កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • សៀមរាប

    សៀមរាប

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី០១ ខែមីនា សាលាដំបូងខេត្តសៀមរាបបានចេញដីកាបង្គាប់ឱ្យនាំខ្លួនលោក ឈុន វាន សកម្មជនគណបក្សសង្គ្រោះជាតិ និងជំទប់រងទីពីរនៅឃុំគល់រុនពីគណបក្សសង្គ្រោះជាតិ។ លោក ឈុន វាន ត្រូវបានបង្គាប់ឱ្យបង្ហាញខ្លួននៅតុលាការទាក់ទងនឹងការបង្ហោះហ្វេសប៊ុករិះគន់រដ្ឋាភិបាលទាក់ទងនឹងវ៉ាក់សាំងស៊ីណូហ្វាម និងទាក់ទងនឹងការយករូបភាពរបស់មន្ត្រីនគរបាលជាតិម្នាក់នៃក្រសួងមហាផ្ទៃបង្ហោះលើហ្វេសប៊ុក និងថាមន្ត្រីរូបនោះមានពិការភាពបន្ទាប់ពីទទួលវ៉ាក់សាំង។ ក្នុងសារដែលបង្ហោះនោះលោក ឈុន វាន បានស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រសិទ្ធភាព និងផលប៉ះពាល់នៃវ៉ាក់សាំងដើម្បីបង្ហាញការពិត។

    RFA | Post Khmer

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិប្រាំបួនរូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញរកឃើញពិរុទ្ធភាពទាក់ទងនឹងការប៉ុនប៉ងផ្តួលរម្លំរដ្ឋាភិបាល។ អ្នកទាំងនោះត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលជាច្រើនឆ្នាំ ក្នុងនោះដូចជារយៈពេល២០ឆ្នាំ ដល់២៥ឆ្នាំសម្រាប់លោក សម រង្ស៊ី ដែលជាសហស្ថានិកគណបក្សសង្គ្រោះជាតិ។ ចុងចោទផ្សេងទៀតគឺ លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោកស្រី ជូឡុងស៊ូម៉ូរ៉ា លោក នុត រំដួល លោក ហូ វណ្ណ លោក អ៊ូ ច័ន្ទឫទ្ធិ លោកឡុង រី និងលោក ម៉ែន សុថាវរិន។ អ្នកទាំងនោះត្រូវបានដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬជាមន្ត្រីសាធារណៈ និងពិន័យប្រាក់ចំនួន ៤៥០.០០០ដុល្លារសហរដ្ឋ​អាមេរិក។ សាលក្រមត្រូវបានប្រកាសដោយពុំមានវត្តមានមេធាវីការពារក្តី ឬចុងចោទ (អ្នកទាំងនោះកំពុងស្ថិតក្នុងការនីរទេសខ្លួនក្រៅប្រទេស)នៅក្នុងបន្ទប់តុលាការ។

    VOD | KhmerTimes | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ធន់ ចន្ថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះហ្វេសប៊ុកលើកឡើងពីមន្ទិលសង្ស័យអំពីស្ថានភាពកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា និងវិធាន​ការ​ឆ្លើយតបរបស់រដ្ឋាភិបាល។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

    PPP | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ម៉ី សោភ័ណ អតីតសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនដោយសារការបង្ហោះហ្វេសប៊ុកលើកឡើងនូវមន្ទិលលើការជំរុញរបស់រដ្ឋាភិបាលឱ្យប្រជាពលរដ្ឋទទួលវ៉ាក់សាំងស៊ីណូហ្វាមក្នុងពេលដែលគ្មានករណីស្លាប់នៅកម្ពុជា។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

    PPP | VOA

  • សៀមរាប

    សៀមរាប

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    និពន្ធនាយកកាសែតអង្គរធូដេ (Angkor Today) លោក Shen Kaidong ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនិងត្រូវបាននីរទេសខ្លួនទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី ២៥ ខែកុម្ភៈ ពីបទផ្សាយអត្ថបទសារព័ត៌មានមួយដែលអះអាងថាកម្ពុជាកំពុងលក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិននៅលើទីផ្សារងងឹត។ ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណរបស់សារព័ត៌មានអង្គរធូដេ ដោយសារបំភ្លៃការពិតដោយមានចេតនាបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈនិងបង្កឱ្យមានការយល់ច្រឡំ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងកិត្យានុភាពរបស់រដ្ឋាភិបាល។

