កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ហេង វិចិត្រ អ្នកសារព័ត៌មាន វីអូឌី ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ឈប់ និងទទួលការគំរាមកំហែងខណៈព្យាយាមថតវីដេអូឯកសារអំពីទីជម្រកបណ្តោះអាសន្នរបស់ប្រជាជនវៀតណាមដែលត្រូវបានអាជ្ញាធរធ្វើបន្លាស់ទីពីផ្ទះបណ្តែតនៅតាមទីតាំងផ្សេងក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរព្រមទាំងបានថតរូបភាពរបស់លោក និងកាតសម្គាល់ខ្លួនរបស់លោក ព្រមទាំងបានព្រមានថាលោកនឹងប្រឈមវិធានការច្បាប់ ប្រសិនបើចេញផ្សាយរូបថត ឬវីដេអូទាំងនោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោកអាឡិច ហ្គន់សាឡេស ដេវីដសុន និងសកម្មជនបរិស្ថានមួយចំនួនទៀត រួមមាន យុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវ រស្មី ជាគន្ធីន ពីបទប្រមាថព្រះមហាក្សត្រ និងសមគំនិត ព្រមទាំងចោទប្រកាន់យុវជន លី ចាន់ដារ៉ាវុធ ពីបទសមគំនិត។
KhmerTimes | RFA | FreshNewAsia | CamboJa | Khmernas
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបផ្តន្ទាទោសលើយុវជន គា សុគុណ ជាអ្នកចម្រៀងរ៉េបវ័យក្មេងដែលច្រៀងចម្រៀងលើកឡើងអំពីបញ្ហាសង្គម។ លោក សុគុណ ត្រូវបានចាប់ខ្លួន និងរកឃើញពីរុទ្ធភាពពីបទញុះញង់ក្រោមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជានៅចុងឆ្នាំ២០២០ បន្ទាប់ពីបានចេញផ្សាយចម្រៀងមួយបទរិះគន់រដ្ឋាភិបាលអំពីបញ្ហាដ៏រ៉ាំរ៉ៃទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ យុវជនជាសកម្មជនបរិស្ថានចំនួន៣នាក់នៃអង្គការមាតាធម្មជាតិ រួមមាន លី ចាន់ដារ៉ាវុធ ស៊ុន រដ្ឋា និងសិដ្ឋ ឈីវលីម៉េង ត្រូវបានចាប់បញ្ជូនខ្លួនទៅមណ្ឌលឃុំឃាំងរាជធានីភ្នំពេញបន្ទាប់ពីធ្វើសកម្មភាពថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងចូលទៅក្នុងទន្លេក្បែរព្រះបរមរាជវាំង។ យុវជនជាសកម្មជនទាំងបីនាក់នោះត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរលំរដ្ឋាភិបាល។ សកម្មជនទីបួន ឈ្មោះ យីម លាងអ៊ី ក៏ត្រូវបានកោះហៅដើម្បីសាកសួរ និងឃុំខ្លួននៅខេត្តកណ្តាលនៅថ្ងៃដដែលនោះដែរ។
VOD | Thmey Thmey | CamboJa | VOD | VOA
-
ស្ទឹងត្រែង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក គង់ រី សកម្មជនបណ្តាញការពារព្រៃឡង់ត្រូវបានមេឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ត្រូវបានកោះហៅដើម្បីសាកសួរ នៅក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីធ្វើការរិះគន់អាជ្ញាធរថាពុំបានបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងការការពារព្រៃឈើ។ អាជ្ញាធរមូលដ្ឋានបានចោទប្រកាន់លោកពីបទផ្តល់ព័ត៌មានមិនពិតដល់បណ្តាញផ្សព្វផ្សាយព័ត៌មាន។ លោក គង់ រី ក៏បានលើកឡើងផងដែរថាលោកមេឃុំបានព្យាយាមឱ្យលោកធ្វើកិច្ចសន្យាឈប់និយាយរិះគន់រឿងព្រៃឈើ និងចែកអំណោយពលរដ្ឋ។
