កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ការ​ប្រើ​គ្រឿង​ចក្រ​ជាច្រើនគ្រឿង​​​ដើម្បី​ឈូស​ឆាយ​ដីស្រែ​ និង​ដីសំណើម​​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ដោយ​គម្រោង​​​សាងសង់​ព្រលាន​យន្ត​ហោះភ្នំពេញ​អន្តរជាតិថ្មី​​​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ភូមិ​ជាមួយ​ក្រុម​ហ៊ុន​អូស៊ីអាយ​ស៊ី​មិន​ទាន់ត្រូវបាន​ដោះស្រាយ​ក្តី។ អភិបា​លស្រុក​​កណ្តាល​ស្ទឹង​ព្រម​ទាំង​បាន​បញ្ជូន​នគរបាល​ និង​មន្ត្រី​កងរាជអាវុធ​ហត្ថទៅកាន់​ទីនោះ​​ផងដែរ​ ដែល​បានបញ្ជាក់​ថា​ចាំបាច់​ដើម្បី​រារាំង​ការ​វាយ​ប្រហារ​ណាមួយ​ និង​ដើម្បីធានា​ថា​មាន​ការ​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​។ អ្នក​ភូមិ​ផ្សេងៗ​ដែល​មាន​ដីរង​ផល​ប៉ះពាល់​ដោយគម្រោង​សាងសង់​ព្រលាន​យន្ត​ហោះ​​បាន​បដិសេធ​សំណង​ដែល​ផ្តល់​ឱ្យ​ដោយ​ក្រុម​ហ៊ុន​អូស៊ីអាយ​ស៊ី​ ដោយ​ចាត់ទុកថា​សំណងនោះ​តិច​តួច​​ស្តួច​ស្តើង​ ហើយ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ពុំទទួល​បាន​ជោគជ័យ​ និង​​បាន​តវ៉ា​ដើម្បី​ទាមទារ​សំណង​ដោយ​យុត្តិធម៌​ ​ជាច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ឆ្នាំ​២០២១ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់​អ្នក​ភូមិ​ចំនួន​៩នាក់​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១។

    CamboJa News

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    បន្ទាប់​ពី​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​បាន​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី​ចំនួន​ពីរលើក​នៅ​ថ្ងៃទី០៥ និង​ទី០៦ ខែកុម្ភៈ ឆ្នាំ​២០២២​ ដែល​នៅពេល​នោះ​ពួកគេបាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​គិលានុបដ្ឋាកដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​កង្វះខាត​​ ក្នុង​ការ​ទទួល​បាន​​ថ្នាំ​ព្យាបាល​រោគ​របស់​ស្វាមី​​និង​សាច់​ញាតិ​របស់​ពួកគេ​ក្នុង​ពន្ធនាគារ​ នគរបាល​ប៉ុស្តិ៍រដ្ឋបាល​​បឹង​ទំពន់​២ក្នុង​រាជធានីភ្នំពេញ​​បាន​កោះ​ហៅ​តំណាង​ស្ត្រី​ថ្ងៃសុក្រ​ម្នាក់​ឈ្មោះ​ ព្រំ​ ចន្ថា ទៅកាន់​បុស្តិ៍​នគរបាល​។ នគរបាល​បាន​បង្ខំ​អ្នកស្រី ព្រំ​ ចន្ថា​ ឱ្យ​ចុះ​កិច្ច​សន្យា​​ថា​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​នឹងឈប់​​ស្លៀក​ពាក់​ឯកសណ្ឋាន​គិលានុបដ្ឋាក​នៅ​ពេល​ការ​តវ៉ា​របស់​ពួកគេ​។ នគរបាល​បាន​ថ្លែង​ថា​សកម្មភាព​នេះ​ផ្ទុយ​​ទៅ​នឹ​ង​វិជ្ជាជីវៈគ្រូ​ពេទ្យ​ព្រោះ​ពួកគេ​ពុំមែន​ជា​គ្រូ​ពេទ្យ​ទេ។​

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីតាមប្រព័ន្ធតុលាការទៅលើបក្សជំទាស់ --- ការផ្តន្ទាទោសមិនសមាមាត្រចំពោះការបំពានច្បាប់ កូវិដ១៩