    Khmer Times | VOD

  • ជាតិ

    ជាតិ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បី «គ្រប់គ្រងអសណ្តាប់ធ្នាប់អ៊ីនធឺណិត និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត»។ អនុក្រឹត្យនេះអនុញ្ញាតឱ្យរដ្ឋាភិបាលតែងតាំងប្រតិបត្តិករដើម្បីគ្រប់គ្រងច្រកទ្វារអ៊ីនធឺណិត ត្រួតពិនិត្យដោយប្រតិបត្តិករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរផ្សេងៗ។ ប្រតិបត្តិករនឹងទទួលបានការអនុញ្ញាតឱ្យ «ចាត់វិធានការទប់ស្កាត់ និងផ្តាច់បណ្តាញទាំងអស់ដែលប៉ះពាល់ប្រាក់ចំណូលជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់»។ ម្យ៉ាងទៀត ប្រតិបត្តិករច្រកទ្វារតម្រូវដោយអនុក្រឹត្យនេះឱ្យប្រមូលព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ក្នុងប្រទេស។

    VOD

  • បាត់ដំបង

    បាត់ដំបង

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង អតីតសមាជិកគណបក្សសង្គ្រោះជាតិឆ្លើយបំភ្លឺពិរុទ្ធភាពជុំវិញការប្រមាថព្រះមហាក្សត្រក្រោមមាត្រា៤៣៧ នៃក្រមព្រហ្មទណ្ឌ ដែលល្មើសនឹង​បញ្ញត្តិប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ប្រភពមួយចំនួនបានលើកឡើងថាការប្រមាថចំពោះអង្គព្រះមហាក្សត្រធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទ ខណៈអ្នកផ្សេងទៀតនិយាយថាធ្វើឡើងនៅលើហ្វេសប៊ុក។ ទោះជាយ៉ាងណា ពុំមានការពន្យល់ថាតើអាជ្ញាធរទទួលបានខ្សែអាត់សំឡេងនោះដោយវិធីណានោះទេ។ នៅថ្ងៃទី០៣ ខែមីនា អ្នកទាំងពីរត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេលពីពីរដល់បីឆ្នាំ ដោយព្យួរទោសពីរឆ្នាំ និងពិន័យប្រាក់ចំនួន១.៥០០ដុល្លារសហរដ្ឋ​អាមេរិក។

    VOD | KhmerTimes | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ប្រាក់ សីហា ចៅសង្កាត់រងទីពីរនៃគណបក្សសង្គ្រោះជាតិនៅសង្កាត់កំបូល ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពីរនាក់វាយប្រហារដោយដុំថ្មក្នុងពេលធ្វើដំណើរតាមម៉ូតូនៅជិតផ្សារដេប៉ូក្នុងរាជធានីភ្នំពេញ។ ករណីនេះកើតឡើងបន្ទាប់ពីលោកបានទទួលការគំរាមកំហែងពីជនអនាមិកលើហ្វេសប៊ុក និងបន្ទាប់ពីអតីតយុវជនគណបក្សសង្គ្រោះជាតិដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ព្យាយាមអូសទាញគាត់ឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា​មិនបានសម្រេច។

    RFA

  • កណ្តាល

    កណ្តាល

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ចាន់ តុន សកម្មជនគណបក្សសង្គ្រោះជាតិ និងឪពុកឈ្មោះ តុន និមល ជាមន្ត្រីគណបក្សជំទាស់ដែលជាប់ពន្ធានាគារ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពីររូបជិះម៉ូតូបុកបណ្តាលឱ្យគាត់សន្លប់។ លោក តុន បានចូលរួមការជំនុំជម្រះក្នុងសំណុំរឿងមន្ត្រីគណបក្សជំទាស់ជាមួយកូនៗ និងចៅៗរបស់លោកជារឿយៗ និងបានលើកឡើងថាមានការតាមឃ្លាំមើលសកម្មភាពពីសំណាក់អាជ្ញាធរ។ លោកលើកឡើងថាឧប្បត្តិហេតុនេះអាចត្រូវបានគេរៀបចំឡើងដើម្បី «បំភិតបំភ័យ និងគំរាមគាត់ឱ្យឈប់ទាមទារយុត្តិធម៌» ។ អាជ្ញាធរអំពាវនាវឱ្យសាធារណជនកុំធ្វើការសន្និដ្ឋានលឿនពេក។

