កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញបានបន្តការជំនុំជម្រះក្តី ក្នុងចំណោមការជំនុំជម្រះក្តីជាច្រើនក្នុងសំណុំរឿងរបស់សមាជិកគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២២ ខែមករា។ អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន២១រូប ក្នុងនោះរួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួន ដែលកំពុងស្ថិតក្នុងការនីរទេសខ្លួន រួមមាន លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង រងការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរម្លំរដ្ឋាភិបាល ញុះញង់ និងញុះញង់យោធិនមិនឱ្យស្តាប់បង្គាប់។ ក្នុងអំឡុងពេលដំណើរការនីតិវិធីនានា ចុងចោទជាច្រើនព្យាយាមបំភ្លឺថាសេចក្តីថ្លែងពីមុននោះ គឺខ្លួនធ្វើឡើងដោយការគំរាមកំហែងនៅក្នុងដំណាក់កាលស៊ើបសួរ និងត្រូវបានបង្ខំឱ្យផ្តិតមេដៃសារភាព និងទទួលស្គាល់កំហុស។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ចៅក្រម ពិសិដ្ឋ បានបដិសេធការចោទប្រកាន់នានាដែលថា ចៅក្រមស៊ើបសួរ ឬមន្ត្រីតុលាការបានកែប្រែសេចក្តីថ្លែងណាមួយខណៈដែលស្នងការនគរបាលជាតិបដិសេធការចោទប្រកាន់ថាមានការបង្ខិតបង្ខំ។

    CamboJa

  • មណ្ឌលគីរី

    មណ្ឌលគីរី

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងខេត្តមណ្ឌលគិរីបានបង្គាប់ឱ្យលោក គ្រឿង តុលា សកម្មជនបរិស្ថាន សងជំងឺចិត្តចំនួន៤០ លានរៀល (ប្រមាណ ១០.០០០ដុល្លារសហរដ្ឋ​អាមេរិក) ដល់លោក សៀក មុន្នី អភិបាលស្រុកអូរាំង និងជំងឺចិត្តចំនួនបួនលានរៀល (ប្រមាណ​១.០០០ដុល្លារអាមេរិក ដល់រដ្ឋចំពោះការបរិហារកេរ្តិ៍។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោក គ្រឿង តុលា បានបង្ហោះហ្វេស​ប៊ុក​ពីការទន្ទ្រានយកដីក្នុងតំបន់ព្រៃអភិរក្ខទំហំ៣០០ហិកតាក្នុងស្រុក អូរាំង ដោយធ្វើការចោទប្រកាន់លោក សៀក មុន្នី អភិបាលស្រុកថាបានជាប់ពាក់ព័ន្ធក្នុងការទន្ទ្រាននេះ និងសមគំនិតជាមួយមន្ត្រីមួយចំនួនផ្សេងទៀតទន្ទ្រានយកដីអភិរក្ស​។ លោក មុន្នី បានបដិសេធចំពោះការអះអាងនោះ ដោយបាននិយាយថា ការចោទប្រកាន់នោះគ្មានមូលដ្ឋាន ព្រោះលោក គ្រឿង តុលា ពុំបានផ្តល់ភ័ស្តុតាងច្បាស់លាស់ទាក់ទងនឹង​ការប្រព្រឹត្តអំពើពុករលួយ។