    អភិបាល​រាជធានីភ្នំពេញ​បាន​ចេញ​បទបញ្ជា​បង្គាប់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្តរកមេរោគ​​​​កូវីដ​-១៩ដោយ​ខ្លួន​ឯង​ក្នុង​ករណី​​លទ្ធផល​តេស្ត​វិជ្ជមាន​ត្រូវ​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​ បើ​ពុំដូច្នោះទេ​ប្រឈម​នឹង​វិធាន​​ការ​ច្បាប់​ ​ដូចជា​ការ​ពិន័យជាប្រាក់​​ ឬការ​​ដាក់ពន្ធនាគារ​ក្រោម​ច្បាប់​កូវីដ-១៩។ សេចក្តីជូន​ដំណឹង​នេះ​ក៏​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ដឹង​ឮអំពី​ករណី​វិជ្ជមាន​កូវីដ-១៩ ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​។ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ថ្លែង​ថា​ការ​សម្រេច​ចិត្ត​នេះ​ធ្វើឡើង​ដើម្បី​គ្រប់គ្រង​លើ​ការ​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​តាម​ផ្ទះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ និង​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ-១៩ ក្នុង​​សហគមន៍។ ​

    VOA | Phnom Penh Post | Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០២២ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​អតី​ត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ និង​សកម្ម​ជន​ព្រៃឡង់​ឈ្មោះ​ វឿន​ វាសនា​ ដាក់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ពី​បទញុះញង់​ក្រោម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌ​ និង​ពិន័យ​ប្រាក់​ចំនួន​ពីរលាន​រៀល​។ ការ​ផ្តន្ទាទោសនេះ​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​បញ្ចេញ​មតិ​យោបល់រិះ​គន់​រដ្ឋាភិបាល​​នៅ​លើ​ហ្វេសប៊ុក​។ ជាការ​កត់​សម្គាល់​ក្នុង​អំឡុង​ពេល​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​បិទបញ្ចប់ដំណើរ​ការ​​នីតិវិធី​ លោក​ វាសនា ពុំមាន​មេធាវី​តំណាង​ឡើយ​ព្រោះ​តុលាការ​ពុំបាន​ជូន​ដំណឹង​ដល់​មេធាវី​ពី​សវនាការ​ឡើយ​។ ចៅក្រម​ជំនុំជម្រះ​បាន​ដក​ឃ្លាទៅ​ពិចារណា​​សម្រេច​តែ១៥នាទីប៉ុណ្ណោះ​មុន​ពេលប្រកាស​​ផ្តន្ទាទោស​លោក ​វាសនា ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​។ លោក​ វាសនា បាន​បដិសេធ​ផ្តិត​ស្នាម​មេដៃ​លើ​ឯកសារ​តុលាការ​។ លោក ​វាសនា ធ្លាប់​រស់នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​វិញ​​នៅ​ចុង​ឆ្នាំ​២០២១​ បន្ទាប់ពី​លោក​បាន​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​​ហ្វេសប៊ុក​។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅខែកុម្ភៈ ឆ្នាំ២០២២ កូដកម្មណាហ្គាវើលដ៍បានបន្តធ្វើឡើងដោយមានការកត់ត្រានូវករណីរំលោភបំពានសិទ្ធិមនុស្សជាច្រើន។ នៅថ្ងៃទី០៤ ខែកុម្ភៈ ក្រសួងសុខាភិបាលបានចុះទៅពិនិត្យកន្លែងធ្វើកូដកម្ម និងបានបញ្ជាឱ្យកូដករទាំងអស់ធ្វើតេស្តរកមេរោគកូវីដ-១៩ ព្រមទាំងបានព្រមានវិធានការច្បាប់លើកូដករទាំងឡាយណាដែលពុំគោរពតាមបទបញ្ជា។ នៅថ្ងៃទី០៥ ខែកុម្ភៈ ក្រសួងសុខាភិបាលបានដឹកជញ្ជូនកូដករតាមរថយន្តក្រុងទៅកាន់មណ្ឌលធ្វើតេស្តនៅកោះពេជ្រហើយក្រោយមកអាជ្ញាធរបានចាប់ខ្លួនកូដករចំនួនប្រាំមួយនាក់នៅទីនោះពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ (មាត្រា១១ នៃច្បាប់កូវីដ-១៩) ដែលក្រោយមកមានការចោទប្រកាន់ពួកគេក្រោមមាត្រា១១ នៃច្បាប់កូវីដ-១៩។ ក្រោយមកនៅថ្ងៃដដែលនោះ មានការចាប់ខ្លួនកូដករចំនួន៣នាក់បន្ថែមទៀតក្រោមហេតុផលមិនច្បាស់លាស់។ នៅថ្ងៃទី០៦ ខែកុម្ភៈ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញដីការចាប់ខ្លួនកូដករណាហ្គាវើលដ៍ចំនួន៤នាក់ផ្អែកតាមមាត្រា១១ នៃច្បាប់កូវីដ-១៩ ហើយបានតម្រូវឱ្យពួកគេចូលបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញនៅត្រឹមថ្ងៃទី១៩ ខែកុម្ភៈ។ ក្រោយមកមានការផ្អាកកូដកម្មរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ដើម្បីគោរពតាមគោលការណ៍ណែនាំអំពីការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។ ក្នុងពេលដំណាលគ្នានេះ មានការតម្រូវឱ្យកូដករធ្វើតេស្តរកមេរោគកូវីដ-១៩ ជាច្រើនដងទៀតក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ហើយនៅថ្ងៃទី០៧ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ដែលជាប់ពន្ធនាគារ៨នាក់។ នៅថ្ងៃទី១៥ ខែកុម្ភៈ សាលារាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថាកូដករណាហ្គាវើលដ៍មិនត្រូវបានអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំគ្នានៅទីសាធារណៈឡើយ ហើយត្រូវប្តូរទៅធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យវិញ ឬបើពុំដូច្នោះទេត្រូវប្រឈមមុខនឹងវិធានការច្បាប់។ នៅថ្ងៃទី២១ ខែកុម្ភៈ កូដករបានប៉ុនប៉ងបន្តតវ៉ាប៉ុន្តែពួកគេរងការបង្ក្រាបពីកម្លាំងសន្តិសុខដែលបានចាប់អូស ទាញ សែងពួកគេចូលក្នុងរថយន្តក្រុង និងបានដឹកកូដករទាំងនោះទៅកាន់មណ្ឌលធ្វើចត្តាឡីស័កនៅព្រែកព្នៅ ស្ថិតនៅជាយរាជធានីភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ជាកន្លែងពុំអំណោយផល។ អាជ្ញាធរមិនអនុញ្ញាតឱ្យកូដករចាកចេញមណ្ឌលធ្វើចត្តាឡីស័កល្គឹកណាពួកគេមិនចុះហត្ថលេខាយល់ព្រមបញ្ឈប់ធ្វើកូដកម្មទេនោះ។ កូដករបានបន្តធ្វើកូដកម្មរៀងរាល់ថ្ងៃ ប៉ុន្តែបានរងការចាប់បញ្ចូលក្នុងរថយន្តក្រុងដឹកទៅកាន់ព្រែកព្នៅរហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ពេលដែលកូដករបានចេញសេចក្តីប្រកាសថាពួកគេប្តូរមកធ្វើកូដកម្មនៅលើអនឡាញរយៈពេលពីរបីថ្ងៃដើម្បីគោរពតាមសេចក្តីបង្គាប់មួយផ្សេងទៀតរបស់ក្រសួងសុខាភិបាលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក។ ព័ត៌មានបន្ថែម សូមមើលកាលប្បវត្តិនៃព្រឹត្តិការណ៍កូដកម្មណាហ្គាវើលដ៍។