    RFA

  • តាកែវ

    តាកែវ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នាយកសាលាវិទ្យាល័យម្នាក់ ឈ្មោះ ប៉ាន់ ពុទ្ធារ៉ា ប្តឹងអតីតសិស្សពីបទបរិហារកេរ្តិ៍បន្ទាប់ពីអតីតសិស្សបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកលើវីដេអូនៃការផឹកប៊ីយែរ និងច្រៀងខារ៉ាអូខេរបស់លោកនាយកសាលា។ អតីតសិស្សបានបញ្ចេញយោបល់ជុំវិញផលប៉ះពាល់អវិជ្ជមានចំពោះការបង្ហោះវីដេអូនោះលើបណ្តាញសង្គមហ្វេសប៊ុកដែលជាការផ្តល់គំរូមិនល្អដល់សិស្សសាលា និងថាឥរិយាបថ និងគំរូភាពអាក្រក់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់យុវជនជាច្រើន។ ការប្តឹងពីបទបរិហារកេរ្តិ៍នេះជាការរំលោភបំពានលើសេរីភាពក្នុងការបញ្ចេញមតិ។

    VOA

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សាច់ញាតិនៃសកម្មជនដែលជាប់ពន្ធនាគារបានលើកឡើងថាពន្ធនាគារព្រៃសខ្វះទឹកប្រើប្រាស់ជាច្រើនថ្ងៃមកហើយ។ ករណីនេះកើតឡើងបន្ទាប់ពីមានការរាយការណ៍ជុំវិញការចេញចំហាយជាតិពុលធ្ងន់ធ្ងរដែលបង្កឱ្យមានការវង្វេង និងបាត់ស្មារតីរបស់ជនជាប់ចោទម្នាក់។ កង្វះទឹកនោះនាំឱ្យអ្នកជាប់ឃុំពុំមានទឹកងូតគ្រប់គ្រាន់ ដែលបង្កឱ្យមានមេរោគសើរស្បែក និងការឆ្លងរោគប៉ារ៉ាស៊ីតដោយសារ​បណ្តាលមកពីអ្នកជាប់ឃុំច្រើនកកកុញ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទញុះញង់ឱ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ លោកត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល២០ ខែ និងពិន័យជាប្រាក់ចំនួន១.០០០ដុល្លារសហរដ្ឋ​អាមេរិក និងបង្គាប់​ឱ្យសងជំងឺចិត្តប្រមាណ៥០.០០០ដុល្លារសហរដ្ឋ​អាមេរិកដល់គណៈកម្មាធិការកិច្ចការព្រំដែន។ លោកត្រូវបានចាប់ខ្លួនដោយសារការធ្វើអត្ថាធិប្បាយអំពីតំបន់ព្រំដែនវៀតណាមដែលមានទំនាស់។ ករណីរបស់លោក សុភ័ណ្ឌ គឺទាក់ទងនឹងករណីរបស់លោក រ៉ុង ឈុន មេដឹកនាំ សហជីពដែលកាលពីឆ្នាំមុនលោកសុភ័ណ្ឌបានចូលរួមតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។ ភរិយារបស់លោក សុភ័ណ្ឌ បានហៅសាលក្រមនោះថាជារឿងនយោបាយ។

