកែវ។ អ្នកតវ៉ាចំនួន២១នាក់ផ្សេងទៀតត្រូវបានដោះលែងវិញ។

    VOD | CamboJa | PPP | Cambodianess | KhmerTimes

  • កណ្ដាល

    កណ្ដាល

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នកស្រី ច្រាយ នីម សកម្មជនដីធ្លី និងជាអ្នកសារព័ត៌មានពលរដ្ឋត្រូវបាននគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានឃុំខ្លួនដោយសារថតយករូបភាពច្រកទ្វារប៉ុស្តិ៍នគរបាល និងកំពុងត្រៀមធ្វើសម្ភាសសាច់ញាតិរបស់អ្នកតវ៉ាចំនួន៣០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃមុនក្នុងទំនាស់ដីធ្លីដែលអូសបន្លាយទាក់ទងនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល។ អ្នកស្រីបានអះអាងថាត្រូវបានអាជ្ញាធរសាកសួររយៈពេល១ម៉ោងមុននឹងត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃដដែល។

    VOD | VOD

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នគរបាលបានចាប់ខ្លួនអ្នកភូមិចំនួន១០នាក់ដែលរងផលប៉ះពាល់ដោយគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលក្នុងពេលនៃការប្រមូលផ្តុំគ្នាមួយរបស់អ្នកភូមិដែលរងផលប៉ះពាល់ចំនួន១០០នាក់ តវ៉ានឹងការបិទខ្ទប់ផ្លូវចូលទៅកាន់ស្រែចម្ការ និងការឈូសឆាយដីស្រែរបស់ពួកគាត់។ អាជ្ញាធរមូលដ្ឋានបានថ្លែងថាអ្នកតវ៉ាត្រូវបានចាប់ខ្លួនដោយសារប្រើអំពើហិង្សាលើនគរបាល ដែលបណ្តាលឱ្យមន្ត្រី១៣នាក់រងរបួស។ ផ្ទុយទៅវិញ គ្រួសាររបស់អ្នកតវ៉ាដែលជាប់ឃុំបានអះអាងថាពួកគាត់កំពុងរងសម្ពាធក្នុងការទទួលយកសំណងទាបផ្តល់ដោយក្រុមហ៊ុន។

    VOD | VOD | RFA | CamboJa | KhmerTimes

  • ភ្នំពេញ

    ភ្នំពេញ

    អំពើហិង្សាលើសកម្មជន

    សន្តិសុខខណ្ឌដូនពេញបានរារាំងក្រុមស្ត្រីថ្ងៃសុក្រប្រមាណ១០នាក់ពីការប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកដើម្បីស្នើរកអន្តរាគមន៍ឱ្យមានការដោះលែងស្វាមីរបស់ពួកគាត់ពីពន្ធនាគារ។ នគរបាលបានប្រើអំពើហិង្សាលើស្ត្រីទាំងនោះដើម្បីបំបែកការតវ៉ារបស់ពួកគាត់ ដូចជា រុញច្រាន ឆក់យកបដាពីដៃរបស់ពួកគាត់ ធ្វើឱ្យពួកគាត់ថ្លោះដៃ និងបានបាញ់អាកុលដាក់ភ្នែករបស់គាត់ជាដើមដែលបណ្តាលឱ្យរងរបួសស្រាល។ ហេតុផលលើកឡើងពីសំណាក់អាជ្ញាធរចំពោះការបំបែកការតវ៉ារបស់ស្ត្រីទាំងនោះគឺថាការប្រមូលផ្តុំគ្នានេះផ្ទុយនឹងវិធានច្បាប់កូវីដ-១៩។ អាជ្ញាធរព្រមទាំងបានគំរាមដាក់ស្ត្រីទាំងនោះឱ្យស្ថិតក្នុងការឃុំខ្លួនរយៈពេល១៤ ថ្ងៃ ប្រសិនបើពួកគេមិនបំបែកការជួបជុំគ្នានេះទេ។

