កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    បងប្អូនភ្លោះលោក ជុំ ហួត និងលោក ជុំ ហួរ ដែលជាមន្ត្រីគណបក្សខ្មែរស្នេហាជាតិ ជាសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សដែលកំពុងស្នាក់នៅបន្ទប់ជួលមួយក្នុងសង្កាត់បឹងទំពុនរាជធានីភ្នំពេញពេលនោះមានបុរស១០នាក់ស្លៀកពាក់ស៊ីវិលនិងម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិសបានមកបន្ទប់របស់ពួកគេ ហើយគំរាមពួកគេ។ ពួកគេមក​ដល់​ក៏​សម្រុក​ចូល​ក្នុង​បន្ទប់​រឹបអូស​ដកយក​ទូរស័ព្ទ​របស់កូន​ភ្លោះនោះដើម្បីថតរូបពួកគេ​ រួច​គំរាម​យក​ទៅ​អគ្គស្នងការដ្ឋាននគរបាលជាតិ។ បុរស​ទាំង​នោះ​ក៏​បាន​គំរាម​ចាប់​ខ្លួនពួកគេ (កូនភ្លោះ) ​បញ្ជូន​ទៅ​មេ​ប៉ូលិស។ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍នេះជនស៊ីវិលក៏បានមកថតរូបភាពបន្ទប់ជួលរបស់កូនភ្លោះផងដែរ។ អ្នក​ទាំង​ពីរ​ជឿ​ថាការ​គំរាម​កំហែង​ទាំង​នេះ​កើត​ចេញ​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​គណបក្ស​ប្រឆាំង ព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​បំភិត​បំភ័យនិង​ការ​គំរាម​កំហែង។ ពួក​គេ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ករណី​នេះ។

    RFA | VOD

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កម្លាំងនគរបាលនិងមន្រ្តីយោធារាប់រយនាក់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងជម្លោះដីធ្លីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដើម្បីចាប់ផ្តើមឈូសឆាយដីបើទោះជាជម្លោះនៅតែបន្តកើតមានចំពោះអ្នកភូមិក្នុងតំបន់ក៏ដោយ។មកទល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយជាមួយអ្នកភូមិមូលដ្ឋានលើចំនួននៃសំណង់ដែលត្រូវផ្តល់ជូនពួកគាត់ចំពោះការបាត់បង់ដីស្រែចម្ការនិងមិនទាន់មានសំណងជូនអ្នកភូមិនៅឡើយទេ។នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ក្រុមហ៊ុន​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ស្រែ​អ្នក​ភូមិ។ អ្នក​ភូមិ​បារម្ភ​ថា​ផ្ទះ​របស់​ពួក​គាត់​នឹង​ត្រូវ​រុះរើ​ ហើយ​ពួក​គាត់​បាន​ប្ដេជ្ញា​បន្ត​តវ៉ា​ទាមទារ​សំណង​ដ៏សមរម្យ។

    RFA | CamboJa

  • កណ្ដាល

    កណ្ដាល

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នកយកព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ("VOD")ត្រូវបានអាជ្ញាធរយាយីនៅពេលចុះយកពត៌អំពីជម្លោះដីធ្លីរាំរៃដែលកំពុងបន្តរវាងអ្នកភូមិ និងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី។​ នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ចំណោម​អ្នក​សារព័ត៌មានVODដែល​រង​ការ​គំរាម​កំហែង​ខណៈពេលដែល​ចុះយកពត៌មានអំពីករណីជម្លោះដីធ្លីនេះ។ លោក ពក ខឺយ អ្នកយកព័ត៌មានរបស់ VOD មានប្រសាសន៍ថានៅពេលដែលគាត់ព្យាយាមសម្ភាសន៍អ្នកភូមិនៅទីតាំងជម្លោះដីធ្លីនោះអាជ្ញាធរស្លៀកសម្លៀកបំពាក់ស៊ីវិលបានចូលទៅជិតគាត់ ហើយបានថតរូបគាត់ និងម៉ូតូរបស់គាត់។ ខណៈ​គាត់​កំពុង​តែ​បើក​ម៉ូតូ​ត្រឡប់​មក​ភ្នំពេញ​វិញលោកបាន​កត់​សម្គាល់​ឃើញ​មានមនុស្ស​ពីរ​នាក់​តាម​ពី​ក្រោយ​គាត់ ហើយក្រោយ​មក​មានមន្រ្តីពាក់ឯកសណ្ឋាន​ប៉ូលិស​ចំនួន ៥ នាក់​បាន​ព្យាយាម​ទាញ​គាត់​ពីលើម៉ូតូ ប៉ុន្តែ ខឺយ នៅបន្ត​បើក​រត់​គេច​ខ្លួន​។ ពេលនោះប៉ូលីសក៏បានស្រែកឱ្យគាត់ឆ្លើយតប។ ហើយបន្ទាប់ពីខឺយបដិសេធក្នុងការឆ្លើយតប ពួកគេ(ប៉ូលិស) បានស្រែកហៅគាត់ថា "ចោរ"។ ពេល​នេះ ខឹយ មានការបារម្ភ​ពី​សុវត្ថិភាព​របស់​គាត់។(លោក ពក ខឺយ ជាអ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD) )