    VOD | KhmerTimes

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នារីម្នាក់ឈ្មោះ ម៉ឹង ស្រីនួន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញកោះហៅដោយចោទនាងថាបានប្រើ «ពាក្យសម្តីគ្មានសីលធម៌ និងកាយវិការមិនសមរម្យ» និងការស្លៀកពាក់ «ស៊ិចស៊ីជ្រុល» ខណៈថតវីដេអូផ្សាយបន្តផ្ទាល់លក់ឡេលាបពង្រីកដើមទ្រូងលើអនឡាញ។ នាងត្រូវបានបង្គាប់ឱ្យសុំអភ័យទោសជាសាធារណៈ«ជាពិសេសចំពោះស្ត្រីខ្មែរ» និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់នាង​នៅលើអនឡាញ​។

    FreshNewsAsia | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    តុលាការកំពូលសម្រេចពន្យារពេលចេញសាលដីកាលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនអង្គការមាតាធម្មជាតិ ៣ រូបដែលត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវបានឃុំខ្លួនចាប់តាំងពីពេលនោះពីបទ «ញុះញង់បង្កចលាចលសង្គមធ្ងន់ធ្ងរ» ដោយសារពួកគេធ្វើយុទ្ធនាការឱ្យរដ្ឋាភិបាលបញ្ឈប់ការចាក់ដីលុបបឹងតាមោក។ តុលាការបានផ្តល់ហេតុផលថា ការពន្យារពេលនោះគឺដោយសារកាលវិភាគតុលាការមានភាពមមាញឹក។ នៅថ្ងៃទី១៥ ខែកុម្ភៈ តុលាការបើកសវនាការលើសំណើសុំនៅក្រៅឃុំ និងបានបដិសេធការស្នើសុំនៅក្រៅឃុំរបស់អ្នកទាំងបីនោះ។

    RFA | VOD

  • កោះកុង

    កោះកុង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អ្នករាយការណ៍ជាច្រើននៅភូមិទឹកផុង បានលើកឡើងថាព្រៃកោងកាងនិងព្រៃលិចទឹកជាង ១៧ ហិកតាក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទត្រូវបានគេកាប់បំផ្លាញនៅពេលយប់ចាប់តាំងពីសប្តាហ៍មុនដោយពុំមានអន្តរាគមន៍ពីអាជ្ញាធរឡើយ ទោះបីជាមានការរាយការណ៍ពីករណីនេះក៏ដោយ។ ក្រុមអភិរក្ខបរិស្ថានបារម្ភពីផលប៉ះពាល់ជីវចម្រុះក្នុងតំបន់នោះ។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជានគរបាលក្រោមបង្គាប់ឱ្យហាមប្រាមអ្នកសារព័ត៌មានពីការថត និងផ្សាយបន្តផ្ទាល់ក្នុងពេលអាជ្ញាធរអនុវត្តការងាររបស់ពួកគេ។ លោកបានថ្លែងថាអ្នកសារព័ត៌មានអាចប្រឈមនឹងវិធានការច្បាប់ចំពោះការមិនគោរពតាមបម្រាម។ សេរីភាពសារព័ត៌មានត្រូវបានការពារក្រោមមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