    PPP

  • តាកែវ

    តាកែវ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    បុរសជាអ្នកនេសាទនៅខេត្តតាកែវមួយរូបត្រូវបានក្រុមមន្ត្រីល្បាតជលផលវាយដំ ហើយបច្ចុប្បន្ននេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរស្ទើរស្លាប់នៅផ្ទះរបស់ខ្លួន នេះបើតាមការអះអាងរបស់សាក្សីជាច្រើន។ ប៉ុន្តែ មន្រ្តីរដ្ឋបាលជលផលបាននិយាយថាបុរសនោះស្ទើរតែឈ្លក់ទឹកលង់ស្លាប់ទៅហើយបន្ទាប់ពីបានហក់ចូលទៅក្នុងទឹក ហើយបានត្រូវ​នឹង​ស្លាបចាក់ម៉ាស៊ីន និងថាអាជ្ញាធរបានជួយសង្គ្រោះគាត់។ បុរសនោះបាននេសាទត្រីជាមួយបុរសផ្សេងទៀតដោយប្រើប្រាស់ឧបករណ៍នេសាទត្រីដែលត្រូវបានហាមប្រាម។ អធិការរងស្រុកអង្គរបូរីបានថ្លែងថារបួសស្នាមនៅលើដងខ្លួនរបស់បុរសនោះបង្ហាញថាពុំមែនដោយសារស្លាបចាក់ម៉ាស៊ីនទេ ព្រោះគាត់មានរបួសស្នាមស្ទើរតែគ្រប់កន្លែងលើរាងកាយ ដូចជា ក្បាល ភ្លៅ និងខ្នង ហើយថានឹងធ្វើការស៊ើបអង្កេតក្នុងករណីនេះ។

    VOD

  • សៀមរាប

    សៀមរាប

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានប្រកាសការចោទប្រកាន់ជាផ្លូវការលើព្រះតេជគុណ លួន សុវ៉ាត ពីបទ «រំលោភសេពសន្ធវៈ» និង «បរិហារកេរ្តិ៍»។ ព្រះតេជគុណ លួន សុវ៉ាត គឺជាព្រះសង្ឃ សកម្មដែលមានព្រះកិត្តិនាមល្បីរន្ទឺមួយអង្គលើបញ្ហាសិទ្ធិមនុស្ស បានភៀសព្រះកាយពីប្រទេសកម្ពុជាបន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់កាលពីឆ្នាំមុន។ ការចោទប្រកាន់ពីបទរំលោភសេពសន្ធវៈនោះភ្ជាប់ទៅនឹងវីដេអូឃ្លីបនានាដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលសារសំឡេងក្នុងវីដេអូនោះត្រូវបានចោទថាជាសំឡេងសន្ទនាស្នេហារវាងព្រះតេជគុណលួន សុវ៉ាត ជាមួយស្ត្រីម្នាក់ និងកូនស្រីរបស់គាត់៣ នាក់នៅក្នុងខេត្តសៀមរាប។ ព្រះតេជគុណ លួន សុវ៉ាត បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ និងថាធ្វើឡើងក្នុងហេតុផលនយោបាយ។ ទំព័រហ្វេសប៊ុកដែលបានបង្ហោះសារសំឡេងសន្ទនានោះទើបតែត្រូវបានបង្កើតឡើងរយៈពេលខ្លីនៅមុនពេលការចោទប្រកាន់នោះតែប៉ុណ្ណោះ ហើយក្រោយមកពុំមានបង្ហោះអ្វីផ្សេងទៀតឡើយ។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះដែលរងការចោទថាគឺជាសំឡេងរបស់នាងក្នុងវីដេអូនោះបានបដិសេធពីការមានទំនាក់ទំនងផ្លូវភេទជាមួយព្រះតេជគុណ លួន សុវ៉ាត។ បន្ទាប់ពីរងការចោទប្រកាន់ ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានផ្សឹក ហើយបច្ចុប្បន្ននេះព្រះអង្គកំពុងគង់នៅប្រទេសស្វីស និងកំពុងរង់ចាំការទទួលបានសិទ្ធិរស់នៅស្របច្បាប់។

    VOA | VOA | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ លោក សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កចលាចលសង្គមក្រោមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌក្នុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។ សាលក្រមស្ថាពរលើសំណុំរឿងនេះគ្រោងចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋចំនួន២៥គ្រួសារឱ្យរុះរើផ្ទះសម្បែងរបស់ពួកគាត់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ និង​ត្រូវ​បានកំណត់កាលបរិច្ឆេទឱ្យចូលរួមប្រជុំជាមួយអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមករា ដើម្បីពិភាក្សាលើករណីនេះ និងស្នើ​ឱ្យលោកអភិបាលជួយដោះស្រាយទំនាស់របស់ខ្លួន។​ ផ្ទុយពីនោះ អាជ្ញាធរ និងចៅសង្កាត់បានគំរាមពួកគេមិនឱ្យមកចូលរួមប្រជុំ ដោយប្រាប់គ្រួសារទាំងនោះឱ្យទទួលយកដំណោះស្រាយគោលនយោបាយពីមុន។ គ្រួសារទាំងនោះព្រួយបារម្ភថាពួកគេនឹងប្រឈមនឹងការបណ្តេញចេញនៅថ្ងៃណាមួយ។