    CamboJa

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានបានរុះរើផ្ទះចំនួន៤៤ខ្នង នៅមាត់ទន្លេសាប ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងជាមុន និងគ្មានសំណង។ ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ បានរងគ្រោះដោយសារការរុះរើនេះ ហើយគ្រួសារភាគច្រើនជាអាជីវករ ដែលប្រមូលទិញគ្រឿងសំណង់នៅតំបន់នោះ ដើម្បីចិញ្ចឹមជីវិត។

    RFA

  • ឧត្តរមានជ័យ

    ឧត្តរមានជ័យ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    បន្ទាប់ពីអ្នកភូមិបួននាក់មកពីស្រុកសំរោងខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនពីបទតវ៉ាដីធ្លីកាលពីថ្ងៃទី២៤ ខែសីហា ពេលនេះតុលាការខេត្តបានកោះហៅពួកគេទាំង ១១ នាក់មកសាកសួរ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ និង ២ ខែកញ្ញា។ ជម្លោះដីធ្លីនេះកើតឡើងរវាងប្រជាពលរដ្ឋជិត ៣០០ គ្រួសារ ជាមួយនឹងក្រុម​ហ៊ុន Angkor Sugar ដែលមានទីតាំងដូចគ្នាទៅនឹងបណ្តឹងដែលកំពុងបន្តមានមូលដ្ឋាននៅក្នុងប្រទេសថៃជាមួយម្ចាស់ក្រុមហ៊ុន Mitr Phol ។ ក្រុមហ៊ុនបានបណ្តេញអ្នកស្រុកជាច្រើននាក់ក្នុងឆ្នាំ ២០០៧ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានបិទការិយាល័យរបស់ខ្លួននៅឆ្នាំ ២០១៥ ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញភាគច្រើនបានត្រលប់មកវិញ។ ឥឡូវ​នេះ ជន​ជាប់​ចោទ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សិទ្ធិ​ប្រើប្រាស់​ដី។ នៅ​ថ្ងៃ​ដំបូង​នៃ​សវនាការ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ អ្នក​ភូមិ​១០​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ក្រុង​សំរោង។ សវនាការ​អ្នក​ភូមិ​ទាំង​នេះ​ត្រូវបានធ្វើឡើងនៅថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១។

    VOD

  • បាត់ដំបង

    បាត់ដំបង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងខេត្តបាត់ដំបង បានកាត់ទោសជនជាប់ចោទ ងួន លី ដែលជាកសិករម្នាក់ ឱ្យជាប់ពន្ធនាគារ ១០ ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ជុំវិញវីដេអូដែលគាត់បង្ហោះលើគណនីហ្វេសប៊ុក ដែលរិះគន់រដ្ឋាភិបាលជុំវិញការខិតខំប្រឹងប្រែងទិញផ្លែតាង៉ែនពីកសិករដែលទទួលរងផលប៉ះពាល់ដោយការទប់ស្កាត់ការនាំចេញពីប្រទេសថៃ។ លោក លី បានចេញវីដេអូជាបន្តបន្ទាប់រិះគន់ការអន្តរាគមន៍របស់រដ្ឋាភិបាល ដោយលោកអះអាងថា អ្នកទិញពិតជាមិនបានទិញផ្លែតាង៉ែន ពីកសិករដែលខាតបង់ប្រាក់ពិតប្រាកដទេ។ លោកក៏បានបញ្ជាក់ដែរថា «រដ្ឋាភិបាលមិនចង់ទិញទេ។ ពួកគេ [ចង់] បញ្ឆោត»។ លោក ងួន លី ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ហើយត្រូវបានកាត់ទោសប៉ុន្មានថ្ងៃក្រោយមក ក្នុងសកម្មភាពដែលមិនធ្លាប់មានពីមុនមក និងលឿនដោយអាជ្ញាធរ និងតុលាការកម្ពុជា។ លោក លី ក៏ត្រូវបានគេបង្ខំឱ្យចេញវីដេអូសុំទោសជាសាធារណៈ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រហ្វេសប៊ុករបស់ស្នងការខេត្តបាត់ដំបង។