    Phnom Penh Post / Khmer Times / VOD Khmer | Cambodianess / VOD / VOD / Phnom Penh Post / RFI / Phnom Penh Post | CambojaNews | Camboja / VOD / VOD

  • កំពង់ឆ្នាំង

    កំពង់ឆ្នាំង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    អ្នកស្រី​ អ៊ុំ សុភី និង​លោក​ ស្ងួន​ ញឿន (​តំណាង​សហគមន៍)​​ និង​លោក​ ទួន​ សេង​ និង​ចៅ​ប្រុស​របស់​អ្នក​ស្រី​។ ការ​ចាប់​ខ្លួន​ពួកគាត់​​​កើត​ឡើង​បន្ទាប់​ពី​ពួកគាត់​​បាន​ថតវីដេអូ​​នៃការ​​ឈ្លោះ​ប្រកែក​គ្នា​រវាង​អាជ្ញាធរ​ និង​អ្នក​ភូមិលើ​​ដី​ឡូត៍ដែល​មាន​ទំនាស់​ និង​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​​ដោយ​ពុំបាន​សុំការ​អនុញ្ញាត​ពី​​អាជ្ញាធរ​មូលដ្ឋាន​។ តំណាងអ្នក​ភូមិ​​ទាំង​នោះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង​ត្រូវបាន​សាក​សួរ​ទាក់ទង​នឹង​ការ​ផ្សាយ​ពីករណី​​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​​ទំនាស់​ដីធ្លី​នេះ​។ ​លោក​ ស្ងួន​ ញឿន និង​អ្នកស្រី​ អ៊ុំ សុភី ត្រូវបាន​អាជ្ញាធរ​ចោ​ទប្រកាន់ថាបាន​​​ផ្សាយ​ព័ត៌មាន​បំភ្លើសនៅ​លើបណ្តាញ​ហ្វេសប៊ុក​ក្នុង​ករណី​ទំនាស់​ដីធ្លី​នេះ​។ ​ប៉ុន្តែ​ អធិការ​ស្រុក​ជល់គិរី​បាន​ថ្លែង​ថា​អាជ្ញាធរបាន​ចាប់​ខ្លួនពួកគាត់​ទង​នឹង​ការ​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដទៃ​ ពុំមែនការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយសង្គម​​ឡើយ​។ បន្ទាប់​ពីត្រូវបាន​អាជ្ញាធរ​ឃុំ​ខ្លួន​រយៈពេល ​៣យប់​ អ្នក​ស្រី​ អ៊ុំ សុភី និងលោក​​ស្ងួន​ ញឿន ត្រូវបាន​ដោះ​លែងដោយ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។ អ្នក​ស្រី សុភី និង​លោក​ញឿន​ ត្រូវបាន​ចោទប្រកាន់ពីបទ​សម​គំនិត​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ខុស​គ្នា​ក្នុង​ករណីនេះ​ ប្រភព​ព័ត៌មាន​មួយ​លើក​ឡើង​ថា​អ្នក​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់ពីបទ​លួច​ទ្រព្យសម្បត្តិ​របស់​ដើម​បណ្តឹង​ ដែល​ម្នាក់ក្នុង​ចំណោម​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​គំរាម​សម្លាប់​ប៉ុន្តែ​មិន​ច្បាស់ថាការ​ចោទប្រកាន់​នេះ​លើ​បុគ្គល​ណា​នោះ​ទេ។ ម្យ៉ាង​ទៀត​ អ្នកស្រី​ តួន​ សេង​ ត្រូវបាន​ចោទប្រកាន់ពីបទ​ធ្វើ​ឱ្យ​ខូច​ខាតទ្រព្យ​សម្បត្តិ​​ដោយ​ចេតនា​ ហើយ​ពុំទាន់​ត្រូវ​បាន​ដោះលែងទេដែល​ពេល​នេះ​​កំពុង​ស្ថិត​ក្នុងការ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​ក្នុង​ករណី​ទាក់ទងនឹង​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​ជល់គិរីនេះ​។