    CamboJa

  • កណ្តាល

    កណ្តាល

    អំពើហិង្សាលើសកម្មជន

    ជនពុំស្គាល់អត្តសញ្ញាណពីររូបជិះម៉ូតូមួយគ្រឿងបានវាយប្រហារយុវជនដែលធ្វើកិច្ចការងារផ្នែកសង្គមម្នាក់នៅស្រុកស្អាង ខេត្តកណ្តាល បង្កឱ្យយុវជនរូបនោះរងរបួសក្បាលដេរ ៦ ថ្នេរ។ យុវជនសកម្មជនឈ្មោះ ថុល សំណាង បានអះអាងថាជនបង្កទាំងពីរនាក់នោះបានជិះម៉ូតូតាមមកពីក្រោយ ខណៈគាត់កំពុងបើកម៉ូតូ និងបានគប់ដុំថ្មចំក្បាលគាត់ រួចហើយបានបើកម៉ូតូគេចខ្លួនយ៉ាងលឿន។ យុវជនរូបនេះជឿថាការវាយប្រហារនោះគឺធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការតាមព្យាបាទរូបគាត់ដែលចូលរួមស្តាប់ការជំនុំជម្រះក្តីក្នុងសំណុំរឿងរបស់លោក រ៉ុង ឈុន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌដោយសារលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ បន្ទាប់ពីការសាកសួរពេញមួយព្រឹក តុលាការបានកំណត់បន្តសវនាការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្តទៀត។

    RFI

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះដ៏ធំមួយក្នុងសំណុំរឿងរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិពីបទរៀបចំផែនការផ្តួលរម្លំរដ្ឋាភិបាល និងញុះញង់ក្រោមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ៦០នាក់ត្រូវបានកោះហៅឱ្យចូលខ្លួនក្នុងការជំនុំជម្រះនេះ ប៉ុន្តែមានតែសកម្មជនចំនួន ១១ នាក់ប៉ុណ្ណោះមានវត្តមានក្នុងការជំនុំជម្រះនោះដោយពីរនាក់ក្នុងចំណោមពួកគេបាននឹងកំពុងស្ថិតក្នុងការឃុំខ្លួន។ ចុងចោទក្រៅពីនោះត្រូវបានតុលាការកាត់ទោសដោយកំបាំងមុខ។ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរចុងចោទដែលជាប់ឃុំទាំងពីរនាក់នោះជាច្រើនសំណួរ។ ការសាកសួរនោះមានរយៈពេល៣ ម៉ោងជាប់គ្នា និងផ្តោតសំខាន់ខ្លាំងទៅលើទំនាក់ទំនងតាមបណ្តាញសង្គមរវាងលោក កាក់ កុម្ភា និងលោក ហេង ចាន់សុធី ដែលអ្នកទាំងពីរគឺជាអតីតមន្ត្រីគណបក្ស និងជាសមាជិកថ្នាក់ដឹកនាំបក្ស។ ចុងចោទទាំងពីររូបបានបដិសេធចំពោះការចោទប្រកាន់នានាដែលថាពួកគេជាអ្នករៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងឆ្នាំ២០១៩។

    VOD | CamboJa

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សាច់ញាតិរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំនៅពន្ធនាគារព្រៃសអះអាងថាសកម្មជនទាំងនោះមានសុខភាពទ្រុឌទ្រោមខ្លាំង។ ភរិយារបស់សកម្មជនជាប់ឃុំម្នាក់បានថ្លែងថា ស្វាមីរបស់អ្នកស្រីស្គមស្គាំង និងស្រកទម្ងន់ខ្លាំងដោយសារកង្វះការផ្តល់អាហារបរិភោគគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធនាគារ។