-
ភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ដោយពុំមានការជូនដំណឹងជាមុន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសន្តិសុខចម្រុះបានចាប់ផ្តើមឈូសឆាយដីជាកម្មសិទ្ធិរបស់ម្ចាស់ភោជនីយដ្ឋានមួយឈ្មោះ គីម ឆាយ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់លោក។ ដីរបស់លោកគីម ឆាយ មានទីតាំងស្ថិតនៅជិតតំបន់គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ច្រើនលានដុល្លារដែលកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ជាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាច្រើនជាមួយអ្នកភូមិក្នុងតំបន់នោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន និងយុវជន ស កណ្ណិកា ដែលអ្នកទាំងពីរនាក់កំពុងស្ថិតក្នុងការឃុំខ្លួនអស់រយៈពេលជាង១១ ខែមកហើយ ដែលចំណាយពេលជិតពាក់កណ្តាលនៃថិរវេលាទោសអតិបរមាដែលពួកគេទទួលប្រសិនបើត្រូវតុលាការផ្តន្ទាទោសពីបទញុះញង់។ យោងតាមតុលាការ សកម្មជនទាំងពីរនាក់នោះពុំមានវត្តមាននៅក្នុងសវនាការរបស់ពួកគេទេដោយសារបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងពន្ធនាគារកម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញផ្តល់យុត្តិកម្មចំពោះសេចក្តីសម្រេចរបស់ខ្លួនមិនអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំ ព្រោះមានជនជាប់ចោទជាច្រើនផ្សេងទៀតពាក់ព័ន្ធក្នុងសំណុំរឿងនេះ ហើយការជំនុំជម្រះក្តីក្នុងសំណុំរឿងរបស់ពួកគេនឹងគ្រោងរៀបចំឡើងក្នុងពេលឆាប់ៗ។
RFI | RFA | CamboJa | FIDH | Cambodianess
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីមួយក្រុមមានគ្នាជាង១០នាក់ ឬហៅថាជាក្រុមស្ត្រីថ្ងៃសុក្របានរងអំពើហិង្សាពីសំណាក់អាជ្ញាធរខណៈកំពុងប្រមូលផ្តុំគ្នានៅមុខការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញក្នុងបំណងដាក់ញត្តិទៅកាន់អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ដែលកំពុងជាប់ពន្ធនាគារ។ មន្ត្រីនគរបាលបានរុញច្រានអ្នកតវ៉ាដោយសន្តិវិធីមួយចំនួនចូលទៅក្នុងសួនច្បារ និងប៉ុនប៉ងដកហូតបដា និងរូបភាពរបស់សាច់ញាតិរបស់ពួកគាត់ដែលបានជាប់ពន្ធនាគារ។ អាជ្ញាធរបានថ្លែងថាក្រុមស្ត្រីថ្ងៃសុក្រពុំបានស្នើសុំការអនុញ្ញាតដើម្បីធ្វើការប្រមូលផ្តុំទេ និងថាការតវ៉ារបស់ពួកគេប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
-
កណ្តាល