    VOD | VOA | ThmeyThmey

  • រតនគិរី

    រតនគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នកស្រី សំ ពិសី អាយុ ៣២ឆ្នាំ ជាគ្រូបង្រៀននៅក្រុងបានលុង ក្នុងខេត្តរតនគិរី ត្រូវបានកោះហៅទៅកាន់ស្នងការដ្ឋាននគរបាលក្រុង នៅថ្ងៃទី២១ ខែសីហា បន្ទាប់ពីគាត់រិះគន់សកម្មភាពរបស់មន្ត្រីនៅកន្លែងចាក់ថ្នាំតាមបណ្ដាញសង្គមហ្វេសប៊ុក។ ដោយអ្នកស្រី សំ ពិសី បានសង្កេតឃើញអ្នកបរិច្ចាគទឹកដល់មន្ត្រីត្រូវបានផ្តល់អាទិភាពមុន អ្នកដែលតម្រង់ជួរចាក់វ៉ាក់សាំង ហើយបានសរសេរបង្ហោះរិះគន់ជាបន្តបន្ទាប់។ ប៉ូលិសមិនបានបដិសេធចំពោះទង្វើនេះទេ ប៉ុន្តែដោយលើកឡើងជាការសម្របសម្រួល។ បន្ទាប់ពីការកោះហៅ អ្នកស្រី ពិសី ត្រូវតែចុះហត្ថលេខាលើរបាយការណ៍មួយថា ខ្លួននឹងមិនលើកយកទង្វើដែលអាជ្ញាធរមានវិធានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ខ្លួននាពេលខាងមុខទៀតនោះទេ។ គាត់ក៏បានសរសេរលិខិតសុំទោសយ៉ាងវែងមួយ បង្ហោះក្នុងគណនីរបស់ខ្លួនផងដែរ។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    កាលពីថ្ងៃទី១៨ ខែសីហា មេដឹកនាំសហជីព លោក រ៉ុង ឈុន ត្រូវបានកាត់ទោសពីបទញុះញង់ និងជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ អំពីការអត្ថាធិប្បាយរបស់គាត់កាលពីខែកក្កដា ឆ្នាំ២០២០ ទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាជាមួយវៀតណាម។ ទន្ទឹមនឹងនេះដែល សកម្មជន តុន និមល និង សរ កានីកា ទាំងពីរនាក់ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២០ខែ ពីបទញុះញង់បង្កឱ្យមានអសណ្តាប់ធ្នាប់សង្គម បន្ទាប់ពីពួកគេតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។ អ្នកទាំង៣នាក់ ត្រូវបានផាកពិន័យបន្ថែមចំនួន ២លានរៀល ក្នុងម្នាក់ និងបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន ៤០០លានរៀល ទៅគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ដែលជាស្ថាប័នត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា។ លោក រ៉ុង ឈុន បញ្ជាក់ថាសេចក្តីសម្រេចនេះមានឥទ្ធិពលនយោបាយ ស្របពេលដែលចុងចោទទាំងអស់ចាត់ទុកការកាត់ទោសនេះថាអយុត្តិធម៌។

    CamboJa | VOD | RFA | PPP | Cambodianess

  • ព្រះសីហនុ

    ព្រះសីហនុ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក វ៉ាន់ ចាន់ឌី ដែលជាប្រជានេសាទរស់នៅខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនដោយសារវីដេអូនៅក្នុងបណ្តាញ (TikTok) ដែលគាត់បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងវីដេអូនោះលោកបាននិយាយថា មន្ត្រីដែលមិនគាំទ្រកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឡើងកាន់អំណាចបានស្លាប់ដោយសារការចាក់វ៉ាក់សាំង ហើយបានអះអាងថា ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនដើម្បីការពារអំណាចកូនប្រុសរបស់គាត់។ វីដេអូនេះក៏ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ លោក វ៉ាន់ ចាន់ឌី ត្រូវបានកោះហៅមកសាកសួរ និងចោទប្រកាន់កាលពីថ្ងៃទី១៧ ខែសីហា ពីបទប្រមាថជាសាធារណៈ និងញុះញង់ឱ្យរំខានដល់សន្តិសុខសង្គម តាមមាត្រា ៣០៧, ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