    RFA

  • ព្រះសីហនុ

    ព្រះសីហនុ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ ជាតំណាងសហគមន៍នៅស្រុកស្ទឹងហាវ។ យោងតាមតំណាងសហគមន៍ម្នាក់ទៀតបានលើកឡើងថា អ្នកស្រី អេង វ៉ាន់ ព្រមទាំងប្រជាពលរដ្ឋចំនួន ៤០គ្រួសារផ្សេងទៀតបានពាក់ព័ន្ធក្នុងទំនាស់ដីធ្លីមួយជាមួយមន្ត្រីរាជការស៊ីវិលម្នាក់ចាប់តាំងពីឆ្នាំ២០០៨ លើផ្ទៃដីទំហំជាង ៥ហិកតា ជាដីដែលគ្រួសារទាំងនោះបានរស់នៅតាំងពីឆ្នាំ១៩៩២ មកម្លេះ។ គ្រួសារពលរដ្ឋទាំងនោះបានចោទប្រកាន់មន្ត្រីរាជការស៊ីវិលម្នាក់នោះថាបានលួចធ្វើបណ្ណកម្មសិទ្ធិ និងបានដាក់ពាក្យបណ្តឹងប្តឹងបុគ្គលរូបនោះ។ ស្នងការនគរបាលខេត្តព្រះសីហនុបានអះអាងថា អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី វ៉ាន់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ អាជ្ញាធរបានបញ្ជូនអ្នកស្រី វ៉ាន់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីសាកសួរ។ តែយ៉ាងណាក្តី ពុំមានព័ត៌មានណាមួយបញ្ជាក់ទាក់ទងនឹងបទចោទប្រកាន់របស់តុលាការទៅលើរូបអ្នកស្រីឡើយ។

    VOD

  • ឧត្តរមានជ័យ

    ឧត្តរមានជ័យ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កម្មការិនីពីររូបក្នុងខេត្តឧត្តរមានជ័យបានបង្ហោះវីដេអូដែលបានថតទុកនៅលើបណ្តាញហ្វេសប៊ុកដោយបានលើកឡើងថាអាជ្ញាធរផ្តល់អាហារ និងគ្រឿងឧបភោគ-បរិភោគមិនគ្រប់គ្រាន់​ក្នុងអំឡុងពេលពួកគេធ្វើចត្តាឡីស័ក។ បន្ទាប់ពីបានបង្ហោះវីដេអូនោះ មន្ត្រីនានាបានចុះទៅជួបកម្មការិនីទាំងពីររូបនោះ និងបានសាកសួរពួកគេជុំវិញការចោទប្រកាន់នានា។ បន្ទាប់មកកម្មការិនីទាំងពីររូបបានចេញមុខសុំអភ័យទោសជាសាធារណៈចំពោះអាជ្ញាធរ មន្ត្រីសុខាភិបាល និងរដ្ឋាភិបាលចំពោះការ​បង្ហោះវីដេអូនោះ។

    PPP

  • មណ្ឌលគីរី

    មណ្ឌលគីរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តំណាងជនជាតិដើមភាគតិចម្នាក់គឺលោក គ្រឿង តុលា ដែលបំពេញការងារដ៏សកម្មលើបញ្ហាដីធ្លី និងព្រៃឈើ ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរីកោះហៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយសារការបង្ហោះហ្វេសប៊ុករិះគន់ទាក់ទងនឹងការ​អភិរក្ស​ធនធានធម្មជាតិនៅតំបន់នោះ។ ការសាកសួរនោះដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ប៉ុន្តែ លោក តុលា បានចូលបង្ហាញខ្លួននៅចំពោះមុខស្នងការនគរបាលខេត្តនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដែលនៅទីនោះលោកបានជួបអាជ្ញាធរជាច្រើន និងត្រូវបានបង្គាប់ឱ្យសុំអភ័យទោសនៅលើអនឡាញ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ប្រជាពលរដ្ឋចំនួន៣២ គ្រួសារ នៅសហគមន៍បឹងសំរោង បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ នៅពេលអាជ្ញាធរខណ្ឌវាយកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១០គ្រួសារ។ ដីដែលគ្រួសារនៃពលរដ្ឋទាំងនោះកាន់កាប់ត្រូវបានធ្វើចំណាត់ថ្នាក់រួចហើយក្នុងខែមេសា ឆ្នាំ២០១៩។ ទោះបីជាគ្រួសារមួយចំនួនក្នុងសហគមន៍នោះបានយល់ព្រមទទួលយកគោល​នយោបាយសំណង​របស់រដ្ឋាភិបាលហើយក្តី តែប្រជាពលរដ្ឋចំនួន៣២គ្រួសារមិនយល់ព្រមទទួលយកឡើយ។ លទ្ធផលនៃទំនាស់នោះបន្សល់ទុកអ្នកភូមិម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ ហើយអ្នកភូមិម្នាក់ទៀតរងរបួស ក យ៉ាង​ធ្ងន់ធ្ងរ។ ផ្ទះសម្បែងទាំងនោះត្រូវបានរុះរើជាស្ថាពរនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