    RFA | VOD | Camboja | VOD

  • ព្រះសីហនុ

    ព្រះសីហនុ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ អ្នក​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី​ពីរ​រូប​ក្នុង​ខេត្ត​ព្រះ​សីហនុត្រូវបាន​ចាប់​ខ្លួន​ និ​ងចោទ​ប្រកាន់​ពីបទ​​ហិង្សា​ និង​ការ​រារាំង​មន្ត្រី​រាជការ​ក្នុងព្រឹត្តិការណ៍​កើត​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ២០២១។ ព្រះ​រាជ​អាជ្ញា​សាលាដំបូង​​ខេត្ត​ព្រះ​សីហនុបានចុះ​ហត្ថលេខា​លើ​​​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​បុគ្គល​ពីររូប​ រួមមាន​លោក​ សឿង​ ផល្លា​ និង​ សាន​ សុវីរៈ។ ភរិយា​របស់​លោក​ផល្លា​បាន​ថ្លែង​ថា​មិន​ច្បាស់​ទេ​ថា​ហេតុ​អ្វី​បានអាជ្ញាធរ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នក​ស្រី​ អ្នកស្រី​ជឿថា​ករណី​នេះ​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដី​ធ្លី​រវាង​គ្រួសារ​ក្នុង​តំបន់​ និង​ក្រុម​ហ៊ុន​ដែល​បាន​យក​គ្រឿង​ចាក់​មក​ឈូស​ឆាយ​ដីធ្លី​ និង​បាន​កម្ទេច​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ។ នៅ​​ពេល​នោះ​ អ្នក​ភូមិ​បាន​បញ្ឈប់​គ្រឿង​ចក្រ​ និង​ដុត​សំណល់កង់​ឡានចាស់ៗ​បង្ហាញ​ការ​ជំទាស់ខណៈពេល​កំពុង​ទាមទារ​សំណង​ចំពោះ​ការបំផ្លាញ​ផ្ទះ​សម្បែង​នោះ​ (ផ្ទះ​ប្រមាណ​ចំនួន​ ១០-២០ ខ្នង​)។ បុរស​ទាំងពីរ​នាក់​នៅតែ​​ស្ថិត​​ក្នុង​មន្ទីរ​ឃុំ​ឃាំង​។