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងយោធាបានបើកការបាញ់ប្រហារលើការតវ៉ាក្នុងទំនាស់ដីធ្លីមួយស្ថិតនៅឃុំទួល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអ្នកភូមិប្រមាណ៣០០នាក់ ដែលបង្កឱ្យអ្នកភូមិម្នាក់ឈ្មោះ ម៉ម ចន្ថា អាយុ៥៦ ឆ្នាំ រងរបួស។ លោក និងអ្នកតវ៉ាផ្សេងទៀតបានព្យាយាមបញ្ឈប់គ្រឿងចក្រដែលបានឈូសឆាយដីស្រែរបស់អ្នកភូមិ ដោយដាក់របាំងបិទផ្លូវរារាំងគ្រឿងចក្រមិនឱ្យឈូសឆាយដីដែលរដ្ឋាភិបាលគ្រោងប្រើប្រាស់សម្រាប់គោលបំណងយោធា និងសម្រាប់ចោលកាកសំណល់ ដោយពុំមានការផ្តល់សំណងដល់គ្រួសារដែលរងផលប៉ះពាល់។ យោធាបានថ្លែងថាទាហានដែលបានបាញ់លើអ្នកតវ៉ានោះធ្វើឡើងក្នុងបំណងការពារខ្លួន និងថាដីដែលមានទំនាស់នោះត្រូវបានប្រគល់ឱ្យក្រសួងការពារជាតិតាមរយៈអនុក្រឹត្យ។ អ្នកភូមិបានអះអាងថាពួកគេបានស្នើឱ្យរដ្ឋាភិបាលរកដំណោះស្រាយចំពោះដីដែលមានទំនាស់នោះតែពុំទទួលបានលទ្ធផល។
Fresh News | RFA | VOA | RFA | VOD
-
កណ្តាល
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក សុខ ហុង ត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ខ្លួននៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលបន្ទាប់ពីចូលរួមក្នុងការតវ៉ាទាក់ទងនឹងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយពាក់ព័ន្ធជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងការធ្វើឱ្យប៉ះពាល់ភូមិចំនួន ៣ រួមមាន ភូមិព្រែកប៉ុល ភូមិកណ្តាលគ្រំ និងភូមិសំរ៉ោងធំ។ លោក ហុង បានចូលរួមបិទផ្លូវជាតិលេខ១ ជាមួយក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីតវ៉ាចំពោះការមិនអើពើរបស់មន្ត្រីថ្នាក់ស្រុកក្នុងការដោះស្រាយទំនាស់ដីធ្លីដែលកើតមានតាំងពីក្នុងឆ្នាំ២០១៧។ ទំនាស់ដីធ្លីពាក់ព័ន្ធនឹងដីស្រែរបស់អ្នកភូមិចំនួន៣ខាងលើនោះបានបង្កឱ្យប្រជាពលរដ្ឋខានបានធ្វើកសិកម្មជាច្រើនឆ្នាំ។ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍ក្នុងទំនាស់នេះនាពេលកន្លងមក និងបានផ្តល់ដី១ហិកតាក្នុងមួយគ្រួសារក្តី ក៏អ្នកភូមិនៅពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយដែរ។
-
បន្ទាយមានជ័យ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនបុគ្គល៦នាក់ដោយសារប៉ុនប៉ងចាប់យកដីក្នុងដែនជម្រករនាមដូនសំ។ បុរស ៣រូប ដែលត្រូវបានចាប់ខ្លួនពីក្រុងប៉ោយប៉ែតខណៈព្យាយាមចែកអាហារជូនដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីក្នុងតំបន់ការពារស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបីនាក់ផ្សេងទៀតគឺជាអ្នករស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ។ បន្ទាប់ពីត្រូវបានឃុំខ្លួន និងសាកសួរអស់រយៈពេល ២ ថ្ងៃ បុរសដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ ឈ្មោះ យឿង ចាន់ និង ហេង រឿន ត្រូវបានចោទប្រកាន់ពីបទល្មើសក្រោមមាត្រា ៦២ និងមាត្រា ៥៦ នៃច្បាប់ស្តីពីការការពារតំបន់អភិរក្ខ។ អ្នកឧបត្ថម្ភអាហារបីរូប រួមមាន វន វឿន យីសុខ ស្រេង និងគីម សុខសាន បច្ចុប្បន្ន និងអតីតជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ត្រូវបានចោទប្រកាន់ពីផ្តល់ប្រាក់ និងអាហារដល់អ្នកភូមិពីរនាក់។ អ្នកទាំងប្រាំនាក់ត្រូវបានសាលាដំបូងខេត្តដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ បុគ្គលទីប្រាំមួយក៏ជាអ្នករស់នៅក្នុងតំបន់ការពារផងដែរ ដែលត្រូវបានដោះលែងវិញរយៈពេលខ្លីបន្ទាប់ពីការចាប់ខ្លួន។ ប្រជាសហគមន៍ប្រាំ ភុំ មានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃដែលរងផលប៉ះពាល់ដោយទំនាស់ដីធ្លីចាប់តាំងពីឆ្នាំ២០២០នៅពេលដាក់ពាក្យបណ្តឹងបានថ្លែងថាពួកគេប្រឈមនឹងការបណ្តេញចេញបន្ទាប់ពីក្រុមហ៊ុនឯកជនចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ក្នុងឃុំទួលពង្រ។
-
ព្រះសីហនុ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
អ្នកភូមិប្រមាណចំនួន១០០នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរៀបចំការតវ៉ាមួយដើម្បីគាំទ្រប្រជាពលរដ្ឋ៦គ្រួសារបន្ទាប់ពីលោក ហ៊ុន ជា ក្មួយប្រុសលោកនាយករដ្ឋមន្ត្រីបានសាងសង់ផ្ទះបណ្តោះអាសន្នលើដីរបស់ពួកគាត់នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ លោក ហ៊ុន ជា បានអះអាងថាក្រុមហ៊ុនរបស់លោកកាន់កាប់ដីជាច្រើនឡូត៍ក្នុងតំបន់នោះទោះបីជាអាជ្ញាធរមូលដ្ឋានមិនដឹងថាតើលោកបានទទួលប័ណ្ណកម្មសិទ្ធិដោយរបៀបណាក្តី។
-
បៃលិន
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី០៩ ខែមេសា តុលាការខេត្តប៉ៃលិនបានផ្តន្ទាទោសគ្រូបង្រៀនម្នាក់ឈ្មោះ យួង សូដា ដាក់ពន្ធនាគាររយៈពេល១ឆ្នាំពីបទញុះញង់បន្ទាប់ពីលោកបានរិះគន់លើស្តូបមិត្តភាពកម្ពុជាវៀតណាម ។ តាមរយៈការបង្ហោះសារលើបណ្តាញហ្វេសប៊ុកពីខែកញ្ញា ឆ្នាំ២០២០ លោក យួង សូដា បាននិយាយថា « ឥឡូវនេះយើងមានស្តូបសឹងខេត្តក្រុងហើយ ហើយសង្ឃឹមថាថ្ងៃខាងមុខយើងអាចប្រហែលជាមានទង់ជាតិពីរ ដូចនៅប្រទេសឡាវដែរ...» ដោយបញ្ជាក់ថាស្តូបមិត្តភាពកម្ពុជាវៀតណាមគឺ ជានិមិត្តរូបនៃការត្រួតត្រាខ្លាំងឡើងរបស់វៀតណាមមកលើប្រទេសកម្ពុជា។ លោក យួង សូដា ត្រូវបានកាត់ទោស និងរកឃើញពិរុទ្ធភាពកំបាំងមុខពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៏ បានចាប់ផ្តើមអនុវត្តតាមផែនការរបស់ខ្លួន ដោយនៅក្នុងខែមេសា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់បុគ្គលិកចំនួន១.៣០០នាក់ក្នុងចំណោមបុគ្គលិកចំនួន៨.០០០នាក់ដោយសារតែផលប៉ះពាល់នៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ទៅលើប្រតិបត្តិការធុរកិច្ចរបស់ពួកគេ។ ក្នុងចំណោមនិយោជិតដែលបានទទួលការជូនដំណឹងចំនួនជាង៥០០នាក់ មានថ្នាក់ដឹកនាំ សមាជិក និងសកម្មជនសហជីពកាស៊ីណូណាហ្កាវើលដ៏។ សមាជិកសហជីពដែលប្រឈមនឹងការបញ្ឈប់ពីការងារត្រូវបាននិយោជករបស់ពួកគេស្នើឱ្យរៀបចំបំពេញលក្ខខណ្ឌក្នុងការបញ្ចប់កិច្ចសន្យាការងារដោយពុំមានតំណាងសហជីព ឬពុំដូច្នោះ ពួកគេនឹងទទួលបានប្រាក់បំណាច់ការងារទាប។ ជាការឆ្លើយតបទៅនឹងករណីនេះដែលមើលឃើញថាជាការប៉ុនប៉ងបំបិទសំឡេង តំណាងសហជីពកាស៊ីណូណាហ្កាវើលដ៏បានចេញសេចក្តីថ្លែងការណ៍មួយស្នើឱ្យក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៏ឈប់បញ្ឈប់បុគ្គលិក និងចាប់ផ្តើមចរចា សំណើនោះត្រូវបានក្រុមហ៊ុនមិនអើពើឡើយ។ សហជីពកាស៊ីណូណាហ្កាវើលដ៏ ក៏បានចាប់ផ្តើមប្រមូលស្នាមមេដៃបុគ្គលិកក្នុងគោលបំណងដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងរកអន្តរាគមន៍។