    VOD

  • ក្រចេះ

    ក្រចេះ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជនការពារបរិស្ថាន រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន មុត និងលោក ជួប ជាង ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៥ ខែកុម្ភៈ និងត្រូវបានអធិការដ្ឋាននគរបាលក្រុងក្រចេះសាកសួរ។ នៅពេលនោះសកម្មជនទាំងនោះបានដើរយាមល្បាតតំបន់អភិរក្ស​ក្នុងដែនជម្រកសត្វព្រៃឡង់។ ដំបូងឡើយ ពួកគេត្រូវបានឃាត់ខ្លួនដោយកងសន្តិសុខក្រុមហ៊ុន ស៊ីង បាយអូធិក (Think Biotech) ជាក្រុមហ៊ុនកូរ៉េដែលរងការចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នៅមុនពេលប្រគល់ពួកគេទៅឱ្យនគរបាល។ ក្រសួងបរិស្ថានបានបិទការល្បាតព្រៃសហគមន៍មួយខែមុន ទោះបីជាមានរូបភាពចាប់ដោយផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់បន្តកើតមានក្នុងតំបន់នោះក្តី។ នៅថ្ងៃទី០៨ ខែកុម្ភៈ បន្ទាប់ពីស្ថិតក្នុងការឃុំខ្លួនអស់រយៈពេលបីយប់ បួនថ្ងៃ អាជ្ញាធរបានដោះលែងអ្នកទាំងបួននាក់នោះវិញបន្ទាប់ពីបានចុះកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពដែលអាជ្ញាធរចាត់ទុកថាខុសច្បាប់នោះទៀត។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កងកម្លាំងសន្តិសុខបានរារាំងអ្នកតវ៉ាក្នុងការទិញអាហារព្រឹកនៅក្បែរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍។ អ្នកតវ៉ាទាំងនោះនិយាយថាសន្តិសុខបានប្រាប់អ្នកលក់មិនឱ្យលក់ដល់អ្នកតវ៉ាដោយសារអាចនាំទៅរកការប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំនៅជិតផ្សារស៊ីធីម៉ល។ បាតុករបានមកដល់ទីតាំងនោះតាំងពីព្រលឹមដើម្បីទាមទារឱ្យមានការដោះលែងអតីតសមាជិកគណបក្សជំទាស់ដែលជាប់ឃុំ។ ប្រធានសន្តិសុខរាជធានីភ្នំពេញ លោក ចាន់ រិទ្ធី និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បដិសេធការចោទប្រកាន់។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី២៨ ខែមករា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ឈ្មោះ ព្រំ រ័ត្ន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរទាក់ទងនឹងការប្រើពាក្យ «ផ្ដួលរំលំ រំដោះប្រទេស និងជនផ្ដាច់ការ» ជាសារដែលលោកបង្ហោះនៅលើបណ្តាញហ្វេសប៊ុក ដែលជាកម្មវត្ថុសម្រាប់ការជំនុំជម្រះក្តីរូបលោកក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់»។ នៅថ្ងៃដដែលនេះ អតីតចៅសង្កាត់រងទីពីរនៅសង្កាត់បឹងទំពន់នៃគណបក្ស​សង្គ្រោះ​ជាតិ​ លោក ជា យ៉ាម៉ន បានបដិសេធឆ្លើយសំណួរក្នុងតុលាការដោយថ្លែងថាលោកពុំទទួលបានឯកសារណាមួយទាក់ទងនឹងការចោទប្រកាន់លើរូបលោក និងយល់ថាចម្លើយណាមួយនឹងត្រូវបានគេប្រើប្រាស់ដើម្បីដាក់បន្ទុកបន្ថែមលើរូបលោក។

    CamboJa

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី២៣ ខែមករា អាជ្ញាធរខណ្ឌច្បារអំពៅបានបោះបង្គោលកំណត់ព្រំប្រទល់ដីក្នុងគោលបំណងសាងសង់របងដីទំហំ៣០ហិកតា ដោយហាមប្រាមប្រជាពលរដ្ឋចំនួន១៥៨គ្រួសារក្នុងការធ្វើដំណាំលើដីនោះដែលគ្រួសារទាំងនោះបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ២០០៨ មក។ អាជ្ញាធរបាន​បា្រប់គ្រួសារទាំងនោះមិនអនុញ្ញាតឱ្យមានការដាំដុះលើដីនោះតទៅទៀតឡើយ ព្រមទាំងមានការដាក់ពង្រាយកម្លាំងសន្តិសុខផងដែរ។ អាជ្ញាធរអះអាងថាដីនោះត្រូវបានគ្រួសារទាំងនោះកាន់កាប់ដោយខុសច្បាប់ ព្រមទាំងបានបដិសេធក្នុងការផ្តល់សំណងចំពោះគ្រួសារដែលមកតាំងទីលំនៅថ្មីៗ។ ប្រជាពលរដ្ឋបានប្តេជ្ញាតវ៉ាក្នុងការបន្តប្រើប្រាស់ដីនោះរហូតទាល់តែទទួលបានកិច្ចព្រមព្រៀងក្នុងការផ្តល់សំណង ព្រោះពួកគាត់បារម្ភថាដីនោះនឹងត្រូវបានផ្ទេរទៅជាកម្មសិទ្ធិរបស់រដ្ឋ ឬត្រូវគេលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍។

    VOD