    VOD | Khmertimes

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក នី ណាក់ ដែលជាកសិករ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ៥០០ដុល្លារ ពីបទប្រមាថជាសាធារណៈ និងញុះញង់ឱ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមមាត្រា ៣០៧, ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោក នី ណាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីលោកបានបង្ហោះហ្វេសប៊ុកចំអកដល់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងការរីករាលដាលនៃជំងឺកូវីដ-១៩។

    Khmertimes | VOD | VOD | RFA | VOA

  • កណ្ដាល

    កណ្ដាល

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អាជ្ញាធរក្នុងខេត្តកណ្ដាលបានចាប់ខ្លួនលោក ប៉ាវ រ៉ាវី សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិក្នុងឃុំស៊ីធ ស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី៦ ខែសីហា និងបានបញ្ជូនគាត់ទៅមន្ទីរឃុំឃាំង។ តុលាការខេត្តកណ្ដាលបានចោទប្រកាន់សកម្មជនរូបនេះពីបទ ញុះញង់ឱ្យមានចលាចលធ្ងន់ធ្ងរ។ ភរិយារបស់គាត់បាននិយាយថា គាត់ត្រូវបានចាប់ខ្លួនដោយមិនមានដីកា និងប្រាប់មូលហេតុអ្វីទាំងអស់ និងបានបញ្ជូនខ្លួនទៅតុលាការខេត្ត។ អ្នកស្រីសង្ស័យថាការចាប់ខ្លួននេះដោយសារតែលោក រ៉ាវី បានសរសេរអត្ថបទរិះគន់រដ្ឋាភិបាល។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    បន្ទាប់ពីអាជ្ញាធរខណ្ឌមានជ័យ រាជធានីភ្នំពេញបានផ្ញើលិខិតកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ទៅកាន់គ្រួសារជាច្រើនរស់នៅក្បែរតំបន់អភិវឌ្ឍបឹងទំពន់បញ្ជាឱ្យរុះរើផ្ទះរបស់ពួកគេក្នុងអំឡុងពេលមួយសប្ដាហ៍ដើម្បីយកតំបន់នោះធ្វើជាអាងស្តុកទឹកថ្មី បើមិនដូចនោះទេ ពួកគេអាចនឹងប្រឈមចំណាត់ការផ្នែករដ្ឋបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌប្រមាណ ១០០ នាក់បានចុះទៅកាន់ទីតាំងនោះក្នុងគោលបំណងរុះរើផ្ទះរបស់ក្រុមគ្រួសារចំនួន ១០ ។ ពួកគេអះអាងថាពលរដ្ឋទាំងនោះកំពុងរស់នៅដោយខុសច្បាប់នៅលើដីរដ្ឋ ហើយថានឹងមិនទទួលបានសំណងអ្វីទាំងអស់។ ក្រោយពីមានការតវ៉ាពីអ្នកភូមិ អាជ្ញាធរបានបញ្ឈប់បន្ទាប់ពីរុះរើផ្ទះបានពីរខ្នង។ នៅក្នុងខែកញ្ញាប្រជាពលរដ្ឋបានសាងសាងផ្ទះដែលត្រូវបានរុះរើនោះឡើងវិញហើយថ្លែងថាពួកគេបានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយពួកគេគ្មានកន្លែងណាផ្សេងទៀតត្រូវទៅនោះទេ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី១៣ ខែសីហា នគរបាល និងភ្នាក់ងារសន្តិសុខក្នុងក្រុងភ្នំពេញបានធ្វើការយាយីអ្នកសារព័ត៌មានពីររូបដែលធ្វើការរាយការណ៍ទំនាស់ដីធ្លីមួយកន្លែងរវាងអាជ្ញាធរ និងពលរដ្ឋរស់នៅតាមបឹងទំពន់។ លោក អាន វិចិត្រ អ្នកសារព័ត៌មានធ្វើការជាមួយ ខេមបូចា និងលោក លាស់ លីបលីប អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិកខេមរៈភាសា ត្រូវបានកងកម្លាំងរារាំង។ នគរបាលបានដកហូតទូរស័ព្ទដៃរបស់ពួកគេ និងលុបរូបភាពដែលបានថតនៅទីតាំងនោះ។ បន្ថែមពីលើនេះ កាតសារព័ត៌មានរបស់លោក អាន វិចិត្រត្រូវបានដកយកផងដែរ។ អ្នកសារព័ត៌មានទាំងពីរនាក់រងការគំរាមកំហែងជាមួយនឹងចំណាត់ការផ្លូវច្បាប់ប្រសិនជាពួកគេមិនចាកចេញតំបន់នោះឱ្យបានលឿន។