    VOD

  • កំពត

    កំពត

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    តុលាកា​របានដាក់លោ​ក លួស​ សេង ចាងហ្វាង​កាសែត LSN ​ ក្រោម​ការ​ត្រួតពិនិត្យ​​រយៈពេល​៦​ខែ​ទាក់ទង​នឹង​បុគ្គលិក​របស់​លោក​ពីរ​រូប​បាន​ផ្សព្វ​ផ្សាយបន្តផ្ទាល់​វីដេអូពីករណីជម្លោះដីធ្លីមួយ​កន្លែង​។ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ អ្នក​យក​ព័ត៌មាន​ LSN ពីរនាក់​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ការ​តវ៉ា​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ពាក់ព័ន្ធ​ក្នុង​​ទំនាស់​ដីធ្លីមួ​យនៅ​ខេត្ត​កំពត និង​បាន​សម្ភាស​​អ្នក​ភូមិដែល​​បាន​លើក​ឡើងថា មាន​​​កុមារ​អាយុបួន​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​​​អ្នក​ភូមិដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនោះ​​​។ អាជ្ញាធរ​បាន​ដោះ​លែង​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​នោះ​វិញ​បន្ទាប់ពីបាន​ចេញ​ការ​សុំទោស​។ ពួកគេ​ទាំង​ពីរ​រូប​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ នៅ​ថ្ងៃទី២០ ខែមករា សាលាដំបូង​​ខេត្ត​កំពត​ បាន​កោះ​ហៅ​លោក​​ចាង​ហ្វាង លួស​ សេង ​សាកសួរពីបទ​ញុះ​ញង់​ និង​ប្រមាថ​ទាក់ទងនឹង​ករណីនេះ​។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ផ្ទះ​ ប៉ុន្តែ​ដាក់​ឱ្យ​នៅ​ក្រោមការ​ត្រួតពិនិត្យ​តុលាការ។​ លោក​បាន​បដិសេធ​ធ្វើ​​អត្ថាធិប្បាយ​បន្ថែម​ដោយ​បារម្ភពី​ការ​ទទួល​ផល​វិបាក។

    VOD

  • ត្បូងឃ្មុំ និងកំពង់ចាម

    ត្បូងឃ្មុំ និងកំពង់ចាម

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២២ បន្ទាប់​ពី​គណបក្ស​ភ្លើង​ទៀន​បាន​តម្លើង​ផ្លាក​សញ្ញា​គណបក្ស​នៅ​តាម​ដង​ផ្លូវ​សាធារណក្នុង​ខេត្ត​ត្បូង​ឃ្មុំនៅ​ដើម​ខែ​មករា អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជា​ឱ្យ​គណបក្សទម្លាក់​ស្លាក​គណបក្ស​នោះ​ចុះ​វិញ​។ អាជ្ញាធរ​បានលើក​ឡើងនូវ​​ក្តីបារម្ភថាស្លាក​នោះ​អាច​ប៉ះពាល់​ដល់​ចរាចរណ៍​។ ប៉ុន្តែគេ​មើលឃើញ​ថា​បទបញ្ជា​នេះ​គឺជា​ចេតនា​​បំភិត​បំភ័យ​គណបក្ស​ និង​បន្ទច់​បង្អក់​កិច្ច​ប្រឹង​ប្រែង​ក្នុងការ​ផ្សព្វ​ផ្សាយទស្សនៈ​ និង​សកម្មភាពគណបក្ស​។ ស្រដៀង​គ្នា​នេះ​ នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២២ អាជ្ញាធរ​ឃុំ​បាន​រារាំង​គណបក្ស​ភ្លើង​ទៀន​ក្នុងការ​​តម្លើង​បដាដែល​មាន​រូប​ទៀន​បំភ្លឺ​នៅ​ខាង​មុខ​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ ខណៈដែល​​គណបក្ស​ជាច្រើន​បាន​តម្លើង​បដា​របស់​ពួកគេ​​នៅ​ទីនោះ​ដែរ​។ គណបក្ស​បាន​ប្រកាស​គោល​បំណង​របស់​ខ្លួនក្នុងការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ និង​អាជ្ញាធរ​ខេត្ត​។

    RFA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា ​ឈឹម ស៊ីថរ​ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ដោយ​កម្រោល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កញ្ញា​មក​ចូលរួមកូដកម្ម​ដឹកនាំ​ដោយ​សហជីពរបស់​​កញ្ញា​ ក្នុង​រាជធានីភ្នំពេញ​។ មន្ត្រី​នគរបាល​ស្លៀក​ពាក់ឯកសណ្ឋាន​ស៊ីវិល​បាន​ចាប់ក្រៀក​កញ្ញា​​បញ្ចូលទៅ​ក្នុង​រថ​យន្ត​ដែល​បញ្ឆេះ​រង់ចាំ​ជាស្រេច​។ អាជ្ញាធរ​បាន​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីពពីរ​នាក់ទៀត​គឺលោកស្រី សុខ គន្ធា​ និង​អ្នកស្រី​ សុខ​ ណារិទ្ធ ​ដោយ​ឡែក​ពីគ្នា​នៅ​ថ្ងៃដដែល​នោះ​ដែរ។ អ្នក​ទាំង​បីនាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ញុះ​ញង់​តាម​ដីការ​បង្គាប់​ឱ្យ​នាំ​ខ្លួនរបស់​តុលាការដែល​​ចេញ​​មួយ​ថ្ងៃមុន​។ អាជ្ញាធរ​បាន​បញ្ជូន​ពួកគេ​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​។