    RFI | VOD

  • សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរខេត្តសៀមរាបបានគំរាមចាត់វិធានការច្បាប់ទៅលើអ្នកដែលមិនបានរុះរើផ្ទះរបស់ពួកគេនៅលើដីដែលគ្រោងនឹងប្រើប្រាស់សម្រាប់ធ្វើប្រព័ន្ធលូដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្នូវថ្មីក្នុងខេត្តចំនួន៣៨ខ្សែរ។ គម្រោងនេះបានតម្រូវឱ្យប្រជាជនរាប់រយគ្រួសារធ្វើការរុះរើផ្ទះ​របស់ខ្លួនចាប់តាំងពីការប្រកាសរបស់អាជ្ញាធរនាខែកញ្ញាកន្លងទៅ។ យោងទៅតាមការប្រកាសនោះ ប្រជាជនដែលនៅ​មិនទាន់បានរុះរើផ្ទះរបស់ខ្លួន ពួកគេមានរយៈពេល១០ថ្ងៃក្នុងការរុះរើ បើមិនដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការច្បាប់ ហើយធ្វើការរុះរើសំណង់ទាំងនោះដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់នូវទ្រព្យសម្បត្តិណាមួយនោះឡើយ។

    Khmer Times

  • កំពត

    កំពត

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោក ង៉ៃ យ៉ុង មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបនៅស្រុកឈូក ខេត្តកំពត ត្រូវបានចាប់ខ្លួនដោយគ្មានដីកា ហើយត្រូវបានដោះលែងវិញរយៈពេលប្រាំម៉ោងក្រោយមក។ ហេតុផលក្នុងការចាប់ខ្លួននេះស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែ​ត្រូវបានដាក់​ការ​សង្ស័យថាជារឿង​នយោបាយ។ លោក ង៉ៃ យ៉ុង រៀប​រាប់​ថាលោក​ត្រូវបានដាក់ខ្នោះ ហើយនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល​ដើម្បីសាកសួរពាក់ព័ន្ធនឹងអាវុធ ក៏ប៉ុន្តែ​នគរបាលបានថ្លែង​ថាការសាកសួរនោះគឺទាក់ទងនឹងល្បែងស៊ីសង។