    CamboJa | Cambodianess | VOD

  • ស្វាយរៀង

    ស្វាយរៀង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្តល់សំណងចំនួន ៩០០ រៀលក្នុងមួយម៉ែត្រការ៉េដល់ប្រជាពលរដ្ឋដើម្បីយកដីរបស់ពួកគេធ្វើជាអាងស្តុកទឹក។ តំណាងសហគមន៍ពីរនាក់បានឱ្យដឹងថានៅថ្ងៃបន្ទាប់អាជ្ញាធរបានដាក់សម្ពាធអ្នកភូមិឱ្យទទួលយកសំណងនោះ។ មេភូមិម្នាក់បានច្រានចោលការអះអាងនេះ ហើយថាអ្នកភូមិបានស្ម័គ្រចិត្តចុះហត្ថលេខាទទួលសំណងខ្លួនឯង។

    VOD

  • កណ្ដាល

    កណ្ដាល

    ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩

    ក្រុមអ្នកតវ៉ាចំនួនបួននាក់ដែលទាមទារសំណងពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កពាក់ពន្ធ​នឹង​ជំងឺកូវីដ ១៩ ដោយគ្មានមូលហេតុ នេះបើយោងតាមការ​បញ្ជាក់​ភរិយា​របស់ពួកគេ។ អ្នកស្រី បាត សុខឃឿន អាយុ ៤៩ ឆ្នាំ រស់នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងនិយាយថា កាលពីថ្ងៃច័ន្ទ​នគរបាលស្រុក នគរបាលឃុំ និងអាជ្ញាធរឃុំ បានតម្រូវឱ្យអ្នកតវ៉ាទាំងបួននាក់ ក្នុង​នោះ​មាន​ប្តីរបស់អ្នកស្រីផងដែរ ត្រូវ​តែ​ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជា​ជា​កំហិត​។ ទោះជាយ៉ាង​នេះ​ក៏ដោយ មន្ត្រីថ្នាក់​មូលដ្ឋានម្នាក់បាននិយាយថា បុរសទាំងនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដោយសារពួកគេបាន​ប៉ះពាល់​ជាមួយអ្នកវិជ្ជមាន​​ជំងឺ​​កូវិដ ខណៈពេលដែលពួកគេទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    VOD

  • សៀមរាប

    សៀមរាប

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នកសារព័ត៌មានអនឡាញ CHR TV លោក សួស ចំរើន អះអាងថា លោកត្រូវបានជនអនាមិកគំរាមតាមទូរស័ព្ទបន្ទាប់ពីរាយការណ៍អំពីការកាប់រានដីព្រៃការពារដោយឈ្មួញក្នុងស្រុកជីក្រែង ឃុំល្វេងឬស្សី ខេត្តសៀមរាប។ លោក សួស ចំរើន រាយការណ៍​ថា អ្នក​ទូរស័ព្ទ​អនាមិក​ប្រាប់​គាត់​ឱ្យ​ដក​រឿង​ដែល​គាត់​បង្ហោះ​តាម​អ៊ីនធឺណិត​អំពី​ជម្លោះ​ដីធ្លី។ លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​កត់ត្រា​ការ​សន្ទនា ប៉ុន្តែ​មិន​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ទេ ខណៈ​លោក​កំពុង​រង់ចាំ​មើល​ថា​តើ​មាន​ការ​វិវឌ្ឍ​បន្ត​ទៀត​ឬ​អត់។