    VOA | VOD | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កូដករ​ណាហ្គាវើលដ៍​ចំនួន​១៤ នាក់​ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះមួយ​ចំនួន​​ផង​ត្រូវបាន​នគរបាល​ចាប់​ខ្លួន​។ ការ​ទាមទារពី​កូដ​ករ​ ​រួមមាន​ ការ​ប្រតិបត្តិ​តាម​ច្បាប់​ការ​ងារ និង​បទដ្ឋាន​ការ​ងារ​​ឱ្យ​បាន​ប្រសើរ​ ការ​ទទួល​យក​និយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពីការ​ងារ​ឱ្យ​ចូល​បម្រើ​ការ​ងារ​វិញ​ និង​ការដោះ​លែង​សហការី​របស់​ពួកគេ​ដែល​ជាប់​ឃុំ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​កូដកម្ម​​។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    បន្ទាប់ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​របស់ខ្លួន​ កូដករ​ណាហ្គាវើលដ៍​បាន​បន្ត​ធ្វើ​កូដកម្ម​ប្រចាំថ្ងៃ​ ដែល​មាន​ការ​កត់​ត្រា​​ករណី​រំលោភ​បំពាន​ជាច្រើន​។ អាជ្ញាធរ​បាន​រារាំង​កូដករ​មិន​ឱ្យ​ចូលបន្ទប់​ទឹក​នៅ​ជិត​ទីតាំង​កូដកម្ម​ជាច្រើន​លើក​ច្រើន​សារ​ទោះ​បីជា​កូដករ​ខ្លះ​ជាស្ត្រី​មាន​ផ្ទៃពោះ​ក្តី។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កូដករ​បាន​រៀប​ចំ​​បង្គន់ប្រើ​​​បណ្តោះ​អាសន្ន​​។ អាជ្ញាធរ​ព្រម​ទាំង​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះរហូត​ដល់​យប់​ងងឹតទៀត​ផង។ និយោជិត​ដែល​សកម្ម​នៅ​ណាហ្គាវើលដ៍​ដែ​ល​បាន​ចូលរួម​កូដកម្ម​ក៏​ត្រូវបាន​​អ្នក​គ្រប់​គ្រង​កាស៊ីណូ​កោះ​ហៅ​ផង​ដែរ​ ដោយ​បង្គាប់ឱ្យ​​ពួកគេ​បញ្ឈប់​ធ្វើ​កូដកម្ម​​​ ហើយ​ត្រឡប់មក​ធ្វើ​ការ​ងារ​វិញ​។ ព័ត៌មាន​បន្ថែម​សូម​មើល​កាល​ប្បវត្តិ​ព្រឹត្តិការណ៍​កូដកម្ម​ណាហ្គាវើលដ៍​ចេញ​ផ្សាយ​ដោយ​ ម.ស.ម.ក។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អតីតមេឃុំគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជុំវិញការផ្ដន្ទាទោសនាពេលថ្មីៗនេះ ខណៈហៀបនឹងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីជួបស្វាមី។ នាងត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសរាជធានីភ្នំពេញនៅថ្ងៃបន្ទាប់។ អ្នកស្រី កឹម តុលា ត្រូវបានកាត់ទោសពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ កាលពីខែសីហា ឆ្នាំ២០២២ រួមជាមួយសកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត នៅក្នុងសវនាការដែលជឿថា មានហេតុផលនយោបាយ។ តុលា បានបញ្ជាក់ថា នាងមិនបានដឹងថា នាងត្រូវបានប៉ូលិសចាប់ខ្លួននោះទេ។

    -

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី២៧ ខែតុលា ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំពីផ្ទះសម្បែងរបស់ពួកគាត់នៅរាជធានីភ្នំពេញដើម្បីបើកផ្លូវឱ្យមានការសាងសង់បណ្តាញផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាអាជ្ញាធរ «បានផ្សព្វផ្សាយព័ត៌មាន និងបានជូនដំណឹងដល់ប្រជាពលរដ្ឋជិត១០លើកមកហើយ» អំពីនីតិវិធីក្នុងការទទួលសំណងក្តី ក៏អ្នកភូមិបានលើកឡើងថាក្រុមមន្ត្រីបានចុះមកមើលទីតាំងនេះពីរលើកមកហើយតែពុំមានការជូនដំណឹងដល់អ្នកភូមិថាផ្ទះរបស់ពួកគាត់នឹងត្រូវរុះរើនោះទេ ហើយក្រោយមកក៏ពុំមានការប្រកាសថានឹងឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់នោះក៏ទេដែរ។ អ្នកភូមិត្រូវបានបណ្តេញចេញទាំងពុំទទួលបានសំណងពីរដ្ឋាភិបាលក្នុងតម្លៃ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃទីផ្សារប្រមាណ១២០០ដុល្លារ។ អ្នកភូមិបាននិយាយថានៅមុនពេលចាប់ផ្តើមរុះរើផ្ទះរបស់ពួកគាត់ អាជ្ញាធរបានព្យាយាមបង្ខិតបង្ខំឱ្យពួកគេទទួលយកសំណងព្រមទាំងគំរាមវិធានការរដ្ឋបាលលើប្រជាពលរដ្ឋ។ ចាប់តាំងពីផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរុះរើ អ្នកភូមិជាច្រើនបានបដិសេធផ្តល់សម្ភាស ឬនិយាយអំពីការបណ្តេញពួកគាត់ចេញ ដោយខ្លាចអាជ្ញាធរដកហូតយកវិញនូវសំណងដែលពួកគាត់ត្រូវទទួលបាន។