CamboJa | Cambodianess | VOD | Camboja
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន និងក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរចំនួនប្រាំពីរនាក់ បើទោះជារយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នលើពួកគេលើសថិរវេលាកំណត់ដោយច្បាប់ក្តី។ សកម្មជនទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កចលាចលសង្គមចំពោះយុទ្ធនាការរបស់ពួកគេដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២០។ ពួកគេត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអស់រយៈពេល៩ខែ ដែលហួសថិរវេលាអតិបរមាអនុញ្ញាតឱ្យធ្វើការឃុំខ្លួន ៣ខែ។ តុលាការបានអះអាងថាសកម្មជនយុវជនទាំងនោះពុំត្រូវបាននាំខ្លួនទៅជំនុំជម្រះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
-
កណ្តាល
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ២០០នាក់ដែលរងផលប៉ះពាល់ដោយគម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលបានចាប់ផ្តើមតវ៉ាចំពោះការបិទផ្លូវចូលទៅកាន់ទីតាំងគម្រោង បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានបញ្ជូនត្រាក់ទ័រទៅកាន់ទីតាំងដីមានទំនាស់នោះដើម្បីឈូសឆាយដំណាំរបស់ពួកគាត់ខណៈទំនាស់ដីធ្លីកំពុងបន្តកើតមានជាមួយអ្នកភូមិដែលរងផលប៉ះពាល់ដែលពុំទាន់ត្រូវបានដោះស្រាយនៅឡើយ។ ការតវ៉ានោះបានបន្តកើតមានជាច្រើនខែក្រោយមក ខណៈដែលការចរចាលើតម្លៃសំណងរវាងក្រុមហ៊ុន OCIC និងគ្រួសារដែលរងផលប៉ះពាល់មិនត្រូវរ៉ូវគ្នា។
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក កង ណាកន មន្ត្រីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ត្រូវបានឃាត់ខ្លួន ខណៈលោកចុះប្រមូលឈ្មោះ និងអត្តសញ្ញាណរបស់សមាជិកដែលមានទំនាក់ទំនង ឬប្រឈមបញ្ហានានាក្នុងករណីកូវីដ-១៩ ។ លោក កង ណាកន ត្រូវបានកំណត់ឱ្យធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅក្នុងសាលារៀនមួយក្នុងខេត្តបន្ទាយមានជ័យ។ អាជ្ញាធរបានផ្តល់ហេតុផលថាការតម្រូវឱ្យលោកធ្វើចត្តាឡីស័កដោយសារលោកបានទៅកាន់ហាងគុយទាវមួយបន្ទាប់រកឃើញមានជំងឺកូវីដ-១៩នៅទីនោះ។ យ៉ាងណាក្តី ប្រធានសមាគមIDEA លើកឡើងថាការតម្រូវឱ្យលោកណាកនធ្វើចត្តាឡីស័កគឺមិនសមហេតុផលឡើយ ព្រោះអ្នកផ្សេងទៀតក៏បានទៅហាងគុយទាវនោះដែរ ហើយមានតែលោកណាកនដែលត្រូវបានចាប់ខ្លួន។ លោកបានថ្លែងថាគំនិតផ្តួចផ្តើមរបស់លោកណាកនក្នុងការប្រមូលស្នាមមេដៃគឺធ្វើក្នុងគោលបំណងមនុស្សធម៌ ពុំមែនជានយោបាយទេ។ នគរបាលក្រុងប៉ោយប៉ែតបាននិយាយថាពួកគេមិនច្បាស់ទេថាតើលោកណាកននឹងត្រូវបានដោះលែងបន្ទាប់ពីការធ្វើចត្តាឡីស័ករួចរាល់ឬយ៉ាងណាព្រោះការស៊ើបអង្កេតកំពុងតែបន្ត។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក ស៊ិន ខុន អតីតយុវជនសកម្មគណបក្សសង្គ្រោះជាតិ អាយុ៣១ ឆ្នាំ ត្រូវបានបុរស៤នាក់ព្រួតគ្នាវាយដំដោយដំបងដែករលាស់ និងបំពង់ទីបទាំងកណ្តាលថ្ងៃនៅផ្សាស្រល់ សង្កាត់ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ លោក ស៊ិន ខុន បានរងរបួសក្បាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយដេរអស់១២ថ្នេរ។ ព្រះតេជគុណមួយអង្គគង់នៅវត្តនោះមានថេរដីកាថា នៅមុនការវាយប្រហារនេះពីរបីថ្ងៃ មានមនុស្សចម្លែកមួយក្រុមបានចូលមកក្នុងវត្ត និងបានត្រួតពិនិត្យមើលចុះឡើងៗជុំវិញវត្ត។ លោក ខុន បានលើកឡើងថាលោកនៅតែ គាំទ្រអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារតាមសាលដីកាតុលាការ ព្រមទាំងបានចូលរួមសកម្មភាពចែកអាហារដល់ប្រជាពលរដ្ឋដែលមានតម្រូវការជំនួយក្នុងតំបន់ក្រហមក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង។ លោកព្រមទាំងបានលើកឡើងថាលោកធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គមអំពីបញ្ហានយោបាយ។ លោក ស៊ិន ខុន បានដាក់ពាក្យបណ្តឹងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទោះបីជាមានសង្ឃឹមតិចតួចថាអាជ្ញាធរនឹងចាត់វិធានការលើបណ្តឹងរបស់លោកក្តី។
-
ពោធិ៍សាត់
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ឃុត សុគុណ អ្នកយកព័ត៌មានវីអូឌី ត្រូវបានអាជ្ញាធរមូលដ្ឋានយាយីខណៈកំពុងផ្សព្វផ្សាយអំពីការតវ៉ារបស់អ្នកភូមិមួយនៅក្នុងខេត្តកំពង់ឆ្នាំង។ អាជ្ញាធរខេត្តពោធិ៍សាត់បានរឹបអូសយកឧបករណ៍មួយចំនួនរបស់លោករួមទាំងឧបករណ៍ថតសំឡេង ព្រមទាំង បានលុបរូបភាពនៃការតវ៉ានៅក្នុងទូរស័ព្ទរបស់លោកទៀតផង។ អាជ្ញាធរបានប្រគល់សម្ភារៈទាំងនោះមកឱ្យលោក ឃុត សុគុណ វិញ រយៈពេលខ្លីក្រោយមក ដោយលោកអភិបាលរងខេត្តពោធិ៍សាត់បានថ្លែងថា ការរឹបអូសឧបករណ៍លោកសុគុណ គឺដើម្បីឱ្យប្រាកដថាព័ត៌មានដែលលោករាយការណ៍គឺច្បាស់លាស់។ ក្រោយមក លោក ឃុត សុគុណ អាចថតរូប ការតវ៉ាលើកទីពីរក្នុងថ្ងៃដដែលនោះ។
-
កំពង់ឆ្នាំង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក កែវ រតនា អាយុ៣៦ ឆ្នាំ អ្នកសារព័ត៌មាន និងជាអ្នកបោះពុម្ពផ្សាយធីអិនអនឡាញ បានលើកឡើងថាលោករងការយាយីខណៈចុះផ្សាយព័ត៌មានអំពីការតវ៉ារបស់អ្នកភូមិជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងដែលសម្រេចឱ្យអ្នកកាន់កាប់ដីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ឈ្នះក្តីក្នុងទំនាស់ដីធ្លីមួយនៅខេត្តកំពង់ឆ្នាំង។ លោក កែវ រតនា បានអះអាងថា លោកប្រឈមនឹងការរុញច្រានពីអង្គរក្សអ្នកកាន់កាប់ដី ហើយអ្នកកាន់កាប់ដីរូបនោះបានហៅនគរបាលឱ្យមកកាន់ទីតាំងនោះដើម្បីចាប់ខ្លួនរូប។