    VOD

  • ស្វាយរៀង

    ស្វាយរៀង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តំណាងសហគមន៍កសិករពីរនាក់ដែលមានជម្លោះដីធ្លីជាមួយអាជ្ញាធរខេត្តស្វាយរៀង ត្រូវបានមន្ត្រីស្រុកផាកពិន័យជាប្រាក់សរុបចំនួន ១០០០ ដុល្លារ ដោយសារតែការប្រមូលផ្តុំតវ៉ា។ លោក អ៊ិន សុត និងលោក យស សោភ័ណ្ឌ ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន ៥០០ ដុល្លារ ពីបទល្មើសវិធានការរដ្ឋបាលនៃច្បាប់ស្តីពីការបង្ការជំងឺកូវីដ១៩។ តំណាងទាំងពីររូបត្រូវបានកោះហៅកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងចោទប្រកាន់ពីបទញុះញង់ និងការជួបជុំខុសច្បាប់ដោយមិនពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ ពួកគេត្រូវបានបង្ខំឱ្យផ្តិតមេដៃលើឯកសារដោយសន្យាថានឹងបង់ប្រាក់ពិន័យក្នុងរយៈពេលមួយខែ។ តំណាងម្នាក់បាននិយាយថាអាជ្ញាធរកំពុងប្រើលេសជំងឺកូវីដ១៩ ដើម្បីគំរាមកំហែង និងរឹតត្បិតសេរីភាពរបស់ពួកគេ។

    CamboJa | VOD | RFA

  • ត្បូងឃ្មុំ

    ត្បូងឃ្មុំ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តក្នុងការផ្តន្ទាទោសលោក គង់ សំអាន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិពីបទរួមគំនិតក្បត់ ដោយសារតែលោកគាំទ្រការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្សី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់ទោសដាក់ពន្ធនាគារលើរូបលោកចំនួន០៧ឆ្នាំផងដែរ។ គ្រួសារលោក គង់ សំអាន ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថាមិនអាចទទួលយកបាន ហើយថានោះជាការធ្វើទុកបុកម្នេញផ្នែកនយោបាយ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចឱ្យ​បង្កើតគណៈកម្មាធិការថ្មីមួយដែលមានភារកិច្ចលើកកម្ពស់ «ការ​អនុវត្ត​បាន​ត្រឹមត្រូវតាម​ក្រម​សីលធម៌ វិជ្ជាជីវៈសារព័ត៌មាន» និងបាន​ផ្តល់សិទ្ធិអំណាច​ដាក់វិន័យអ្នកសារព័ត៌មាន ត្រូវបានរដ្ឋាភិបាល​ដាក់​ឱ្យ​ប្រើ​។​ ​គណៈកម្មការ​តាមដាន វាយតម្លៃ និង​លើក​សរសើរ ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន នឹង​ពិនិត្យរបាយការណ៍ និង​ពាក្យបណ្តឹងប្រឆាំងនឹងអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ដោះស្រាយជម្លោះការ​អនុវត្ត​បាន​ត្រឹមត្រូវតាម​ក្រម​សីលធម៌ វិជ្ជាជីវៈសារព័ត៌មានហើយនឹងមានអំណាចកោះហៅអ្នកសារព័ត៌មាន ឬអង្គភាព​​សារព័ត៌មានណាមួយ។ សមាជិកគណៈកម្មាធិការភាគច្រើនជា​មន្ត្រី​តំណាងរដ្ឋាភិបាល ដែល​អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការដាក់ទណ្ឌកម្មលើការរំលោភលើការ​អនុវត្ត​បាន​ត្រឹមត្រូវតាម​ក្រម​សីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ ក្រុមសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានបានចោទសួរអំពីតម្លាភាពរបស់គណៈកម្មាធិការ និងសម្តែងការភ័យខ្លាចថា វាអាចត្រូវ​ប្រើ​ជាឧបករណ៍ក្នុងការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាននៅកម្ពុជាបន្ថែមទៀត។

    RFA | VOA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី៣ និងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានបានរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ចំនួន២០គ្រួសារកំពុងរស់នៅក្នុងសហគមន៍បឹងឈូក A ខណ្ឌឬស្សីកែវ ដើម្បីសាងសង់ផ្លូវ។ ប្រជាពលរដ្ឋត្រូវបានទុកពេលដើម្បីរុះរើត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ហើយមិនទទួលបានសំណងអ្វីឡើយ។ ប្រជាពលរដ្ឋបានរាយការណ៍ថា នគរបាលបានមកវាយកម្ទេចផ្ទះរបស់ពួកគេដោយប្រើញរញួរ ពូថៅ រណារ និងម៉ូទ័រខួង ហើយមានគ្រួសារមួយត្រូវបាននគរបាលបណ្តេញពីផ្ទះមុនពេលផ្ទះនោះត្រូវបានកម្ទេចនៅចំពោះមុខខ្លួន។

    VOD | RFA | Cambodianess