    RFA

  • បាត់ដំបង

    បាត់ដំបង

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិលោក ប្រាក់ ឈុន នៅផ្ទះរបស់លោកក្នុងស្រុករុក្ខគីរី ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើមួយ។ លោក ប្រាក់ ឈុន គឺជាជំទប់ទីពីរ​​​របស់​គណបក្សសង្គ្រោះជាតិ ក្នុង​ឃុំស្តុកប្រវឹក ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ អធិការរងនគរបាលស្រុករុក្ខគីរី បានបញ្ជាក់ថាការចាប់ខ្លួនត្រូវបានធ្វើឡើងតាមដីកាបង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់សាលាដំបូងខេត្តបាត់ដំបងពីបទ «លួចមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅក្នុងសហគមន៍ព្រៃឈើព្រៃត្រឡាចកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    ព្រះសង្ឃចំនួនពីរអង្គគឺព្រះតេជគុណ បូរ ប៉េត និងស៊ឹម សុវណ្ណឌី បានភាសព្រះកាយទៅប្រទេសថៃដើម្បីគេចពីការចាប់ខ្លួន ដោយសារតែភាពភ័យខ្លាចក្នុងការក្លាយជាគោលដៅរបស់រដ្ឋាភិបាល បន្ទាប់ពីព្រះតេជគុណទាំងពីរអង្គបានចូលរួមធ្វើការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព ពីខែសីហាកន្លងទៅ។ ព្រះសង្ឃទាំងពីរអង្គបានមានសង្ឃដីកាថាអាជ្ញាធរបាននឹងកំពុងតាមចាប់ព្រះអង្គ បន្ទាប់ពីព្រះអង្គបានបដិសេធមិនចូលរួមជាមួយគណបក្សកាន់អំណាច ហើយបង្ខំឱ្យព្រះអង្គលាចាកសិក្ខាបទ។ ព្រះសង្ឃទាំងពីរអង្គក៏បានប្រឈមនឹងការគាបសង្កត់ពីសំណាក់មន្ត្រីសង្ឃ​ និងអាជ្ញាធរដើម្បីចូលរួមជាមួយគណបក្សកាន់អំណាចផងដែរ។

    RFA | VOA

  • មណ្ឌលគិរី

    មណ្ឌលគិរី

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមាណ១៩០នាក់ក្នុងខេត្តមណ្ឌលគីរីបានសម្ដែង​ការព្រួយបារម្ភចំពោះការលក់ដីនៅតំបន់ភ្នំទ្រីង និងពូប៉េ ដែលអាចបណ្តាលឱ្យបាត់បង់ទីតាំងវប្បធម៌ និងអត្តសញ្ញាណដូនតារបស់ពួកគេ។ អ្នកស្រី ឈាន វណ្ណា តំណាងឱ្យ​​ភូមិពូលុងបានមានប្រសាសន៍ថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា សហគមន៍បានដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិដីសមូហភាព ក៏ប៉ុន្តែមិន​មាន​លទ្ធផល។ បន្ទាប់មកគាត់បានសរសេរលិខិតមួយដាក់ទៅសាលាឃុំ ក៏​ប៉ុន្តែ​ត្រូវបានច្រានចោលដូចលិខិតដែលដាក់ទៅសាលាក្រុងផងដែរ។ លិខិតទាំងនោះមានផ្តិត​ម្រាមដៃអ្នកភូមិពូនងចំនួន ១៩០នាក់ ដែលប្រឆាំងនឹងការទិញ និង​លក់ដីក្នុងតំបន់ទាំងនេះ ពី​ព្រោះដីនោះត្រូវបានជនជាតិដើមភាគតិចប្រើប្រាស់ជាលក្ខណៈ​ប្រពៃណីក្នុងការ​ដាំដុះដំណាំ និងគ្វៀលគោក្របី ក៏ប៉ុន្តែមកទល់ពេលនេះផ្នែកខ្លះនៃដីនោះត្រូវបានលក់ ហើយពួកគេក៏មិនអាចអាស្រ័យផលបានទៀតនោះទេ។

    Phnom Penh Post

  • ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តកោះកុងបានសួរ​ចម្លើយ​តំណាងសហគមន៍ក្នុង​ខេត្ត​កោះកុងចំនួនបី​នាក់ គឺអ្នកស្រី ផាវ ញ៉ឺង អ្នកស្រី ខន ផុន និងអ្នកស្រី សេង លីន ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៣០៥ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងបីនាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីពួកគេបានចូលរួមជាមួយសមាជិកសហគមន៍ជាច្រើននាក់ផ្សេងទៀតដើម្បីដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងពាក្យបណ្តឹងនោះ ពួកគេបានចោទប្រកាន់អ្នកស្រី ឆាយ វី ដែលត្រូវជាប្អូនស្រីរបស់អតីតមេឃុំជីខលើ ថាបានលក់ដីរដ្ឋ ហើយពួកគាត់បានទទូចសុំអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលផងដែរ។ បន្ទាប់ពីសួរ​ចម្លើយ​រួច តំណាងសហគមន៍ខេត្តកោះកុងទាំងបី​នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

    Phnom Penh Post | RFA | VOD