    VOD | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧ នាក់​ឱ្យ​ជាប់​ពន្ធនាគារ ១៨ ខែ ពី​បទ​ញុះញង់​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បង្គាប់​ឱ្យ​ជន​ជាប់​ចោទ​ម្នាក់ៗ​បង់ប្រាក់​ពិន័យ ៥០០ ដុល្លារ។ ការផ្តន្ទាទោសនេះកើតចេញពីការបង្ហោះសាររបស់ចុងចោទនៅលើបណ្តាញសង្គម Facebook ក្នុងឆ្នាំ២០២០ដែល​បានចោទប្រកាន់នឹងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលអំឡុងពេលជំងឺរាតត្បាត កូវិដ និងការស្លាប់ជាលទ្ធផលដែលកើតចេញពីរដ្ឋាភិបាលអនុវត្តមិនបានល្អ។ ជនជាប់ចោទរួមមាន នូ សុធា រិន រដ្ឋ រុន ចន្ធី​ ម៉ៅ​ វិបុល​ ស៊ឹម សុភា​ ពេជ្រ សំបូរ និង​ ​នាង សុឃុន​ ។ ជនជាប់ចោទទាំងអស់បានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុនដោយភ័យខ្លាចថាត្រូវបានកំណត់គោលដៅនិងចាប់ខ្លួន។ក្នុងអំឡុងពេលសវនាការ ចុងចោទត្រូវបានចោទប្រកាន់ពីបទបង្ហោះនិងផ្សព្វផ្សាយ'ព័ត៌មានក្លែងក្លាយ' អំពី COVID-19។

    CamboJa | VOD | VOA

  • កោះកុង

    កោះកុង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ប្រជាពលរដ្ឋប្រមាណ១០០នាក់ ក្នុងខេត្តកោះកុង ស្រុកបុទុមសាគរ បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមឈួសឆាយដំណាំនឹងរុះរើផ្ទះរបស់ពួកគេ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។​ក្នងនោះអ្នកភូមិបានបាត់បង់ដើមស្វាយចន្ទី១២ហិកតា ដំណាំហូបផ្លែ៩ហិកតាក្នុងចំណោមដំណាំផ្សេងៗទៀត។ការ​បំផ្លាញ​ដំណាំ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​ខាតបង់​ប្រាក់​រាប់​ពាន់​ដុល្លារនិង​ជីវភាព​ការរស់នៅ​របស់​ពួក​គាត់។មន្ត្រីទាំងនោះបានចោទប្រកាន់អ្នភូមិថាបានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិទោះបីជាមានគ្រួសារជាច្រើនបានរស់នៅ និងធ្វើស្រែចម្ការនៅក្នុងតំបន់នេះជាងមួយទសវត្សរ៍មកហើយក៏ដោយ។

    VOD

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ម្តាយ និងកូនប្រុសម្នាក់ឈ្មោះ ហ៊ាង ហៀក (៤២) និង ទួន ឌីណា (១៨) ដែលប្រឈមជាមួយនឹងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានចាប់ខ្លួន និងឃុំខ្លួន បន្ទាប់ពីពួកគេបានថតរូបវាលស្រែរបស់ពួកគេដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ដីឈូសឆាយ។ បន្ទាប់ពី ឌីណា ថតរូបវាលស្រែរួច សមត្ថកិច្ចបានចូលទៅជិតអ្នកទាំងពីរ ហើយសួរនាំថា ហេតុអ្វីបានជាពួកគេមកលេងនៅតំបន់នោះ។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនម្តាយ និងកូនប្រុសទៅកាន់ទីបញ្ជាការដ្ឋាននគរបាលខេត្តកណ្តាល សាកសួរជាច្រើនម៉ោង មុននឹងបង្ខំឱ្យផ្តិតមេដៃចុះកិច្ចសន្យាសន្យាថានឹងមិនទៅកន្លែងវាលស្រែលើដីជម្លោះទៀតទេ។ អាជ្ញាធរ​ក៏​បាន​រឹបអូស​ទូរសព្ទ​របស់​ឌីណា ហើយនៅល្ងាចថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ពួកគេទាំង​ឌីណា និង​ខៀវ ត្រូវបានដោះលែង។ ហៀក និយាយ​ថា ពេលនេះ​នាង​ពិតជា​បារម្ភ​ពី​សុវត្ថិភាព​ណាស់ ព្រោះ​នាង​ថា​អាជ្ញាធរ​គំរាម​ចាប់​ប្តី​នាង​ហើយយក​ទ្រព្យសម្បត្តិ ប្រសិនបើ​នាង​បន្ត​ទាមទារ​សំណង​សមរម្យ​លើបញ្ហាដី​នោះ។ ពេល​នេះ​ប៉ូលិស​ត្រូវ​បាន​មក​​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​នាង ហើយ​ប្តី​របស់​នាង​ឈ្មោះ ទួន វណ្ណៈ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ផ្ទះ​នោះ​ទេ។

    VOD | VOD | CamboJa | VOD | RFA