    CamboJa | Cambodianess

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កុមារ កាក់ សុវណ្ណឆៃ កូនប្រុសរបស់សមាជិក គ.ស.ជ ដែលជាប់ពន្ធនាគារ ដែលមានជំងឺខ្សោយស្មារតី ឬអូទីស្សឹម និងជាសមាជិកក្រុមស្ត្រីថ្ងៃសុក្រ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថអ្នករាជការសាធារណៈ។ កាក់ សុវណ្ណឆៃ អាយុ១៦ ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយសារការសន្ទនាតាមប្រព័ន្ធបញ្ជូនសារជាលក្ខណៈឯកជន ដែលក្នុងនោះកុមាររូបនេះបានប្រើពាក្យសម្តីរិះគន់ធ្ងន់ៗលើមេដឹកនាំរដ្ឋាភិបាល និងបានចែករំលែកមាតិកាដែលមានខ្លឹមសាររិះគន់នៅលើទំព័រហ្វេសប៊ុក។ តុលាការបានកាត់ទោសឱ្យកុមាររូបនេះជាប់ពន្ធនាគាររយៈពេល៨ខែ ដោយអនុវត្តទោស ៤ខែ ១៥ ថ្ងៃ រីឯទោសនៅសល់៣ខែ និង១៥ថ្ងៃត្រូវព្យួរ។ ប៉ុន្តែតុលាការក៏បានភ្ជាប់លក្ខខណ្ឌ ដោយដាក់កុមារ កាក់ សុវណ្ណច្ឆ័យ ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល ២ឆ្នាំ ដែលក្នុងកំឡុងពេលនេះនឹងតម្រូវឱ្យគោរពតាមវិធានការត្រួតពិនិត្យជាច្រើនរបស់តុលាការ។

    VOD | CamboJa | KhmerTimes | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសសកម្មជនយុវជន និងសមាជិកគណបក្សជំទាស់ចំនួន១៤នាក់ពីបទញុះញង់ដោយសារពាក់ព័ន្ធនឹងការរៀបចំការតវ៉ាដោយសន្តិវិធីដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងឆ្នាំ២០២០។ សកម្មជន យុវជនដែលត្រូវបានកាត់ទោសទាំង៧នាក់ រួមមានលោក ហ៊ុន វណ្ណៈ កញ្ញា ឈៀន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ព្រះតេជគុណ កើត សារ៉ាយ និងកញ្ញា ថា ឡាវី ពួកគេទាំងអស់គ្នាគឺជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ព្រមទាំង លោក មាន ព្រហ្មមុនី និងលោក ម៊ួង សុភ័ក្រ អ្នកទាំងពីរគឺជាបុគ្គលិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ អ្នកទាំង៧នាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគារ២០ ខែ ទោសដែលនៅសល់របស់ពួកគេត្រូវបានព្យួរ ព្រមទាំងពិន័យប្រាក់ចំនួន២លានរៀល។ ក្នុងចំណោមអតីតសមាជិក គ.ស.ជ ៧ រូប មាន៤នាក់ត្រូវបានកាត់ទោសដោយកំបាំងមុខ ដូចជា លោក ម៉េង ប៊ុនរ៉ុង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា លោក ឈួ ផេង លោក ជុំ ពុទ្ធី និងលោក គង់ សំអាន។ អ្នកទាំងអស់គ្នាត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល២៤ខែ និងពិន័យប្រាក់ចំនួន៤លានរៀល។ ចុងចោទទី១៥ គឺលោក ហុង លឹម សមាជិករដ្ឋសភាអូស្ត្រាលី ក៏ត្រូវបានកាត់ទោសនៅថ្ងៃដដែលនេះផងដែរ តែត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនធ្វើការចោទប្រកាន់។

    VOD | CamboJa | VOA | RFA | Cambodianess

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ឈឿន ផល្លា តំណាងប្រជាពលរដ្ឋជាង២០០គ្រួសារដែលពាក់ព័ន្ធក្នុងទំនាស់ដីធ្លីដ៏អូសបន្លាយជាក្រុមហ៊ុន ប៉េង ហួត នៅខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងសកម្មភាពប៉ុនប៉ងបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់លើដីដែលមានទំនាស់ ដែលលោក និងគ្រួសារពលរដ្ឋដែលរងផលប៉ះពាល់អះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ ក្រោយមកលោកត្រូវបានបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃ និងសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ។ នៅថ្ងៃទី២៥ ខែតុលា តុលាការបានចោទប្រកាន់លោកជាផ្លូវការពីបទទន្ទ្រានយកដី និងបំផ្លាញទ្រព្យសម្បត្តិឯកជន ហើយបានសម្រេចឃុំខ្លួនលោកបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស។ គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថាពួកគាត់បានដាក់ពាក្យបណ្តឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅចុងខែកញ្ញា ឆ្នាំ២០២១ ដើម្បីទាមទារឱ្យបញ្ឈប់សកម្មភាពបូមខ្សាច់លើដីដែលមានទំនាស់។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សមាជិកនៃក្រុមស្ត្រីថ្ងៃសុក្រប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅជិតស្ថានទូតបារាំងដើម្បីដាក់ញត្តិស្នើឱ្យរដ្ឋាភិបាលបារាំងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខណៈកំពុងព្យាយាមដាក់ញត្តិ ក្រុមស្ត្រីថ្ងៃសុក្របានទទួលរងអំពើហិង្សាពីសំណាក់កម្លាំងសន្តិសុខ និងអាជ្ញាធរខ័ណ្ឌដូនពេញដែលបានរុញច្រាន និងបានចាប់អូសទាញស្ត្រីទាំងនោះ ព្រមទាំងបានដកហូតបដារបស់ពួកគេទៀតផង។ ស្ត្រី៣នាក់បានរងរបួសធ្ងន់ខណៈស្ត្រីផ្សេងទៀតបានរងរបួសស្រាលដោយហើមមុខ និងមានស្នាមជាំនៅលើក្បាល ក ដៃ និងជើង។ អាជ្ញាធរព្រមទាំងបានស្រែកគំហក និងប្រើពាក្យសម្តីគំរាមកំហែងពួកគេទៀតផងដែរ។

    RFA | Camodianess | VOD

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីអាវុធហត្ថបានចាប់ផ្តើមប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍(ព្រៃមេត្តាធម្មជាតិ) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ។ ផ្ទៃដីសហគមន៍ដើមឡើយមានទំហំជាង២.០០០ហិកតា ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនឯកជនទន្ទ្រានយក ដីនោះនៅសល់ត្រឹមតែ៨០០ហិកតា ទោះយ៉ាងនេះក្តីអាវុធហត្ថមានផែនការឈូសឆាយឆ្វៀលយកដីទំហំ២៦២ ហិកតាលើផ្ទៃដែលនៅសល់ តាមសេចក្តីបង្គាប់នៃអនុក្រឹត្យពីរដ្ឋាភិបាល។ បន្ទាប់មកដីនេះនឹងបែងចែកជូនដល់គ្រួសារយោធិន។ ប្រសិនបើមានការឈូសឆាយតាមផែនការ ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅភូមិពោធិ៍មាស ភូមិត្រពាំងក្រុង និងភូមិក្រវៀក នឹងបាត់បង់មុខរបរចិញ្ចឹមជីវិតពួកគេ។

    VOD | VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្នុងខែតុលា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបដិសេធការចុះបញ្ជីបង្កើតគណបក្សជំទាស់ថ្មីមួយឈ្មោះគណបក្សបេះដូងជាតិ(«គ.ប.ជ»)ក្រោមហេតុផលថាគណបក្សនេះពុំបានបំពេញតាមលក្ខខណ្ឌនៃការចុះបញ្ជីតាមការតម្រូវក្រោមច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ។ ក្រោយមកប្រធានស្តីទី គ.ប.ជ បានលើកឡើងថាក្នុងអំឡុងពេលដំណើរការនៃការចុះបញ្ជី សមាជិកគណបក្សរងសម្ពាធឱ្យបង្ហាញអត្តសញ្ញាណ និងប្រវត្តិរូបរបស់ប្រធានគណបក្ស និងសមាជិកស្ថាបនិកគណបក្សដើម្បីទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ។ គ.ប.ជ ព្រមទាំងរងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលថាមានទំនាក់ទំនងជាមួយអតីតមន្ត្រី គ.ស.ជ។ គ.ប.ជ បាននឹងកំពុងដំណើរការចុះបញ្ជីគណបក្សរបស់ពួកគេឡើងវិញចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។

    KhmerTimes